ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​ទៅ​ប្រទេស​ក្រិក​ចុះថយ​ ក៏​ប៉ុន្តែ​សហភាព​អឺរ៉ុប​សុំ​ឱ្យ​ក្រិក​ជួយ​ការពារ​ពួក​គេ​ពី​មេរោគ​កូរ៉ូណា


ជនទេសន្តរប្រវេសន៍​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​កុងតឺន័រ​មួយ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Moria នៅ​លើ​កោះ Lesbos ប្រទេស​ក្រិក កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
ជនទេសន្តរប្រវេសន៍​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​កុងតឺន័រ​មួយ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Moria នៅ​លើ​កោះ Lesbos ប្រទេស​ក្រិក កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ចំនួន​ពួកជន​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​ក្រិក​បាន​ចុះថយ​ដល់​កម្រិត​តិច​បំផុត​ចាប់តាំង​ពី​ដើម​ឆ្នាំ​នេះ​មក ​​ដោយ​មាន​តែ​១០០​ករណី​ក្នុង​សប្តាហ៍​ទី​បួន​នៃ​ខែ​មីនា​ ក្រោយពី​​រដ្ឋាភិបាល​ក្រុង​អាថែន ​និង​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​បិទ​ប្រទេស​ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​មេរោគ​​កូរ៉ូណា។​

ការ​ចុះថយ​ចំនួន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​ក្រិក​បាន​នាំ​ឱ្យ​មាន​ការ​ធូរស្រាល​ខ្លះ​សម្រាប់​ប្រទេស​នេះ​ដែល​បាន​ខិតខំ​រារាំង​ពួក​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​នៅ​ពេល​ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip ​Erdogan ​ប្រកាស​កាល​ពី​ចុងខែ​កុម្ភៈ​ថា​ លោក​ឈប់​រារាំង​ពួកគេ​មិន​ឱ្យ​ចូល​ក្នុង​ទ្វីបអឺរ៉ុប​ទៀត​ហើយ។

ដោយ​ប្រឈម​នឹង​វិបត្តិ​សុខភាព​ដែល​លេច​ឡើង​បន្តិចៗ​ មេដឹក​នាំ តួកគី​រូបនេះ​បាន​លុប​ចោល​បញ្ជា​របស់​លោក​កាលពី​សប្តាហ៍​ទីបី​ខែ​មីនា។​ នៅពេល​នោះ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​តួកគី​លោក​ Suleyman Soylu​ បាន​ពន្យល់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៦​ ខែមីនា​ថា​ពួក​ជន​ចំណាក​ស្រុក ​និងអ្នក​ភៀស​ខ្លួន​ប្រមាណ​១សែន​៥​ម៉ឺន​៦រយ​នាក់​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ក្រិក ​ដែល​ជា​ការ​ហូរ​ចូល​ច្រើន​បំផុត​នៃ​ពួក​ជន​ទាំង​នេះ​ទៅ​បស្ចឹម​ប្រទេស​ចាប់​តាំង​ពី​មនុស្ស​ជាង​មួយ​លាន​នាក់​ដែល​ភាគ​ច្រើន​ជា​ជនភៀស​ខ្លួន​ស៊ីរី​បាន​គេច​ខ្លួន​ទៅ​កាន់ទ្វីប​អឺរ៉ុប​ដោយ​រត់គេច​ខ្លួន​ពី​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ពួកគេ​កាល​ពី​ឆ្នាំ​២០១៦។​

រដ្ឋាភិបាល​ក្រុង​អាថែន​បាន​ច្រានចោល​តួលេខ​នេះ​ហើយ​ទិន្នន័យ​អ.ស.ប.​ បង្ហាញ​ថា​តួលេខ​សរុប​នៃ​ពួក​ជន​ចំណាក​ស្រុក​ចូល​ទៅ​ក្នុង​ប្រទេស​ក្រិក​មាន​ទាំងអស់​៩​ពាន់​៤​រយ​៨៦​នាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ។ ​ទីភ្នាក់ងារ​ខាង​ជនភៀស​ខ្លួន​របស់​អ.ស.ប.​ឲ្យ​ដឹង​ថា​ មាន​តែ​ជន​ចំណាក​ស្រុក​១០៥​នាក់​ទេ​ដែល​បាន​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​អាទិត្យ​ទី​បី​ ខែមីនា​គឺ​១០​ដង​តិច​ជាង​តួលេខ​អ្នក​ដែល​បាន​ចុះ​ឯកសារ​កាល​ពី​ដើម​ខែ​មីនា​ចំនួន​១ពាន់​២រយ​៨៨នាក់។​

ពួកមន្ត្រី​ឆ្មាំ​ឆ្នេរ​សមុទ្រ ​និង​ពួក​មន្ត្រី​ទេសន្តរប្រវេសន៍​បាន​ហៅ​ការ​ចុះថយ​នេះ​ថា ​«ជារឿង​គួរ​ឱ្យ​រំភើប​ខ្លាំង»​ ដោយ​និយាយ​ថា​ការ​ចុះថយ​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​ការ​ថមថយ​ច្រើន​បំផុត​ចាប់តាំង​ពី​សហភាព​អឺរ៉ុប​ និង​ប្រទេស​តួកគី​បាន​សម្រេច​កិច្ច​ព្រមព្រៀង​បន្ថយ​វិបត្តិ​ជន​ភៀស​ខ្លួន​កាល​ពី​ឆ្នាំ​២០១៦។​

