ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ប្រកាស​​គម្រោង​វិល​ចូល​កម្ពុជា​វិញ​របស់​លោក​ ​សម រង្ស៊ី​


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​ថា​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន លោក​ ​សម រង្ស៊ី​ ​នឹង​មិន​ហ៊ាន​ ​ហើយ​ក៏​មិន​អាច​ចូល​មក​កម្ពុជា​បាន​ឡើយ។​ ​លោក​បន្ថែម​ថា​ រដ្ឋា​ភិបាល​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​មិនខ្វល់​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ ដែល​ផ្តល់​ដោយ​អន្តរ​ជាតិ​ ​ដើម្បី​ធានា​នូវ​អំណាច​របស់​ខ្លួន។​

កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ក្រុម​មន្រ្តីគណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​បាន​រៀបចំ​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​លើក​ដំបូងមួយ​ ដោយ​មិនមាន​ការ​ចូលរួមពី​លោក​ ​កឹម សុខា​ ​ជាប្រធាន​ ​បាន​សម្រេច​រៀបចំ​កម្លាំង​ត្រៀម​កម្លាំង​ទទួល​លោក​ ​សម រង្ស៊ី​ ចូល​មក​កម្ពុជា​វិញ​ ​តែ​មិន​កំណត់​ពី​កាល​បរិច្ឆេទ​ជាក់​លាក់។

ក្រុម​មន្រ្តី​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះជាតិនៅ​ក្រៅ​ប្រទេស​ ​ប្រកាស​ពី​គម្រោង​ត្រៀម​កម្លាំងឲ្យ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្សដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​បរទេស​ ​ត្រឡប់​មក​កម្ពុជា​វិញ​ ​ដើម្បី​ស្រោច​ស្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

​បើតាម​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ថ្ងៃចន្ទ​នេះ​ គេ​ឃើញ​អ្នកស្រី​ ​មូរ សុខហួរ​ ​និង​លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធាន​គណបក្ស​ ​និង​លោក​ ​អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​ថ្លែង​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍មួយ​ដែល​អ្នកទាំង​បី​ហៅ​ថា​ជា​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡូវែល ​សហរដ្ឋ​អាមេរិក ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​ចំនួន​២៤​រូប។​

ក្នុង​វីដេអូនោះ​ ​លោក​ ​អេង ឆៃអ៊ាង​ ​លើក​ឡើង​ថា​កិច្ចប្រជុំ​អចិន្រ្តៃយ៍​នេះ​ គឺ​ជា​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​មក។ លោក​បន្ត​ថា ក្នុង​កិច្ចប្រជុំ​នោះ​គណៈកម្មាធិការ​បាន​សម្រេច​ទទួល​ស្គាល់​លោក​ ​សម រង្ស៊ី​ ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ និង​ត្រៀម​ក្នុងការ​រៀបចំ​ដំណើរ​វិល​ត្រឡប់​របស់​លោក​ ​សម រង្ស៊ី​ ​មក​កាន់​កម្ពុជា​វិញ។

លោក​ ​អេង ឆៃអ៊ាង​ បន្ថែម​ថា​ដើម្បី​រៀបចំ​ដំណើរ​វិល​ត្រឡប់​របស់​លោក​ ​សម រង្ស៊ី​ ​ថ្នាក់​ដឹកនាំ​អតីត​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន​ដាក់​ចេញ​ផែនការ​សកម្មភាពចំនួន​៥ ដូច​ជា​ ​គៀងគរ​ ​និង​រៀបចំ​កម្លាំង​នៅ​ក្នុង​ស្រុក​ ដើម្បី​ចាំ​ទទួល​លោក​ ​សម រង្ស៊ី​ ​ពង្រីក​សកម្មភាព​ការទូត​ ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​បក​អាក្រាត​ពី​ទង្វើ​បំពាន​ច្បាប់​ ​និង​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ ​និង​រៀបចំ​ថវិកា​សម្រាប់​ការវិល​ត្រឡប់​របស់​លោក​ ​សម រង្ស៊ី។​

លោក​ ​អេង ឆៃអ៊ាង​ ​បញ្ជាក់​ក្នុង​វីដេអូ​នោះ​ថា៖​

«សូម​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​ទាំងអស់​ត្រូវ​តែ​មាន​សេចក្តី​ក្លាហាន​ ងើប​ឡើង​ដើម្បី​តស៊ូ​ដើម្បី​ទាម​ទារ​ឲ្យ​របប​លោក​ ហ៊ុន សែន ត្រូវតែ​ស្តារ​ប្រជា​ធិបតេយ្យ ត្រូវ​តែ​ដោះលែង​លោក​ប្រធាន​ ​កឹម សុខា។​ ហ្នឹង​ជា​កិច្ចការ​ដែល​យើង​ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​យើង​ ​ហើយ​ដើម្បី​ឲ្យ​បងប្អូន​ចូលរួមជា​មួយ​យើង​ ​ឲ្យ​មាន​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ប្រជាធិបតេយ្យ​ ​ដើម្បី​រួម​កម្លាំង​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០១៩​នេះ»។​

