ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​ដែល​បាន​បិទ​មួយ​ផ្នែក បាន​បើក​ដំណើរការ​ឡើង​វិញ


ព្រិល​បាន​ធ្លាក់​ខណ​ដែល​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​បន្ត​កាលពី​ថ្ងៃព្រហស្បតិ៍​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំ២០១៩។
ព្រិល​បាន​ធ្លាក់​ខណ​ដែល​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​បន្ត​កាលពី​ថ្ងៃព្រហស្បតិ៍​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំ២០១៩។

ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​បិទ​នៅ​ក្នុង​អំឡុង​ពេល​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​អស់​រយៈពេល ៣៥ ថ្ងៃ កន្លង​មក បាន​ចាប់ផ្ដើម​បើក​ឡើង​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ គឺ​ក្នុង​រយៈពេល ២ ថ្ងៃ មុន​ពេល​ទីភ្នាក់ងារ​ប្រាក់​ចំណូល​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​ដំណើរការ​ទទួល​ពាក្យ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​របស់​បុគ្គល និង​អង្គភាព​អាជីវកម្ម។

កាល​ពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី Donald Trump ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​រយៈពេល ៣ សប្ដាហ៍ ដែល​សភា​បាន​អនុម័ត​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​ដ៏​យូរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នេះ។

ការិយាល័យ​គ្រប់គ្រង និង​ថវិកា​សហរដ្ឋ​អាមេរិក​បាន​ផ្ញើ​កំណត់​ហេតុ​មួយ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ទៅ​ឲ្យ​ក្រសួង និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​នានា​ដែល​បាន​បិទ ដើម្បី​បញ្ជាក់​ប្រាប់​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ ហើយ​បុគ្គលិក​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បញ្ឈប់​បណ្ដោះ​អាសន្ន​ឲ្យ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។

ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​នេះ​គឺ​សម្រាប់​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ។ ច្បាប់​ថវិកា​នេះ​មិន​បញ្ចូល​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​តប​តាម​សំណើ​របស់​លោក Trump នោះ​ទេ។ លោក Trump បាន​និយាយ​ថា គណៈកម្មាធិការ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​ទាំង​ពីរ​ត្រូវ​បង្កើត​ឡើង​ភ្លាមៗ​ដើម្បី​វាយ​តម្លៃ​លើ​សន្តិសុខ​ព្រំដែន។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «រយៈពេល ២១ ថ្ងៃ [រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ] ខាង​មុខ​នេះ គឺ​ខ្លី​ណាស់។ ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ចាប់ផ្ដើម​ភ្លាមៗ។ ប្រាកដ​ជា​ពិបាក​ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ ដោយសារតែ​គណបក្ស​ទាំង​ពីរ​សុទ្ធតែ​មានៈ​រៀងៗ​ខ្លួន‍»៕

XS
SM
MD
LG