លោក ផន យ៉េនបានចាកចេញពីស្រុកកំណើតជាមួយភរិយាទៅធ្វើការងាររោងចក្រនៅប្រទេសថៃ កាលពីដើមឆ្នាំ២០១៣។ គ្រួសាររបស់គាត់បានសម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញដើម្បីមើលថែទាំកូន បន្ទាប់ពីធ្វើការបានប្រមាណជា៥ឆ្នាំ សន្សំប្រាក់ធ្វើផ្ទះមានតម្លៃជាង១ម៉ឺនដុល្លារ។
ចាប់តាំងពីមកដល់ស្រុកកំណើតឯសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតវិញ កាលពីដើមឆ្នាំ២០១៨មករហូតមកដល់ពេលនេះ ប្តីប្រពន្ធដែលមានវ័យជាង៣០ឆ្នាំ និងមានកូនចំនួនពីរនាក់នៅក្នុងបន្ទុកគ្រួសារ មិនទាន់រកបានការងារធ្វើនៅឡើយ ក្រៅតែពីសល់ផ្ទះឈើមួយខ្នងនេះ។
ដោយសារបញ្ហាជីវភាព លោក យ៉េន មានវ័យជិត៤០ឆ្នាំ ជាពលករដែលប្រើកម្លាំងសុទ្ធសាធ បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ជាមួយនិងភរិយាវ័យ៣៧ឆ្នាំទៅធ្វើជាពលករធ្វើការក្នុងរោងចក្រផលិតឆ្នាំងបាយអគ្គិសនីមួយនៅប្រទេសថៃ ដោយទុកកូនស្រីប្រុសទាំងពីរឲ្យឳពុកម្តាយជាអ្នកមើលថែ។ ទៅដល់ប្រទេសថៃ លោកយ៉េន និងភរិយាធ្វើការបានប្រាក់ជាង៣០០បាត ឬស្មើនឹង៤ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ក្រោយសន្សំពីការចំណាយប្រចាំថ្ងៃ និងផ្ញើទៅអ្នកផ្ទះ ប្តីប្រពន្ធទាំងពីរនាក់សល់លុយប្រមាណជា២ម៉ឺនបាត ឬស្មើនឹង៦០០ដុល្លារក្នុងមួយខែដើម្បីសង់ផ្ទះមួយនៅស្រុកកំណើត។
លោកយ៉េនបានរៀបរាប់ថា ការចេញទៅធ្វើជាពលករចំណាកស្រុក មិនមែនងាយស្រួលដូចការធ្វើការងារក្នុងប្រទេសទេ។ លោកចង់ឲ្យកម្ពុជាមានទីផ្សារកសិកម្មគ្រប់គ្រាន់ និងអាចរកចំណូលបានប្រហាក់ប្រហែលនឹងនៅប្រទេសថៃ ដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ដូច្នេះលោកនឹងមិនចាកចោលស្រុកកំណើត បែកពីកូនតូចៗ រហូតត្រូវប្រឈមនឹងការអត់ការងារធ្វើក្រោយត្រឡប់មកពីចំណាកស្រុកវិញនោះទេ។
លោក យ៉េន និងភរិយាបានសម្រេចត្រឡប់មកស្រុកកំណើតវិញ ទាំងមិនមានការងារធ្វើ និងមិនមានសល់ប្រាក់ដើម្បីអាចប្រកបរបរនៅស្រុកកំណើតបាន ដោយសារតែមិនមានអ្នកមើលថែកូនទាំងពីរនាក់របស់លោក ដែលទើបមានអាយុ១០ឆ្នាំ និង៨ឆ្នាំ។
លោកបញ្ជាក់ថា៖
«អត់ដឹងធ្វើអីទេឥឡូវនេះ! វាអស់លុយហើយ ដឹងធ្វើអីកើត? ហើយបើយើងប្រកបមុខរបរធ្វើស្រែ សព្វថ្ងៃក៏មេឃរាំង មិនដឹងថា ធ្វើអីកើត! ការងារក៏វាគ្មានធ្វើសូម្បីតែចិញ្ចឹមត្រីហ្នឹង ក៏គ្មានទីផ្សារដែរ។ បើមាន់ ទាគ្រាន់»។
លោកយ៉េនថ្លែងរៀបរាប់ពីផលលំបាកដោយសារគ្មានទីផ្សារកសិកម្មថា៖
«ម្តាយក្មេកខ្ញុំអ្នកចិញ្ចឹមត្រីនៅពេញស្រះ។ វាមិនមែនថា អត់ទេ តែវាថោក មួយគីឡូ៤-៥ពាន់រៀល ម៉េចនឹងរួចខ្លួនទៅ? វាមានតែត្រីពីបរទេសមកវិញ។ អាត្រីក្នុងស្រុក គេមិនសូវត្រូវការ»។
ចលនាចំណាកស្រុកចេញពីកម្ពុជាចាប់ផ្តើមកើតមានច្រើនតាំងពីឆ្នាំ២០០៥មក ដោយសារប្រជាពលរដ្ឋត្រូវប្រឈមនឹងភាពក្រីក្រ។ ភាពក្រីក្រដែលពួកគេបាននឹងកំពុងប្រឈមក្នុងប្រទេស ដែលទើបបញ្ចប់សង្រ្គាមជាង២០ឆ្នាំនេះ គឺបណ្តាលមកពីកង្វះខាតដីធ្វើស្រែចម្ការ គ្មានទីផ្សារការងារ គ្មានទីផ្សារកសិកម្ម សមាជិកគ្រួសារមានជំងឺ ជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុជាដើម។ មូលហេតុមួយទៀតដែលកំពុងត្រូវបានលើកយកមកជជែកដែរនោះ គឺកូនៗដែលពេញវ័យធ្វើការ តែងទទូចសុំឪពុកម្តាយដើម្បីចេញទៅធ្វើការនៅឆ្ងាយ ដោយសារពួកគេចង់មានសេរីភាពដើរហើរផ្សេងៗ។ អ្នកធ្វើចំណាកស្រុកទៅក្រៅប្រទេសតែងសង្ឃឹមថា នឹងទទួលបានប្រាក់ចំណូលច្រើនជាងការធ្វើចំណាកស្រុកនៅក្នុងប្រទេស។ ចំណែកប្រទេសដែលទទួលយកកម្លាំងពលកម្មចំណាកស្រុកខ្មែរមានដូចជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េ និងប្រទេសដទៃៗទៀត។
ការធ្វើចំណាកស្រុករបស់ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសធ្វើឡើងទាំងស្របច្បាប់ និងខុសច្បាប់។ ការធ្វើដោយស្របច្បាប់គឺធ្វើឡើងតាមរយៈការបញ្ជូនចេញរបស់ក្រសួងការងារកម្ពុជា តាមរយៈក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវ ហើយការចេញទៀតសោត គឺមានឯកសារនៃការធ្វើលិខិតឆ្លងដែន កិច្ចសន្យាការងារជាដើម។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បង្ហាញថា រដ្ឋាភិបាលកម្ពុជាបានផ្តល់សេវាស្វែងរកការងារធ្វើនៅក្រៅប្រទេសសម្រាប់ពលរដ្ឋចំនួនជាង១,២លាននាក់។
រដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងពី១៥៣ដុល្លារកាលពីឆ្នាំ២០១៧ដល់ចំនួន១៧០ដុល្លារ នៅឆ្នាំ២០១៨។ បើទោះជារដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលគោលជារៀងរាល់ឆ្នាំក្តី ប៉ុន្តែគេឃើញថា ថ្លៃឈ្នួលផ្ទះក៏ដួចជាតម្លៃទំនិញផ្សេងៗលើទីផ្សារ ក៏តែងកើនឡើងរាល់ពេលទៅតាមនោះដែរ។
ពលករម្នាក់ទៀតដែលចាកចេញពីស្រុកកំណើតឯខេត្តកំពង់ចាម កាលពីដើមឆ្នាំ២០១៤ និងកំពុងធ្វើការនៅរោងចក្រនៅឯខេត្តសាមុតប្រាកាន ប្រទេសថៃ កញ្ញាសុខ ហេងរៀបរាប់ថា បន្ទាប់ពីធ្វើការរោងចក្រនៅកម្ពុជាទទួលបានប្រាក់ឈ្នួលទាប កញ្ញាបានសម្រេចចិត្តចាកចេញពីកម្ពុជាដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ ទទួលបានចំណូលមួយទ្វេជាពីរ បើធៀបនឹងចំណូលនៅកម្ពុជា។ ហើយលក្ខខណ្ឌការងារនៅប្រទេសថៃក៏មានភាពប្រសើរជាងលក្ខខណ្ឌការងារនៅតាមរោងចក្រដែលកញ្ញាធ្លាប់បានធ្វើនៅកម្ពុជាផងដែរ។
