គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិបានធ្វើការជួបប្រជុំគ្នាជាលើកទីមួយនៅក្រៅប្រទេសកាលពីថ្ងៃអាទិត្យដោយសម្រេចគាំទ្រការវិលត្រឡប់មកដឹកនាំរបស់លោក សម រង្ស៊ី បណ្តោះអាសន្ននិងរៀបចំផែនការដើម្បីឱ្យលោកបានវិលត្រឡប់ចូលទៅប្រទេសកម្ពុជាវិញ។
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិដែលមានអតីតភាពមកពីខាងលោក កឹម សុខា បានបញ្ជាក់នៅក្រោយកិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍បានគាំទ្រឱ្យដល់កិច្ចប្រជុំកំពូលនៅ ទីក្រុងអាត្លង់តា រដ្ឋចរចាកាលពីដើមខែធ្នូដែលអញ្ជើញលោកសម រង្ស៊ីមកចូលដឹកនាំគណបក្សក្នុងគ្រាអវត្តមានលោកកឹម សុខា។
លោកបានបន្ថែមថា៖
«ថ្ងៃនេះមានការចូលរួមមិនមែនតែការប្រជុំអចិន្ត្រៃយ៍ក្រោមអធិបតីឯកឧត្តមប្រធានសម រង្ស៊ី ទេគឺមានការចូលរួមផ្តល់មតិយោបល់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមកពី បណ្តាប្រទេសផ្សេងៗពីរដ្ឋផ្សេងៗនៃ សហរដ្ឋអាមេរិកផងដែរ»។
កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ដែលបានធ្វើឡើងនៅទីក្រុងឡូវែល រដ្ឋ ម៉ាស្សាឈូសិត សហរដ្ឋអាមេរិក នេះ ក៏បានសម្រេចរៀបចំផែនការដើម្បី ឱ្យលោក សម រង្ស៊ី វិលចូលមាតុភូមិកម្ពុជាវិញផងដែរដោយក្នុងនោះមានការបង្កើតក្រុមការងាររៀបចំកម្លាំងទទួល និង ពង្រីកសកម្មភាពការទូតជាដើម។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សបានបន្ថែមថា៖
«សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ចំណុចទី៣គឺយើងបានសម្រេចថារៀបចំ ដំណើរវិលត្រឡប់ចូលមាតុភូមិវិញរបស់លោកប្រធានសមរង្ស៊ី ក្នុងនោះគឺ យើងបានឯកភាពគ្នាថាយើងទាំងអស់គ្នាគឺនឹងត្រូវធ្វើកិច្ចការចំនួន៥ជាមួយគ្នាទាំងបងប្អូននៅក្រៅប្រទេសទាំងបងប្អូននៅក្នុងស្រុកគឺទីមួយយើងរៀបចំក្រុមការងារដើម្បី រៀបចំកម្លាំងទទួលដំណើរវិលត្រឡប់ទៅកម្ពុជាវិញរបស់លោកប្រធានសមរង្ស៊ី គឺយើងរៀបចំកម្លាំងជាក់ស្តែង»។
ការប្រជុំនេះកើតឡើងតែរយៈពេលប៉ុន្មានថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានសហគមន៍អឺរ៉ុបមិនឱ្យកាត់ផ្តាច់កម្មវិធីអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែសព្វាវុធ» (EBA) ដោយចាត់ទុកថាអាចនឹងធ្វើឱ្យគណបក្សប្រឆាំងស្លាប់បាត់បង់ហើយស្នើឱ្យសហគមន៍អឺរ៉ុបចរចាគ្នា។
ប៉ុន្តែលោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានច្រានចោលការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៖
