ខណៈពេលគណបក្សកាន់អំណាចនៅកម្ពុជាត្រៀមរំលាយគណបក្សប្រឆាំង និងអនុម័តច្បាប់ ដែលនឹងផ្ដល់កៅអីសភារបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សដទៃទៀត បណ្ដាប្រទេសដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីរៀបចំឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមានប្រតិកម្មអ្វីច្រើនទេ ក្រៅពីចេញសេចក្ដីថ្លែងការណ៍មួយចំនួន ដែលបង្ហាញពីការព្រួយបារម្ភ។
តំណាងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតលក្ខណៈប្រកួតប្រជែង និងបានជំរុញឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំងគឺលោកកឹម សុខា ដែលត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារពីបទចោទប្រកាន់ពីអំពើក្បត់ជាតិ។ ក៏ប៉ុន្តែតំណាងទាំងនោះបានបដិសេធមិនពិភាក្សាពីប្រតិកម្មឆ្លើយតបជាក់ច្បាស់ណាមួយ ដែលក្រុមអ្នករិះគន់បានស្នើឡើង ដូចជា ការដកជំនួយ ឬការដាក់ទណ្ឌកម្មជាក់លាក់ណាមួយ។
ប្រទេសជប៉ុន ដែលជាប្រទេសផ្ដល់ជំនួយមកកាន់កម្ពុជា ធំជាងគេបង្អស់ទីពីរបន្ទាប់ពីប្រទេសចិន មិនបានឆ្លើយតបនឹងសំណួររបស់ VOA ទេ។
ស្របពេលដូចគ្នានេះដែរ កាលពីដើមខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលបាននាំបេសកកម្មប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសប្រជាធិបតេយ្យនៅដើមទសវត្សរ៍១៩៩០ ថាជាសន្ធិសញ្ញា «ឥតបានការ»។ សន្ធិសញ្ញានេះបានចាត់ទុកការបោះឆ្នោតបែបពហុបក្សជា សសរទ្រូងសំខាន់មួយនៅក្នុងដំណើរការប្រែក្លាយប្រព័ន្ធដឹកនាំនៅក្នុងប្រទេសទៅជាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យមួយ។
កាលពីដើមសប្ដាហ៍នេះ សេចក្ដីស្នើវិសោធនកម្មមួយចំនួន ត្រូវបានអនុម័តដោយរដ្ឋសភា ដែលមានតែសមាជិកមកពីគណបក្សកាន់អំណាច ដែលការណ៍នេះ នឹងអនុញ្ញាតឲ្យមានការបែងចែកកៅអីរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សដទៃទៀត ដែលមិនបានឈ្នះសូម្បីតែមួយកៅអី នៅក្នុងការបោះឆ្នោតកន្លងទៅ នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល តាមរយៈអ្វីដែលក្រុមអ្នករិះគន់ហៅថា ជាការធ្វើវិសោធនកម្មច្បាប់ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុង តាមមធ្យោបាយសភាជាតិកាលពីឆ្នាំមុន។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នឹងទទួលបានកៅអីភាគច្រើនរបស់គណបក្សសង្គ្រោះជាតិ ស្របពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននាពេលថ្មីៗនេះ បានលើកឡើងថាកម្ពុជា គឺជា «ឋានសួគ៌លោកិយនៃគណបក្សនយោបាយ»។
លោក Carl Thayer សាស្ត្រាចារ្យផ្នែកនយោបាយនៅបណ្ឌិត្យសភាយោធាអូស្ត្រាលីបានផ្ដល់ការពណ៌នាមួយផ្សេងទៀត ដែលលោកបានហៅថា «លទ្ធិប្រជាធិបតេយ្យមិនសេរីនិយម»។ លោកបានប្រាប់ VOA ថា៖
«គណបក្សហ៊្វុនស៊ិនប៉ិច ឬគណបក្សដទៃទៀត នឹងត្រូវអនុញ្ញាតឲ្យស្ថិតនៅមានវត្តមាន និងចូលរួមនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ហើយលោកហ៊ុន សែននឹងឈ្នះ។ បន្ទាប់មកគាត់នឹងច្បាមយកគណបក្សហ៊្វុនស៊ិនប៉ិច ដូចដែលគាត់ធ្លាប់បានធ្វើកាលពីមុនមក ក្នុងទម្រង់ជារដ្ឋាភិបាលចម្រុះ ដើម្បីបង្ហាញថា នេះជាលទ្ធិប្រជាធិបតេយ្យពហុបក្ស»។
អតីតនាយករដ្ឋមន្ត្រីទីមួយគឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលត្រូវបានកាត់ទោសកាលពីឆ្នាំ ២០០៧ ពីបទរំលោភសេចក្ដីទុកចិត្ត បន្ទាប់ពីការលក់ទីស្នាក់ការគណបក្ស និងបានរងការចោទប្រកាន់ពីមុនមកពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមួយចំនួន ពេលនេះកំពុងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។
