ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​រៀប​ចំ​ពិធី​ភ្ជុំ​បិណ្ឌ​នៅ​​វត្ត​អារាម ខណៈ​ព្រះ​សង្ឃ​លើក​ឡើង​ពី​កង្វះ​ខាត​ចង្ហាន់​និង​បច្ច័យ


រូប​ឯកសារ៖ ព្រះសង្ឃពាក់​ម៉ាស​ការពារ​ពី​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (AP Photo/Heng Sinith)

ព្រះ​សង្ឃ​តាម​វត្ត​អារាម​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​កង្វះ​ខាត​ចង្ហាន់ និង​បច្ច័យ ដោយ​សារ​មិន​មាន​ពុទ្ធ​បរិស័ទច្រើន​នោះ​ទេ​មក​វត្ត​អារាម ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩ ហើយ​ការណ៍​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យប្រជាពលរដ្ឋ​អាច​ទៅ​វត្ត​ជុំ​គ្នា​បាន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុខ ដោយ​អនុវត្តតាម​វិធានការ​សុខាភិបាល​ ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​ព្រះ​សង្ឃ។

កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ​ក្រសួងធម្មការ​និង​សាសនា​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ ដោយ​អនុញ្ញាត​ឲ្យវត្ត​អារាម​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ និង​កឋិន​ទាន ​ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​តឹងរ៉ឹង​នូវវិធាន​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

ព្រះ​អង្គ ស៊ាង សុភា គង់​នៅ​វត្ត​ទួល​ឃ្លាំង ក្នុង​ភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំងឪ ខេត្ត​ត្បូង​ឃ្មុំ មាន​សង្ឃ​ដីកា​ថា​ព្រះសង្ឃ​នៅ​វត្ត​របស់​ព្រះអង្គ​ ក៏​កំពុង​ជួប​ប្រទះ​បញ្ហា​ចង្ហាន់ និង​បច្ច័យ​ផង​ដែរ ដោយ​សារវិបត្តិ​ជំងឺ​កូវីដ​១៩​រាប់​ខែ​មក​នេះ។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «មែន​ទែន​ទៅ វា​ប៉ះ​ពាល់​ខ្លាំង​ដែរ​ ព្រោះ​ដំបូង​ឡើយ​ វត្ត​ហ្នឹង គឺ​ពឹង​ផ្អែក​លើ​ចង្ហាន់​ពុទ្ធ​បរិស័ទ តាម​រយៈ​ការ​បិណ្ឌ​បាទ។ ហើយ​ដូច​យើង​ដឹង​អញ្ចឹង​ករណី​ឆ្លង​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អញ្ចឹង​ទៅ ព្រះ​សង្ឃ​មិន​អាច​បិណ្ឌ​បាត​តាម​ផ្លូវ​បាន​ទេ។ អញ្ចឹង​ហើយ​ឲ្យ​ពុទ្ធ​បរិ​ស័ទ​ដាក់​បង្ហាន់​ជា​ស្រាក់​អញ្ចឹង​ទៅ​ណា។ ហើយ​បើ​រឿង​បច្ច័យ​បួន​វិញ អាហ្នឹង​ពិបាក​ដែរ និយាយ​ទៅ​ ប៉ុន្តែ​ដោយ​សារ​តែ​ខាង​ឃុំ ក៏​ដូច​ជា​ពុទ្ធបរិស័ទ លោក​គិត​គូរ​អញ្ចឹង​ទៅ ក៏​បាន​ឧបត្ថម្ភ​តាម​លទ្ធភាព​អញ្ចឹង​ទៅ»។

ព្រះ​អង្គបន្ត​ថា​វត្ត​ទួល​ឃ្លាំងនឹង​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌដូច​សព្វ​ដង ហើយរៀបចំ​គោរព​តាម​វិធាន​ការ​ការពារ​របស់​ក្រសួង​សុខាភិបាល​ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

ព្រះ​អង្គ​ ស៊ាង សុភា សង្ឃឹម​ថា​នឹង​មាន​ការ​ចូលរួម​ពី​ពុទ្ធ​បរិស័ទ​ក្នុង​ការ​ប្រគេន​ចង្ហាន់ និង​បច្ច័យ ទាំង​ដោយ​ផ្ទាល់​ ឬ​ប្រយោល អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ ទោះ​បី​ជា​មិន​មាន​ចំនួន​ពលរដ្ឋ​មក​ចូល​រួម​ច្រើន​ដូច​សព្វ​ដង ដោយសារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ក៏​ដោយ។

