ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខណៈ​ដែល​ក្រិក​មិន​អាច​សង​បំណុល​​បាន រដ្ឋ​មន្រ្តី​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​ចរចា​បន្ថែម​ទៀត


បុគ្គលិក​ធនាគារ​ម្នាក់​ត្រួត​ពិនិត្យ​កាត​សម្គាល់​ខ្លួន និង​សៀវភៅ​ធនាគារ​របស់​អ្នក​ចូល​និវត្តន៍​ មុន​ពេល​ដែល​ពួកគេ​ចូល​ទៅ​ក្នុង​ការិយាល័យ​សាខា​មួយ​នៅ​ក្រុង Thessaloniki កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥។

រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប​មាន​គម្រោង​ធ្វើ​សន្និសីទ​តាម​ទូរស័ព្ទដើម្បី​ថ្លឹងថ្លែងសំណើ​ពីប្រទេស​ក្រិក​ដែល​រួម​រិត​ដោយ​បំណុល​សម្រាប់​ប្រាក់​កម្ចី​នូវ​នាទី​ចុង​ក្រោយ ​បន្ទាប់​ពី​ក្រិកមិន​អាច​សង​បំណុល​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១ពាន់​៨រយ​លាន​ដុល្លារ​ដល់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។

ប្រាក់​កម្ចី​៣២​ពាន់​៤រយ​លាន​ដុល្លារ​ពី​មូលនិធិ​គ្រាអាសន្ន​របស់​អឺរ៉ុប​នឹង​ក្លាយ​ជា​ការ​ខំ​ប្រឹងប្រែង​ចុងក្រោយ​ដើម្បី​រក្សា​ប្រទេស​ក្រិកនៅ​ក្នុង​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ។

រដ្ឋ​មន្រ្តីក្រសួង​ហិរញ្ញវត្ថុ​អឺរ៉ុប​បាន​សម្រេចកាល​ពី​ថ្ងៃ​អង្គារ​មិន​បន្ត​កម្មវិធី​ផ្តល់​ប្រាក់​សម្រាប់​សេដ្ឋកិច្ច​ក្រិក​ដែល​នឹង​អាច​ឲ្យ​ក្រិក​សងបំណុល​របស់​ខ្លួន​ដល់​ម្ចាស់​បំណុល។

​លោក Jeroen Dijsselbloem ​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ហូឡង់​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​វាជា​ការ​ឆ្កួត​ដើម្បី​បន្ត​កម្មវិធី​នេះ​ដល់​ប្រទេស​ក្រិក​នោះ។

នៅ​ថ្ងៃ​ពុធ​នេះ សាខា​ធានាគារ​រាប់​ពាន់​នៅ​ទូទាំង​ប្រទេស​ក្រិក​បាន​បើក​ប្រាក់​ដល់​អ្នក​ចូល​និវត្តន៍​ដែល​មិន​មាន​កាត​អេធីអឹម​ (ATM) ​ហើយ​ត្រូវ​ការ​ដក​ប្រាក់​នោះ។

កាល​ពី​ថ្ងៃ​អង្គារ​ដែរ ​ទីភ្នាក់ងារ​ឲ្យ​ពិន្ទុ Fitch បាន​បញ្ចុះ​ពិន្ទុ​ឥណទាន​របស់​ក្រិក​ដែល​បន្ត​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ​ដែល​មាន​ន័យ​ថា ខ្លួន​ពិចារណា​ថា ប្រ​ទេសនេះ ​ទំនង​គ្មាន​ប្រាក់​សង​បំណុល​នោះ​ទេ។

រដ្ឋាភិបាល​ទីក្រុង​អាថែន​ក៏​បាន​និយាយ​ដែរ​ថា ​ខ្លួន​អាច​លុប​ចោលការបោះ​ឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃ​អាទិត្យ​អំពី​ថា​តើ​ក្រិក​នឹង​យល់ព្រម​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ហើយ​និង​កាត់​បន្ថយ​ការ​ចំណាយ​បន្ថែម​ទៀតនៅ​ក្នុង​ការ​ដោះ​ដូរ​សម្រាប់​ប្រាក់​កម្ចី​ដែរ ​ឬទេ ប្រសិន​បើ​ម្ចាស់​បំណុល​របស់​ខ្លួន​យល់​ព្រម​បើក​ការ​ចរចា​ថ្មី​នោះ៕

XS
SM
MD
LG