ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈកម្ពុជាអាចរងឥទ្ធិពលកាំរស្មីព្រះអាទិត្យUVកម្រិតខ្ពស់ខ្លាំង ដែលអាចប៉ះពាល់ភ្នែក និងស្បែក ប្រសិនបើស្ថិតនៅក្រោមកម្តៅថ្ងៃយូរក្នុងពេលក្តៅខ្លាំង។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៧ ខែសីហា ឲ្យដឹងថាការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក(WMO)បានបង្ហាញថានៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែសីហា នឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យUV ដែលមានសន្ទទស្សន៍កើនឡើងដល់កម្រិត១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន នៅចន្លោះម៉ោង១០ព្រឹកដល់ម៉ោង២រសៀល។
ក្រសួងធនធានទឹកបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា៖ «ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យUVនេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្សសត្វ និងរុក្ខជាតិ»។
ក្រសួងបានអំពាវនាវដល់សាធារណជនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើនេះ។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថាតើមនុស្សអាចរងផលប៉ះពាល់យ៉ាងដូចម្តេច និងគួរមានការពារបែបណាទេ ដោយក្រសួងគ្រាន់តែបញ្ជាក់ថាប្រសិនបើនៅខាងក្រៅស្វែងរកម្លប់ជ្រក ស្លៀកសម្លៀកបំពាក់វែង ពាក់ស្រោមដៃការពារកម្តៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីUV។ ប្រជាពលរដ្ឋក៏គួរលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ មួយម៉ោងកន្លះម្តង សូម្បីតែពេលមានពពក និងក្រោយពេលហែលទឹក ឬបែកញើស។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានទេនៅថ្ងៃពុធនេះ។
ឯកសារដែលផ្តល់ដោយក្រសួងបរិស្ថានស្តីពីសន្ទស្សន៍កាំរស្មីពណ៌ស្វាយ(UV)ពីព្រះអាទិត្យដែលមាន ឬមិនមានគ្រោះថ្នាក់ បង្ហាញថាសន្ទស្សន៍កាំរស្មីបែងចែកជា៥កម្រិត គឺកម្រិតទាប មធ្យម ខ្ពស់ ខ្ពស់ខ្លាំង និងខ្ពស់ខ្លាំងបផុត។ កម្រិតទាបមានសន្ទស្សន៍កាំរស្មីUVពី០ទៅ២ ដែលមានគ្រោះថ្នាក់ទាបសម្រាប់មនុស្សទូទៅ។ កម្រិតទាបនេះ ប្រជាពលរដ្ឋគួរពាក់ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ។ កម្រិតមធ្យម សន្ទស្សន៍កាំរស្មីUVពី៣ទៅ៥ដែលមានហានិភ័យកម្រិតមធ្យម។
ចំណែកកម្រិតខ្ពស់ខ្លាំងមានសន្ទស្សន៍កាំរស្មីUVពី៨ទៅ១០ ដែលមានហានិភ័យខ្ពស់ពេលដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងការពារបន្ថែមចំពោះស្បែកនិងភ្នែក។ ប្រជាពលរដ្ឋក៏ត្រូវកាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យចន្លោះពីម៉ោង១០ទៅ៤រសៀល។
ប្រសិនបើនៅខាងក្រៅស្វែងរកម្លប់ជ្រក ស្លៀកសម្លៀកបំពាក់វែង ពាក់ស្រោមដៃការពារកម្តៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីUV។ ប្រជាពលរដ្ឋក៏គួរលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ មួយម៉ោងកន្លះម្តង សូម្បីតែពេលមានពពក និងក្រោយពេលហែលទឹក ឬបែកញើស។ នេះបើយោងតាមឯកសារដែលផ្តល់ដោយក្រសួងបរិស្ថាន៕