មន្ត្រី​ឆ្មាំ​ឆ្នេរ​សមុទ្រ​ជាន់ខ្ពស់​ម្នាក់​នៅលើ​កោះ ​Lesbos​ ដែល​ជា​កោះមួយ​នៅជួរ​មុខ​នៃ​វិបត្តិ​ទេសន្តរប្រវេសន៍​នៃ​ទ្វីប​អឺរ៉ុប​បាន​និយាយ​ថា​ «ច្រើន​ថ្ងៃ​មក​ហើយ​យើង​មិន​បាន​ឃើញ​កាណូត​កៅស៊ូ​ទេ។ ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ ក៏យើង​នៅ​តែ​ប្រុង​ប្រយ័ត្ន​ជានិច្ច»។

មន្ត្រីរូប​នេះ​បាន​និយាយ​ដូច្នេះ​ដោយ​សុំ​មិន​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​លោក​ទេ។​

ប្រទេស​ក្រិក​ និង​ប្រទេស​ តួកគី​ដែល​ជា​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់​ បាន​ឈ្លោះ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​អំពី​សិទ្ធិ​ក្នុង​ដែន​សមុទ្រ​និង​ដែន​អាកាស​នៅ​ក្នុង​សមុទ្រ ​Argean ​ដែល​សម្បូរ​ប្រេង​ និង​រ៉ែ។ ​រដ្ឋាភិបាល​ក្រុង​អាថែន​បាន​ចោទ​ប្រកាន់​លោក Erdogan​ ថា ​ប្រើពួក​ជន​ភៀសខ្លួន​ជាង​៣​លាន​នាក់​នៅ​ក្នុង​ប្រទេស​លោក​ដើម្បី​បង្ខំ​សហភាព​អឺរុប​ និង​រដ្ឋាភិបាល​ក្រុង ​វ៉ាស៊ីនតោន​ឱ្យ​គាំទ្រ​ការ​វាយ​លុក​យោធា​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​៩ឆ្នាំក្នុង​ប្រទេស​ស៊ីរី។​

នៅពេល​នេះ​ដែលសម្ពាធ​ខាង​ជន​ចំណាក​ស្រុក​បាន​ធូរស្រាល​ខ្លះ ​ពួក​មន្ត្រី​នៅ​ក្នុង​រដ្ឋធានីប្រទេស​ក្រិក​បាន​ប្រឹងប្រែង​រក​កន្លែង​ជ្រកកោន​ឱ្យអ្នក​សុំ​សិទ្ធិ​ជ្រកកោន​ជាង​១​សែន​នាក់ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ក្រិក​ចាប់តាំង​ពី​ប្រទេស​មួយ​នេះ​ក្នុង​បណ្តា​ពួក​រដ្ឋ​ក្នុង​តំបន់​បាល់កង់បាន​បិទ​ព្រំដែន​របស់​ខ្លួន​ហើយ​បាន​ធ្វើ​របង​ដែកថែប​សម្រាប់​បញ្ឈប់​ពួក​ជន​ចំណាក​ស្រុក​ទាំងនេះ​មិន​ឱ្យ​ទៅ​កណ្តាល​ទ្វីប​អឺរ៉ុប​ នៅពេល​មាន​វិបត្តិជន​ភៀសខ្លួន​កាលពី​ឆ្នាំ​២០១៦។​ ជនភៀស​ខ្លួន​ជាង​៤ម៉ឺន​នាក់រស់​នៅ​កកកុញ​នៅ​ក្នុង​ជំរំ​គ្មាន​អនាម័យ​នៅ​លើកោះ​មួយ​នៃ​បណ្តា​កោះ​ក្នុង​សមុទ្រ ​Aegean។​

លោក ​Notus Mitaraki ​រដ្ឋមន្ត្រី​ក្រសួង​ជន​ចំណាក​ស្រុក​នៃ​ប្រទេស​ក្រិក​បាន​និយាយ​ថា​ «យើង​ពង្រឹង​ការ​ត្រួតត្រា​តឹងរ៉ឹង​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ហើយ​តឹងតែង​ជាង​ការ​ដាក់​កំហិត​លើ​ប្រជារាស្ត្រ​នៅ​ក្នុង​ប្រទេស​ក្រិក​ទៅ​ទៀត​ ដើម្បី​សម្រប​សម្រួល​តាម​ស្ថានភាព»។​

ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​អាថែន​បាន​ប្រកែក​មិន​ព្រម​ធ្វើតាម​សម្ពាធ​របស់​សហភាព​អឺរ៉ុប​ដែល​ឱ្យខ្លួន​ដឹក​ជញ្ជូន​ពួកជន​ចំណាក​ស្រុក​ពីជំរំ​នៅ​លើកោះ​ចំនួន​៥ទៅ​កាន់​ប្រទេស​ក្រិក​ដី​គោក​ ដែល​ជា​ចំណាត់ការ​ដែលរដ្ឋាភិបាល​នេះ​ព្រួយ​បារម្ភ​ថា​ អាច​បង្កើន​ការរាល​ដាល​មេរោគកូរ៉ូណា។​

