ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​ស្នើ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ពី​ការបាត់បង់​ឋាន:​អនុគ្រោះ​ពន្ធ​


រូបឯកសារ៖ លោក មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) នៅ​ទីស្នាក់ការ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០១៨។ (សាយ មុន្នី/VOA Khmer)
រូបឯកសារ៖ លោក មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) នៅ​ទីស្នាក់ការ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០១៨។ (សាយ មុន្នី/VOA Khmer)

នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុម​មេដឹកនាំ​សហជីព​នៅ​ប្រទេស​កម្ពុជាបាន​ស្នើ​ឲ្យ​មាន​ការចរចា​រវាង​ភាគី​រដ្ឋាភិបាល ​និង​គណៈកម្មការ​សហភាព​អឺរ៉ុប នៅ​មុន​ពេល​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​គេ​ស្គាល់​ថា «រាល់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ»​ ​ឬ​ ​EBA។

ប្រសិន​បើ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន​នោះ​ កម្ពុជា​នឹង​បាត់បង់​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់ ឧស្សហកម្ម​កាត់ដេរ​របស់​ខ្លួន​ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​រង​សម្ពាធ​តាម​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ជា​រៀង​រាល់​ឆ្នាំ​នោះ។​

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​ (Central) បាន​ប្រាប់​ ​VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នឹង​បង្ក​ផលវិបាក​ជា​អវិជ្ជមានដល់​សុខភាព​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ដែល​ជា​កម្មករ​និង​សេដ្ឋកិច្ច​របស់​ប្រទេស។ លោក​ថា ​ការងារ​ក្នុង​ចំនួន​ដ៏ច្រើន​នឹង​ត្រូវ​បាត់បង់ ហើយ​អ្នក​ដែល​ពឹងផ្អែក​លើ​កម្មករ​ក៏​ទទួល​រង​ផលវិបាក ក្នុង​នោះ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​និង​ធនាគារ។

លោក​បាន​និយាយ​បញ្ជាក់​ថា៖​

«ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​គិតគូរ​ពី​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​របស់​យើង​នោះពួកគេ​គួរតែ ពិចារណា​ឡើងវិញ​នូវ​ការ​ទាមទារ ​និង​អនុសាសន៍​នានា​ពី​សហភាពអឺរ៉ុប។ បាល់​ឥឡូវ​នៅ​ក្នុង​ដៃ​ របស់​ពួកគេ​ហើយ»។​

លោក​ ​មឿន តុលា បាន​បន្ថែម​ថា៖​

«ខ្ញុំ​ដឹង​ថា​វា​គឺជា​ជម្រើស​តែមួយ​គត់​ដែល​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ​ដើម្បី​ផ្លាស់ប្តូរ​ចិត្ត​គំនិត​របស់​ពួកគេ​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​កំពុង​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន។ជាមួយ​គ្នា​នោះ​ដែរ​ យើង​គួរ​កត់​សម្គាល់​ថា​ ប្រសិនបើ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​រលំ​នោះ វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ប្រ​ទេស​ចិន​ ខណៈ​ដែល​អ្នកវិនិយោគទុន​ភាគច្រើន​គឺ​មកពី​ប្រទេស​ចិន។ កម្ពុជា​នាំ​ចូល​សម្ភារៈ​ពី​ចិន​សម្រាប់​ឧស្សាហកម្ម​នេះ រាប់​ទាំង​ធនធាន​មនុស្ស​ដែល​ធ្វើការ​ពី​កម្រិត​អ្នក​មើល​ការខុសត្រូវ​រហូត​ដល់​ការគ្រប់គ្រង»។​

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​បន្ត​ទៀត​ថា​ ​ភាព​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​កម្ពុជា​នឹង​កាន់​តែ​រីក​ធំ​ឡើង​ ប្រសិនបើ​សហភាព​អឺរ៉ុប​ចាត់​ការ​ព្យួរ​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ​ព្រោះ​ពេល​នោះ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ជាច្រើន​ទៀត​របស់​ប្រទេស​អាមេរិក និង​សហគមន៍​អឺរ៉ុប​នឹង​ចាត់វិធានការ​តាម​ក្រោយ​ផង​ដែរ។​

