ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​លោក Graham ថា​ការ​ប្តឹង​ទម្លាក់​លោក​ Trump ចេញ​ពី​តំណែង​អាច​«បង្ក​ការ​បំផ្លិចបំផ្លាញ​ដល់​ស្ថាប័ន​រដ្ឋាភិបាល»


រូបឯកសារ៖ លោក Lindsey Graham (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​ឲ្យ​រដ្ឋ South Carolina ថ្លែង​ក្នុង​អំឡុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក Trump នៅ​រដ្ឋ North Carolina ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Lindsey Graham (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​ឲ្យ​រដ្ឋ South Carolina ថ្លែង​ក្នុង​អំឡុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក Trump នៅ​រដ្ឋ North Carolina ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​ឲ្យ​រដ្ឋ South Carolina លោក Lindsey Graham បាន​និយាយ​ថា កិច្ច​ខំ​ប្រឹងប្រែង​ក្នុង​ការ​ប្តឹង​ទម្លាក់​លោក Donald Trump ចេញ​ពី​តំណែង​ដោយ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ អាច​«បង្ក​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង​ដល់​ស្ថាប័ន​រដ្ឋាភិបាល»។ លោក​ក៏​បាន​ព្រមានដល់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ មិន​ឲ្យ​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​នេះ​ផង​ដែរ។

សារ​របស់​លោក Graham ទៅ​កាន់​សមាជិកខាង​គណបក្ស​សាធារណរដ្ឋ​អំពី​ការ​ប្ដឹង​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង គឺ​ថា៖ «សម្រាប់​អ្នក​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​នេះ​ក្លាយ​ជា​ដំណើរការ​ស្របច្បាប់ អ្នក​កំពុង​តែ​បង្ក​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង ​មិន​ត្រឹម​តែ​ដល់​ប្រទេស​ជាតិ​ និង​ប្រធានាធិបតី​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងដល់​គណបក្ស [សាធារណរដ្ឋ​] ផង​ដែរ»។

លោក​ក៏​បាន​លើក​ឡើង​ថា ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ដែល​បាន​គាំទ្រ​លោក Trump និង​គោលនយោបាយ​របស់​លោក «មិន​គួរ​ត្រូវ​បាន​ប្រមាថ​មាក់ងាយ ដោយសារ​តែ​សកម្មភាព​ដែល​មិន​ទទួល​យក​បាន​របស់​ក្រុម​កុបករ​បះបោរ​មួយ​ក្រុម​ទេ»។

យ៉ាង​ហោច​ណាស់ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ចំនួន ៥ នាក់ បាន​លើក​ឡើង​ថា ពួកគេ​នឹង​គាំទ្រ​ការ​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Trump ចេញ​ពី​តំណែង។ ហើយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ២ នាក់​ ក៏​បាន​អំពាវនាវ​ឲ្យ​លោក Trump ចុះ​ចេញ​ពី​តំណែង​ដែរ។ សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទៀត​ខាង​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ថា លោក​នឹង​ពិនិត្យ​មើល​លើ​មាត្រា​នៃ​ការ​ប្តឹង​ទម្លាក់​លោក Trump ចេញ​ពី​តំណែង នៅ​ពេល​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា។

លោក​ Graham គឺជា​សម្ព័ន្ធមិត្ត​ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី Trump។ កាលពី​សប្តាហ៍​មុន លោក Graham បាន​ថ្កោល​ទោស​កុបកម្ម​ហិង្សា​ដោយ​ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី ដែល​បាន​សម្រុក​ចូល​ដោយ​ហិង្សា​ទៅ​កាន់​វិមាន​សភា​សហរដ្ឋ​អាមេរិក។ ក្រោយ​ហេតុការណ៍​នោះ និង​បន្ទាប់​ពី​លោក Trump បាន​ដាក់​សម្ពាធ​លើ​លោក​អនុ​ប្រធានាធិបតី Mike Pence ​ដោយ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ ឲ្យ​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​មក លោក Graham បាន​លើក​ឡើង​ថា កុំ​ពាក់ព័ន្ធ​ជាមួយ​លោក ហើយ​ថា «គ្រប់គ្រាន់​ហើយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG