ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ថា​លោក Trump ជា​«គ្រោះថ្នាក់»ដល់​សហរដ្ឋ​អាមេរិក


ប្រធានរដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Nancy Pelosi ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ប្រធានរដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Nancy Pelosi ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump តំណាង​ឲ្យ​ «គ្រោះថ្នាក់​យ៉ាង​ច្បាស់​និង​ជា​គ្រោះ​ថ្នាក់​នា​ពេលបច្ចុប្បន្ន​នេះ» ដល់​ប្រទេស​ជាតិ ហើយ​ថា គេ​ត្រូវ​តែ​ទម្លាក់​លោក​ពី​តំណែង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។

អ្នកស្រី Pelosi បាន​ថ្លែង​នៅ​ក្នុង​សាល​ប្រជុំ​របស់​រដ្ឋសភា​ថា សមាជិក​សភា​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាតិ​ទាំង​មូល «បាន​ឆ្លង​កាត់​បទពិសោធន៍​នៃ​កុបកម្ម​ដែល​បាន​រំលោភ​បំពាន​សន្តិភាព​របស់​វិមាន​សភា​សហរដ្ឋ​អាមេរិក​ ជា​ទី​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ ហើយ​ដែល​បាន​ព្យាយាម​បំផ្លាញ​ឆន្ទៈ​របស់​ពលរដ្ឋ​អាមេរិកាំង ដែល​ធ្វើ​ឡើង​ស្រប​ច្បាប់» នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។​

អ្នកស្រី ​Pelosi ថ្លែង​ថា៖ «យើង​ដឹង​ថា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ញុះញង់​ឲ្យ​មាន​កុបកម្ម​ និង​ការ​បះបោរ​ប្រដាប់​ដោយ​អាវុធ​ប្រឆាំង​នឹង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ។ លោក​ [Trump] ត្រូវ​តែ​ចេញ។ លោក​គឺជា​គ្រោះថ្នាក់​យ៉ាង​ច្បាស់​និង​ជា​គ្រោះថ្នាក់នា​ពេលបច្ចុប្បន្ន​នេះ ដល់​ប្រទេស​ជាតិ​ដែល​យើង​ទាំង​អស់​គ្នា​ស្រឡាញ់»។

អ្នកស្រី​បាន​បន្ថែម​ថា លោក Trump បាន​«កុហក​ម្តង​ហើយ​ម្តង​ទៀត» អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​លោក​បានចាញ់​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ ទី១៣ ខែ​មករា​នេះ ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ដក​លោក​ Trump ចេញ​ពី​តំណែង ដោយ​ចោទ​ប្រកាន់​លោក​ថា​បាន​ប្រមូល​ផ្តុំ​ក្រុម​អ្នក​គាំទ្រ​បែបហិង្សា​មួយ​ដើម្បី​វាយ​ប្រហារ​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន៕

XS
SM
MD
LG