ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលចំនួន៥រួមមាន អង្គការស្តារកម្ពុជា អង្គការ World Vision និងអង្គការ Care ជាដើម នាព្រឹកថ្ងៃច័ន្ទនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយស្ដីពីផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីពង្រឹងទំនាក់ទំនងរវាងពលរដ្ឋជាអ្នកទទួលសេវា និងមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន ដែលជាអ្នកផ្ដល់សេវាសាធារណៈ។
តំណាងមន្ត្រីសង្គមស៊ីវិល លើកឡើងថា ទម្លាប់ពឹងផ្អែកលើការសម្រេចចិត្តពីថ្នាក់ដឹកនាំ ឬមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងការមិនផ្ដល់អាទិភាពហិរញ្ញវត្ថុដល់ផ្នែកសេវាសាធារណៈ គឺជាបញ្ហាចម្បងៗជុំវិញគណនេយ្យភាពសង្គមនៅកម្ពុជា។
លោក សឿង សារឿន នាយកប្រតិបត្តិរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មានប្រសាសន៍ថា៖
«ដោយសារទម្លាប់មន្ត្រីមូលដ្ឋានគាត់ពឹងផ្អែកលើការសម្រេចចិត្តពីអ្នកខាងលើ។ ជាធម្មតាឲ្យមានតួនាទី មានសកម្មភាពក៏ត្រូវការកញ្ចប់ថវិកាដែរ ហើយយើងឃើញកញ្ចប់ថវិកា នៅមានការផ្គត់ផ្គង់រឿងយឺតយ៉ាវ ឬមិនគ្រប់ជ្រុងជ្រោយ។ ភាគច្រើនថវិកាផ្ដល់ជូនឃុំ ហ្នឹងផ្ដោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធច្រើនជាងសេវាសង្គម»។
លោក សឿង សារឿន ឲ្យដឹងថាផែនការគណនេយ្យភាពនេះ នឹងជួយលើកកម្ពស់អំណាចរបស់ពលរដ្ឋដោយបង្កើនចំណេះដឹងដល់ពលរដ្ឋអំពីសិទ្ធិសេរីភាពទទួលបានព័ត៌មាន និងសេវាកម្មនានាព្រមទាំងជំរុញរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានឯករាជ្យភាពចំពោះការសម្រេចចិត្តលើសកម្មភាពរបស់ពួកគេក្នុងការផ្ដល់សេវាសាធារណៈ។
លោកបន្ថែមថា ផែនការគណនេយ្យភាពនេះ ក៏នឹងជំរុញឲ្យមន្ត្រីមូលដ្ឋាន ផ្ដល់សេវាដែលមានគុណភាព ព្រមទាំងផ្សព្វផ្សាយអំពីតម្លាភាពថវិកានៅកម្រិតមូលដ្ឋានថែមទៀតផង។
លោក សឿង សារឿន ពន្យល់ថា ដើម្បីផ្លាស់ប្ដូរជាវិជ្ជមាននូវគណនេយ្យភាពក្នុងសង្គម ការឃ្លាំមើលយ៉ាងសកម្មពីពលរដ្ឋដែលជាអ្នកទទួលសេវា គឺជាធាតុផ្សំដ៏សំខាន់មួយ ក៏ប៉ុន្តែ លោក កត់សម្គាល់ឃើញថា ការចូលរួមពីពលរដ្ឋកម្ពុជានៅមានតិចតួចនៅឡើយ។
«កិច្ចការនេះទាមទារឲ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំពីពលរដ្ឋ។ ការចូលរួមពីពលរដ្ឋអាចធ្វើឲ្យរដ្ឋាភិបាលមូលដ្ឋានមានការទទួលខុសត្រូវខ្ពស់ផង។ ហើយទី២ជំរុញឲ្យគាត់ទទួលបានយោបល់ច្រើនពីពលរដ្ឋក្នុងការធានានូវការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋានបានប្រសើរក៏ដូចជាសេវាកម្មទាំងសុខាភិបាល អប់រំ គឺវាឆ្លើយតបដល់ពលរដ្ឋ»។
