ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​​ផ្នែក​ជំងឺឆ្លង​អាមេរិក​ព្រមាន​ពី​វីរុស​​ប្រភេទ​ថ្មី​


ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក​លោក ​Anthony Fauci​ ថ្លែង​នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​​​ដល់​គណៈកម្មាធិការ​ព្រឹទ្ធសភា​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។
ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក​លោក ​Anthony Fauci​ ថ្លែង​នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​​​ដល់​គណៈកម្មាធិការ​ព្រឹទ្ធសភា​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។

ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក​លោក ​Anthony Fauci​ បានប្រកាស​ការ​ព្រមាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យទៅ​លើ​ការហក់​ឡើង​នូវករណីជំងឺ​កូវីដ​១៩​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ពិសេស​ក្នុង​តំបន់​ដែល​ពលរដ្ឋជម្នះ​មិន​ទៅ​ចាក់​វ៉ាក់សាំង​បើ​ទោះ​បី​ជាវីរុស​បំប្លែង​ថ្មី​ដែលតា ​(Delta)​ បាន​ឆ្លង​យ៉ាង​លឿន​ក្តី។​

លោក​វេជ្ជបណ្ឌិត​ Fauci ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ CNN​ នៅ​ក្នុង​កម្មវិធី​«ស្ថានភាព​សហព័ន្ធ» (State of the Union)​ ថា​«យើងកំពុង​ធ្វើ​ដំណើរ​ខុស​ទិស។​មនុស្ស​ប្រមាណ​៥០%​ក្នុង​សហរដ្ឋ​អាមេរិក​មិន​បាន​ចាក់​វ៉ាក់សាំង​ទេ។​នេះ​ជា​បញ្ហា​មួយ»។

ក្នុង​សហ​រដ្ឋ​អាមេរិកចំនួន​មនុស្ស​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ថយចុះខ្លាំង​ធៀប​នឹង​តួលេខ​ដែល​បាន​កើន​ឡើងខ្ពស់​កាល​ពី​រដូវ​ត្រជាក់​កន្លង​ទៅ។​ ប៉ុន្តែ​ការ​ឆ្លង​ថ្មីៗ​នេះ​បាន​កើន​ឡើង​ច្រើន​នៅ​តាម​កន្លែង​មួយ​ចំនួន​ក្នុង​សហ​រដ្ឋ​អាមេរិក​ដែលនៅ​ទី​នោះ​មនុស្ស​នៅ​មិនទាន់​មាន​ជំនឿ​ចិត្ត​ទាំង​ស្រុងទៅ​លើ​ភាព​ចាំ​បាច់​នៃ​ការ​ចាក់​វ៉ាក់សាំង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​និង​មិន​ស្តាប់​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ឲ្យចាក់​វ៉ាក់សាំង​ដែលនៅ​តែ​ជា​បញ្ហា​ដ៏​ចម្បង​មួយ។

កាល​ពី​ថ្ងៃ​សៅរ៍សហ​រដ្ឋអាមេរិក​រក​ឃើញ​អ្នក​ឆ្លងជំងឺ​កូវីដ១៩​ថ្មីជាង៥១.០០០​នាក់​ដែល​កើន​ឡើង១៧២%​ក្នុងពេល​២​សប្តាហ៍​កន្លង​ទៅ​ហើយ​មាន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ប្រមាណ​ជាង​២៥០​នាក់​នៅ​ក្នុងប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។​

រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​អាមេរិក​និយាយ​ថាពលរដ្ឋ​អាមេរិក​ប្រមាណ​១៦២​លាន​នាក់​បានចាក់​វ៉ាក់សាំង​គ្រប់​ដូសដែលគឺ​ស្មើ​ប្រមាណ​៤៩%​នៃ​ប្រជាជន​អាមេរិក​សរុប​ឬ​ចំនួន៦០%​នៃ​មនុស្ស​ពេញ​វ័យ។​

ប៉ុន្តែ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ពលរដ្ឋ​អាមេរិក​ប្រមាណ​៨០%​ដែល​មិន​បាន​ចាក់​វ៉ាក់សាំងនិយាយ​ថា​ ពួក​គេ​នឹង​មិន​ចាក់​វ៉ាក់សាំងឬ​ទំនង​ជា​មិន​ចាក់​នោះ​ទេ​បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​ជំរុញឲ្យ​ពួក​គេ​ចាក់​វ៉ាក់សាំង​យ៉ាង​ណាក្តី។​

ថ្លែង​អំពី​អ្នកមិន​ចាក់​វ៉ាក់សាំង​អ្នកស្រី ​Kay Ivey ​អភិបាល​រដ្ឋ​ Alabama​ ខាង​គណបក្ស​សាធារណរដ្ឋ​បានលើក​ឡើង​កាល​ពី​សប្តាហ៍​មុន​ថា​«មនុស្ស​ទាំង​នេះ​កំពុង​ជ្រើស​រើស​យក​ផ្លូវ​ជីវិត​អាក្រក់គួរ​ឲ្យ​ភ័យ​ព្រួយ»។

លោក​ Fauci បន្ត​ថា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សំាង​រួច​ហើយ​«ទទួល​បាន​ការ​ការពារ​ខ្ពស់»​ដែលរួម​ទាំង​ការ​ប្រឆាំងវីរុស​បំប្លែង​ថ្មី​ដែលតា​ផង​ដែរ។​ប៉ុន្តែ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បាន​ថយ​ចុះជាង​៨០%​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មេសា​មក៕

XS
SM
MD
LG