ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស្នើ​ឲ្យ​សាធារណជន​ទិញ​ផលិត​ផល​ក្នុង​ស្រុក​ខណៈ​តម្លៃ​ស្រូវ​បន្ត​ចុះ​ថោក


រូប​ឯកសារ៖ អ្នកភូមិក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ហាលស្រូវខាងមុខផ្ទះ ទុកសម្រាប់លក់ឲ្យឈ្មួញ កាល​ពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
រូប​ឯកសារ៖ អ្នកភូមិក្នុងឃុំស្រយ៉ូវ ខេត្តកំពង់ធំ ហាលស្រូវខាងមុខផ្ទះ ទុកសម្រាប់លក់ឲ្យឈ្មួញ កាល​ពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នេះ​​ក៏បាន​កើត​ឡើង​ នៅ​ស្រប​ពេល​ដែល​មាន​ការ​កំណត់​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​លើ​តម្លៃ​អង្ករ​នាំ​ចូល​ពី​កម្ពុជា។​

រដ្ឋាភិបាល​ខ្មែរ​គ្រោង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​បើក​ផ្លូវ​ឲ្យ​សាធារណជន​ទូទៅ​បាន​ដឹង​ និង​បង្កើន​ការ​ទិញ​ផលិតផល​ជា​ច្រើន​ដែល​បាន​ផលិតក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​ VOA បាន​ទទួល​នៅថ្ងៃ​សុក្រ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ធ្វើ​នៅ​ថ្ងៃ​ទី៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុង​យុទ្ធសាស្ត្រ​ជួយ​ជំរុញ​ និង​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ និង​ចូលរួម​ប្រើ​ប្រាស់​កាន់​តែ​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​ ក្រសួង​ពាណិជ្ជ​កម្ម​នឹង​រៀប​ចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​ផលិត​ផល​ខ្មែរ​ «យុទ្ធនា​ការ​ទិញ​ផលិតផល​ខ្មែរ»​ក្នុង​ឱកាស​បុណ្យ​ទន្លេ​ឆ្នាំ​២០១៩​ ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​១៧​ខែ​មីនាឆ្នាំ​២០១៩នៅ​ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង។​

សេចក្តី​ប្រកាស​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ការ​រៀបចំ​ពិព័រណ៍​នេះមានគោល​បំណង​ទូង​ស្គរ​ពញ្ញាក់​ស្មារតី​មហា​ជន​ទូទៅ​ ឲ្យ​ងាក​មក​គាំទ្រ​ និង​ប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​ច្រើន​ជា​អតិបរមា។​ ក្រសួង​ពាណិជ្ជកម្មនឹង​ប្រមូល​កៀរគរ​ផលិត​ផល​ខ្មែរមាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើ​ប្រាស់​ មាន​ការ​វេច​ខ្ចប់​បាន​ល្អ​ត្រឹមត្រូវ​ អនុលោម​តាម​ស្តង់ដារ​ផលិត​កម្ម​ពី​គ្រប់​ទិសទី​ នៅ​ទូទាំង​ប្រទេស​ មក​ដាក់​តាំង​បង្ហាញ និង​ស្វែង​រក​ដៃ​គូ​យក​ទៅ​លក់​បន្ត»។

ក្រសួង​ពាណិជ្ជ​កម្មក៏បាន​ស្នើ​ដល់​ពាណិជ្ជករ​ ឲ្យ​រួសរាន់​មក​ដាក់​ពាក្យចូលរួម​ ព្រោះ​ចំនួន​ស្តង់​មាន​កំណត់។

មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​មួយ​រូប​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​សារ​គ្មាន​សិទ្ធិ​និយាយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយបាន​បញ្ជាក់​ប្រាប់​ VOA ​ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ផលិត​ផល​ខ្មែរ​ដែល​នឹង​ដាក់​តាំង​បង្ហាញ​នោះមាន​ច្រើន​ប្រភេទ​ រាប់​ចាប់​ពី​អង្ករ​ ផលិត​ផល​កែច្នៃ​ផ្សេងៗ​ ទំនិញ​វេចខ្ចប់​ ​ភេសជ្ជៈ និង​ទឹក​បរិសុទ្ធ​ជា​ដើម។​