សកម្មភាពសំខាន់ៗរបស់ផែនការគណនេយ្យភាពនេះរួមមាន ការបណ្ដុះបណ្ដាលដល់តំណាងប្រជាពលរដ្ឋ មន្ត្រីមូលដ្ឋាន និងអ្នកចូលរួមផ្ដល់សេវានានា និងការផ្សព្វផ្សាយ ហើយនិងធ្វើប័ណ្ណព័ត៌មានពន្យល់ពលរដ្ឋពីសេវាសាធារណៈដែលពួកគេត្រូវទទួលបាន។
គម្រោងនេះ ក៏នឹងរៀបចំកិច្ចពិភាក្សារៀងរាល់៣ខែម្ដងរវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាអំពីបញ្ហាប្រឈមនិងដំណោះស្រាយនានា ព្រមទាំងការបង្កើតគណៈកម្មាធិការវាយតម្លៃប្រសិទ្ធភាពនៃផែនការគណនេយ្យភាពនេះផងដែរ។
លោក សឿង សារឿន ដែលជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តគណនេយ្យភាពសង្គមបញ្ជាក់ពីសកម្មភាពតាមដានផែនការនេះយ៉ាងដូច្នេះ៖
«មួយឆ្នាំ កន្លងមកនេះ យើងមានសង្គមស៊ីវិលដែលនៅមូលដ្ឋានចុះទៅតាមដានការអនុវត្តផែនការគណនេយ្យភាពហ្នឹង។ ជារួមឃើញសេវាដែលផ្ដល់ដោយរដ្ឋមានភាពប្រសើរឡើង។ ឧទាហរណ៍មានបុគ្គលិកមណ្ឌលសុខភាព ស្នាក់នៅមណ្ឌល២៤ម៉ោងដូចកំណត់ក្នុងគោលការណ៍អញ្ចឹង។ ហើយទី២ ពលរដ្ឋដឹងពីតម្លៃសេវា ដូចជាសេវានៅមណ្ឌលសុខភាព»។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាព្រឹកនេះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថាការកែលំអឥរិយាបថរបស់អ្នកផ្ដល់សេវា និងការរៀបចំឲ្យមានសំឡេងចូលរួមពីពលរដ្ឋ គឺផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។
លោក ងី ច័ន្ទ្រផល ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តគណនេយ្យភាពសង្គមផងនោះ បន្តថាផែនការអនុវត្តគណនេយ្យភាពសង្គមនេះ គឺដើម្បីពង្រឹងសុខមាលភាពជីវភាពរស់នៅ និងធានាការផ្ដល់សេវាសាធារណៈជូនពលរដ្ឋកម្ពុជា រួមមានជាអាទិ៍ សេវាអប់រំនៅសាលារៀន សេវាសុខភាព និងសេវាឃុំដូចជាការធ្វើលិខិតបញ្ជាក់កំណើត ឬលិខិតបញ្ជាក់នានាជាដើម។
«គណនេយ្យភាពសង្គមនេះគឺជា ដំណើរការផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ យើងទទួលស្គាល់ការចូលរួមរបស់ពលរដ្ឋ គឺជាសិទ្ធិកាតព្វកិច្ច និងករណីយកិច្ចមួយដ៏សំខាន់ក្នុងសង្គមមិនអាចខ្វះបាន ក្នុងការជំរុញការឈានឡើងនៃការភាពគ្រប់ជ្រុងជ្រោយនៃការអភិវឌ្ឍ»។
ប្រជាជនកម្ពុជាជាង៥លាននាក់ រួមទាំងស្ត្រី កុមារ ជនជាតិភាគតិច និងប្រជាជនក្រីក្រ មកពី១៩ខេត្តនៅកម្ពុជា ត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ពីផែនការដែលមានថវិកាចំនួន១៣លានដុល្លារអាមេរិក និងមានរយៈពេល៣ឆ្នាំរាប់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ខាងមុខនេះ។
កន្លងមក ការផ្ដល់សេវាសាធារណៈនៅកម្ពុជា បានរងការរិះគន់ថាមានអំពើពុករលួយ និងមានភាពយឺតយ៉ាវ ដោយមន្ត្រីថ្នាក់មូលដ្ឋានមិនបានបំពេញតួនាទីខ្លួនឯងឲ្យបានពេញលេញជាដើម៕