ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ព្យាយាម​ភ្ជាប់​លោក​ ​សម រង្ស៊ី​ ទៅ​នឹង​អំពើ​ក្បត់​ជាតិ


រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់សមាជិក​បក្សនៅសណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់សមាជិក​បក្សនៅសណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

ក្រោយ​វីដេអូ​ឃ្លីប​ដែល​លោក​ ​សម រង្ស៊ី​ ​បាន​អំពាវ​នាវ​ឲ្យ​កង​កម្លាំង​បែរ​ចុង​កាណុង​​ផ្តួល​រំលំ​របប​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​​ជា​ច្រើន​បាន​ចេញ​មក​អះអាង​ពី​ការ​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ប្រឈម​ការ​ចោទ​ពី​បទ​ក្បត់​ជាតិ​ ​ដូច​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំឃាំង​ដែរ​បន្ទាប់ពី​វីដេអូ​ឃ្លីប​មួយ​ផ្សាយ​ពី​សម្តី​របស់​លោក​ ​សម រង្ស៊ី​ ​ថ្លែងពី​គោល​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​កាល​ពី​៦ឆ្នាំ​មុន។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ។​

តាម​វីដេអូ​ឃ្លីប​ខ្លី​ដែល​បង្ហោះ​ដោយ​សារព័ត៌មាន​រណប​នឹង​រដ្ឋាភិបាល​មួយ​កាលពី​ថ្ងៃ​ពុធ​ ​បាន​ផ្សាយ​ថា លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី​៤ ​ខែមិថុនា ឆ្នាំ​២០១១​ ​បាន​ថ្លែង​នៅ​សហរដ្ឋ​អាមេរិក​ ​អំពី​ផែនការ​រៀបចំ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ពេល​ដែល​លោក ​សម រង្ស៊ី​ ​នៅ​ជា​ប្រធាន​គណបក្ស​ ​សម រង្ស៊ី។​

ក្នុង​វីដេអូ​រយៈពេល​១នាទី​ ​៣៥វិនាទី​នោះ​ ​លោក​ ​សម រង្ស៊ី​ ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​រួមគ្នា​ផ្តួល​រំលំ​រដ្ឋាភិបាលរបស់​លោក​ ​ហ៊ុន សែន​ ​យ៉ាង​ដូច្នេះ៖​

«កង​កម្លាំង​ប្រដាប់​អាវុធ​ភាគ​ច្រើន​គឺ​ចេញ​មក​ពី​ប្រជារាស្រ្ត​ខ្មែរ​ ​ក្រ​ ​ប្រាក់ខែ​តិច​ ​រស់​អត់​បាន​ទេ​បង​ប្អូន។​ ​មានតែកាំភ្លើង​ទៅ​ការពារ​រដ្ឋអំណាច​អញ្ចឹង​បាន​ការ​អី?​ ​មាន​តែ​បែរ​ចុង​កាណុង​ដើម្បី​ផ្តួល​រំលំ​របប​ផ្តាច់ការ​ហ្នឹង​ទៅ។​ ​នេះ​ជា​សេចក្តី​អំពាវនាវ​របស់​គណបក្ស​សម រង្ស៊ី​ ​រូបខ្ញុំ​ ​សម រង្ស៊ី​ ​សុំ​អំពាវនាវ​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​ ​មាន​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ ​រួបរួម​គ្នា​ទម្លាក់​ ​ហ៊ុន សែន​ ​ចេញ​ពី​តំណែង»។​

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​ថ្លែង​របស់​លោក​ ​សម រង្ស៊ី​ ​បាន​បង្ហាញ​ពី​ផែនការ​បដិវត្តន៍​ពណ៌ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​ ​លោក​បន្ថែម​ថា​ ​តាម​រយៈការ​ថ្លែងនេះ​ ​លោក​ ​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ ​ដូច​ទៅ​នឹង​លោក​ ​កឹម សុខា​ ​ដែរ។​

អ្នក​នាំពាក្យ​រូប​នេះ​ ​មាន​ប្រសាសន៍​ថា៖​

«យើង​ស្តាប់​ប្រសាសន៍​សម្តេច​តេជោ​ ​លោកថា​ ​នឹង​ប្រឡាយ​ខ្សែឲ្យ​វែង​ដើម្បី​ចាប់​ត្រី​ធំ។ បាន​សេចក្តី​ថា​ ​លោក​ ​សម រង្ស៊ី​ ​នឹង​ត្រូវ​មានទោស​ដូច​លោក​ កឹម សុខា ដែរ​ក្នុង​ន័យ​ហ្នឹង។ ជា​ប្រព័ន្ធ​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​បដិវត្តន៍​ពណ៌​តាម​ការ​បានរៀន​សូត្រ​និង​បញ្ជា​ពី​បរទេស»។

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បន្ថែម​ថា​ ​ដោយ​សារ​លោក​ ​សម រង្ស៊ី​ ​មាន​សញ្ជាតិ​ខ្មែរ​ ​និង​បារាំង ដូច្នេះ​លោក​ថា​ ​ក្រសួង​នឹង​ប្តឹង​ទៅ​តុលាការ​កម្ពុជា​ និង​តុលាការ​បារាំង​ដើម្បី​ចាត់​វិធានការ​លើ​ការ​ថ្លែង​របស់​លោក​ ​សម រង្ស៊ី។​

