ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​១២៤​លាន​ដុល្លារ​គាំទ្រ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត «កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ជលផល​ឆ្នាំ២០១៩-២០២៣» ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក​ ឱម សាវ៉ាត ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ ប្រាប់​ VOA ​ថា ​ជលផល​នៅ​កម្ពុជា​កំពុង​រង​បញ្ហា​ប្រឈម​ជា​ច្រើនដែល​មាន​ដូចជា​បទ​ល្មើស​នេសាទ ​ការ​កាប់​ព្រៃ​លិច​ទឹក​ គ្រោះ​ធម្មជាតិ ​និង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ជាដើម។ ​លោក​បន្ថែម​ថា ​វិស័យ​នេះ​នឹង​រង​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់នោះ​ទេ។​

សហ​ភាព​អឺរ៉ុបបាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជាចំនួន១២៤លាន​ដុល្លារអាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​ទឹក​សាបនិង​សមុទ្រ​ ដែលកំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បាត់​បង់។

ជំនួយ​នេះនឹង​ត្រូវ​អនុវត្ត​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​លើ​គម្រោង​«កម្ម​វិធី​អភិវឌ្ឍន៍​វិស័យ​ជល​ផល​ឆ្នាំ​២០១៩-២០២៣»។​

លោក ​George Edgar ​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្តល់​ជំនួយ​នោះ​ថា​ ​ជំនួយ​នេះ​នឹង​ជួយ​ក្រសួង​កសិកម្ម​ ដៃគូ​អភិវឌ្ឍន៍​ និង​ភាគី​ពាក់ព័ន្ធ​ រួមមាន​សហគមន៍​នេសាទ​ អាច​គ្រប់គ្រង​ធនធាន​ជលផល​ទឹក​សាប ​និង​សមុទ្រ​នៅ​កម្ពុជា​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។​

លោក​បន្ត​ថា ​សហ​ភាព​អឺរ៉ុប​ចង់​ឃើញ​ប្រជាជន​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ដោយ​ស្មើភាព​ និង​មានចីរភាព​ពី​ធនធាន​នៃ​បឹង​ទន្លេសាប ​និង​សមុទ្រ ​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បាត់​បង់។​

«វិស័យ​ជលផល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។ ​ហើយ​ត្រី​ក៏​ជា​អាហារ​ដ៏​សំខាន់មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ភាគ​ច្រើន»។​

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត «កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ជលផល​ឆ្នាំ២០១៩-២០២៣» ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត «កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ជលផល​ឆ្នាំ២០១៩-២០២៣» ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

នេះ​គឺ​ជា​ជំនួយ​ធំ​ជាង​គេ​បំផុតមិន​ធ្លាប់​មាន​ពីមុន​មក​របស់​សហភាព​អឺរ៉ុប​សម្រាប់​វិស័យ​ជល​ផល​នៃ​ប្រទេស​កម្ពុជា។ ជំនួយ​មួយ​ផ្នែក​ត្រូវ​ផ្តោត​លើផ្នែក​វារី​វប្បកម្ម​ក្នុង​គោល​ដៅ​បង្កើន​ទិន្នផល​មច្ឆា​ជាតិនិង​មួយ​ផ្នែក​ទៀត​ផ្តោតគម្រោង​ធានា​ដល់​ការ​គ្រប់​គ្រងនិង​អភិវឌ្ឍន៍​ធនធាន​ជលផល​ទឹក​សាប​ និង​សមុទ្រ។​

លោក ​វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​លើក​ឡើង​ថា​ ជំនួយ​របស់​សហភាព​អឺរ៉ុបផ្តល់​ប្រយោជន៍​ដោយ​ត្រង់​ឲ្យ​ទៅ​កសិករ​ខ្នាត​តូច​នៅ​ទូទាំង​ប្រទេស។ ​លោក​បន្ថែម​ថា ​ក្រសួង​នឹង​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​បង្កើន​ និង​ស្តុក​ទុកធនធាន​ជលផល ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​បង្កើន​ការ​អនុវត្ត​ច្បាប់​បន្ថែម​ពាក់ព័ន្ធ​នឹង​ជលផល។