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី២២ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី៦ ខែ​តុលា ដែល​ជា​ថ្ងៃ​ភ្ជុំ​ធំ។ ហើយ​បុណ្យ​កឋិន​ទាន​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ ២២ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។ នេះ​បើ​យោង​តាម​សេចក្តី​ណែនាំ​ស្តី​ពី​ការ​រៀប​ចំ​បុណ្យ​កាន់បិណ្ឌ ភ្ជុំ​បិណ្ឌ​ និង​កឋិន​ទាន​របស់​ក្រសួង​ធម្មការ និង​សាសនា។

ព្រះអង្គ​ រឹម ណាំឈាវ ​គង់​នៅ​វត្ត​មហា​មន្រ្តី​ក្នុង​រាជ​ធានី​ភ្នំពេញ មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​នា​ពេល​បច្ចុប្បន្ន​នេះ ព្រះសង្ឃ​នៅ​ក្នុង​វត្ត​កំពុង​ជួប​ប្រទះ​កង្វះ​ខាត​បច្ច័យ និង​ចង្ហាន់ ដោយ​សារ​តែ​ផល​វិបាក​ពី​វិ​បត្តិ​ជំងឺ​កូវីដ​១៩​។

ព្រះអង្គ​មាន​សង្ឃ​ដី​កា​ថា៖ ​«ហើយ​សម្រាប់​វត្ត​មហា​មន្រ្តី​ ព្រះសង្ឃ​ដែល​គង់​នៅ​ទី​នេះ ជួប​បញ្ហា​ធំៗ​មាន​ពីរ​គឺ​ បញ្ហា​ទី​មួយ​គឺ កង្វះ​ថវិកា​នៅ​ក្នុង​ការ​បង់ថ្លៃ​សិក្សា ព្រោះ​សង្ឃ​នៅ​ក្រុង​ភ្នំពេញ លោក​អាស្រ័យ​នឹង​ការ​បិណ្ឌ​បាត ហើយ​ដែល​បាន​យក​បច្ច័យ​ដែល​បាន​តាម​ផ្ទះ​នីមួយ​ៗ​ហ្នឹង ដើម្បី​បង់​ថ្លៃ​សាលា។ ហើយ​ដោយ​ឡែក​នៅ​ក្នុង​នេះ​មួយ​ទៀត​ដែរ គឺ​បញ្ហា​ចង្ហាន់​ហ្នឹង​ឯង រួម​ទាំង​ថ្លៃ​ទឹក​ ថ្លៃ​ភ្លើង​ផង​ដែរ»។

ពាក់​ព័ន្ធ​នឹង​សេចក្តី​ណែនាំ​របស់​ក្រសួង​ធម្មការនិង​សាសនា ព្រះអង្គ​ ណាំ ឈាវ មិន​ទាន់​អាច​បញ្ជាក់​ជាក់​លាក់​ពី​វិធានការដែល​គណៈ​កម្មការ​គ្រប់គ្រង​វត្ត​នឹង​ដាក់​ចេញ​នៅ​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នោះ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​លើកឡើង​ថា​វត្ត​នឹង​អនុវត្តវិធាន​ការ​ក្រសួង​សុខា​ភិបាល​តឹង​រ៉ឹង នៅ​ពេល​វត្ត​ត្រូវ​បាន​បើក​ទ្វារ​ពីរ​ថ្ងៃ​មុន​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដើម្បី​ទទួល​ពលរដ្ឋ​កាន់​បិណ្ឌ។

ព្រះអង្គបន្ថែម​ថា​រហូត​មក​ទល់​ពេល​នេះ​ វត្ត​មហាមន្រ្តី​នៅ​មិន​ទាន់​អនុញ្ញាតឲ្យ​មាន​ការ​ចេញ​ចូល​ជាទូទៅ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​កាល​ពី​ពីរ​ខែ​មុន​នេះ ព្រះសង្ឃ និង​កូន​សិស្ស​លោក​ក្នុង​វត្ត ជាង​៥០​អង្គ​នាក់ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​បាន​ព្យាបាលជា​សះ​ស្បើយ​គ្រប់គ្នា​មក​ទល់​ពេល​នេះ។