VOA ​បាន​ព្យាយាម​ទាក់ទង​លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​រស់នៅ​ឯប្រទេស​បារាំង​ជាច្រើន​ដង​ តែ​ទូស័ព្ទ​របស់​លោក​ត្រូវ​បាន​ចុចបិទ។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ហៅ​ការ​ថ្លែង​របស់​លោក​ ​សម រង្ស៊ី​ ​តាមរយៈ​វីដេអូ​នេះ​ថា​ ​ជា​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​វីដេអូ​របស់​ ​លោក​ ​កឹម សុខា​ ​ដែល​កំពុង​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ​ ​ព្រោះ​តែ​បង្ហាញ​គម្រោង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ ​ដោយ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ​ដោយ​ចោទលោក​ពី​បទ​ ​«ក្បត់ជាតិ»។​ ​អាជ្ញាធរ​ចោទ​លោក​ថា​ ​បាន​រៀបចំ​ផែន​ការ​សម្ងាត់​ ​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​ ​តុលាការ​បាន​បញ្ជូន​លោក​ ​កឹម សុខា​ ​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​

ក្រោយ​វីដេអូ​ឃ្លីប​ដែល​លោក​ ​សម រង្ស៊ី​ ​បាន​អំពាវ​នាវ​ឲ្យ​កង​កម្លាំង​បែរ​ចុង​កាណុងផ្តួល​រំលំ​របប​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធជា​ច្រើន​បាន​ចេញ​មក​អះអាង​ពី​ការ​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

តាមរយៈ​អង្គភាព​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លីប​ពី​លោក​ ​សម រង្ស៊ី ដដែល​ ​បាន​ដកស្រង់​សម្តី​របស់​មេ​បញ្ជាការកង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ ​ទាំង​ជើង​ទឹក​ ​និង​ជើង​គោក​ថា​ ​ពួកគេ​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​និង​ត្រៀម​កម្ចាត់​អ្នក​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល។​

លោក​ ​សូរ ចន្ថា​ ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ ​លើក​ឡើង​ថា ការ​ដែល​រដ្ឋាភិបាល​ទើប​តែ​ប្រកាស​ចាត់​វិធានការ​លើ​ការ​ថ្លែង​របស់​លោក​ ​សម រង្ស៊ី​ ​ដែល​និយាយ​តាំង​ពីឆ្នាំ​២០១១​ ​គឺ​បង្ហាញ​ពី​មូលហេតុ​នយោបាយ​ ជាជាង​មូលហេតុ​ផ្លូវ​ច្បាប់។​ ​លោក​បន្ថែម​ថា​ ​គណបក្ស​កាន់​អំណាច​កំពុង​រិតត្បិត​សិទ្ធិ​សេរី​ភាព​មេដឹកនាំ​បក្ស​ប្រឆាំង​បន្ថែម​ទៀត​ ​ដោយ​សារ​បារម្ភ​ពី​សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​នេះ។​

លោកសូរ ចន្ថា​ ​មាន​ប្រសាសន៍​ថា៖​

«ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្ទង់​មតិ​នៅ​កម្ពុជា​ដែល​បាន​បែក​ធ្លាយ​ ​យើង​ឃើញ​ប្រជាប្រិយ​ភាព​របស់​បក្ស​ប្រឆាំង​ហ្នឹង​កើន​ខ្ពស់ ជាពិសេស​គឺ​ប្រជាប្រិយភាព​របស់​លោក​ សម រង្ស៊ី និង​លោក កឹម សុខា នោះ​ឯង​ ​ដែល​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច​មាន​ការព្រួយ​បារម្ភ​ចំពោះ​បក្ស​ប្រឆាំង។ ដូច្នេះ​ហើយ​ការព្យាយាម​រិតត្បិត​សេរីភាព​ ​ឬក៏​ដាក់​សម្ពាធបន្ថែម​នេះ គឺជា​ការ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ ឬ​ក៏​ស្លាប់​តែ​ម្តង»។

លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​ជ្រើស​យក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ជជែក​ចរចារ​ ​ដើម្បី​កសាង​អនាគត​កម្ពុជា មិន​គួរ​ស្វែង​រក​តែ​អតីតកាល​ដើម្បី​ចាប់​កំហុស​បក្ស​ប្រឆាំង​នោះ​ទេ។​ ​លោកថា​ ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​សម្ពាធ​លើ​បក្ស​ប្រឆាំង​បែប​នេះ នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​រិះគន់​កាន់​តែ​ខ្លាំង។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៧​នេះ​ ​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​ញឹកញាប់​ ​ជាពិសេស​ច្បាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។​ ​ក្រោយការ​ធ្វើ​វិសោធនកម្ម​ទាំង​នោះ​ ​គេ​ឃើញ​រចនា​សម្ព័ន្ធ​នៃ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង​ ​មាន​ការ​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់។​

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​កំពុង​រងការ​ចោទ​ប្រកាន់​ ​និង​កាត់​ទោស​ជា​ច្រើន​ករណី​ពី​បណ្តឹង​របស់​លោក​ ​ហ៊ុន សែន ​បាន​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​នេះ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧​ ​បន្ទាប់​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​ធ្វើ​វិសោធកម្ម​ច្បាប់​កំណត់​ថា គណបក្ស​នយោបាយ​នឹង​ត្រូវ​រំលាយ​ ប្រសិន​បើ​មេដឹកនាំ​គណបក្ស​នោះ​មាន​ទោស៕

XS
SM
MD
LG