ព័ត៌មានដែលថា ព្រះមហាក្សត្រីយានី Elizabeth បានធ្វើតេស្តវិជ្ជមានមានជំងឺកូវីដ១៩ បានធ្វើឲ្យមានការតក់ស្លុត ការព្រួយបារម្ភ និងសារជូនពរមកពីគ្រប់ទិសទីទូទាំងប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ ដោយមានអ្នកនយោបាយ និងសាធារណជន បានជូនពរសព្វសាធុការឲ្យព្រះមហាក្សត្រីយានីដែលមានព្រះជន្ម៩៥ ព្រះវស្សាឆាប់ជាសះស្បើយឡើងវិញ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅថ្ងៃដែលពោរពេញទៅដោយសំណើម និងខ្យល់ អ្នកដើរលេងកម្សាន្តមួយក្រុម បានប្រមូលផ្តុំគ្នានៅច្រកចេញចូលនៃព្រះរាជដំណាក់ Windsor ជាទីកន្លែងដែលព្រះមហាក្រត្រីយានី កំពុងទទួលការព្យាបាលដោយមានរោគសញ្ញាជំងឺកូវី១៩ ស្រាល។ មនុស្សផ្សេងទៀត បានសម្តែងនូវការគាំទ្រតាមអនឡាញ និងមានសារសរសេរនៅតាមស្ថានីយរថភ្លើងក្រោមដីទីក្រុងឡុងដ៍ (London Underground) សូមឲ្យព្រះមហាក្សត្រីយានី«ថែទាំព្រះកាយ»។
ក្រុមអ្នកជូនពរសពសាធុការជាច្រើនថា ពួកគេមានការពិបាកចិត្តអំពីព័ត៌មាននេះ បន្ទាប់ពីព្រះមហាក្សត្រីយានីដែលសោយរាជ្យយូរជាងគេបង្អស់នៅលើពិភពលោកនេះ បានលុបចោលការចូលរួមក្នុងកម្មវិធីធំៗ និងយាងចូលសម្រាកក្នុងមន្ទីរពេទ្យអស់មួយយប់កាលពីខែតុលាឆ្នាំទៅ ដែលបណ្តាលឲ្យមានការភ័យខ្លាចអំពីសុខភាពរបស់ព្រះអង្គ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានដឹកនាំការឆ្លើយតបជាផ្លូវការដោយលោកបាននិយាយតាងនាមឲ្យប្រទេសជាតិ នៅពេលដែលលោកជូនពរសពសារធុការដល់ព្រះមហាក្សត្រីយានីឲ្យបានជាសះស្បើយ និងមានព្រះសុខភាពល្អឡើងវិញនៅពេលឆាប់ៗនេះ។
មេដឹកនាំគណបក្សប្រឆាំងលោក Keir Starmer បានបញ្ជាក់ថា៖ «សូមឲ្យព្រះមហាក្សត្រីយានី បានឆាប់ជាសះស្បើយ»។ អ្នកនយោបាយជាច្រើនទៀត បានផ្ញើសារតាម Twitter ថា៖ «សូមឲ្យព្រះជាម្ចាស់ជួយព្រះមហាក្សត្រីយានី» ឬជាភាសាអង់គ្លេសថា «God Save The Queen»។
ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងឡុងដ៍ បានផ្ញើការជូនពរសពសាធុការដល់ព្រះមហាក្សត្រីយានី។ រដ្ឋមន្ត្រីទទួលបន្ទុកដែនដី Gibraltar លោក Fabian Picardo បានពណ៌នាព្រះមហាក្សត្រីយានីថាជា «ដុំថ្មដ៏រឹងមាំ» ដែលសំដៅដល់ទេសភាពរបស់ដែនដីនោះ។
ការគាំទ្រយ៉ាងខ្លាំងក្លាដល់ព្រះមហាក្សត្រីយានី បានកើតមានឡើងបន្ទាប់ពីព្រះមហាក្សត្រីយានី បានប្រារព្ធដោយស្ងប់ស្ងាត់នូវខួបទី៧០នៃការឡើងសោយរាជ្យ ដែលនេះជាលើកដំបូង ដែលមហាក្សត្រអង់គ្លេសឈានដល់ខួបទី៧០ដូច្នេះ៕