ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអបអរសាទរលោក Joe Biden ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកាកន្លងទៅ។
វិមានក្រឹមឡាំង បានគូសបញ្ជាក់នៅថ្ងៃអង្គារថា លោក Putin បានជូនពរលោក Biden ឲ្យទទួលបាន«ជោគជ័យត្រចះត្រចង់» និងបានបង្ហាញពីជំនឿជឿជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី អាច«ជួយដោះសា្រយបញ្ហានិងការប្រឈមជាច្រើន ដែលពិភពលោកកំពុងជួបប្រទះ»។
លោក Putin ក៏បានគូសបញ្ជាក់ផងដែរថា រូបលោក«ត្រៀមខ្លួនជាស្រេច ក្នុងការជួបប្រាស្រ័យទាក់ទង និងសហការ»ជាមួយលោក Biden។
មេដឹកនាំពិភពលោកជាច្រើនរូប បានទូរស័ព្ទអបអរសាទរលោក Biden និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយរដ្ឋបាលអាមេរិកថ្មី ដែលត្រូវចូលកាន់តំណែងក្នុងខែមករាខាងមុខនេះ។
លោកប្រធានាធិបតី Putin ធ្លាប់បាននិយាយថា លោករង់ចាំដល់លទ្ធផលការបោះឆ្នោត នឹងត្រូវគេប្រកាសផ្លូវការ ទើបលោកអបអរសាទរប្រធានាធិបតីអាមេរិកដែលជាប់ឆ្នោតថ្មី។ កាលពីថ្ងៃចន្ទ អង្គបោះឆ្នោត ឬ Electoral College បានបញ្ជាក់យល់ព្រមជាផ្លូវការលើជ័យជម្នះរបស់លោក Biden ទៅលើគូប្រជែងរបស់លោក គឺលោកប្រធានាធិបតី Donald Trump៕