ចំណែក​ព្រះ​តេជគុណ​ ពិន សេម ​ព្រះ​ចៅ​អធិការ​វត្ត​រាជ​បូណ៌ ​ក្នុង​ខេត្ត​សៀមរាប ​មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​ថា ព្រះ​អង្គ​យល់​ឃើញ​ថា​នឹង​មិន​មាន​ពុទ្ធ​បរិស័ទ​ច្រើន​ចូល​រួម​ក្នុង​ពីធី​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុខ​នោះ​ទេ ដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ​១៩។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «ចំពោះ​ថ្ងៃ​កាន់​បិណ្ឌ​ភ្ជុំ​ហ្នឹង តាម​ពិត​ទៅ​ពិធី​បុណ្យ​ផ្សេងៗ​ហ្នឹង អាត្មា​ទទួល​ដែរ។ ប៉ុន​មិន​សូវ​មាន​ញោម​ញាតិ​មក​នោះ​ទេ ព្រោះ​ថ្ងៃ​សីល​ថ្ងៃ​អី​ គាត់​យក​ជ័យ​វត្ថុ អាហារ​បិណ្ឌ​បាត​អី​មក​ប្រគេន។ ប៉ុន​អាត្មា​ទទួល​ក្រោម​ដើម​ឈើ ក្រោម​ដើម​ជ្រៃ ដែល​មាន​បរិយា​កាស វិសាល​ភាព​ល្ហល្ហេវ​ វា​មិន​អាប់​អ៊ួរ​នៅ​ក្នុង​សាលា​ ក្នុង​កុដិ​ អាត្មា​មិន​ទទួល​នោះ​ទេ»។

លោក​ សេង សុមុនី ​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ពិធី​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀប​ចំ​ឡើង ដោយ​សារជា​ពិធី​បុណ្យ​សាសនា​ជាតិ។ លោក​បន្ត​ថា​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រារព្ធ​នៅ​វត្ត​អារាម គឺ​ដោយ​សារការ​ថយ​ចុះ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​អ្នក​ចាក់​វ៉ាក់​សាំង​មានច្រើន​ជាង​មុន ហើយ​ពល​រដ្ឋ និង​ព្រះសង្ឃ​យល់​ដឹង​ខ្ពស់​ជាង​មុន​ពី​ជំងឺ​កូវីដ​១៩។

អ្នក​នាំពាក្យ​របស់​ក្រសួង​ធម្មការ និង​សាសនា​រូប​នោះ ក៏​បាន​ច្រាន​ចោល​ការ​អះអាង​ថា​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ គឺដោយ​សារ​តែ​វត្ត​អារាម​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​ចង្ហាន់ និង​បច្ច័យ ដោយ​លោក​បាន​បញ្ជាក់​ពី​ការ​ជួយ​ទំនុក​បម្រុង​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​រដ្ឋាភិបាល​ដល់​បណ្តា​វត្ត​អារាម​នានា។

លោកថ្លែង​ថា៖ ​«ជា​ទូទៅ វត្ត​អារាម​មិន​ជា​ប្រើ​ភាសា​មួយ​ម៉ាត់​ថាវត្ត​មិនមាន​រក​ចំណូល​អី​ទេ។ វត្ត​គឺ​អាស្រ័យ​ពុទ្ធ​បរិស័ទ។ អញ្ចឹង​ទោះ​ជា​មិន​មាន​កាន់​បិណ្ឌ​ភ្ជុំ​បិណ្ឌ​ក៏​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត លោក​ទទួល​គាំពារ​ដោយ​ព្រះអង្គ​ក្នុង​វត្ត​មាន​អង្ករ មាន​ឆៃ​ប៉ូវ មាន​អី​អញ្ចឹង​ទៅ។ ហើយ​ទន្ទឹម​នឹង​នោះ​ រាជរដ្ឋាភិបាល​លោក​បាន​ធ្វើ​សកម្ម​ភាព​ច្រើ​ន​ណាស់ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​តាម​រាជ​ធានី​ខេត្ត​ហ្នឹង គឺ​ថា មាន​ចុះ​ចែក​អង្ករ ​មី ​ទឹកត្រី​ ទឹក​ស៊ីអ៊ីវ ឧបត្ថម្ភ​ទៅ​តាម​វត្ត​ហ្នឹង»។

លោក សេង សុមុនី ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ត្រៀម​នឹង​ទៅ​វត្ត​អារាម​នៅ​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ ប្រកាន់​ខ្ជាប់​វិធាន​ការពារ​ជំងឺ​កូវីដ​១៩ របស់​ក្រសួង​សុខាភិបាល​ផង​ដែរ៕

XS
SM
MD
LG