«គណៈកម្មាធិការអចិន្ត្រៃយ៍បដិសេធនូវអ្វីដែលលោកហ៊ុនសែនយកគណបក្សសង្គ្រោះជាតិជាចំណាប់នយោបាយជាមួយនឹងសហគមន៍អឺរ៉ុប។ គណបក្សសង្គ្រោះជាតិគាំទ្រវិធានការរបស់សហគមន៍អឺរ៉ុប ក្នុងការជំរុញ ក្នុងការស្តារឱ្យប្រជាធិបតេយ្យនៅកម្ពុជាដំណើរការឡើងវិញ»។
គណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ ដោយសារចោទប្រកាន់ប្រធានគណបក្សគឺលោកកឹម សុខាថាបានឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមប្រជុំបានបញ្ជាក់ថា៖
«លោកហ៊ុន សែនហ្នឹងឯងគឺជាអ្នកកម្ចេចនិងរំលាយមិនថាគណបក្សសង្គ្រោះជាតិទេគឺកម្ចេចរំលាយលទ្ធិប្រជាធិបតេយ្យទាំងស្រុងនៅប្រទេសកម្ពុជា ហើយការរំលោភសិទ្ធិមនុស្សនៅកម្ពុជាធ្ងន់ធ្ងរទៅៗយើងគណបក្សសង្គ្រោះជាតិការពារសិទ្ធិមនុស្ស ការពារលទ្ធិប្រជាធិបតេយ្យ»។
លោកស្រីបន្ថែមថាបើសិនជាលោកហ៊ុន សែនចង់ជជែកគឺសូមឱ្យលោកហ៊ុន សែនជជែកជាមួយនឹងសហភាពអឺរ៉ុបទៅ។ ការណ៍នេះដោយសារតែសហភាពអឺរ៉ុបកំពុងតែដំណើរការដកហូតឋានៈអនុគ្រោះពន្ធដែលកម្ពុជាកំពុងទទួលបានហើយកាលពីថ្ងៃសុក្រសប្តាហ៍មុនសហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធអង្ករកម្ពុជារយៈពេលបីឆ្នាំ។ ការអនុគ្រោះពន្ធEBA ធ្វើឱ្យកម្ពុជាចំណេញថវិកាជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកអេង ឆៃអ៊ាង ចាត់ទុកថាការណ៍នេះដោយសារតែភាព គឃ្លើនរបស់លោកហ៊ុន សែន ហើយស្នើឱ្យពលរដ្ឋតវ៉ាមុននឹងការដាក់ទណ្ឌកម្មនេះធ្លាក់ដល់វិស័យកាត់ដេរ។
«ចំណុចនេះសូមបងប្អូនកសិករទាំងអស់ដែលរងគ្រោះដោយសារតែរឿងនេះគឺត្រូវតែងើបឡើងហ៊ានតតាំងដើម្បីនិយាយជាមួយនឹងរបបលោកហ៊ុន សែនព្រោះថាបើសិនជាយើងទាំងអស់គ្នានៅស្ងៀមគឺយើងកាន់តែរងគ្រោះធ្ងន់ធ្ងរខ្លាំងថែមទៀត។ ឯបងប្អូនកម្មករ ដែលឥឡូវនេះមិនទាន់ដល់ទេព្រោះដោយសារ EBAគេមិនទាន់ព្យូរជាផ្លូវការអីចឹងកុំឱ្យគេព្យូរទាន់ សូមបងប្អូនកម្មករកម្មការិនីទាំងអស់ត្រូវមានសេចក្តីក្លាហានងើបឡើងដើម្បីតស៊ូដើម្បីទាមទារ ឱ្យរបបលោកហ៊ុន សែនត្រូវតែស្តារលទ្ធិប្រជាធិបតេយ្យត្រូវតែដោះលែងលោកប្រធានកឹម សុខា»។
កាលពីថ្ងៃសៅរ៍មានបាតុករជាច្រើនរយនាក់មកពីសហរដ្ឋអាមេរិក កាណាដានិងបារាំងបានធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភានិងសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនទាមទារឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើមន្ត្រីនិងសកម្មជនគណបក្ស បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ សងមកវិញនូវតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានមកពីការបោះឆ្នោត និងបោះឆ្នោតព្រឹទ្ធសភានិងរដ្ឋសភាឡើងវិញ៕