លោក ​ឈួរ ចន្ទឌឿន​ អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ការ​គ្រោង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្មដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ក្នុង​ស្រុក​នេះ​កើត​មាន​ឡើង​ ​នៅ​ស្រប​ពេល​មានសេចក្តី​រាយការណ៍​ជាបន្តបន្ទាប់​អំពី​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នៅ​ប្រទេស​កម្ពុជា

លោក​ថេង សាវឿន​ ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ឬ​ហៅ​ថា​ CCFC​ យល់​ថា​ ការ​រៀបចំ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ខ្មែរ​នេះជា​គំនិត​ផ្តួចផ្តើម​ល្អ​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិត​ផល​ខ្មែរ​ដែល​សហគ្រាស​នានា​ផលិត​បាន​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ប្រទេស។ ​ក៏ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​គួរ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ ទប់​ថ្លៃ​ស្រូវ​កុំ​ឲ្យ​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ។

«ការ​តាំង​ពិព័រណ៍គឺ​ការ​បង្ហាញ​នូវ​ផលិត​ផល​ជាតិគឺ​វា​ជា​រឿង​មួយ​ល្អ​ប្រសើរ​ដែល​ ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ឬក៏កសិករ​ក្នុង​ស្រុក​ ​ជា​អ្នក​ទិញ​ហ្នឹង​ គឺ​និយម​ប្រើ​ប្រាស់​ផលិត​ផល​ក្នុងស្រុក​ ក៏ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​ រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យបាន​ច្រើន ពិសេស​ក្រសួង​ពាណិជ្ជ​កម្មទៅលើ​តម្លៃ​ស្រូវ​ ឬ​ក៏​តម្លៃ​ផលិត​ផលកសិកម្ម​ដែល​កំពុង​តែ​ធ្លាក់​ថ្លៃ​ ហើយ​ធ្វើ​ឲ្យ​កសិករ​កំពុង​តែ​ប្រឈម​ ខាត​ដើម​ខាត​ចុង​ កន្លែង​ខ្លះ​ គឺ​គាត់​លក់អ្វី​ដែល​គាត់​ចំណាយ​ក្នុង​ការចំណាយ​ចាយ​វាយ​ទៅលើផលិតផល​កសិកម្ម​ ដល់​ពេល​គាត់​លក់​ទៅ​មិន​បាន​ថ្លៃ​ ធ្វើ​ឲ្យ​គាត់​បាក់​ទឹកចិត្ត​ អន់​ចិត្ត​ផង​ដែរ»។​

លោក​បាន​បន្ថែម​ថា​ កសិករ​ខ្មែរ​នឹង​ប្រឈម​ផលវិបាក​ខាង​ហិរញ្ញវត្ថុ​ ប្រសិន​បើ​តម្លៃ​ស្រូវ​ត្រូវ​បានឈ្មួញ​បញ្ចុះ​តម្លៃ​តាម​តែ​អំពើ​ចិត្ត​នោះ។​

«នៅ​ពេល​ដែល​គាត់​ធ្វើ​ស្រែ​ ទុន​ ឬក៏​ប្រាក់​ដែល​គាត់​ប្រើ​ប្រាស់គឺ​គាត់​ទៅ​កម្ចី​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​ឯកជន​ ហើយ​នៅ​ពេល​ដែល​ពួកគាត់មិន​ទទួល​បាន​រួច​ពី​ចំណេញគឺ​អ៊ី​ចឹង​គាត់​ផុង​ខ្លួន​ខ្លាំង​ទៅ​លើ​ការ​បង់​ការ​ប្រាក់​ត្រឡប់​ និង​សង​បំណុល​ត្រឡប់​ទៅមីក្រូ​ហិរញ្ញវត្ថុ​ ធនាគារ។​ អ៊ី​ចឹង​ក៏​រឿង​ខ្លះ​ ក៏​ធ្វើ​ឲ្យ​គាត់​ បោះ​បង់​ការ​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ​ដែរ​ ហើយ​គាត់​នឹង​អាច​ចំណាក​ស្រុកទៅ​រក​ធ្វើការ​ងារ​ផ្សេងៗ​ទៀត​ផង​ដែរ»។​

