ភ្នំពេញ — ពិធីបុណ្យសពតាមទំនៀមទម្លាប់ប្រពៃណីនិងជំនឿសាសនានៅកម្ពុជា ដូចជាពិធីសូត្រមន្ត ធម្មទេសនាដោយព្រះសង្ឃ អាចារ្យ និងចាស់ទុំក្នុងភូមិការលាងសម្អាតនិងតម្កល់សពនៅគេហដ្ឋានរបស់សាច់ញាតិ និងការដើរហែសពដោយសមាជិកគ្រួសារនិងសហគមន៍ជិតឆ្ងាយ មិនអនុញ្ញាតឲ្យកើតមានសម្រាប់សពអ្នកកើតជំងឺកូវីដ១៩ នោះទេ។
ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ កំពុងផ្លាស់ប្តូរទំនៀមទម្លាប់បែបសាសនានេះ ដែលត្រូវបានជឿថាផ្តល់នូវក្តីស្ងប់ដល់អ្នកដែលលាចាកលោក និងសមាជិកគ្រួសារសព។ រយៈពេលតែមួយប៉ព្រិចភ្នែក ដោយមនុស្សប្រហែល ១០នាក់ប៉ុណ្ណោះ អាចចូលរួមក្នុងការប្រារព្ធពិធីបូជាសព តាមបែបសាសនាដោយគ្រាន់តែមានការបង្សុកូលដែលធ្វើឡើងយ៉ាងយូរជាង ១០ នាទីតែប៉ុណ្ណោះ ស្របពេលសពនីមួយៗត្រូវចំណាយរយៈពេលជាង ១ម៉ោង សម្រាប់បូជាសព។
ទិដ្ឋភាពនៃការបូជាសពបែបនេះកើតមានឡើងស្ទើររៀងរាល់ថ្ងៃ នៅវត្តទឹកថ្លាក្នុងរាជធានីភ្នំពេញ ក្នុងនោះព្រះសង្ឃកំពុងសូត្រធម៌បង្សុកូល ខណៈសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ កំពុងរុញចូលក្នុងបច្ឆាដើម្បីបូជាតែម្តង។
ខ្ញុំសោកស្តាយខ្លាំងណាស់ ពីព្រោះអត់បានបំពេញកាតព្វកិច្ចជាកូន កាតព្វកិច្ចជាពុទ្ធបរិស័ទដែលត្រូវជូនដំណើរលោកឲ្យពេញទំហឹង។
កាលពីថ្ងៃទី ១៨ ខែសីហាកន្លងទៅ មនុស្សប្រុសស្រីប្រមាណជា ១០ នាក់ មកពីខេត្តកណ្តាល បានជុំគ្នានៅក្នុងវត្តទឹកថ្លានេះ ដោយមានព្រះសង្ឃ ៤ អង្គនិងអាចារ្យម្នាក់ បានប្រារព្ធពិធីបង្សុកូលជូនដល់សពលោកចៅអធិការវត្តស្អាងស្រែ ដែលមានព្រះជន្ម ៨១ ព្រះវស្សា ដែលបានសុង្គត ដោយសារជំងឺកូវីដ១៩។
ការជួបជុំប្រារព្ធពិធីបង្សុកូលនេះមានចម្ងាយប្រមាណជា ២០ ម៉ែត្រពីបច្ឆា ដែលត្រូវបូជាសព។
លោក ជក់ សៀកលី អាយុ ៣៣ ឆ្នាំ ជាអាជីវករនិងត្រូវជាកូនរបស់សពចៅអធិការវត្តស្អាងស្រែបានប្រាប់ VOA ថា លោកចៅអធិការវត្តបានចូលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលអូឡាំពិក អស់រយៈពេល ៦ ថ្ងៃ ទើបលោកសុង្គត។
លោកបានឲ្យដឹងបន្តថា ឱពុករបស់លោកមានជំងឺប្រចាំកាយខ្លះដែរ ហើយក៏មិនដឹងថា ឆ្លងជំងឺនេះពីណាមកដែរ ពីព្រោះលោកមិនដែលនិមន្តចេញក្រៅនោះទេ។