«ចំណុច​ពិសេស​មួយ​ទៀត​គឺការ​ចុះ​បញ្ជី​កាណូត​នេសាទ​ ទូក​នេសាទ​ហ្នឹង ដើម្បី​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​មួយ​ច្បាស់​លាស់។ ​ហើយ​ទិសដៅ​ជំហ៊ាន​បន្ទាប់​របស់​យើង គ្រប់​ទូក​នេសាទ​ទាំង​អស់​ត្រូវ​តែដំឡើង​ GPS ​ហើយ​ភ្ជាប់​ជាមួយ​ Satellite ​ហើយ​យើង​អាច​ត្រួត​ពិនិត្យ​មើល​នៅ​ពេល​ខាង​មុខ​ថា ​ទូក​នេសាទ​មួយ​ណា​ជា​ទូក​នេសាទ​ប្រព្រឹត្ត​បទ​ល្មើស។​ ដូច្នេះ​យើង​អាច​កំណត់​បាន»។​

វិស័យ​ជលផល​ និង​បសុសត្វ​របស់​កម្ពុជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ចំណូល ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ ការ​បង្កើន​ជីវភាព ​និង​កំណើន​សេដ្ឋ​កិច្ច។ ​វិស័យ​នេះ​រួម​ចំណែក​ប្រហែល​ពី​៨​ភាគរយ​ទៅ​១២​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ និង​ផ្តល់​ការងារ​ដល់​ប្រជាជន​រហូត​ដល់​៦​លាន​នាក់។​

លោក​ ឱម សាវ៉ាត ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ ប្រាប់​ VOA ​ថា ​ជលផល​នៅ​កម្ពុជា​កំពុង​រង​បញ្ហា​ប្រឈម​ជា​ច្រើនដែល​មាន​ដូចជា​បទ​ល្មើស​នេសាទ ​ការ​កាប់​ព្រៃ​លិច​ទឹក​ គ្រោះ​ធម្មជាតិ ​និង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ជាដើម។ ​លោក​បន្ថែម​ថា ​វិស័យ​នេះ​នឹង​រង​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់នោះ​ទេ។​

«ទាក់ទង​ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​នានាដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ដែន​នេសាទ ​ដូច​ជា​ទំនប់​វារី​អគ្គិសនី​អី​ផ្សេងៗ​ហ្នឹង​គឺ​ជា​បញ្ហា​ប្រឈម​ ឬ​ក៏​ហានិភ័យ​យូរ​អង្វែង​នា​ពេល​អនាគត ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យើង​មុន​នឹង​សម្រេច​លើ​គម្រោង​អភិវឌ្ឍន៍​នានា នៅ​តំបន់​ពាក់​ព័ន្ធ​នឹង​តំបន់​ដែន​នេសាទ​ហ្នឹង​ យើង​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បានកម្រិត​ខ្ពស់​បំផុត»។​

តាម​រយៈ​កិច្ច​គាំទ្រ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ ផលិត​កម្ម​វារី​វប្បកម្ម​ ឬ​ការ​ចិញ្ចឹម​ត្រី​កម្ពុជា​បាន​កើន​ឡើង​ចាប់​ពី​៩០.០០០​តោន​ក្នុង​ឆ្នាំ​២០១៣​ដល់​២៥០.០០០​តោន​នៅ​ឆ្នាំ​២០១៨។​ ចំណែក​ផលិត​កម្ម​បសុ​សត្វ​ ឬ​ការ​ចិញ្ចឹម​សត្វ​បាន​កើន​ឡើង​ពី​៣៧,៩​លាន​ក្បាល​ក្នុង​ឆ្នាំ​២០១៤​ដល់​៤៤,៣​លាន​ក្បាល​នៅ​ឆ្នាំ​២០១៨៕

XS
SM
MD
LG