ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ពិចារណា​បើក​សាលា​រៀន​ឡើង​វិញ​នៅ​តាម​តំបន់​មិន​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្ពស់


រូបឯកសារ៖ សិស្ស​មួយ​ក្រុម​ដើរ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ បន្ទាប់​ពី​ការ​ឆ្លងជំងឺ​រាតត្បាតកូវីដ១៩ ក្នុង​សហគមន៍​ត្រូវ​បាន​បញ្ចប់ កាល​ពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ
២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ សិស្ស​មួយ​ក្រុម​ដើរ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ បន្ទាប់​ពី​ការ​ឆ្លងជំងឺ​រាតត្បាតកូវីដ១៩ ក្នុង​សហគមន៍​ត្រូវ​បាន​បញ្ចប់ កាល​ពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ថ្លែង​នៅ​ក្នុង​សារ​ជា​សំឡេង​ដោយ​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ពិនិត្យ​មើល​លទ្ធភាព​បើក​សាលារៀន​ឡើង​វិញ នៅ​តំបន់​ដែល​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ទាប។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​លើកឡើង​ថា ដោយសារជំងឺ​កូវីដ១៩ បាន​ឆ្លង​ជា​បណ្តុំ​ប៉ុណ្ណោះ​ទៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ ខណៈតំបន់​ជនបទ​ខ្លះ​មិន​មាន​ការ​ឆ្លង​ ឬ​មាន​ការ​ឆ្លង​តិចតួច។

លោក​បាន​ថ្លែង​ថា៖ «យើង​គួរ​ជ្រើសរើស​នៅ​តាម​ភូមិ​តាម​ឃុំ​ ដែល​ពុំ​មាន​ការ​កើត​នូវ​ជំងឺ​ឆ្លង​នេះ​។ ហើយ​កុមារា​កុមារី​របស់​យើង​បាន​ចូល​សិក្សា​ ដោយ​រក្សា​នូវ​គម្លាត​សុវត្ថិភាព។ រក្សា​នូវ​វិធានការ​សុខាភិបាល​ចាំបាច់​នានា ដើម្បី​ឲ្យ​កុមារាកុមារី​របស់​យើង​បាន​ចូលរៀន»។

បើ​តាម​លោក ហ៊ុន សែន វិស័យ​អប់រំ​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​អាច​ឲ្យ​សិស្ស​បោះចោល​ការ​សិក្សា​ជា​ដើម ខណៈ​ការ​រៀន​តាម​ប្រព័ន្ធអនឡាញ​គឺ​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​កុមារ​នៅ​តាមទីជនបទ។

លោក​បន្ថែម​ថា៖ «យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​ ប្រសិន​បើ​យើង​បន្ត​បិទ​ត​ទៀត​ ដោយ​មិនបាន​ពិនិត្យ​មិនបាន​ចែក​រវាង​កន្លែង​ឆ្លង​និង​កន្លែង​មិន​ឆ្លង​ នឹង​អាច​ឈាន​ទៅ​ដល់​សិស្ស​បោះបង់​ចោល​សាលារៀន​ ឬ​អាច​ឈាន​ដល់​សិស្ស​ភ្លេច​អក្សរ​ជា​ដើម។ ម្យ៉ាង​ទៀត ទោះ​បី​ជា​យើង​បង្កើត​ការ​រៀន​ពី​ចម្ងាយ ដែល​ហៅ​ថារៀន​តាម​អនឡាញ​នោះ ប៉ុន្តែ​ជនបទ​របស់​យើង​ កុមារ​ក្រីក្រ​របស់​យើង​ពុំ​មាន​លទ្ធភាព​ និង​ពុំ​មាន​អ៊ីនធឺណិត​នៅ​តាម​សាលារៀននោះ​ទេ»។

នៅ​ក្នុង​សារជាសំឡេង​ខាង​លើ លោក ហ៊ុន សែន​បាន​បញ្ជាក់​ថា​កុមារ​អាយុ​រវាង​១២​និង​១៨​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ប្រមាណ​១,៥​ លាន​នាក់​មក​ទល់ពេល​នេះ ក្នុង​គោលដៅ​ចាក់​ឲ្យ​សរុប​ជាង​២លាន​២សែន​នាក់។ លោក​បន្ថែម​ថា​លទ្ធភាព​នៃ​ការ​បើក​សាលា​រៀន​ពេញ​លេញ​ គឺ​ក្រោយ​ពី​មាន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស។

លោក​នាយករដ្ឋ​មន្រ្តី​ក៏​បាន​ស្នើ​ឲ្យ​មាន​វាយតម្លៃ​លើ​ការ​បើក​សាលារៀន​ឡើង​វិញ​សម្រាប់​សិស្ស​ក្រោម​អាយុ​១២​ឆ្នាំ នៅ​តំបន់​ដែល​មិន​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ផង​ដែរ។

លោក រស់​ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែង​ប្រាប់​វីអូអេ​យ៉ាង​ខ្លីនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ក្រសួងកំពុង​រៀបចំ​ព័ត៌មាន​ពាក់ព័ន្ធ​ដើម្បី​ជម្រាប​ជូន​ដល់​សាធារណ​ជន។

នៅ​ក្នុង​សេចក្តី​ណែនាំ​ស្តី​ពី​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន​ នៅ​ភូមិសាស្រ្ត​ ដែល​មាន​ហានិភ័យ​ទាប ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ ក្រសួង​អប់រំ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ការ​វាយតម្លៃ​តាម​ស្ថាន​ភាព​ជាក់ស្តែង និង​ការ​អនុវត្តន៍​គម្លាត​សុវត្ថិភាព និង​វិធាន​ការ​សុខាភិបាល​ចាំបាច់ ចំពោះ​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​គ្រឹះស្ថាន​សិក្សា​នៅ​តាម​បណ្តា​ក្រុង​ ស្រុក​ ខណ្ឌ​ ដែល​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ទាប។ សេចក្តីណែនាំ​បាន​លើកឡើង​ពី​ទម្រង់​នៃ​ការ​បន្ត​រៀន​តាម​បណ្តុំ​ ដែល​មាន​ចំនួន​តិច​ជាង១៥​នាក់ និង​ឆ្លាស់​វេន ឬ​ការ​រៀន​តាម​បែប​ចម្រុះ​ចំពោះ​តំបន់​ប្រជុំ​ជន និង​ទីក្រុង ដែល​មាន​ការ​ឆ្លង​តិច​ និង​ការ​ចាក់​វ៉ាក់សាំង​រួច​ហើយ។ សេចក្តីណែនាំ​ក៏បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ត​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​ ចំពោះ​ភូមិសាស្រ្ត​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​ផង​ដែរ។

សាលា​រៀន​នៅ​កម្ពុជា​ត្រូវ​បាន​បិទ​មួយ​រយៈ ហើយ​បើក​ឡើង​វិញ អាស្រ័យ​លើ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១មក កម្ពុជា​បាន​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​មាន​ការ​បិទ​សាលា​រៀន​ទាំង​រដ្ឋ​ និង​ឯក​ជន​នៅ​ទូទាំង​ប្រទេស ដោយ​មិន​មាន​ការ​កំណត់​ឲ្យ​បើក​ឡើង​វិញ​នៅ​ឡើយ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ប្រមាណ​៣លាន ២សែន​នាក់។

អ្នកស្រី​ អ៊ុក ឆាយាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​(CITA) បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​វា​ជា​រឿង​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ ជាង​ការ​រៀន​ពី​ចម្ងាយ​ ដោយ​សារ​សិស្ស​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​ ដូចជាការ​ប្រាស័យ​ទាក់ទង​គ្នា​ជាមួយ​គ្រូ​នៅ​ពេល​មាន​ចម្ងល់​ជា​ដើម។ យ៉ាងណាក្តី អ្នក​ស្រី​លើក​ឡើង​ថា​ការ​ធានា​ឲ្យ​បាន​ប្រាកដប្រជាចំពោះ​ការ​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​តែ​ជា​រឿង​សំខាន់។