«យើងក៏អត់ដឹងថាករណីឆ្លងនេះមកពីណាដែរ ក៏ប៉ុន្តែបើឆ្លងពីកូនចៅកូនចៅធ្វើតេស្តទាំងអស់គ្នាអត់មានទេ។ អាចារ្យក្នុងវត្តក៏អត់មានដែរលោកផ្សេងៗក៏ធ្វើតេស្តដែរ អត់មានដែរ។ តែគ្រាន់ថាតេស្តទៅឃើញកូវីដ ខ្ញុំក៏សោកស្តាយដែរ ខ្ញុំខ្លោចចិត្តតែម្តងនិយាយអត់ចេញហ្មងពីព្រោះថា លោកចាស់ហើយទៅកើតកូវីដ»។
កន្លែងបូជាសពអ្នកកើតជំងឺកូវីដ១៩ នៅក្នុងវត្តទឹកថ្លា មានបច្ឆាចំនួនពីរនៅក្បែរគ្នា ហើយបរិវេណប្រមាណជា ៥០ ម៉ែត្របួនជ្រុង ត្រូវបានហាមឃាត់មិនឲ្យមាននរណាចេញចូលផ្តេសផ្តាស ក្រៅពីក្រុមការងារបូជាសពតែប៉ុណ្ណោះ សូម្បីអាចារ្យផ្លុកក៏ត្រូវបានហាមឃាត់ផងដែរ។
ក្រុមការងារបូជាសពនៅទីនោះ មានគ្នាប្រហែលជា ៥ នាក់ស្លៀកឈុតការពារជាក្រណាត់កៅស៊ូ ដូចក្រុមគ្រូពេទ្យយកសំណាកដែរ។ ក្រុមការងារនោះរងចាំទទួលសព ពេលឡានពេទ្យដឹកសពមកដល់ ដើម្បីរៀបចំសពដាក់ក្តារមឈូស និងលើកដាក់ចូលក្នុងបច្ឆាបូជា និងលើកធាតុយកមកប្រគល់ដល់សាច់ញាតិនៃសព។
អំឡុងពេលនេះ ការបូជាសពអ្នកកើតជំងឺកូវីដ១៩ ត្រូវបានរៀបចំឡើងតាមពិធីបែបសាសនារយៈពេលយ៉ាងខ្លីបំផុត ដែលធ្វើឲ្យសាច់ញាតិសពអ្នកដែលកើតកូវីដ១៩ នៅតែមានមន្ទិល និងមិនសូវអស់ចិត្តចំពោះការធ្វើបុណ្យសព ដែលមិនមានសពតម្កល់នៅក្នុងពិធីបុណ្យ និងមិនបានធ្វើបុណ្យធំដុំដូចពេលកន្លងមក។
លោក ជក់ សៀកលី ក៏បានបង្ហាញពីភាពមិនអស់ចិត្តសម្រាប់ការធ្វើបុណ្យយ៉ាងដូច្នេះដែរថា៖ «មិនថាតែខ្ញុំទេជាអ្នកសោកស្តាយសូម្បីតែពុទ្ធបរិស័ទក៏គាត់សោកស្តាយដែរកូនចៅខ្លះក៏គាត់អត់បានមកផ្ទាល់ដែរពីព្រោះគាត់ជាប់ធ្វើច័ត្តាឡីស័ក្កសោកស្តាយរឿងធ្វើពិធីកិច្ចចុងក្រោយហ្នឹង»។
លោកបានបន្តទៀតថា៖ «ខ្ញុំសោកស្តាយខ្លាំងណាស់ពីព្រោះអត់បានបំពេញកាតព្វកិច្ចជាកូនជាកាតព្វកិច្ច ជាពុទ្ធបរិស័ទ ដែលត្រូវជូនដំណើរលោកឲ្យពេញទំហឹង។ លោកមកសុង្គតនៅភ្នំពេញយើងធ្វើប៉ុណ្ណឹងហៅថាគ្រប់កិច្ចហើយ ខ្លាចតែវិញ្ញាណខន្ធលោកវិលវ៉ុល។ គឺខ្ញុំសោកស្តាយណាស់ តែខ្ញុំសង្ឃឹមថា លោកពុកខ្ញុំនឹងបានរួចផុតពីកម្ម ពីព្រោះថាលោកធ្វើតែទានធ្វើតែបុណ្យធ្វើតែល្អរហូត»។
លោកអាចារ្យ សោម សារ៉េត អាយុ ៩៥ឆ្នាំ ជាអាចារ្យនៅវត្តទឹកថ្លាអស់រយៈពេល ៣០ឆ្នាំមកហើយ។ លោកបានមានប្រសាសន៍ប្រាប់ VOA ថា សាច់ញាតិនៃសពភាគច្រើនតែងតែមិនសូវអស់ចិត្ត ក្នុងការប្រារព្ធពិធីបុណ្យគ្រាន់តែមានការបង្សុកូលរយៈពេលយ៉ាងខ្លីនេះ។
