ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ Baowu Group​ ផលិត​ដែក​ថែប​ចិន​គ្រោង​ប្តូរ​ទីតាំង​ទៅ​ប្រទេស​កម្ពុជា


រូបភាព​ឯកសារ៖ មនុស្សម្នា​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​បច្ចេកវិទ្យា​មួយ​នៅ​ក្នុង​ប្រទេស​ចិន។
រូបភាព​ឯកសារ៖ មនុស្សម្នា​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​បច្ចេកវិទ្យា​មួយ​នៅ​ក្នុង​ប្រទេស​ចិន។

ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុមហ៊ុន ​Baowu Group​ ផលិត​ដែក​ថែប​កំពូល​របស់​ប្រទេសចិនបាន​ឲ្យ​ដឹង​ថា ​ ក្រុមហ៊ុន ​កំពុង​សិក្សា​ផែន​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោង​ចក្រ​របស់ខ្លួន​ចេញ​ពី​តំបន់​ Xinjiang​ ទៅ​ប្រទេស​កម្ពុជា​ដែល​ជា​គំរូ​នៃ​ការ​ផ្លាស់ប្តូរ​ទីតាំង​ឧស្សាហ​កម្ម​ធុន​ធ្ងន់​របស់​ប្រទេស​ចិន​ទៅ​ក្រៅ​ប្រទេស។

ការ​ផ្លាស់​ប្តូរ​ ដែល​នឹង​បង្កើត​ផលិតកម្ម​របស់​ក្រុមហ៊ុន​ Baowu ​នៅក្រៅ​ប្រទេស​ដំបូង​គេ​នេះ​ បង្ហាញ​ថា ​ក្រុមហ៊ុន​ផលិត​ដែក​ថែប​របស់​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រក្សា​លំនឹង​កម្រិត​ផលិតកម្ម បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុងប៉េកាំង​បានជំរុញ​ការ​កាត់​បន្ថយ​ឧស្សាហកម្ម​នៅ​ចិន​ដី​គោក​ក្តី។

ក្រុមហ៊ុន ​Baowu ​កំពុង​ពិនិត្យលទ្ធភាព​នៃ​ការ​ដឹកគ្រឿង​ចក្រ​ពីរ​គ្រឿង​ដែល​មាន​សមត្ថភាព​ផលិតរួម​បញ្ចូល​គ្នា​ចំនួន ​៣,១​លាន​តោន ​រួមជា​មួយ​នឹង​ម៉ាស៊ីន​ច្នៃដែក​ថែប​យក​ទៅប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ ​២០១៩។​ ប្រភព​នេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​លោកមិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

ក្រុមហ៊ុន​ Baowu ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​អ៊ីម៉ែល​ដែល​សុំ​ការ​បញ្ជាក់​ទេ។ ​

ប្រទេស​ចិន​បាន​បិទ​រោងចក្រ​មាន​លទ្ធភាព​ផលិត​ដែកថែប​១៥០​លាន​តោន​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ​ ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ទំនើបកម្ម​សេដ្ឋកិច្ច​របស់ខ្លួន ​ប៉ុន្តែ​ប្រទេស​ចិន​នៅ​តែ​មាន​ផលិត​កម្មដែក​ថែប​ស្មើ​ពាក់​កណ្តាល​នៃ​ផលិត​ផល​ដែក​ថែប​ពិភពលោក​គឺស្មើ​នឹង​៩៨០​លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ​

រោងចក្រ​របស់ក្រុម​ហ៊ុន​ Baowu ​នេះ​ដែល​គ្រោង​ផ្ទេរទីតាំង​នេះមាន​មូលដ្ឋាន​នៅ ក្រុង​ Aksu ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​ នៅ​ចម្ងាយ​ប្រហែល​ ៤០០០ ​គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ។ រោងចក្រនេះ​បាន​បិទ​កាលពី​ឆ្នាំ​ ២០១៧៕

XS
SM
MD
LG