ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Nokia នឹង​សាងសង់​បណ្តាញ​ទូរស័ព្ទ​លើ​ភព​ព្រះច័ន្ទ


រូបឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន​ Nokia​ ដាក់តាំង​បង្ហាញ​នៅ​លើ​អេក្រង់​ក្នុង​ទីក្រុង​ញូវយ៉ក។
រូបឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន​ Nokia​ ដាក់តាំង​បង្ហាញ​នៅ​លើ​អេក្រង់​ក្នុង​ទីក្រុង​ញូវយ៉ក។

ក្រុមហ៊ុន​ Nokia​ របស់​ប្រទេសហ្វាំងឡង់​ ត្រូវ​បាន​ជ្រើស​រើស​ដោយ​ទី​ភ្នាក់​ងារអវកាស​ NASA របស់​អាមេរិក​ ដើម្បី​សាង​សង់បណ្តាញ​ទំនាក់​ទំនង​ចល័តជា​លើក​ដំបូង​លើ​ភព​ព្រះ​ច័ន្ទ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​ហ៊ុននេះ នៅ​ថ្ងៃ​ចន្ទ​។

ការ​បង្កើតបណ្តាញ​ប្រព័ន្ធ​ទំនាក់ទំនង ​Lunar network ​លើ​ភព​ព្រះច័ន្ទ​នោះ​ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់​ទី​ភ្នាក់​ងារ​អវកាស​របស់​អាមេរិក​ ក្នុងការនាំមនុស្ស​ទៅ​កាន់ភពព្រះ​ច័ន្ទនៅ​ឆ្នំា​២០២៤​ខាង​មុខ​នេះ ​និងសាង​សង់​លំនៅដ្ឋាន​រយៈ​ពេល​យូរ​នៅ​ទីនោះ​ ក្រោម​គម្រោង​កម្មវិធី ​Artemis ​ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់របស់​ខ្លួន។​ កម្មវិធីនេះ​ត្រូវ​គេដឹង​ថា នឹង​នាំមនុស្ស​ស្រី​ដំបូង​ ហើយ​បន្ទាប់​មកនឹង​នាំ​មនុស្ស​ប្រុស​ដំបូង​ទៅ​កាន់​ភព​ព្រះ​ច័ន្ទ។

ក្រុម​ហ៊ុន​ Nokia ​បាន​បញ្ជាក់​ថា​ ប្រព័ន្ធ​ទំនាក់​ទំនងដែល​ផ្តល់​ញ្ញា​លើក​ទីមួយ​ក្នុងលំហ​អាកាស​ នឹង​ត្រូវ​សាង​សង់លើ​ផ្ទៃ​ភព​ព្រះ​ច័ន្ទ​នៅ​ចុង​ឆ្នាំ​២០២២​ មុន​ពេល​មនុស្ស​លោកត្រឡប់​ទៅ​កាន់​ទី​នោះ​ជា​ថ្មី​ម្តង​ទៀត។

ក្រុម​ហ៊ុន​របស់​ប្រទេស​ហ្វាំងឡង់​ នឹង​ធ្វើ​ជា​ដៃ​គូរ​សហការ​ជា​មួយក្រុម​ហ៊ុន​ឯកជន​ផ្នែក​អវកាស​ Intuitive Machines ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​តិចសាស​របស់​អាមេរិក​ ក្នុង​ការនាំ​យកឧបករណ៍​ផ្នែក​បណ្តាញ​ទៅកាន់​ភព​ព្រះ​ច័ន្ទតាម​យាន្ត​អវកាស​របស់​ខ្លួន។

បន្ទាប់​ពី​ការនាំ​យកឧបករណ៍​ផ្នែក​បណ្តាញរួច​ហើយ​ បណ្តាញទំនាក់​ទំនងនេះ ​នឹង​ផ្គុំខ្លួន​ឯង​ហើយ​បង្កើត​នូវ​ប្រព័ន្ធ​ទំនាក់​ទំនង​រយ:​ចម្ងាយឆ្ងាយ ​មាន​ល្បឿនលឿន ​LTE ​ជា​លើក​ដំបូង​លើ​ភព​ព្រះ​ច័ន្ទ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់ក្រុម​ហ៊ុន Nokia។​ បណ្តាញ​នេះ នឹង​ផ្តល់​សមត្ថភាព​នៃ​ការ​ធ្វើ​ទំនាក់​ទំនង​ដ៏​សំខាន់​របស់​ខ្លួន​ ដល់កម្មវិធី​បញ្ជូន​ទិន្នន័យ​ជា​ច្រើនខុសៗគ្នា។​ ក្នុងនោះ​ ​រួម​មាន​ប្រតិបត្តិការ​បញ្ជា​ និងដំណើរ​ការ​គ្រប់​គ្រង​ ការ​គ្រប់​គ្រងតាម​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​ ការប្រាប់​ទិសជាក់ស្តែង និង​ការ​បញ្ជូន​ទិន្នន័យ​វីដេអូ​ដែល​មានគុណ​ភាព​ខ្ពស់ និង​ច្បាស់​ផង​ដែរ​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​ហុន​ Nokia៕​

XS
SM
MD
LG