សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលទើបត្រូវបានដោះលែងក្រោយអនុវត្តទោសក្នុងពន្ធនាគារគ្រប់អាជ្ញាយុកាល ចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីសួរចម្លើយពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ដីកាបង្គាប់របស់លោក លាង សំណាត់ ចៅក្រមស៊ើប ចេញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី២៣ ខែសីហា បានព្រមានដោយមិនចំឈ្មោះ តែសំដៅលើលោក គឹម សុខថា នឹងចាប់អ្នកទើបចេញពីពន្ធនាគារដាក់ឃុំម្តងទៀត ប្រសិនបើបន្តនិយាយធ្វើឲ្យប៉ះពាល់ដល់អ្វីដែលលោកហ៊ុន សែន ហៅថា ជាការនិយាយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
យោងតាមដីកាបង្គាប់ឲ្យចូលខ្លួននោះ លោក លាង សំណាត់បានហៅលោក គឹម សុខឲ្យចូលតុលាការដើម្បីសួរចម្លើយពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ប៉ុន្តែមិនបានបញ្ជាក់ថា ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍នរណានោះទេ។
លោក លាង សំណាត់បញ្ជាក់ក្នុងដីកាតាមន័យដើមយ៉ាងដូច្នេះ៖
«បង្គាប់មកឈ្មោះគឹម សុខ[…]ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់«ឈ»ជាន់ទី៤ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ មកសាកសួរយកចម្លើយពីដំណើររឿង៖ បរិហាកេរ្ដិ៍ជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ សាម៉ីខ្លួនត្រូវយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងនេះមកជាមួយផង ប្រសិនបើមាន។ ក្នុងករណីមិនចូលខ្លួនតាមការកំណត់ខាងលើនេះទេ យើងនឹងចេញដីកាបញ្ជាឲ្យនាំខ្លួន»។
លោក គឹម សុខ អ្នកវិភាគ ដែលតែងរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ និងកំពុងរងការព្រមានជាបន្តបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីកម្ពុជាដ៏មានឥទ្ធិពល បានប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបាននិងកំពុងអនុវត្តផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការព្យាយាមកម្ចាត់លោកដោយប្រើប្រព័ន្ធតុលាការ ខណៈលោកប្រើប្រាស់សិទ្ធិបញ្ចេញមតិដូចពលរដ្ឋជាទូទៅ។
លោកបញ្ជាក់ថា៖
«ខ្ញុំតែងតែសួរថា សេរីភាពនៅកម្ពុជាយើង ជាពិសេសខ្ញុំហ្នឹង មុននឹងនិយាយ ឬក៏និយាយហើយ ត្រូវបង់លុយសិនទេ ទើបអាចនិយាយបន្តទៀតបាន? មួយទៀត ខ្ញុំមើលឃើញថា មើលទៅជាក់ស្តែងលោកហ៊ុន សែនដូចជាខ្លាំងតែពីរចំណុច ចំណុចទី១ ដើម្បីឈ្នះគាត់ប្រើគ្រប់ឧបាយកល ទោះបីអ្នកណាវិនាសក៏ដោយ។ ចំណុចទី២ ដើម្បីគ្រាន់តែឈ្នះបានអំណាចរបស់ខ្លួនហ្នឹង គឺថា ឧបាយកលបែបណាក៏ដោយ គាត់ប្រើដោយមិនចេះអៀនខ្មាស»។
លោក គឹម សុខបន្ថែមថា លោក និងកូនស្រីទើបតែចាកចេញពីប្រទេសកម្ពុជា ក្រោយរងការព្រមានដល់សុវត្ថិភាពជាបន្តបន្ទាប់។ លោកបញ្ជាក់ថា ការចាកចេញរបស់លោកគឺដោយសារបារម្ភពីសុវត្ថិភាពរបស់កូនស្រី មិនមែនដោយសារការខ្លាចចាប់ដាក់ពន្ធនាគារម្តងទៀតនោះទេ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានទេ រហូតដល់ល្ងាចថ្ងៃច័ន្ទនេះ។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោកគឹម សុខត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាដែលជាដើមបណ្តឹងចំនួន៨០០លានរៀល ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការថ្លែងថា គណបក្សប្រជាជនកម្ពុជាស្ថិតនៅពីក្រោយការស្លាប់របស់លោកបណ្ឌិតកែម ឡី។
ក្រោយការអនុវត្តទោសចប់ លោកគឹម សុខត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព កាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨។ ក្រោយចេញពីពន្ធនាគារ អ្នកវិភាគរូបនេះនៅបន្តរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែន ជាបន្តបន្ទាប់។ តួយ៉ាងលោកបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ព្រមទាំងបានបង្ហោះសារផ្សេងៗមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹង «ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»ដែលផ្តើមបង្កើតដោយលោកហ៊ុន សែនរវាងរដ្ឋាភិបាល និងគណបក្សមិនទទួលបានអាសនៈសភាចំនួន១៥ ព្រមទាំងបានរិះគន់ថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់«នីតិមាត់»ក្នុងការអនុវត្តច្បាប់នៅកម្ពុជា។
ក្រៅពីការព្រមានចាប់ដាក់ពន្ធនាគារលើករណីនោះ លោកហ៊ុន សែនកាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨នេះ ក៏បានព្រមានខ្លាំងៗម្តងទៀតថា នឹងប្តឹងលោកគឹម សុខដាក់ពន្ធនាគារវិញ ប្រសិនបើលោកគឹម សុខមិនសងប្រាក់សំណង ៨០០លានរៀល ស្មើនឹងប្រមាណជា២០ម៉ឺនដុល្លារ ឲ្យគណបក្សប្រជាជនកម្ពុជាលើបណ្តឹងកន្លងទៅទេនោះ៕