ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​នយោបាយ​ ​លោក​ ​គឹម សុខ​ ​និង​កូនស្រី​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់​ ក្រោយ​រងការ​គំរាមកំហែង


រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ម្នាក់ ប្រាប់​អ្នកសារព័ត៌​មាន​ថា​ លោក​ គ្មានលុយ​បង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​​ សែន​នោះទេ ទាក់ទង​នឹង​សំណុំ​រឿង​ក្តី​ដែល​មេធាវី​លោក​នាយករដ្ឋ​មន្ត្រី​បាន​ដាក់​ទៅ​សាលារាជធានី​ភ្នំពេញ ​​នៅថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)
រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ម្នាក់ ប្រាប់​អ្នកសារព័ត៌​មាន​ថា​ លោក​ គ្មានលុយ​បង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​​ សែន​នោះទេ ទាក់ទង​នឹង​សំណុំ​រឿង​ក្តី​ដែល​មេធាវី​លោក​នាយករដ្ឋ​មន្ត្រី​បាន​ដាក់​ទៅ​សាលារាជធានី​ភ្នំពេញ ​​នៅថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)

បន្ទាប់ពី​ភៀសខ្លួន​ទៅ​ប្រទេស​ទី២​ ​បាន​ជាង​មួយ​ខែ ​​លោក​ ​គឹម សុខ​ ​អ្នកវិភាគ​នយោបាយ​ដែល​ទើប​ចេញពី​ពន្ធនាគារ​ ​ក្រោយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ដាក់​ពន្ធនាគារ​អស់​រយៈពេល​១៨​ខែ​ ​លោក​ ​គឹម សុខ​ ​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់​ ​ជាមួយ​កូនស្រី​ម្នាក់​អាយុ​៦ឆ្នាំ។​

លោក​ ​គឹម សុខ​ ​អ្នកវិភាគ​នយោបាយ​ដែល​ទើបត្រូវ​បាន​ដោះលែង​ក្រោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចប់​ ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់​ ​បន្ទាប់ពី​បាន​ភៀស​ខ្លួន​គេច​ចេញ​ពី​កម្ពុជា​ដោយ​សារ​ការ​គំរាម​ដល់​សុវត្ថិភាព។

​លោក​ ​គឹម សុខ​ ​អ្នកវិភាគ​ ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​និង​រង​ការព្រមាន​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃសុក្រ​នេះ​ថា​ ​លោក​និង​កូនស្រី​អាយុ៦ឆ្នាំ​ ​បាន​ចាកចេញ​ពី​ប្រទេស​ថៃ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ទៅដល់​ទីក្រុង​ ​Helsinki​ ​ប្រទេស​ហ្វាំងឡង់​ ​នា​ម៉ោង​ប្រមាណ​ជា​១​រសៀល​ ដែល​ត្រូវ​នឹង​ម៉ោង​៥ល្ងាច​ ​ម៉ោង​នៅ​កម្ពុជា។​ ​លោក​បន្ថែម​ថា​ ​ការ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់​ ​គឺ​បន្ទាប់​ពី​លោក​បាន​ស្នាក់នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​មួយ​ខែ។

​លោក​ ​គឹម សុខ​ ​បន្ថែម​ថា​ លោក​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ​នៅ​ពេល​វេលា​ដ៏​សាក​សម​ណា​មួយ​ខាងមុខ។

​លោក​បញ្ជាក់​ថា៖

«ជា​រួមមាន​ការ​គំរាមកំហែង​ខ្លាំង។​ ​ហើយ​សម្រាប់​ខ្ញុំ​វា​ជា​ករណី​មួយ​ដែល​ពិបាក​អត្ថា​ធិប្បាយ ​ពីព្រោះ​ដំបូង​ខ្ញុំ​បាន​សន្យា​ថា​ខ្ញុំ​មិន​ចាកចេញ​ទៅណា​ទេ​ ​ក្រោយ​មក​ខ្ញុំ​បាន​ចាកចេញ​ ​ចាកចេញ​ដោយសារ​វា​មាន​សម្ពាធ​ធ្ងន់ធ្ងរ​ពេក​ធ្លាក់​មក​លើ​ខ្ញុំ​ ​ជាពិសេស​កូនស្រី​ខ្ញុំ។​ ​ដូច្នេះ​ខ្ញុំ​ត្រូវតែ​បង្ខំចិត្ត​រក​ទីកន្លែង​សុវត្ថិភាព​ជូន​កូនស្រី​ខ្ញុំ​សិន ដើម្បី​ខ្ញុំ​អាច​ពិនិត្យ​លទ្ធភាព​បន្តការងារ​តទៅ​ទៀត»។

​លោក​ ​គឹម សុខ​ ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី៣០​ ​ខែសីហា​ ឆ្នាំ​២០១៨​ ​ដោយ​លោក​អះអាង​ថា ​លោក​និង​កូនស្រី​ទទួល​រង​ការគំរាម​កំហែងដល់​អាយុ​ជីវិត​។

​កាលពី​ថ្ងៃទី១០​ ​ខែសីហា​ ​ឆ្នាំ២០១៧​ ​លោក​ ​គឹម សុខ​ ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន១៨ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ ​រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​ដើម​បណ្តឹង​ចំនួន​៨០០​លាន​រៀល ពី​បទ​បរិហារ​កេរ្តិ៍​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ថិតនៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ ​កែម ឡី។

​ក្រោយ​ការអនុវត្ត​ទោស​ចប់​ ​លោក​ ​គឹម សុខ​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ ​កាល​ពី​ថ្ងៃទី១៧​ ​ខែសីហា​ឆ្នាំ២០១៨។​ ​ក្រោយ​ចេញពី​ពន្ធនាគារ​ ​អ្នកវិភាគ​រូប​នេះ​នៅ​បន្ត​រិះគន់​ការដឹកនាំ​របស់​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន សែន​ ​ជា​បន្តបន្ទាប់។​ ​ការណ៍​នេះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ ព្រ​មាន​ចាប់ខ្លួន​លោក​វិញ​ទៀត​ជាច្រើន​ដង។

​នៅ​ថ្ងៃទី២៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញដីកា​បង្គាប់​ឲ្យ​លោក​ ​គឹម សុខ​ ​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃទី១៤​ ​ខែតុលា​ ​ឆ្នាំ២០១៨នេះ​ ​ដើម្បី​សួរចម្លើយ​ពី​បទ​ ​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

​ចំ​ណែ​ក​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃទី២៩ ខែសីហា​ ​ឆ្នាំ២០១៨​នេះ​ ​ក៏​បាន​ព្រមាន​ខ្លាំងៗ​ទៀត​ថា​ ​នឹង​ប្តឹង​លោក​ ​គឹម សុខ​ ​ដាក់​ពន្ធនាគារ​វិញ​ ​ប្រសិនបើ​លោក​ ​គឹម សុខ​ ​មិន​សង​ប្រាក់​សំណង​ ​៨០០លាន​រៀល​ ​ស្មើនឹង​ប្រមាណ​ជា​២០ម៉ឺន​ដុល្លារ​ ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើ​បណ្តឹង​កន្លង​ទៅ​ទេ​នោះ៕

XS
SM
MD
LG