រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំមួយថ្មីបង្ហាញបែបបទ និងនីតិវិធីលម្អិតដើម្បីលើកទឹកចិត្តឱ្យអ្នកនយោបាយគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការហាមឃាត់សុំសិទ្ធិធ្វើនយោបាយវិញ។ ប៉ុន្តែថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះបានបដិសេធចោល ហើយនៅតែរក្សាជំហរមិនព្រមធ្វើតាមការចង់បានរបស់គណបក្សកាន់អំណាច។
លោកសក់ សេដ្ឋា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានបញ្ជាក់នៅក្នុងសេចក្តីណែនាំកាលពីថ្ងៃព្រហស្បតិ៍ ដែលបានចែកផ្សាយជាសាធារណៈថា អ្នកដែលត្រូវតុលាការហាមឃាត់ត្រូវដាក់ពាក្យស្នើសុំនីតិសម្បទាឡើងវិញរៀងៗខ្លួនទៅក្រសួងមហាផ្ទៃ ដោយមានបញ្ជាក់អត្តសញ្ញាណ និងភ្ជាប់សេចក្តីសម្រេចហាមឃាត់របស់តុលាការ។ បន្ទាប់ពីនោះគឺក្រសួងមហាផ្ទៃនឹងធ្វើសំណើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីថ្វាយព្រះមហាក្សត្រលើកលែងបម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយ។
លោកសក់ សេដ្ឋា បានបន្ថែមថា៖
«សាម៉ីខ្លួននឹងអាចធ្វើសកម្មភាពនយោបាយឡើងវិញបានស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីមានព្រះរាជក្រឹត្យស្តីពីការផ្តល់នីតិសម្បទាឡើងវិញ»។
ការណែនាំនេះធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឱ្យអតីតមន្ត្រី គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់បានធ្វើសកម្មភាពនយោបាយឡើងវិញក្រោយពីតុលាការកំពូលបានរំលាយអតីតគណបក្សប្រឆាំងនេះកាលពីចុងឆ្នាំ២០១៧ ហើយហាមឃាត់ពួកគេមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនៅតែមិនទទួលស្គាល់សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃទេ ដោយចាត់ទុកថាការទទួលស្គាល់គឺជាការយល់ព្រមទទួលថាការរំលាយគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយស្របច្បាប់។
លោកស្រីបានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទថា៖
«ដូច្នេះបើយើងមិនទទួលស្គាល់ច្បាប់ដែលរំលាយយើងហេតុអ្វីយើងត្រូវទទួលស្គាល់នីតិវិធីនេះ? បើយើងទទួលស្គាល់មានន័យថា យើងនឹងរំលាយអ្វីដែលជាបំណងនិងក្តីសង្ឃឹមនៃប្រជាពលរដ្ឋជាងពាក់កណ្តាលនគរ»។
រហូតមកដល់ពេលនេះ មានតែលោកគង់ គាំ អតីតទីប្រឹក្សាគណបក្ស និងកូនប្រុសគឺលោកគង់ បូរ៉ា អតីតអ្នកតំណាងរាស្រ្ត បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីបានដាក់ពាក្យស្នើសុំជាផ្លូវការ។
អាជ្ញាធរកម្ពុជាបានធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិក្រោយពីគណបក្សនេះទទួលបានការគាំទ្រកើនឡើងខ្លាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងបន្តកើនឡើងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយមានអ្នកគាំទ្រជាង៤០ភាគរយ។
លោកស្រីមូរ សុខហួរ ដែលពេលនេះកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសបានបញ្ជាក់ថា លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនមែនជាមនុស្សឯករាជ្យទេ។ លោកគឺជាមន្ត្រីដែលមកពីគណបក្សប្រជាជនកម្ពុជាដែលជាគូប្រកួតប្រជែងមួយរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះការទៅសុំនីតិសម្បទាពីលោក គឺអាស្រ័យលើការសម្រេចរបស់លោកដែលនឹងផ្តល់ជូនអ្នកណាដែលមិនមានគ្រោះថ្នាក់នៅក្នុងការប្រកួតប្រជែងក្នុងពេលខាងមុខ។
លោកស្រីបន្ថែមថា៖
«លោកស ខេង ហើយអ្នកដទៃទៀត ពួកគាត់ជាអ្នកដែលប្រកួតប្រជែងជាមួយយើងខ្ញុំ ដូច្នេះគាត់នឹងជ្រើសរើសអ្នកណាដែលគាត់អាចប្រកួតប្រជែងបាន។ អ្នកណាគាត់មិនអាចប្រកួតប្រជែងបាន គឺស្រេចតែគាត់រើសតើ។ ដូច្នេះយើងទៅទុកឱ្យគេរំលាយគណបក្សហើយ យើងទៅសុំឱ្យគេ អង្វរគេផ្លូវការដើម្បីសុំយកសិទ្ធិមកវិញ ឃើញថានេះគឺជាការមិនត្រឹមត្រូវទាល់តែសោះ ហើយនឹងយើងមិនគួរដាក់ខ្លួនយើងធ្លាក់ទៅដល់កម្រិតសុំគូប្រកួតយើងចូលក្នុងទីលាននយោបាយវិញទេ»។
បច្ចុប្បន្ន លោកកឹម សុខា ប្រធានគណបក្សកំពុងជាប់ឃុំនៅក្នុងលំនៅដ្ឋានក្នុងរាជធានីភ្នំពេញក្រោមបទចោទប្រកាន់ថា បានឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយសហគមន៍អន្តរជាតិបានទាមទារឱ្យដោះលែងលោកដោយគ្មានលក្ខខណ្ឌ៕