អង្គុយក្នុងបន្ទប់ជួលទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ នាងសុខ ហេងបានប្រាប់ VOA តាមរយៈ Video Call ថា៖
«វាមិនសូវបានកម្រៃច្រើន ហើយណាមួយផ្គត់ផ្គង់គ្រួសារយើងវាមិនសូវគ្រប់គ្រាន់ទេ។ ណាមួយយើងស៊ីចាយស៊ីអី បើសិនជាយើងធ្វើការនៅភ្នំពេញ បើសិនជាប្រាក់ខែដំឡើងថ្លៃបន្តិច ផ្ទះជួលក៏ឡើងថ្លៃដែរ»។
កញ្ញារៀបរាប់ពីភាពខុសគ្នារវាងការធ្វើការនៅកម្ពុជា និងនៅប្រទេសថៃយ៉ាងដូច្នេះ៖
«បើនៅស្រុកថៃគ្មានទេ។ គេគ្មានឡើងថ្លៃអីតាមប្រាក់ខែយើងទេ។ និយាយរួមនៅទីនេះ (ប្រទេសថៃ) មួយឆ្នាំគេឡើងឲ្យយើងប៉ុន្មានៗអីចឹង ផ្ទះជួលផ្ទះអីធម្មតា មិនមែនដូចស្រុកខ្មែរយើង គ្រាន់តែឮប្រាក់ខែឡើង ថ្លៃផ្ទះឡើងមុនបាត់ទៅហើយ»។
ពលការិនីរោងចក្រវ័យ៣២ឆ្នាំរូបនេះបន្ថែមថា បើទោះបីជាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារនៅប្រទេសថៃមានភាពប្រសើរជាងនៅកម្ពុជាក្តី ប៉ុន្តែកញ្ញាថា កញ្ញាមិនដែលចង់ចាកចេញពីស្រុកកំណើតមកធ្វើការងារដាច់សង្វែងឯប្រទេសក្រៅនោះទេ។ កញ្ញានឹងត្រឡប់មកធ្វើការនៅកម្ពុជាវិញ ប្រសិនបើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រហាក់ប្រហែលនឹងនៅប្រទេសថៃ។
ទាំងមិនទាន់ដឹងពីការងារដែលកញ្ញាត្រូវធ្វើពេលត្រឡប់មកកម្ពុជាវិញនោះ កញ្ញាបន្ថែមយ៉ាងដូច្នេះ៖
«ហត់នឿយ នឹកផ្ទះ នឹកម៉ែនឹកឳ។ ធម្មតាទេ យើងនៅស្រុកគេ វាមិនដូចនៅស្រុកយើងទេ យើងនៅឆ្ងាយពីគ្រួសារអីចឹង។ យើងនៅជាមួយម៉ែឳយើងវាមានភាពកក់ក្តៅ បើទោះអត់ឃ្លានមានស៊ី ក៏យើងមានក្តីសុខដែរ។ តែធ្វើម៉េច បើត្រូវអីចឹងហើយ។ បើយើងនៅផ្ទះក៏វាពិបាក វារកអីមិនបានអីចឹង»។
ខណៈដែលកម្លាំងពលកម្ម និងទីផ្សារការងារនៅកម្ពុជាមានតម្លៃថោក កា រធ្វើចំណាកស្រុកមានការទទួលស្គាល់ថា បានផ្តល់ប្រយោជន៍មួយចំនួន ជាពិសេសចំណូលទៅដល់ប្រជាពលរដ្ឋ បើទោះបីជាភាគច្រើនបំផុតនៃពលករធ្វើចំណាកស្រុកទៅក្រៅប្រទេសគឺត្រូវធ្វើការជាកម្មករតូចតាចដែលគ្មានជំនាញក្តី។ បើទោះជាពលករកម្ពុជាមួយចំនួនដែលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសវិញ មិនអាចរកការងារធ្វើដូចនៅប្រទេសក្រៅទាំងនោះក្តី ប៉ុន្តែមួយចំនួននៅសល់ប្រាក់ដើម្បីអាចប្រកបរបរចិញ្ចឹមជីវិត ដោយខ្លួនឯងបាន។