«បើមានគ្រួសារមកជាមួយសពហ្នឹង យើងនិមិន្តលោកបង្សុកូល មុនគេរៀបបូជា រួចយើងអត់មានទៅកាន់ប៉ះពាល់សព អត់មានទៅមើលសព មើលអីទៅទៀតទេ។ គេរុំកៅស៊ូជិតអស់ហើយ ចាំដល់ពេលធាតុចេញមក ទើបគេឲ្យមើល។ បានជាអាឡោះអាល័យខ្លាំង មកពីវាមិនបានដិតដល់ មិនបានធ្វើបុណ្យធ្វើទានសព្វគ្រប់ជូនលោកឱពុកអ្នកម្តាយ បងប្អូន ប្តីសី វាមិនបានធ្វើបុណ្យឲ្យអស់ពីចិត្តពីថ្លើម»។
នៅក្នុងប្រទេសកម្ពុជា ពិធីបុណ្យសពត្រូវបានគេរៀបចំឡើងដោយតម្កល់សពនៅផ្ទះ ឬក្នុងវត្តក្នុងរយៈពេលភាគច្រើនប្រហែលចន្លោះពី ២ ថ្ងៃទៅ ៥ថ្ងៃ ទៅតាមបុណ្យសពនីមួយៗ។ នៅក្នុងអំឡុងពេលនៃបុណ្យសពនោះ មានការចូលរួមពីញាតិមិត្តជិតឆ្ងាយយ៉ាងអ៊ូរអរទៅតាមបុណ្យសព។ ជាមួយគ្នានោះដែរ ក៏មានអាចារ្យ ដូនជីព្រះសង្ឃសូត្រធម៌បង្សុកូល ទេសនាផងដែរ។
ជុំវិញបញ្ហាទាំងអស់នេះលោក សេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងធម្មការនិងសាសនា បានប្រាប់ VOA ថា ការប្រារព្ធពិធីបុណ្យសពមិនមានការកំណត់នៅក្នុងព្រះពុទ្ធសាសនា ថា ត្រូវតម្រូវឲ្យធ្វើធំទើបបានបុណ្យទៅដល់សពនោះទេ។
«ធ្វើបុណ្យឧទ្ទិសកុសលជូនទៅ គឺបានបុណ្យ ហើយចង់ធ្វើប៉ុន្មានថ្ងៃក៏បានដែរ ហើយធ្វើឲ្យបានច្រើនដងច្រើនថ្ងៃទៅបានច្រើន ហើយបុណ្យនោះមិនមែនទាល់តែថា ធ្វើរោងបុណ្យ តម្កល់សពឲ្យយូរបាន បានបុណ្យមិនមែនចឹងទេ។ ក្នុងព្រះពុទ្ធសាសនាអត់មានសម្តែងចឹងទេ។ គឺថាការឲ្យទានរបស់យើងហ្នឹង ត្រូវឲ្យគោរពទៅតាមច្បាប់រដ្ឋ ត្រូវឲ្យគោរពទៅតាមពេលវាលា ត្រូវឲ្យគោរពតាមសាច់ញាតិរបស់ខ្លួន ដែលមានធនធានធ្វើ»។
អ្នកស្លាប់គាត់ទៅបូជានៅកន្លែងកូវីដមែន តែយើងត្រូវមានពិធីរបស់យើងធ្វើនៅផ្ទះយើងបានកិច្ចរបស់អ្នកស្លាប់ដែលយើងត្រូវឲ្យគាត់ គឺទក្ខិណានុប្បទានហ្នឹងតែម្តង។
ជាមួយគ្នានេះដែរ ភិក្ខុវជិរប្បញ្ញោ គូ សុភាពសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានមានសង្ឃដីកាថា ការធ្វើបុណ្យអាស្រ័យទៅលើសទ្ធាជ្រះថ្លានៃចិត្តរបស់យើងតែប៉ុណ្ណោះ។
«និយាយរឿងបុណ្យ បុណ្យនៅនឹងចិត្តយើង ហើយចិត្តយើងបានជ្រះថ្លា ធ្វើបុណ្យបានច្រើន ចម្រើនបុណ្យនៅក្នុងចិត្តយើងច្រើន ហើយយើងឧទ្ទិសបុណ្យដល់គាត់ ក៏បានច្រើនដែរ។ ព្យាយាមទៅកាលៈទេសៈនេះមិនបានរៀបចំឲ្យបានសមម្យទេ បូជាហើយយើងធ្វើបុណ្យធាតុនេះទៅ មិនជាខុសទាស់អីទេ។ បើថាមិនអស់ចិត្តប្រមាណមួយអាទិត្យហ្នឹង ធ្វើចង្ហាន់ប្រគេនលោកឧទ្ទិសកុសលជូនគាត់ទៅ»។
ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធម៌គុណខេត្តតាកែវ និងជានាយកសាលាវត្តប្រាសាទនាងខ្មៅ បានមានសង្ឃដីកាប្រាប់ VOA ថាផលបុណ្យ ឬវិញ្ញាណវិលវ៉ុលរបស់សព អាស្រ័យទៅលើកម្មរបស់សព។ រីឯបុណ្យដែលសាច់ញាតិត្រូវបញ្ចូនទៅឲ្យសពជាពិធីទក្ខិណានុប្បទាន គឺជាការធ្វើទានចំពោះអ្នកមានសីល។
«អ្នកស្លាប់គាត់ទៅបូជានៅកន្លែងកូវីដមែន តែយើងត្រូវមានពិធីរបស់យើងធ្វើនៅផ្ទះ យើងបានកិច្ចរបស់អ្នកស្លាប់ ដែលយើងត្រូវឲ្យគាត់ គឺទក្ខិណានុប្បទានហ្នឹងតែម្តង។ ព្រះពុទ្ធសាសនាលោកបានបញ្ជាក់ថា មនុស្សដែរនៅរស់មុននឹងស្លាប់ត្រូវតែសាងល្អឲ្យច្រើន ការពារក្រែងវិលវ៉ុល ពេលដែលខ្លួនឯងស្លាប់ទៅរកជាតិ រកកំណើតសុង្គតភពមិនឃើញនឹងគេ»។
នៅប្រទេសកម្ពុជា ក្រៅពិធីបុណ្យសពបែបព្រះពុទ្ធសាសនា នៅមានពិធីបុណ្យសពបែបសាសនាផ្សេងៗមួយចំនួនទៀត។ អ្នកដែលមានខ្សែស្រឡាយកាត់ចិន ពិធីបុណ្យសពភាគច្រើនគេយកសពទៅបញ្ចុះ ដោយជំនឿមានការរើសពេលវេលាហ៊ែរចេញនិងបញ្ចុះសព។
ក៏ប៉ុន្តែកាលពីដើមខែមីនាកន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យសពអ្នកកើតកូវីដ១៩ ត្រូវបូជាបន្ទាប់ពីប៉ុន្មានម៉ោងក្រោយពីស្លាប់ ដើម្បីការពារនិងជៀសវាងការឆ្លងរីករាលដាល។ ដោយឡែក សពរបស់ខ្មែរឥស្លាមត្រូវបានលើកលែងការបូជា។
លោក ហួង ចាយលិ មានអាយុ ៥៧ ឆ្នាំ ជាចិនសែរៀបចំបុណ្យសពដែលសាច់ញាតិជាប់ខ្សែស្រឡាយកាត់ចិន បានប្រាប់ VOA ថា នៅពេលបានធាតុមក យើងអាចរៀបចំពិធីបញ្ចុះធាតុនោះ ដូចបញ្ចុះសព បានដូចតែគ្នាទេ។
«តាមពិតអត់ត្រូវអត់អស់ចិត្តទេ ពីព្រោះមួយរយៈនេះខ្ញុំបញ្ចុះធាតុនេះច្រើនណាស់ ដោយសារគាត់កូវីដ ហើយគេយកធាតុមកយើងមើលដីធ្វើម៉ុង ហើយមើលថ្ងៃយកទៅបញ្ចុះដូចតែសពចឹងដែរ»។
បារម្ភខ្លាំងតែម្តងមិនមែន បារម្ភដែរទេ បារម្ភខ្លាំងតែម្តង តាមសួរពេទ្យជាប់ដែរហ្នឹងថា តើសពនេះគេបូជាពេលណា ដើម្បីស្រួលយើងត្រៀមទៅរងចាំថា តើគាត់យកទៅបូជានៅវត្តមួយណា យើងទៅរៀបចំចាំមុន។
សាច់ញាតិខ្លះនៃសពអ្នកជំងឺកូវីដ១៩ ក្រៅពីភាពមិនអស់ចិត្តក្នុងការធ្វើបុណ្យនេះនៅមានការប្រុងប្រយ័ត្ននិងបារម្ភពីការច្រឡំធាតុផងដែរ។ មានគ្រួសារសពខ្លះគាត់បានសួរទៅដល់ក្រុមអ្នកបូជាសពបញ្ជាក់ជាច្រើនលើក ជាច្រើនសារ ដោយពួកគាត់បារម្ភពីការច្រលំសពនិងធាតុ។
ជាក់ស្តែងលោក សុខ ចំរើន អាយុ ៣៩ ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ និងមានឱពុកអាយុ ៦៧ ឆ្នាំ ស្លាប់ដោយជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកមានការបារម្ភខ្លាំងបំផុត គឺការបូជាច្រលំសព ដែលជាហេតុធ្វើឲ្យលោកតាមសាកសួរពត៌មានពីការបញ្ជូនសពឱពុកលោក យកមកបូជាតាំងពីក្នុងមន្ទីរពេទ្យរហូតដល់វត្ត។
«បារម្ភខ្លាំងតែម្តងមិនមែន បារម្ភដែរទេ បារម្ភខ្លាំងតែម្តង តាមសួរពេទ្យជាប់ដែរហ្នឹងថា តើសពនេះគេបូជាពេលណា ដើម្បីស្រួលយើងត្រៀមទៅរងចាំថា តើគាត់យកទៅបូជានៅវត្តមួយណា យើងទៅរៀបចំចាំមុន»។
ការបូជាសពអ្នកកើតជំងឺកូវីដ១៩ ធ្វើឡើងតាមរយៈការកំណត់និងចាត់ចែងរបស់ក្រុមគណៈកម្មការចាត់ចែង និងគ្រប់គ្រងសាកសពកូវីដ១៩ នៅតាមខេត្តក្រុងនីមួយៗ។ បន្ទាប់ពីបូជារួចហើយ បើសពមានសាច់ញាតិក្រុមការងារចាត់ចែងសពលើកធាតុនោះឲ្យសាច់ញាតិរើសធាតុភ្លាមៗ ហើយមានអាចារ្យនៅជួយធ្វើកិច្ចតាមបែបព្រះពុទ្ធសាសនា ដែលហៅថាពិធីផ្គុំព្រលឹង។ ក៏ប៉ុន្តែបើគ្មានសាច់ញាតិនោះទេ ក្រុមការងារនោះនឹងរៀបចំខ្ចប់ធាតុរក្សាទុកឲ្យសាច់ញាតិមកយកនៅពេលណាមួយ។
លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុគណៈកម្មការចាត់ចែងនិងគ្រប់គ្រងសាកសពកូវីដ១៩ បានមានប្រសាសន៍ប្រាប់ VOA ថា ការបូជាសពអ្នកកូវីដ១៩ នេះ មានការប្រុងប្រយ័ត្នណាស់មានឯកសារបញ្ជូនត្រឹមត្រូវ ដែលមិនអាចធ្វើឲ្យមានការច្រឡំសពនិងធាតុនោះទេ។
«សពមកគឺមានបញ្ជីស្នាមច្បាស់លាស់ពេល ដែលបូជា បូជាសពណាស្មានណា ចាប់បូជាម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន ហើយរើសធាតុទុក អត់មានច្រលំច្របូកច្របល់ទៅណាទេ។ ហើយបូជាសពមួយៗធម្មតាតិចនិចឡរបស់ខ្មែរ ពេលដែលបូជាគេមានដែកទំរ ដើម្បីចាំរើសធាតុចឹងដែកទំរនោះ ពេលដែលបូជាសពហើយ គឺជាហូតដែកនោះមកសម្រាប់សពហ្នឹង។ ដាក់មួយទៀត គេមានដែកទំរគេមួយទៀត។ អត់មានច្រលំទេ ហើយៗគេមានបិទផ្លាក បិទអីត្រឹមត្រូវរបស់គេ»។
រហូតមកដល់ពេលនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានចំនួនជិត ២០០០នាក់ និងមានអ្នកឆ្លងសរុបជាង ៩០០០០នាក់៕