យ៉ាងណាក្តី ក្នុង​វីដេអូ​ដែល​លើកឡើង​ពី​គម្រោង​នៃ​ការ​ត្រៀម​កម្លាំង​ទទួល​លោក​ ​សម រង្ស៊ី​ ​វិល​មក​កម្ពុជា​វិញនោះ មិនមាន​ការ​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ការវិល​ត្រឡប់នោះ​ទេ។​

ការ​រៀបចំ​កិច្ច​ប្រជុំ​នៅ​សហរដ្ឋ​អាមេរិក ​ដោយ​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​លោក​ ​កឹម សុខា​ ​តាមរយៈ​មេធាវី​របស់​លោក ប្រកាស​ជាច្រើន​ដង​ថា​ ​លោក​មិន​ទទួល​ស្គាល់​កិច្ច​ប្រជុំ ឬការ​សម្រេច​ណាមួយ​ដោយ​មិនមាន​ការ​ចូលរួម​ពី​លោក​នោះ​ទេ។​

VOA​ ​បាន​ព្យាយាម​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ ​សម រង្ស៊ី​ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃចន្ទ​នេះ​ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

ក្នុង​ឆ្នាំ​២០១៦​ ​លោក​ ​សម រង្ស៊ី​ ​បាន​ចាកចេញ​ពី​កម្ពុជា​ ​ដោយ​នីរទេស​ខ្លួន​ទៅ​បរទេស​ ​ក្រោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ចោទ​ប្រកាន់​ពី​បទល្មើស​ផ្សេងៗ​ជា​បន្ត​បន្ទាប់។​

គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ និង​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧​ ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ដោយ​ចោទថា​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​ ​ហ៊ុន សែន។​ ​នៅ​មុន​ការរំលាយបន្តិច​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​នេះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ​ដោយ​ចោទ​ពីបទ​ក្បត់ជាតិ​ ​ចំណែក​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ធំ​បាន​ភៀស​ខ្លួន​ទៅ​បរ​ទេស។

​លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​ថា​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន លោក​ ​សម រង្ស៊ី​ ​នឹង​មិន​ហ៊ាន​ ​ហើយ​ក៏​មិន​អាច​ចូល​មក​កម្ពុជា​បាន​ឡើយ។​ ​លោក​បន្ថែម​ថា​ រដ្ឋា​ភិបាល​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​មិនខ្វល់​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ ដែល​ផ្តល់​ដោយ​អន្តរ​ជាតិ​ ​ដើម្បី​ធានា​នូវ​អំណាច​របស់​ខ្លួន។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្វី​ដែល​ត្រូវ​ការ​ឆ្លើយ​តប​ដើម្បី​រក្សា​និរន្តរភាព ការ​អភិវឌ្ឍ​ជាតិ គឺ​ត្រូវ​ការ​ឆ្លើយ​តប​ជាមួយនឹង​សហគមន៍​អន្តរជាតិ ពីព្រោះ​កម្ពុជា​មិនអាច​រស់​នៅ​ខ្វះ​សហគមន៍​អន្តរជាតិទេ។ ហើយ​ខ្ញុំ​គិត​ថា​បើ​កម្ពុជា​គិត​តែលើកពី EBA ថា​ជា​បញ្ហា​ធំ ហើយ​អន្តរជាតិ​ដក​ EBA ខ្ញុំ​គិត​ថា​សហគមន៍​អន្តរជាតិ ដូចជា​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប គេ​មាន​វិធានការ​ក្រៅ​ពី EBA ហ្នឹង​ទៀត ខ្ញុំ​គិតថា​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ទេ»។​

VOA​ ​មិន​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ​សុខ ឥសាន​ ​អ្នកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។​

ចាប់​តាំង​ពី​មានការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ ​ការ​ចោទ​ប្រកាន់ ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​គេ​ឃើញ​អង្គការ​អន្តរជាតិ​ផ្នែក​ការ​ពារ​សិទ្ធិ​មនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​ ​ព្រមទាំង​រដ្ឋាភិបាល​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ផង ​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន ថា​កំពុង​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា។​

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាលកម្ពុជា ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរ​ការ​សិក្សា និង​ត្រៀម​ខ្លួន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ ឬ​ហៅ​ថា​ EBA​ ​ដែល​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ប្រាក់​ចំណេញ​ប្រមាណ​ជា​៧០០​លាន​ដុលា្លរ​ក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិនធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​ ​និង​នយោបាយ​នៅ​កម្ពុជា​បាន​ប្រសើរឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៩​ទេ​នោះ៕

XS
SM
MD
LG