លោកយន ចំណាប់ អតីតពលករធ្វើការនៅប្រទេសកូរ៉េ ដែលកំពុងប្រកបរបរបើករថយន្តតាក់ស៊ី លើកឡើងថា កង្វះទីផ្សារការងារជាមូលហេតុដែលនាំឲ្យលោកសម្រចចិត្តចាកចេញពីកម្ពុជាទៅធ្វើជាពលករនៅប្រទេសកូរ៉េ។ លោកបន្ថែមថា មុនពេលដែលលោកសម្រេចចិត្តចាកចេញពីកម្ពុជាទៅធ្វើជាពលករនៅក្រៅប្រទេស កាលពីឆ្នាំ២០១៣ លោកបានរៀបចំផែនការទុកជាមុន និងបានស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងការធ្វើការ និងការរស់នៅទីនោះ។
បុរសវ័យ៣០ឆ្នាំប្លាយរូបនេះបន្ថែមថា ការកំណត់គោលដៅទុកជាមុន បានធ្វើឲ្យលោកត្រឡប់មកវិញនូវប្រាក់មួយចំនួន ដែលអាចឲ្យលោកប្រកបរបរខ្លួនឯងបាន បើទោះជាកម្ពុជាមិនមានទីផ្សារការងារដូចការងារដែលលោកធ្លាប់ធ្វើនៅប្រទេសកូរ៉េក៏ដោយ។
បុរសដែលមានរថយន្ត Highlander សម្រាប់បើកតាក់ស៊ីរូបនេះបញ្ជាក់ថា៖ «សម្រាប់ពេលយើងចប់អាណត្តិមកខ្មែរ យើងត្រូវធ្វើអី? យើងសល់លុយប៉ុន្មាន? យើងបែកចែក គ្រប់គ្រងលុយឲ្យបានច្បាស់លាស់។ បើមិនអីចឹងទេ យើងទៅដល់កូរ៉េ យើងភ្លេចខ្លួនថា យើងជាពលករ។ យើងបែរជាច្រឡំខ្លួនយើងជាជនជាតិកូរ៉េ។ អីចឹងទៅយើងចាយលុយខ្ជះខ្ជាយ ព្រោះគិតថា ប្រាក់ខែពាន់ៗ។ អីចឹងវាអាចមានហានិភ័យខ្លាំង នៅពេលគាត់ចប់អាណត្តិមកខ្មែរវិញ កង្វះការងារ លុយកាក់មិនគ្រប់គ្រាន់ ជីវភាពគាត់មកដល់ណេះធ្លាក់ចុះ ហើយមកដល់ណេះគាត់តាមគ្នីគ្នា ហើយសង្គមចាយលុយច្រើន។ វាមានហានិភ័យសម្រាប់គាត់»។
បើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីហានិភ័យ និងការលើកទឹកចិត្ត៖លទ្ធផលនៃការធ្វើទេសន្តរប្រវេសន៍ការងារនៅតំបន់អាស៊ីអាគ្នេយ៍ ចេញនៅឆ្នាំ២០១៧នេះបង្ហាញថា ពលករកម្ពុជាដែលធ្វើការក្រៅប្រទេសស្ទើរតែទាំងអស់បានផ្ទេរប្រាក់ត្រឡប់មកផ្ទះវិញជាមធ្យមចំនួន១៦៣ដុល្លារពីប្រទេសថៃ និង១៣៧ដុល្លារពីប្រទេសម៉ាឡេស៊ី។
ការចំណាកស្រុកទៅធ្វើជាពលករនៅបរទេសត្រូវបានអ្នកជំនាញលើកឡើងថា ពួកគេអាចទទួលបានប្រយោជន៍រយៈពេលខ្លី និងត្រូវប្រឈមច្រើន ជាពិសេសការធ្វើចំណាកស្រុកទៅក្រៅប្រទេស ដោយមិនបានទទួលព័ត៌មានគ្រប់គ្រាន់។ពលករដែលធ្វើចំណាកស្រុកភាគច្រើននឹងត្រូវប្រឈមនឹងការគ្មានការងារធ្វើ នៅពេលដែលពួកគេត្រឡប់មកប្រទេសកំណើតវិញ ដោយសារនៅប្រទេសកំណើតមិនមានការងារល្អដូចការងារដែលពលករធ្វើនៅប្រទេសដែលពួកគេចំណាកស្រុកទាំងនោះ និងមិនមានទីផ្សារការងារគ្រប់គ្រាន់សម្រាប់ពួកគេ។ កត្តានេះបានធ្វើឲ្យមានការបារម្ភថា ក្នុងពេលអនាគត កំណើននៃអត្រាគ្មានការងារធ្វើនៅកម្ពុជានឹងកើនឡើងខ្លាំង ពិសេសនៅពេលដែលពលកររាប់សែននាក់អាចនឹងត្រូវបញ្ជូនមកប្រទេសកំណើតវិញយ៉ាងគំហុក។
លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងការការពារពលករចំណាកស្រុក បានលើកឡើងថា ពលករកម្ពុជាប្រមាណជាជាង២លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស ដែលភាគច្រើនគឺជាកម្មករប្រើកម្លាំង និងទទួលបានកម្រៃទាប មានន័យថា មិនមែនជាកម្មករជំនាញ។ លោកបន្ថែមថា ពលករដែលធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស ដាច់ខាតត្រូវត្រឡប់មកកម្ពុជាវិញ ក្នុងពេលកំណត់ណាមួយ ដែលមិនអាចធ្វើការនៅប្រទេសក្រៅរហូតបាននោះទេ ដូច្នេះលោកថា នៅពេលដែលបរទេសឈប់ត្រូវការកម្លាំងពលកម្មពីកម្ពុជា នោះការបញ្ជូនពលករយ៉ាងគំហុកមកវិញនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ។
លោកមានប្រសាសន៍ថា៖
«យើងត្រូវទទួលរងនូវផលប៉ះពាល់ធំ ដោយសារទី១គឺថា មកអាចហ្នឹងអត់មានថវិកាក្នុងការសងបំណុលគេ ដោះបំណុលគេ។ ទី២អត់មានការងារធ្វើ។ បើកាលណាមនុស្សអត់ការងារធ្វើកាន់តែច្រើន តាមពិតអាហ្នឹងជាបន្ទុករបស់រដ្ឋ។ រដ្ឋដែលទទួលខុសត្រូវហ្នឹងគឺដោយសារពលរដ្ឋជាអ្នកបង់ពន្ធ។ អីចឹងរដ្ឋត្រូវតែគិតគូរពីប្រព័ន្ធគាំពារសង្គម […] គេធ្វើយ៉ាងម៉េចកុំឲ្យមនុស្សហ្នឹង កាលណាអត់មានចំណូលសោះទៅបែកគំនិតលួច ទៅជាបែកគំនិតប្រព្រឹត្តបទល្មើសណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ ឬក៏សន្តិសុខសង្គម»។
អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចេញរបាយការណ៍មួយកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ បង្ហាញថា មានពលករចំណាកស្រុកកម្ពុជា៨នាក់ក្នុងចំណោមពលករចំណាកស្រុក ១០នាក់ បានជួបការរំលោភបំពានសិទ្ធិការងារ ខណៈធ្វើការនៅបរទេស ហើយ ៧នាក់ក្នុងចំណោម១០នាក់បានទទួលរងបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តនៅពេលត្រឡប់មកវិញ។ ការសិក្សាដែលមានទ្រង់ទ្រាយធំនោះក៏បានបង្ហាញថា ពលករចំណាកស្រុកកម្ពុជាបានរាយការណ៍អំពីបទពិសោធន៍អាក្រក់បំផុតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ក្នុងនោះ ពលករពីកម្ពុជាគឺទំនងជាទទួលរងគ្រោះច្រើនជាងចំពោះការរំលោភបំពានសិទ្ធិការងារ និងមានបញ្ហាផ្លូវកាយ និងផ្លូវចិត្តខ្លាំងជាងប្រទេសដទៃៗ នៅពេលត្រឡប់មកវិញ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ភាគច្រើននៃពលករកម្ពុជាដែលធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស មិនមែនទៅធ្វើការដើម្បីបង្កើនសមត្ថភាព ឬជំនាញនោះទេ ប៉ុន្តែលោកថា ពួកគេធ្វើចំណាកស្រុកដើម្បីរកប្រាក់មកសង់ផ្ទះ និងដោះបំណុល។ លោកបន្ថែមថា ការធ្វើចំណាកស្រុករបស់ពលករពេញកម្លាំងបាននិងកំពុងធ្វើឲ្យមនុស្សចាស់ក្លាយជាអ្នកមើលថែក្មេងតូចៗ ខណៈក្មេងៗត្រូវបោះបង់ការសិក្សា ស្របពេលដែលទីផ្សារការងារ និងទីផ្សារកសិកម្មមិនមានការយកចិត្តទុកដាក់។
លោកង៉ែត ជូបន្ថែមថា ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់កាត់បន្ថយការធ្វើចំណាកស្រុក ហើយបង្កើនទីផ្សារការងារក្នុងស្រុកទេនោះ នោះបន្ទុករបស់រដ្ឋាភិបាលនឹងកើតមានយ៉ាងធ្ងន់ធ្ងរនាពេលអនាគត។
លោកបញ្ជាក់ថា៖
«ការធ្វើចំណាកស្រុក វាមានពីរប្រភេទ បើយើងចំណាកស្រុកជាកម្មករជំនាញ អាហ្នឹងជួយសេដ្ឋកិច្ចជាតិបានច្រើនណាស់។ ទី១គាត់ទៅបានកម្រៃខ្ពស់ទី២ត្រឡប់មកវិញ គាត់នាំជំនាញមកជួយកសាងប្រទេស។ ប៉ុន្តែកាលណាយើងធ្វើចំណាកស្រុកជាកម្លាំងពលកម្មសុទ្ធសាធ គាត់ត្រឡប់មកវិញជាបន្ទុករបស់ជាតិ ជាបន្ទុករបស់សង្គមទាំងមូល។ អីចឹងខ្ញុំមើលឃើញមិនថា វាជាផលចំណេញរយៈពេលវែងទេ។ ដូចខ្ញុំជម្រាបអីចឹង គឺជាការដោះទាល់រយៈពេលខ្លី»។
លោក ង៉ែត ជូបន្ថែមថា លោកមានការបារម្ភថា ការធ្វើចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើននឹងធ្វើឲ្យកម្ពុជាកាន់តែឃ្លាតឆ្ងាយពីការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមានការព្រួយបារម្ភណាស់កន្លែងហ្នឹង ពីព្រោះយើងនៅក្នុងបរិបទមួយ យើងកំពុងប្រកួតប្រជែងសេដ្ឋកិច្ចជាមួយគេ យើងផលិតអីក៏មិនសូវពូកែដូចគេ ហើយធនធានមនុស្សយើង យើងទៅជួយបំពេញសេចក្តីត្រូវការសេដ្ឋកិច្ចរបស់គេទៀត។ អីចឹងសួរថា ចំណុចណាទៅដែលយើងអាចទាញបានផលប្រយោជន៍ពីការប្រកួតប្រជែងហ្នឹង គឺដូចជាមានឱកាសតិចតួចបំផុតសម្រាប់យើង»។
បើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ពលករចំណាកស្រុកពីប្រទេសកម្ពុជាមានចំនួនត្រឹម៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានគេផ្តល់ការងារធ្វើស្របនឹងជំនាញដែលពួកគេមាន។ ពលករចំណាកស្រុកក្រៅប្រទេស ជាទូទៅត្រូវបានគេជ្រើសរើសដើម្បីបំពេញតម្រូវការសម្រាប់តែប្រភេទការងារដែលមានប្រាក់កម្រៃទាបនៅក្នុងឧស្សាហកម្មដែលប្រើកម្លាំងកាយច្រើនជាងជំនាញ ពីព្រោះពលករទាំងនោះត្រូវបានគេវាយតម្លៃថា មិនមានបទពិសោធន៍ ឬមិនមានការបណ្តុះបណ្តាលផ្លូវការ ដែលឆ្លើយតបទៅនឹងតម្រូវការជំនាញរបស់ពួកគេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានអះអាងថា ការលើកឡើងដែលថា ការធ្វើចំណាកស្រុកមានគុណវិបត្តិច្រើនជាងគុណសម្បត្តិជាការលើកឡើងដែលមិនបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ។ លោកបន្ថែមថា ការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស ធ្វើឲ្យពលករទទួលបានប្រាក់ចំណូលខ្ពស់ និងទទួលបានបទពិសោធន៍ការងារថ្មីៗ ស្របពេលដែលរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយក្នុងការការពារពលករដែលកំពុងតែធ្វើការនៅក្រៅប្រទេស និងក្រោយពេលពួកគេត្រឡប់មកកម្ពុជាវិញ។
លោកមានប្រសាសន៍ថា៖
«ទី១ យើងត្រូវមានប្រព័ន្ធគាំពារបងប្អូនពលករដែលកំពុងតែធ្វើការងារនៅក្រៅប្រទេសឲ្យបានល្អ នៅពេលដែលគាត់កំពុងធ្វើការងារនៅទីនោះដោយស្របច្បាប់។ ហើយទី២ ប្រសិនជាបងប្អូនវិលត្រឡប់មកប្រទេសកំណើតវិញ ទី១យើងត្រូវមានសេវាផ្តល់ព័ត៌មានដើម្បីឲ្យបងប្អូនពិចារណាថា តើមានការងារនៅក្នុងស្រុកណាខ្លះដែលបងប្អូនអាចធ្វើបាន ហើយទី២ នឹងរៀបចំឲ្យមានការទទួលស្គាល់ជំនាញដែលបងប្អូនបានធ្វើការនៅទីនោះ»។
តាមរបាយការណ៍របស់ក្រសួងការងារកម្ពុជា ពលករខ្មែរប្រមាណ១លាន៧ម៉ឺននាក់ បានស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសថៃ ហើយបានទទួលឯកសារស្របច្បាប់នៅតាមបណ្ដារោងចក្រ សហគ្រាស លើវិស័យសំណង់ នេសាទ និងកសិកម្ម និងត្រូវបានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ចុះបំពេញបេសកកម្មការងារផ្ដល់ភាពស្របច្បាប់ជូនពួកគេដល់ប្រទេសថៃ។
ទន្ទឹមនឹងនេះ មានពលករខ្មែរចំណាកស្រុកមួយចំនួនទៀតនៅតែបន្តចូលទៅធ្វើការងារក្នុងប្រទេសថៃដោយខុសច្បាប់តាមរយៈមេខ្យល់ ដែលបង្កឲ្យមានការព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ពីភាគីថៃ។
កន្លងទៅ អាជ្ញាធរបានជួយសង្គ្រោះពលរដ្ឋខ្មែរនៅក្រៅប្រទេសជិត១ពាន់នាក់មកពីបណ្ដាប្រទេសចំនួន៩ឲ្យវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេជួបការរំលោភសិទ្ធិ និងការលំបាកនៅកន្លែងធ្វើការ។ ភាគច្រើននៃពលរដ្ឋរងគ្រោះទាំងនោះត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីមានចំនួនដល់ទៅ៣៨២នាក់ និងថៃ១៧១នាក់ ព្រមទាំងបណ្ដាប្រទេសនានានៅក្នុងតំបន់។
កាលពីខែមិថុនា ឆ្នាំ២០១៤ អាជ្ញាធរថៃបានបញ្ជូនពលករកម្ពុជាមកវិញចំនួនជាង៤ម៉ឺននាក់។ នៅដើមខែកក្កដាឆ្នាំ២០១៨នេះ ពលករកម្ពុជាប្រមាណជា១ពាន់នាក់ ដែលបានចូលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់នៅប្រទេសថៃក៏ត្រូវបានចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសបិទការផ្ដល់សុពលភាពឯកសារការងារ និងធ្វើដំណើរស្របច្បាប់សម្រាប់ពលករបរទេសទាំងអស់កាលពីចុងខែមិថុនា។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ដែលតែងចុះជួបពលករនៅក្រៅប្រទេសដោយផ្ទាល់បានបន្ថែមថា រដ្ឋាភិបាលគួរមានវិធានការទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋចេញទៅធ្វើការនៅក្រៅប្រទេស។ លោកបន្ថែមថា ការបង្កើនទីផ្សារការងារក្នុងស្រុកប្រកបដោយគុណភាពគឺអាចធ្វើតាមរយៈការកំណត់ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសមរម្យ ការបង្វែរពីការផ្តល់សម្បទានដីទៅក្រុមហ៊ុនជាការផ្តល់ដីសម្បទានទៅឲ្យពលរដ្ឋដើម្បីជំរុញវិស័យកសិកម្ម ជាដើម។
លោកបញ្ជាក់ថា៖
«បើកាលណាយើងធ្វើបែបហ្នឹងគឺថា យើងអាចជួយទប់ពលរដ្ឋយើងហ្នឹងឲ្យគាត់នៅមានមុខរបរ ហើយនិងការងារក្នុងស្រុកបាន ជួញជិតគឺវាល្អជាងជួញឆ្ងាយហើយតែបើសិនជាជួញជិតមិនអាចឲ្យគាត់រស់បានទេ អាហ្នឹងជាហេតុផលមួយដែលឲ្យគាត់សម្រេចចិត្តប្រថុយប្រថានជួញឆ្ងាយវិញ»។
របាយការណ៍លទ្ធផលនៃសន្និបាតបូកសរុបការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញកាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៨បង្ហាញថា រដ្ឋាភិបាលកម្ពុបានផ្តល់សេវាស្វែងរកការងារធ្វើនៅក្រៅប្រទេសដល់ពលរដ្ឋចំនួនជាង១,២លាននាក់។ ក្នុងចំណោមពលករទាំង១,២លាននាក់នោះ កម្ពុជាបានបញ្ជូនពលករទៅប្រទេសថៃចំនួនជាង១លាននាក់ កូរ៉េខាងត្បូងចំនួន៤ម៉ឺននាក់ ប្រទេសជប៉ុនចំនួន៦ពាន់នាក់ ម៉ាឡេស៊ីចំនួន៣ម៉ឺននាក់ ប្រទេសសិង្ហបុរីចំនួនជិត៥០០នាក់ និងតំបន់រដ្ឋបាលពិសេសហុងកុងបានចាប់ផ្ដើមទទួលពលការិនីចំនួន១៥នាក់។ របាយការណ៍ដដែលនោះក៏បានអះអាងថា ប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើសរុបចំនួន៩៩,៣%។
ចំណែកលោក យ៉េន ដែលកំពុងរស់នៅស្រុកកំណើតដោយមិនទាន់មានការងារធ្វើនិយាយថា៖
«ខ្ញុំចង់ឲ្យស្ថាប័នរដ្ឋយើងមានការងារធ្វើដូចស្រុកគេ ស្រុកគេមិនខ្វះការងារធ្វើ មិនបាច់ចាំទៅណាទេ ធ្វើតែក្នុងស្រុកហ្នឹង។ វ័យចំណាស់ណាក៏មានការងារធ្វើរហូតដល់រ៉ឺត្រែត (ចូលនិវត្តន៍) ស្រុកគេ។ ស្រុកយើងវាមិនមាន តែខ្ញុំចង់បានអីចឹង មិនបាច់ឲ្យប្រជាពលរដ្ឋយើងចំណាកស្រុកគ្រប់ប្រទេសអីចឹង»៕