ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រសួង​ឧស្សាហកម្ម​សង្ឃឹម​ថា​នឹង​ជំរុញ​ការ​បង្កើត​ថ្មី


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់រដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃ​សុក្រនេះ​ បាន​សម្រេច​ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ទៅ​ជា​ «ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍»​ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ដើរ​ទាន់​បដិវត្តន៍​ឧស្សាហកម្មទី​៤.០ និង​ពង្រីក​សក្តានុពល​របស់ខ្លួន​ ក្នុង​ការ​បង្កើត​ថ្មី។

ការ​សម្រេច​ឈ្មោះ​ប្តូរ​នេះ​ ធ្វើឡើង​ តាម​«សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និង​នវានុវត្តន៍» ដែល​ទទួល​បាន​ការ​អនុម័ត​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតី​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

ដំណាល​គ្នានោះ​ គណៈរដ្ឋមន្ត្រី​របស់​លោក​ ហ៊ុន សែន​ ក៏​បាន​ផ្តល់​សេចក្តី​យល់​ព្រម​ដល់​សេចក្តី​ព្រាង​អនុក្រឹត​ស្តីពី​ការរៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេក​វិទ្យា​ និង​នវានុវត្តន៍។

យោង​តាម​សេចក្តី​សង្ខេប​ព័ត៌មាន​ ដែល​បាន​សរសេរ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម ត្រូវ​បាន​អនុញ្ញាត​ជាគោលការណ៍​ឲ្យ​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​អភិវឌ្ឍ ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា ស្រប​ទៅ​តាម​បរិបទ​នៃ​បច្ចេកវិទ្យា​ វិទ្យាសាស្រ្ត​ ក៏​ដូច​ជា​របកគំហើញ​ដែល​កំពុង​វិវត្តន៍​ទៅ​យ៉ាង​ឆាប់​រហ័ស​ មាន​ជា​លក្ខណៈ​សាកល។

ការ​ផ្លាស់​ប្តូរនេះ​នឹង​ «ធ្វើ​ឲ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្រ្ត​ បច្ចេក​វិទ្យា និង​របក​គំហើញ​ផ្សេងៗ​ ឬ​នវានុវត្តន៍​ របស់​កម្ពុជា​ទទួល​បាន​ប្រសិទ្ធភាព​ និង​ពង្រីក​សក្តានុពល​ទូលំ​ទូលាយ​ក្នុង​យុគ​សម័យ​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ព្រម​ទាំង​ជំរុញ​ និង​ទាក់ទាញ​វិស័យ​វិទ្យាសាស្ត្រ​ឲ្យ​មាន​ការ​រីកចម្រើន និង​ជំរុញ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ ស្រប​តាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤.០»។

ឧស្សាហកម្ម​ជំនាន់ទី​៤.០ ​សំដៅ​ទៅដល់​ ការបង្កើត​បញ្ញានិម្មិត​ ដែលបំពាក់​នៅ​លើ​យានយន្ត​ និង​ឧបករណ៍​ភ្ជាប់បណ្តាញ​អ៊ីនធឺណិត​ មក​ភ្ជាប់​ជាមួយ​សកម្មភាព​រស់​នៅ​របស់​មនុស្ស ដូចជា​ការ​ប្រើ​ប្រាស់​សំឡេង​ ដើម្បី​បញ្ជា​ឲ្យ​មាន​ចលនា​ណាមួយ​ ការ​កំណត់​អត្តសញ្ញាណ​ដោយ​ផ្ទៃមុខ​ ឬ​ក៏​ឧបករណ៍​ចាប់​សញ្ញា​ក្នុង​វិស័យ​សុខាភិបាល​ជាដើម។

VOA មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​និង​លោក​អ៊ុំ សុថា​ អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្មបាន​ទេ។

ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ​ត្រូវ​បាន​បំបែក​ចេញ​ពីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដោយ​មាន​រដ្ឋមន្ត្រី​លោក​ ចម ប្រសិទ្ធ​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ ក្រោយ​ការ​បំបែក​ក្រសួង​នេះ​មក​ លោក​ស៊ុយ សែម​ អតីត​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​ បាន​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ​ដែល​ស្ថិត​នៅ​តាម​បណ្តាយ​ផ្លូវ​ប៉ាស្ទ័រ(៥១) ​ ចំណែក​លោក​ចម ប្រសិទ្ធ​ បាន​បន្ត​គ្រប់​គ្រង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម។

យោង​តាម​ព័ត៌មាន​សង្ខេប​ដែល​បាន​សរសេរ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក ​ផៃ ស៊ីផាន​ មានការ​ពិគ្រោះ​យោបល់​ ពិភាក្សា​ លើ​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ដែល​ទើបបាន​ប្តូរ​ឈ្មោះ​ថ្មី​នេះ​ ពី​សំណាក់​ក្រសួង​ពាក់​ព័ន្ធ​ចំនួន​១៥។

​រដ្ឋសភា​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ថា​នឹង​ទទួល​យក​ការ​ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែនបាន​ផ្តល់​សេចក្តី​យល់​ព្រម​ដល់​ឈ្មោះក្រសួង​ថ្មី។

ដោយ​ឡែក​ កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃសុក្រ​ដដែលនេះ​ បាន​អនុម័ត​គម្រោង​សាងសង់​ទីកន្លែង​ផលិត​ថាមពល​មួយ​ចំនួន​ រួមមាន​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម កម្លាំង​២៦៥មេហ្គាវ៉ាត់ នៅ​ស្រុក​ត្រពាំងប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ​ គម្រោង​អភិវឌ្ឍន៍​បណ្ដាញ​បញ្ជូន​២៣០គី​ឡូវ៉ុលពី​រោង​ចក្រ​អគ្គិសនីធ្យូង​ថ្ម​ខេត្ត​ឧត្តរមានជ័យ មក​អនុស្ថានីយ​សៀមរាប​ និង​គម្រោងអភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​កម្លាំង​៧០០មេហ្គាវ៉ាត់​ នៅ​ស្រុក​បទុមសាគរ ខេត្តកោះកុង និង​ការ​អនុវត្ត​បន្ត​ទៀត៕

XS
SM
MD
LG