រហូត​មក​ដល់ពេល​នេះ​គ្មាន​សេចក្តី​រាយការណ៍​អំពី​ករណី​មនុស្ស​ផ្ទុក​មេរោគ​ COVID-19​ នៅក្នុង​សហគមន៍​ជនភៀស​ខ្លួន​ និង​ពួក​ជន​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ក្រិក​ទេ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៦​ខែមីនា​ លោកស្រី​ Ylva Johansson​ ស្នងការ​កិច្ចការ​មហាផ្ទៃ​នៃ​ប្រទេស​ក្រិក​បាន​និយាយ​ថា​ លោកស្រី​កំពុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​លោក​ស្រី ​«ដើម្បី​ឱ្យ​មាន​ការ​កិច្ច​ព្រមព្រៀង​ផែនការ​គ្រា​មាន​អាសន្នសម្រាប់កាត់​បន្ថយ​ការ​ប្រថុយ​គ្រោះថ្នាក់​ឱ្យបាន​ច្រើន​បំផុត​នៅក្នុង​ជំរំនៅ​លើ​កោះ​ទាំងនោះ»។​

លោកស្រី​បាន​ថ្លែង​ថា​ផែនការ​នេះ​អាច​រួម​បញ្ចូល​ការ​បញ្ជូន​ឱ្យ​ជន​ដែល​អាច​រងគ្រោះ​ដោយ​សារ​មេរោគ​កូរ៉ូណា​ទៅ​រស់​នៅនៅ​កន្លែង​ថ្មី​ ដោយ​ភាគ​ច្រើន​ជា​ពួក​កាយ​វិកល​ ជា​មនុស្ស​ចាស់​និង​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ។​

កាលពី​ដើម​ខែ​មីនា ​រដ្ឋាភិបាល​ក្រិក​បាន​រឹតត្បិត​ចលនា​អ្នក​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ជំរំ​ទាំង​នេះ។​ រដ្ឋាភិបាល​នេះ​ក៏​មាន​បំណង​ធ្វើ​ជំរំ​យ៉ាង​តិចពីរ​នៃ​ជំរំ​ទាំង​៥​នៅ​លើ​កោះ​ក្នុង​សមុទ្រ ​Aegean​ ឱ្យ​ទៅ​ជា​កន្លែង​បិទជិត​មិន​ឱ្យ​មនុស្ស​ចេញ​ចូល។

ពួក​អ្នក​ធ្វើការ​ខាង​ផ្តល់​ជំនួយ​ និង​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​រិះគន់​វិធាន​ការ​ទាំង​នេះ​ដោយ​ព្រមាន​ថា​ ប្រសិន​បើ​មេរោគនេះ​រាលដាល​ក្នុង​ជំរំ​ទាំង​នោះ​ ការណ៍​នេះ​អាច​បណ្តាល​ឱ្យ​មនុស្ស​ច្រើន​នាក់​នៅ​ក្នុង​សហគមន៍​ពួក​ជន​ចំណាក​ស្រុក​ស្លាប់។

អ្នកស្រី ​Eva Cosse ​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​របស់​អង្គការ ​Human Rights Watch។​ អ្នកស្រី​បាន​និយាយ​ថា ​«យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​គឺ​ឃុំឃាំង​មនុស្ស​គ្រប់គ្នា​ក្នុង​កន្លែង​មួយ​ហើយ​ចាក់​សោរ​ជិត»។​

អង្គការ ​Human Rights Watch ​បាន​ថ្លែង​ថា​ «មនុស្ស​រាប់​ពាន់​នាក់​ដែលរួម​បញ្ចូល​ទាំង​មនុស្ស​ចាស់​ ពួក​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ ក្រុម​កុមារ... ពួក​ស្ត្រី​មាន​ផ្ទៃពោះ​ ពួក​ម្តាយ​ទើប​ឆ្លង​ទន្លេ​ និង​ក្រុម​មនុស្ស​មាន​កាយ​វិកល​បាន​ជាប់គាំង​នៅក្នុង​ស្ថានភាព​ដែល​មាន​មនុស្ស​ណែន​ក្តន់​នៅ​លើកោះ​ទាំង​នោះ​នៅពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​ COVID-19»។​

អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​នេះ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​បុរី​ញូវយ៉ក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «ការ​បង្ខិត​បង្ខំ​ពួក​អ្នក​ស្វះស្វែង​រក​សិទ្ធិ​ជ្រកកោន​ឱ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​រំលោភ​លើ​សិទ្ធិ​ពួកគេ​ហើយ​មាន​ផល​អាក្រក់​ដល់​សុខមាលភាព សុខ​ភាព​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួកគេ​ មិន​អាចជា​ការ​ត្រឹមត្រូវបាន​ទេ​ក្នុង​វិស័យ​សុខភាពសាធារណៈ»៕​

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG