ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន​យក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​លោក​បណ្ឌិត ​កែម ឡី​ជា​ថ្ងៃ​​ឃោស​នា​បោះឆ្នោត


គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​​ (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​,​​ នៅ​រាជធានី​ភ្នំពេញ,​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/VOA)
គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​​ (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​,​​ នៅ​រាជធានី​ភ្នំពេញ,​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/VOA)

នៅ​ខួប​គម្រប់​ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​​អ្នក​វិភាគ​ល្បី​មួយ​រូប​គឺ​លោក​ ​កែម ឡី​ ​នៅ​ថ្ងៃ​ទី១០​ខែ​កក្កដា​ ​គណ​បក្ស​​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​កំណត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​​ ដោយ​​​ថ្លែង​ពី​វីរភាព​របស់​លោក​ ​កែម ឡី​ ​ដើម្បី​​ទាក់​ទាញ​ការ​គាំទ្រ។​ ​កូន​សិស្ស​របស់​លោក​ ​កែម ឡី​ ​ដែល​ជា​អ្នក​វិភាគ​វ័យ​ក្មេង​មួយ​រូប​យល់​ឃើញ​ថា​ ​ការ​ឃោសនា​បែប​នេះ​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ឆ្លាត​វៃ​សម្រាប់​អ្នក​នយោបាយ​នោះ​ទេ។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​(គ.ប.ម.) ​របស់​ក្រុម​អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​លោក​ ​កែម ឡី ​បាន​បើក​យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​ដោយ​យក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ​កែម ឡី​ ​ជា​ថ្ងៃ​ឃោសនា​ទាក់​ទាញអ្នក​គាំទ្រ។​

ថ្ងៃ​ទី១០​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨នេះ​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ​កែម ឡី ​អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គមនិង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ដ៏​ល្បី​មួយ​រូប។​ ​ក្រោយ​ហេតុ​ការណ៍​នៃ​ការ​បាញ់​សម្លាប់​នោះ​ ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ហៅ​លោក​ថា​ ជា​«វិរៈ​បុរស»​ និង​បាន​ចូល​រួម​ដង្ហែ​សព​របស់​លោក​ពី​វត្ត​ចាស់​ ​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ។​

លោក​ ​យ៉ង សាំង​កុមារ​ ​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ​និង​ជា​អតីត​ប្រធាន​អង្គការ​ផ្នែក​កសិកម្ម​មួយ​ប្រាប់​ ​VOA​ ​ថា​ ​មូល​ហេតុ​នៃ​ការ​កំណត់​យក​ខួប​២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ ​កែម ឡី​ ​ធ្វើ​ជា​ថ្ងៃ​ហែ​ក្បួន​ឃោសនា​គណ​បក្ស​គឺ​ដើម្បី​ជាការទាក់​ទាញអ្នក​បោះ​ឆ្នោត​ឲ្យ​គាំទ្រ​គណ​បក្ស​ ​និង​ប្រមូល​សមាជិក​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​បណ្ឌិត​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វារ។​

ខណៈ​កំពុង​រៀបចំ​យុទ្ធនា​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ចេញ​ពី​ទីស្នាក់​ការ​គណ​បក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ​លោក​ ​យ៉ង សាំង​កុមារ​ បញ្ជាក់​ថា៖​

«អ្វី​ដែល​យើង​រំពឹង​ ​យើង​ធ្វើ​ម៉េច​ខំ​អនុវត្តនូវ​អ្វី​ដែល​ជាឧត្តម​គតិ​ហ្នឹង​ទៅ។​ ​ហើយ​វា​ជាការ​លើក​ទឹក​ចិត្ត​មួយ​ជួយ​ដល់​អ្នក​គាំទ្រ​យើង​ដែរ​ ព្រោះ​អ្នក​គាំទ្រ​យើង​គាត់​ស្រឡាញ់​ គោរព​លោក​បណ្ឌិត​ កែម ឡី ​ហើយ​គាត់​ដឹង​ថា​ គំនិត​ ​និង​ឧត្តម​គតិ​ពិត​ប្រាកដ​របស់​គាត់​នៅ​ជា​មួយ​យើង។​ ​ហើយ​កុំពី​ណាមក​កុហកមក​ឃោសនា​ថា​ ឧត្តមគតិ​ ​កែម ឡី​ ​និយម​អី​ ​គឺ​ត្រូវ​យល់​ឲ្យ​ច្បាស់​ ​ស្អី​ដែល​ហៅ​ថា​ ឧត្តម​គតិ កែម ឡី​ ​និយម»។​

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​, នៅ​រាជធានី​ភ្នំពេញ,​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/VOA)
គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​, នៅ​រាជធានី​ភ្នំពេញ,​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/VOA)

លោក​ ​យ៉ង សាំង​កុមារ​ ​ដែល​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តីរបស់​គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​ បន្ថែម​ថា​ ​លោក​ ​កែម ឡី​ ជា​ស្ថាបនិក​និង​ជា​អ្នក​សរសេរ​គោល​នយោបាយ​របស់​គណ​បក្សប្រជា​ធិប​តេយ្យ​មូលដ្ឋាន។​ ​លោក​បន្ថែម​ថា ​ ឧត្តម​គតិ​របស់​លោក​បណ្ឌិត​ ​កែម ឡី​ ​ត្រូវ​បាន​សរសេរ​ចូល​ក្នុង​គោល​នយោបាយ​ដែល​មាន​១២៥​ចំណុច​របស់​គណ​បក្ស​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​គាំទ្រ។​

លោក​ សាម អ៊ីន​ ​អគ្គ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​ លើក​ឡើង​ថា ​ក្បួន​ដង្ហែ​គណ​បក្សនេះ​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី​៥០០​ ទៅ​១​ពាន់​នាក់។ ​លោក​បន្ថែម​ថា ​គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​ចាត់​ទុក​ថ្ងៃ​ទី​១០​ខែ​កក្កដា​នេះ​គឺជា​ថ្ងៃ​ពិសេស​ក្នុង​ការ​រំឭកដល់​គុណ​របស់​លោក កែម ឡី។​

លោក​ ​សាម អ៊ីន​ ​ថ្លែង​ប្រាប់​ ​VOA​ ​ពី​ការ​ដង្ហែ​ក្បួន​របស់​គណ​បក្សដោយ​ប្រើ​ប្រាស់​គតិ​របស់​លោក កែម ឡី​ ​ថា៖

«សារៈ​សំខាន់​របស់​យើង​គឺ​យើង​នឹង​ជូត​ទឹក​ភ្នែក​របស់​យើង។ ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ក្តី​សង្ឃឹម។​ ​ទោះ​បីជា​លោក​បណ្ឌិត កែម ឡី​ មិន​បាន​នៅ​ជា​មួយ​យើង​ក៏​ដោយ ​ប៉ុន្តែ​ឧត្តម​គតិ​របស់​លោក​បណ្ឌិត​ ​កែម ឡី​ ​នៅ​ជា​មួយ​ក្រុម​ការ​ងារ​គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន ​ហើយ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ក្នុង​ការបំ​ពេញ​បេសក​កម្ម​រួម ​ដើម្បី​សម្រេច​ក្តីស្រមៃ​រួម​ជា​មួយ​លោក​បណ្ឌិត កែម ឡី»។​

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​, នៅ​រាជធានី​ភ្នំពេញ,​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/VOA)
គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​ តាម​ដង​វិថី​នានា​, នៅ​រាជធានី​ភ្នំពេញ,​ នៅថ្ងៃទី ១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់ សុគុំមនោ/VOA)

គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​បានចាប់​ផ្តើម​ដង្ហែ​ក្បួន​ឃោសនា​ពី​ស្នាក់​ការ​បក្ស​របស់​ខ្លួន​ ដោយ​ធ្វើ​ដំណើរ​ចូល​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​លោក​បណ្ឌិត ​កែម ឡី ​នៅ​ហាងសាំង​កាល់តិច​ ស្តុប​បូកគោ ​រាជធានី​ភ្នំពេញ។ ​ក្បួន​ដង្ហែ​ឃោសនា​គណ​បក្សដែល​មាន​ទាំង​ការ​ដើរ​ថ្មើរ​ជើង ​ការ​ប្រើ​រថយន្ត ​ម៉ូតូ ​និង​ម៉ូតូ​កង់បី ​ដោយ​មាន​បិទ​រូបថត​របស់​លោក ​កែម ឡី ​ផង​នោះ ​បាន​បញ្ចប់​នាល្ងាច​ថ្ងៃ​អង្គារ​នេះ ​នៅ​ទី​តាំង​វត្ត​ចាស់ ​ជាទី​តាំង​តម្កល់​សព​របស់​លោក​បណ្ឌិត​ កែម ឡី កាលពី​ពីរ​ឆ្នាំ​មុន ​ដោយ​មាន​ជាការ​ថ្លែង​ពី​វីរភាព​របស់​លោក​ កែម ឡី ​និង​ការ​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ។​

លោក​ ​ហង្ស វិទូ​ ​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ ​និង​ជា​សិស្ស​របស់​លោក​ ​កែម ឡី​ ​លើក​ឡើង​ថា ​លោក​មិន​គាំទ្រ​ការ​ប្រើ​ប្រាស់​វីរភាព​របស់​លោក​បណ្ឌិត​ ​ដើម្បីជា​ការ​ឃោសនា​ទាក់​ទាញ​ការ​គាំទ្រ​នយោបាយ​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ការ​ឃោសនា​បែប​នេះ​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ឆ្លាតវៃ​សម្រាប់​អ្នក​នយោបាយ​ឡើយ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​មិន​មាន​ការ​គាំទ្រ​ទេ​ដែល​យក​ឈ្មោះ​លោក​បណ្ឌិត​ ​កែម ឡី​ មកបង្កើន​ឥទ្ធិពល​ ឬ​មួយ​ក៏​មក​បង្កើន​ប្រជា​ប្រិយ​ភាព​របស់​គណ​បក្សខ្លួន។​ ​ខ្ញុំ​យល់​ឃើញ​ថា​ យុទ្ធសាស្រ្ត​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​មិន​បាន​សំឡេង​ឆ្នោត​ច្រើន​ហើយ​ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​អ្នក​គាំទ្រ​ទៅ​ទៀត។ ​អា​ហ្នឹង​វា​មិន​មែន​ជា​ការ​រើសអើង​ទេ​ ​តែ​ខ្ញុំ​យល់​ថា​ ​យុទ្ធសាស្រ្ត​នេះ​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ឆ្លាត​វៃ​ទេ​សម្រាប់​គណ​បក្សប្រជាធិប​តេយ្យ​មូលដ្ឋាន»។​

លោក​ ​ហង្ស វិទូ​ ​បន្ថែម​ថា ​ក្រុម​របស់​លោក​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​មួយដើម្បី​ទាមទារ​រក​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​លោក​បណ្ឌិត​ ​កែម ឡី។

លោក​លើក​ឡើង​ថា៖​

«ខាង​យើង​ ​យើង​អត់​បាន​ជឿ​ថា ​ជួប សំលាប់​ហ្នឹង​គឺ​ជា​ឃាតករ​តែម្នាក់​ក្នុង​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី​ ​ទេ។​ ​យើង​ជឿ​ថា ​ប្រហែល​ជា​អាច​មាន​បុគ្គល​មាន​អំណាច ​មាន​បុគ្គល​ណា​ម្នាក់ ​ច្រើន​នាក់​នៅ​ពី​ក្រោយ​ ​ជួប សម្លាប់​ហ្នឹង។​ ​អីចឹង​ថ្វី​ដ្បិត​តែ​យើង​សង្ឃឹម​តិច​ពិត​មែន​ ក៏​ប៉ុន្តែ​យើង​នៅ​តែ​សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​រក​យុត្តិធម៌​ជូន​យើង​បាន»។​

គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម.)​ ​មិនមែន​ជា​គណ​បក្ស​តែ​មួយ​ដែល​ភ្ជាប់ខ្លួន​ទៅ​នឹង​លោក​បណ្ឌិត​ ​កែម ឡី​ ​នោះ​ទេ។​ ​គណបក្ស​នយោបាយ​មួយ​ទៀត​គឺ​គណបក្ស​ខ្មែរ​តែ​មួយ​ ដែល​បង្កើត​ឡើង​ដោយ​ប្អូន​ប្រុស​របស់លោក​ ​កែម ឡី​ ​ក៏​បាន​ព្យាយាម​ទាញ​យក​ប្រជា​ប្រិយ​ភាព​ពី​ការ​ស្លាប់​របស់​លោក​ ​កែម ឡី​ ​ផង​ដែរ។​

គិត​ត្រឹម​ថ្ងៃ​អង្គារ​ដែល​ជា​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ទី​៤​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈពេល​២១​ថ្ងៃ​នេះ​ ​មាន​គណ​បក្ស​នយោ​បាយ​ចំនួន​៧​នៃ​គណបក្ស​សរុប​ចំនួន២០​ ​បាន​ហែក្បួន​ធំៗ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​មួយ​ចំនួន។​ ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​រាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រតី​ ឬ​អំពើ​ហិង្សាណា​មួយ​កើត​ឡើង​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅកម្ពុជា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​នេះ​មិន​ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩​ ខែ​កក្កដា​ខាង​មុខ​នេះ​ទេ៕

XS
SM
MD
LG