រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀតប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រទេសទីម័រខាងកើត ដែលជាប្រទេសទី៣ហើយ បន្ទាប់ពីឡាវ និងមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន ទទួលបានម៉ាស និងសម្ភារវេជ្ជសាស្ត្រពីកម្ពុជា។ ការបរិច្ចាគនេះនាំឲ្យអ្នកតាមដាននយោបាយនៅកម្ពុជា លើកឡើងថានេះបង្ហាញកាយវិការមនុស្សធម៌ និងយុទ្ធសាស្ត្រកិច្ចការបរទេសរបស់កម្ពុជា។
ម៉ាស និងបរិក្ខារទាំងនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាំយកទៅដល់ប្រទេសទីម័រ ដែលជាប្រទេសកំពុងស្វះស្វែងចូលជាសមាជិកអាស៊ាន។
កាលពីខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជាបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសទាំងនោះ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។
នៅក្នុងពិធីផ្តល់ម៉ាសដល់ប្រទេសទីម័រ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានថ្លែងថាកម្ពុជាសង្ឃឹមថាប្រទេសទីម័រនឹងចូលជាសមាជិកអាស៊ានក្នុងពេលឆាប់ៗខាងមុខនេះ។
ចំណែកលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសទីម័រខាងកើតដែលមានវត្តមានក្នុងពិធីនោះ បានសរសើរកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដោយមិនមានមនុស្សស្លាប់ដោយសារជំងឺឆ្លងនេះ។ លោកស្រីបន្ថែមថាការផ្តល់ម៉ាសនេះបង្ហាញស្មារតីនៃសាមគ្គីភាព និងដៃគូរវាងប្រទេសទាំងពីរ។
លោកស្រីមានប្រសាសន៍ថា៖ «ការផ្តល់ជំនួយមនុស្សធម៌នេះនឹងជួយយ៉ាងខ្លាំងដល់ការបន្តកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល[ទីម័រខាងកើត]ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ដែលបច្ចុប្បន្ននេះ នៅតែបន្តកើនឡើងខ្លាំងនៅក្នុងពិភពលោក»។
លោកស្រីឲ្យដឹងទៀតថាម៉ាសនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជន និងអ្នកឈរជួរមុខជាពេទ្យក្នុងការជួយសង្គ្រោះជីវិតរបស់ពលរដ្ឋ។ លោកស្រីក៏សម្តែងការដឹងគុណអស់ពីចិត្តដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការគាំទ្រយ៉ាងសកម្មរបស់កម្ពុជា ដើម្បីឲ្យប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក(WTO)។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថាការផ្តល់ម៉ាសរបស់កម្ពុជាទៅប្រទេសចំនួន៣ជាបន្តបន្ទាប់នេះ បង្ហាញពីកាយវិការមនុស្សធម៌ និងជាយុទ្ធសាស្ត្រនយោបាយការបរទេសមួយ ខណៈមានការបែងចែកអាស៊ានដែលមានសមាជិកចំនួន១០ប្រទេស ដូចកាលពីកន្លងទៅដែលអតីតមន្ត្រីការទូតសិង្ហបុរីម្នាក់ បានលើកឡើងអំពីលទ្ធភាពនៃការដកកម្ពុជានិងឡាវចេញពីសមាជិកភាពអាស៊ាន។
លោកមានប្រសាសន៍ថា៖ «សកម្មភាពនៃការបរិច្ចាគម៉ាសរបស់កម្ពុជាទៅប្រទេស៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ វាមានទាំងនៅក្នុងកាយវិការមនុស្សធម៌ សប្បុរសធម៌ ក៏ដូចជាកិច្ចការងារនយោបាយការបរទេសទៅជាមួយដែរ»។
លោកជំរុញបន្ថែមឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ម៉ាសដល់ប្រជាពលរដ្ឋនៅតាមតំបន់ដែលខ្វះខាត ខណៈលោកសង្កេតឃើញប្រជាពលរដ្ឋជាច្រើន មិនទាន់ពាក់ម៉ាសនៅឡើយទេ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្មានថ្ងៃនេះ ខ្ញុំបើកឡានមើលតាមដងផ្លូវដែរ ឃើញប្រជាពលរដ្ឋយើងមួយចំនួនធំ នៅមិនទាន់ពាក់ម៉ាស ឬក៏បង្កើនការប្រុងប្រយ័ត្នរឿងការផ្ទុះជំងឺកូវីដសារជាថ្មីនៅឡើយទេ»។
ប្រទេសកម្ពុជាកំពុងរងការរិះគន់ពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន អំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សក្នុងប្រទេស។ កាលពីខែសីហាសហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ EBA(Everything But Arms) ២០% ពីកម្ពុជា ដោយសារសហភាពអឺរ៉ុបរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជា ក្នុងនោះមានការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដាក់ពន្ធនាគារ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ មានប្រសាសន៍ថា ការផ្តល់ម៉ាសដល់ប្រទេសតូចតាច មិនមានលទ្ធភាព ហើយជាអ្នកជិតខាងកម្ពុជា គឺជា«ការសម្រេចដ៏ឆ្លាតវាងវៃ»មួយ ស្របពេលដែលលោកយល់ថាកម្ពុជានៅមានម៉ាសច្រើនសម្រាប់ត្រៀមទុក ហើយកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងនេះបាន គឺថាអត្រាឆ្លងទាបបំផុត។ លោកបន្តថាកាយវិការនេះបង្ហាញពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងរូបភាពអន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាប្រហែលជានៅមានម៉ាសច្រើន ច្រើនជាងតម្រូវការ ដូច្នេះការបញ្ចេញខ្លះ ដើម្បីជាការយកពិន្ទុ[ជា]រូបភាពអន្តរជាតិ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផង ហើយក្លាយជាប្រទេសដែលមានការទទួលខុសត្រូវសម្រាប់ប្រទេសដទៃផង ជារឿងមួយល្អ»។
លោក អ៊ូ វីរៈ យល់ថាប្រទេសវៀតណាម និងថៃ ដែលជាអ្នកជិតខាងកម្ពុជាដែរ ប្រហែលមិនត្រូវការម៉ាសនោះទេ ហើយពួកគេក៏មានលទ្ធភាពក្នុងការជួយខ្លួនឯងដែរ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបញ្ចេញម៉ាសចែកជូនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដោយក្នុងនោះមានម៉ាសចំនួន១លានសម្រាប់ប្រើប្រាស់នៅរាជធានីភ្នំពេញ និង១លានទៀតសម្រាប់ប្រើប្រាស់នៅក្នុងខេត្តសៀមរាប ខណៈប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកដំបូង៕