កាលពីដើមសប្តាហ៍មុន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោកញែប ប៊ុនជិន បានប្រាប់ទៅកាសែត The Phnom Penh Post ថា គណបក្សរបស់លោក បានដាក់ពាក្យបណ្ដឹង ដើម្បីសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ ដោយសារតែ លោកបាននិយាយថា គណបក្សសង្គ្រោះជាតិ បានដណ្ដើមយកអ្នកគាំទ្រទាំងអស់ពីគណបក្សរបស់លោក។
ប្រទេសផ្ដល់ជំនួយ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រឈមនឹងស្ថានការណ៍ដ៍លំបាកអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្នុងការថ្លឹងថ្លែងថាតើ ទំហំនៃការវាយប្រហារទៅលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គួរតែត្រូវមានការទ្រាំទ្រដល់កម្រិតណា ដើម្បីរក្សាលក្ខខណ្ឌមូលដ្ឋានសម្រាប់ផលចំណេញផ្នែកសង្គមនយោបាយនៅក្នុងរយៈពេលវែង។
ឥឡូវនេះ នៅពេលដែលគណបក្សសង្គ្រោះជាតិ កំពុងតែប្រឈមមុខនឹងការលំបាក ហើយសំណួរដែលបណ្ដាប្រទេសម្ចាស់ជំនួយត្រូវប្រឈមមុខនោះគឺថា តើមានអ្វីដែលនៅសេសសល់ដើម្បីស្រោចស្រង់ឡើងវិញ ក្នុងការដោះដូរជាមួយនឹងភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា។
លោក Thayer បាននិយាយថា លោកបានគិតថា មហាអំណាចបស្ចិមប្រទេសប្រហែលសំខាន់ៗ នៅតែស្រុះស្រួលទៅនឹងស្ថានភាពនយោបាយ ដែល «នឹងក្លាយទៅជារឿងគួរឲ្យអស់សំណើច» ពីព្រោះការប្រើប្រាស់ «ឧគ្ឃោសនសព្ទការទូត» ធ្លាប់ត្រូវបានគេឃើញថា មិនមានប្រសិទ្ធភាព និងមានលក្ខណៈប្រថុយប្រថាន។
លោកបានមានប្រសាសន៍ថា៖
«ឆាកនយោបាយមិនល្អ ហើយស្ថានភាពនៅកម្ពុជាកំពុងតែដុនដាប ហើយនេះមិនមែនជាអ្វីថ្មីមួយ ដែលធម្មតានោះទេ។ វាអាក្រក់ជាងអ្វីថ្មីមួយនោះទៅទៀត តែវាបានកើតឡើងអស់រយៈពេលជាយូរមកហើយ។ នោះគឺការប្រឈមនឹងការកាត់ផ្ដាច់កម្មវិធីផ្សេងៗ ដែលកំពុងមានប្រសិទ្ធភាព ហើយសំណួរគឺថា តើអ្នកចង់ប្រថុយប្រថាននឹងការបាត់បង់កម្មវិធីទាំងនោះឬទេ ក្នុងការបង្ហាញគោលជំហរនយោបាយមួយ»។
នៅក្នុងសារអេឡិចត្រូនិកជាបន្តបន្ទាប់ សហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថា លទ្ធភាពចូលទៅកាន់ទៅផ្សាររបស់ខ្លួន បានចូលរួមចំណែកនៅក្នុងការធ្វើឲ្យធ្លាក់ចុះនូវអត្រាភាពទីទ័លក្រនៅកម្ពុជាចំនួនជិត ៣៥ភាគរយនៅក្នុងរយៈពេលប្រាំមួយឆ្នាំមកនេះ។
មន្ត្រីគណៈកម្មការសហភាពអឺរ៉ុប បាននិយាយថា ពួកគេនឹងពង្រឹងកិច្ចពិភាក្សាជាមួយនឹងបណ្ដាប្រទេសដូចជា ប្រទេសកម្ពុជា ដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធជាទូទៅ (GSP) ដែលសហភាពអឺរ៉ុបអាចមានឥទ្ធិពលខ្លាំងទៅលើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស» ហើយ «បន្តត្រៀមលក្ខណៈផ្អាកប្រព័ន្ធពន្ធនេះ នៅពេលដែលមានករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាគឺលោក William Heidt ក៏បានសង្កត់ធ្ងន់ពីផលវិជ្ជមាននៃការចូលរួមចំណែកក្នុងគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់សន្តិសុខស្បៀងអាហារ និងលុបបំបាត់ជំងឺអេដស៍ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ដែលគ្រោងនឹងផ្ដល់ប្រាក់ជំនួយ ៦៨,៣ លានដុល្លារដល់កម្ពុជានៅឆ្នាំនេះ បានចង្អុលបង្ហាញពីកម្មវិធី «ភាពខុសប្លែកដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ជីវិតប្រជាពលរដ្ឋកម្ពុជា» ដែលជាកម្មវិធី ផ្ដោតទៅលើការកាត់បន្ថយភាពទីទ័លក្រ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងកសិកម្ម ដែលបានសម្រេចឡើង។ អ្នកនាំពាក្យរូបនេះ បានសរសេរនៅក្នុងសារអេឡិចត្រូនិកមួយថា៖
«យើងកំពុងតែព្រួយបារម្ភជាពិសេសអំពីការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងរបាយការណ៍ដែលថា គណបក្សប្រឆាំងនេះ ប្រហែលអាចនឹងត្រូវរំលាយចោល»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា