កាលពីថ្ងៃព្រហស្បតិ៍បុគ្គលិកក្រុមហ៊ុនGoogle រាប់រយនាក់បានដើរចេញពីការិយាល័យនានានៅទូទាំងពិភពលោកដើម្បីធ្វើបាតុកម្មប្រឆាំងទៅនឹងការដោះស្រាយរបស់ក្រុមហ៊ុនលើករណីបៀតបៀនផ្លូវភេទ និងវប្បធម៌នៅកន្លែងធ្វើការរបស់ក្រុមហ៊ុននេះ។
បុគ្គលិកជាង១ពាន់នាក់ត្រូវបានរាយការណ៍ថាបានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនGoogle ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
បុគ្គលិកនិងបុគ្គលិកជាប់កិច្ចសន្យារបស់ក្រុមGoogle រាប់រយនាក់ដែលភាគច្រើនគឺជាស្រ្តីក៏ត្រូវបានគេរំពឹងថានឹងដើរចេញពីការិយាល័យជាង២០កន្លែងនៅទូទាំងសកលលោកផងដែរ។
ពួកអ្នករៀបចំបាតុកម្មតវ៉ាបានថ្លែងនៅក្នុងទស្សនាវដ្តី The Cut ថា«យើងគឺជាផ្នែកតូចមួយនៃចលនាដ៏ធំមួយដែលបានរីកលូតលាស់អស់រយៈពេលជាយូរមកហើយ។ យើង
ត្រូវបានលើកទឹកចិត្តពីស្រ្តីគ្រប់រូបដែលធ្វើការនៅក្នុងហាងលក់អាហារឆ្អិនស្រាប់ ជាអ្នកដែលដឹកនាំការតវ៉ាប្រឆាំងនឹងការបៀតបៀនផ្លូវភេទទៅលើស្ត្រីរាប់ពាន់នាក់នៅក្នុងចលនា #metoo ជាអ្នកដែលចាប់ផ្តើមងើបឈរតវ៉ាដើម្បីបញ្ជប់ករណីរំលោភបំពានដូចនេះ»។
ការដើរចេញរបស់បុគ្គលិកទាំងនេះគឺជាការបង្ហាញថ្មីចុងក្រោយនៃការមិនពេញចិត្តកាន់តែខ្លាំងឡើងពីបុគ្គលិកធ្វើការបន្ទាប់ពីកាសែត The New York Timesបានរាយការណ៍កាលពីសប្តាហ៍មុនអំពីក្រុមហ៊ុនអ៊ិនធឺណិតយក្សមួយនេះបានចំណាយលុយរាប់លានដុល្លារជាប្រាក់បំណាច់ឲ្យទៅបុគ្គលិកជាន់ខ្ពស់ជាបុរសដែលរងការចោទប្រកាន់បៀតបៀនផ្លូវភេទដើម្បីបិទបាំងទង្វើខុសឆ្គងរបស់ពួកគេទាំងនោះ។
កាសែតThe New York Timesបានរាយការណ៍ថាកាលពីឆ្នាំ២០១៤ក្រុមហ៊ុន Google បានចំណាយប្រាក់៩០លានដុល្លារជាប្រាក់បំណាច់ការងារឲ្យទៅនាយករងក្រុមហ៊ុនលោក Andy Rubin បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ៕