លោក​បាន​បន្ថែម​ថា៖ ​

«សម្លៀក​បំពាក់​និង​ស្បែកជើង រាប់បញ្ចូល​ទាំង​ផលិតផល​ធ្វើដំណើរ​គឺជា​ប្រភព​សំខាន់ ​សម្រាប់​សេដ្ឋកិច្ច​ជាតិគឺ​ច្រើន​ជាង​៧០​ភាគរយ។ សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​ធំ​បំផុត​របស់​ឧស្សាហកម្ម​នេះ​ បន្ទាប់​មក​ទៀត​គឺ​សហរដ្ឋ​អាមេរិក។​ ដូច្នេះ​ប្រសិនបើ​វា​ដួល​រំលំ​នោះ ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​នឹង​ដួល​តាម​ដែរ។ ប្រសិន​សហភាព​អឺរ៉ុប​ព្យួរ ​EBA​ នោះ​ ខ្ញុំ​ប្រាកដ​ណាស់​ថា​ គេ​នឹង​ដាក់​ទណ្ឌកម្ម​ផ្សេង​ទៀត​ ហើយ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ដូចគ្នា។​ សម្ព័ន្ធមិត្ត​ឯ​ទៀត​នឹង​ធ្វើតាម»។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី ២៩​ ខែ​ កក្កដា ​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រំលាយ​ចោល​កាលពីឆ្នាំមុន។ បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ឈ្នះ​ឆ្នោត​យក​អាសនៈ​សភា​ជាតិ​ទាំង​អស់​១២៥​ដូច​ការ​រំពឹង​ទុក។

ក្រុម​សិទ្ធិ​មនុស្ស​និង​សភា​របស់​សហភាព​អឺរ៉ុប​បាន​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងទៀត​ផង​ដែរ​ ដែល​មាន​ដូច​ជា​ការ​រំលោភ​ដីធ្លី​និង​សិទ្ធិ​កម្មករ។

លោកស្រី​ Cecilia Malmstrom រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ សុក្រ ​ថា៖​ ​

«គោលនយោបាយ​ពាណិជ្ជ​កម្ម​របស់​យើង​គឺ​ផ្តោត​លើ​គុណ​តម្លៃ​គឺ​មិន​មែន​គ្រាន់តែ​ជា​ពាក្យ​ពេចន៍​ធម្មតា​ទេ។ យើង​ត្រូវ​តែ​ចាត់​វិធានការ​នៅ​ពេល​ណា​ដែល​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ‍»។

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែង​ថា​ ក្រុម​សហជីព​តែងតែ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ឲ្យ​ជួប​ចរចា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប ​ដើម្បី​រក្សា​ឲ្យ​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ លើ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប។​

លោក​បាន​ថ្លែង​ថា៖​

«យើង​លើកទឹកចិត្ត​ហើយ​លើកទឹកចិត្ត​ទៀត​ឲ្យ​រដ្ឋាភិបាល​ទៅ​ជជែក​គ្នា​ជាមួយ​សហគមន៍​អឺរ៉ុប​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ បញ្ចៀស​ការ​ផ្តាច់​ EBA ​ហ្នឹង​ បើ​ទោះ​បី​ជា​តាម​រូបភាព​ណា​ក៏ដោយ​ ហើយ​រយ:ពេល​ប្រាំ​មួយ​ខែ​គឺ​ជា​រយ:ពេល​សមរម្យ​ដែល​រដ្ឋាភិបាល​មាន​ពេល​គ្រប់គ្រាន់»។

កាល​ពី​ថ្ងៃអាទិត្យ ស្ថាន​បេសកកម្ម​ការ​ទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​បន្ថែម​ពី​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​បណ្តោះ​អាសន្ន​ដែល​នឹង​ធ្វើឡើង​ជា​ពីរ​ដំណាក់កាល។

បើ​តាម​នីតិវិធី​គឺ​ក្រោយ​ពេល​ដែល​គណៈកម្មការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​ចិត្ត​នោះ​ ដំណើរការ​នៃ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​នឹង​ចាប់​ផ្តើម​ដោយ​មាន​ការ​តាម​ដាន​រយៈ​ពេល​៦ខែ​ដំបូង​សិន។ នៅ​ក្នុង​អំឡុង​ពេល​នេះ ​គណៈកម្មការ​ដដែល​នឹង​ទុក​ពេល​ឱ្យ​ប្រទេស​កម្ពុជា​សហការ​និង​ប្រមូល​រាល់​ព័ត៌មាន​ចាំបាច់។ បន្ទាប់​ពី​នេះ ​គឺ​នឹង​មាន​រយៈ​ពេល​៦ខែ​ទៀត​ដើម្បី​សរសេរ​របាយការណ៍​ស្តី​ពី​ការ​រក​ឃើញ​នានា​ដើម្បី​បញ្ចប់​ដំណើរការ​ ដែល​គណៈកម្មការ​នឹង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ជាថ្មី​ថា​ត្រូវ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ឬ​យ៉ាងណា។

ស្ថាន​បេសកកម្ម​ការទូត​នៃ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់​ខ្លួន​ថា​ ការ​ចាប់​ផ្តើម​នៃ​ការ​រៀបចំ​ដំណើរការ​ដក​ហូត​នេះ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​នៃ​ការវិវត្តន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​នានា​(របស់​អង្គការ​សហប្រជាជាតិ)‍។

យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​បន្ថែម​ពី​ការ​បើក​ច្រក​ចរចា​ឱ្យ​ភាគី​កម្ពុជា៖​

«សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា​យើង​នឹង​រក្សា​ច្រក​ចរចា​ជាមួយ​កម្ពុជា​នៅ​បើក​ចំហ​ហើយ​បើ​សិន​ជា​កម្ពុជា​ចាត់​វិធានការ​រហ័ស​ដើម្បី​កែប្រែ​ស្ថានការណ៍​ដែល​បាន​បណ្តាល​ឱ្យ​មាន​ដំណើរ​ការ​នៃ​ការ​ដក​ឋានៈ​នេះ​ គឺ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើង​វិញ​ពី​ស្ថានការណ៍​នេះ»។​

VOA​ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ឆ្លើយ​សំណួរ​របស់​ ​VOA​ ​ពាក់ព័ន្ធ​នឹង​ការ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នៅ​លើ​គណនី​ហ្វេសប៊ុក​ របស់​លោក​ថា​ ការ​ប្រជុំ​ជាច្រើន​នឹង​ត្រូវ​ធ្វើ​ឡើងក្នុង​នាម​ជា​ដៃ​គូ​សន្ទនា។ លោក​ថា លទ្ធផល​ដែល​បាន​រំពឹងទុក​នោះ​នឹង​បាន​ជា​ប្រ​យោជន៍​ដល់​ភាគី​ទាំងពីរ។​

ក្នុង​ការ​អធិប្បាយ​មួយ​លើ​ការ​ផ្តល់​យោបល់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយ​រូប​គឺ​លោក ហ៊ុយ វណ្ណ:​ អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA ​នេះ លោក​ ​ផៃ ស៊ីផាន​ ​បាន​សរសេរ តាម​ន័យ​ដើម​ថា៖​

«កម្ពុជា​មិនមែន​ខ្ញុំ​គេ​ទេ​ យើង​មិន​យក​អ្នកណា​ជា​គ្រូ​បង្គាប់​ក្នុង​កិច្ច​ថែរក្សា​និង​ការពារ ​ផល​ប្រយោជន៍​ខ្មែរ​នោះ​ទេ។​ ​ខ្មែរ​មាន​សមត្ថភាព។​ ​EBA​ ​ជា​ប្រយោជន៍​ ពាណិជ្ជកម្ម​រួម ​មិនមែន​ជា​កិច្ច​អាណានិគម​នោះ​ឡើយ»។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ផល​ប៉ះពាល់​ដែល​អាច​បង្ក​ឡើង​ដោយ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នឹង​មាន​វិសាលភាព​ទៅ​លើ​សេដ្ឋ​កិច្ច​ថ្នាក់​ជាតិ​និង​មូលដ្ឋាន​ ​ហើយ​ថា​ ​រដ្ឋាភិបាល​គួរ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​អំពី​ផលប៉ះពាល់​ទាំង​នោះ​ ដោយ​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។​

លោក​មាន​ថា៖​

«រដ្ឋាភិបាល​គួរតែ​ពិចារណា​រឿង​ហ្នឹង​ ហើយ​ធ្វើការ​ជួប​ដើម្បី​ចរចា​ជាមួយ​សហគមន៍​អឺរ៉ុប»។​

លោក​បាន​ចោទ​សួរ​ពី​លទ្ធភាព​របស់​ចិន​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ថា៖

«តើ​សមមិត្ត​ចិន​ឬ​ក៏​មហាមិត្ត​ចិន​ហ្នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​បែប​ម៉េច​បាន​ប៉ុណ្ណា?»

ទោះ​បី​មាន​ការ​អំពាវនាវ​ពី​ខាង​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​ឲ្យ​មាន​ការ​ជជែក​គ្នា​ជា​មួយ​ភាគី​សហភាព​អឺរ៉ុប​ក្តី លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ជប៉ុន​ថា​ ​កម្ពុជា​ត្រូវតែ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ទោះបី​មាន​វិធាន​ការ​បែប​ណា​ក៏ដោយ។​ ​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន ​Reuters។ ការ​ថ្លែង​របស់​លោក​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​កម្ពុជា​នៅ​ប្រទេស ​ជប៉ុន​កាល​ពី​ថ្ងៃអាទិត្យ។

លោក ហ៊ុន​ សែន ​បាន​បន្ថែម​ថា៖

«ខ្ញុំ​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ កុំ​ដោះដូរ​អធិបតេយ្យ​ជាតិ​ជាមួយ​ជំនួយ​ កុំ​ដោះដូរ​សន្តិភាព​របស់​ប្រទេស​ជាមួយ​ជំនួយ»៕

XS
SM
MD
LG