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​រូប​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​តម្លៃ​ស្រូវ​ប្រភេទ​ IR ​នៅ​បន្ត​ធ្លាក់​ចុះ​ដដែល​នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស។ ​លោក​បញ្ជាក់​ថា​ តម្លៃ​ស្រូវ​ IR ​នៅ​ខេត្ត​ព្រៃវែង​ និង​ស្វាយរៀង​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ប្រមាណ​៦០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​គឺ​ទាប​ជាងឆ្នាំ​មុន​ក្នុង​រយៈ​ពេល​ដូច​គ្នា​ ដែលស្រូវ​ប្រភេទ​នេះមានតម្លៃ​៧៨០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។ ​លោក​បន្ត​ថា​ នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ​តម្លៃ​ស្រូវ ​IR ​បាន​ថយ​ពី​តម្លៃ​៧៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​កាលពី​ឆ្នាំ​២០១៨​មក​នៅ​ត្រឹម​ចន្លោះ​ប្រមាណ​៥៨០​រៀល​ និង​៧១០​រៀលក្នុង​មួយ​គីឡូក្រាម​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩​នេះ។​

ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នេះក៏បាន​កើត​ឡើង​ នៅ​ស្រប​ពេល​ដែល​មាន​ការ​កំណត់​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​លើ​តម្លៃ​អង្ករ​នាំ​ចូល​ពី​កម្ពុជា។​

កាលពី​ខែ​មករាឆ្នាំ​២០១៩​ សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​យក​ពន្ធ​អង្ករ​កម្ពុជា​រយៈ​ពេល​៣​ឆ្នាំ​ ដោយ​សារ​តែ​បរិមាណ​នាំ​ចូល​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។ ​តាម​ការ​ប៉ាន់​ប្រមាណ ​ប្រទេស​កម្ពុជា​ត្រូវ​បង់​ពន្ធ​ចំនួន​៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​នៅ​ក្រោម​ការ​យក​ពន្ធ​នេះ​ ​អ្នកនាំ​អង្ករ​ចូល​ត្រូវ​បង់ប្រហែល​២០០​ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​ឆ្នាំ​ទី​មួយ ​ចំនួន​១៧១​ដុល្លារសម្រាប់​ឆ្នាំ​ទីពីរ ​និង​ចំនួន​១៤៣​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​បី។​

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា ​ពួក​គេ​បាន​ទទួល​សំណើ​ពី​ប្រទេស​អ៊ីតាលី​ ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​វិធាន​ការ​គាំពារ​អង្ករ​ក្នុង​ប្រទេស​ជា​សមាជិក ដោយសារ​មាន​ការនាំ​អង្ករ​ច្រើន​ចូល​ពី​ប្រទេស​កម្ពុជា ​និង​មីយ៉ាន់ម៉ា​ឬ​ភូមា។​

ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ពាណិជ្ជកម្ម​ធំជាង​គេក្នុងពិភព​លោក​ដោយ​សារ​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ទណ្ឌកម្ម​ដែលអាច​នឹង​កើត​មាន​នេះ​គឺ​ដាច់​ដោយ​ឡែក​ពី​វិធាន​ការ​ការពារ​ទីផ្សារ​អង្ករ​អឺរ៉ុប។

ប្រទេស​ទាំង​ពីរ​នេះ​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មវិធី​ពាណិជ្ជ​កម្ម​របស់​សហ​ភាព​អឺរ៉ុប​ឈ្មោះ​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»ឬ​ហៅ​ថា​ ​EBA ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួចបំផុត​ក្នុង​ពិភព​លោក ​អាច​នាំ​ទំនិញ​ភាគ​ច្រើន​ទៅ​លក់​នៅ​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ដោយ​មិន​បាច់​បង់​ពន្ធគយ៕

XS
SM
MD
LG