អ្នកស្រី​បាន​ថ្លែង​ថា៖ «លុះ​ត្រា​តែ​កូវីដ​បាន​ជា​សះ​ស្បើយ​ហើយ​ ត្រូវ​បាន​ក្រសួង​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា អាច​ចូលរៀន​វិញ​បាន​ ព្រោះ​កូវីដ​ទាំង​បំប្លែង ឬ​កូវីដ​គ្រប់​បែប​យ៉ាង​ពី​មុន​មក​ហ្នឹង​ត្រូវ​បាន​ផុត​អស់​ហើយ ហ្នឹង​ទើប​ចូល​រៀន​ទៅ​វា​ជោគជ័យ។ ហើយ​បើ​អញ្ចឹង​ទេ បើកបិទៗ​ហ្នឹង​ ធ្វើ​ឲ្យ​ពិបាក​ទាំងគ្រូ​ទាំង​សិស្ស»។

អ្នកស្រី​បន្ថែម​ថា​មក​ទល់​ពេល​នេះ អាណា​ព្យាបាលក៏​នៅ​មិនទាន់​មាន​ទំនុក​ចិត្ត​ពេញលេញ​ក្នុង​ការ​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​ឡើយ​ទេ ដោយ​សារ​ផលវិបាក​នានា​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពេល​កន្លង​មក។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​រដ្ឋបាល​ខេត្ត​គ្រោង​ប្រែ​ផ្លាស់​សាលា​រៀន​មួយ​ចំនួន​ ដែលត្រូវ​បាន​យក​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​ មក​ដាក់​ដំណើរ​ការ​ឡើង​វិញ​នៅ​ក្នុង​តំបន់​ដែល​មិន​មាន​ការ​ឆ្លងជំងឺ​កូវីដ​១៩​ខ្លាំង។ យ៉ាង​ណាក្តី លោក​មិនទាន់​អាច​បញ្ជាក់​ថាចំនួន​សាលា​រៀន​ប៉ុន្មាន​អាច​មាន​លទ្ធ​ភាព​បើក​ដំណើរការ​ឡើង​វិញ​នៅ​ឡើយ​ទេ ដោយ​ទុក​ឲ្យ​អនុ​គណៈកម្មាការ​តាម​បណ្តា​ស្រុក​និង​ក្រុង​ត្រូវ​ធ្វើ​ការ​វាយតម្លៃ​ជា​មុន​សិន។

បើ​តាមអភិបាល​ខេត្ត​កំពង់​ស្ពឺ ស្ថានភាពឆ្លងជំងឺ​កូវីដ​១៩​ក្នុង​ខេត្ត​របស់​លោក បាន​ថយ​ចុះ ស្រប​ពេល​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​សម្រាប់កុមារ ​និង​យុវជន អាយុ​១២​ទៅ​ក្រោម​១៨​ឆ្នាំ បាន​ប្រមាណ​៧០%​រហូត​មក​ដល់​ពេល​នេះ។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​មិថុនា អង្គការ​សង្គម​ស៊ីវិល​មួយចំនួន រួម​មាន​អង្គការ​លីកាដូ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​កុមារ​ដែល​នៅ​ក្នុង​គ្រួសារក្រីក្រ​ឬ​រៀន​នៅ​សាលា​រៀនដែល​មាន​ធនធាន​តិច​តួច និង​កុមារ​ដែល​រ​ស់​នៅតាម​ជនបទ​ ត្រូវ​បាន​មើល​រំលង​ ដោយ​ពួកគេ​មិន​មាន​មធ្យោបាយ​សម​ស្រប​ និង​គ្រប់​គ្រាន់ ​ដើម្បី​ទទួល​បាន​ការ​អប់រំ​នោះ​ទេ។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ក្រសួង​អប់រំ​ក្នុង​កិច្ច​សហ​ការ​ជាមួយ​ក្រុម​ការងារ​ក្នុង​វិស័យ​អប់រំ​ និង​អង្គការ​ដទៃ​ទៀត​បាន​ចេញ​ផ្សាយ​ការ​វាយ​តម្លៃ​មួយ​កាល​ពី​ខែ​មីនា​ ឆ្នាំ២០២១ ដោយ​បង្ហាញ​ថា​សិស្សា​នុ​សិស្ស​យ៉ាង​តិច​១៦%​បាន​ប្រឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា​ ហើយ​៦%ពេល​នេះ​កំពុង​ធ្វើ​ការ​ពេញ​ម៉ោង ក្រោយ​ពី​ការ​បិទ​សាលា​រៀន៕

XS
SM
MD
LG