ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលភាគច្រើនមានទីស្នាក់ការកណ្តាល និងការិយាល័យនៅខណ្ឌមានជ័យ បានប្រតិកម្មទៅនឹងការប៉ុនប៉ងរបស់នគរបាលមូលដ្ឋាន ដែលចង់ចុះមកស្រង់ចំនួនបុគ្គលិក ដោយលើកឡើងថាជាចេតនា «ព្រមាននិងគំរាម» មិនឲ្យមានភាពសកម្មក្នុងការចូលរួមតវ៉ាប្រឆាំងការរំលោភសិទ្ធិជាមូលដ្ឋាន។
បើតាមញត្តិចុះថ្ងៃទី ៣០ ខែកញ្ញា របស់អង្គការក្រៅរដ្ឋាភិបាលចំនួន ៦ ដែលវីអូអេទទួលបាននៅថ្ងៃអង្គារនេះ អធិការនគរបាលខណ្ឌមានជ័យ បានជូនដំណឹងទៅក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលមានការិយាល័យស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ អំពីការចុះស្រង់និងធ្វើបច្ចុប្បន្នភាពស្ថិតិបុគ្គលិកនិយោជកខ្មែរ និងបរទេសទាំងអស់ ដែលកំពុងបម្រើការងារនៅតាមអង្គការទាំងនោះ។
អង្គការសមាគមទាំងនោះ រួមមានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា CCAWDU អង្គការសង់ត្រាល់សហព័ន្ធសហជីពកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហភាពការងារកម្ពុជា និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ប្រាប់វីអូអេ នៅថ្ងៃអង្គារនេះថា អាជ្ញាធរមូលដ្ឋានមិនមានភារកិច្ចចុះមកស្រង់ស្ថិតិចំនួនបុគ្គលិករបស់អង្គការសមាគមក្រៅរដ្ឋាភិបាលទេ បើតាមមាត្រា ១០ នៃច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។
លោកជឿថា វិធានការរដ្ឋបាលរបស់នគរបាលខណ្ឌមានជ័យមានចេតនាបំភិតបំភ័យមកលើអង្គការក្រៅរដ្ឋាភិបាល ដែលសកម្មខ្លាំងក្នុងការងារតស៊ូមតិ បន្ទាប់ពីពួកគេបានធ្វើសនិ្នសីទព័ត៌មានជាសាធារណៈ បង្ហាញជំហរជំទាស់នឹងការដោះស្រាយមិនបានល្អមួយចំនួនរបស់រដ្ឋាភិបាល ក្នុងវិស័យការងារ និងការចូលរួមរកដំណោះស្រាយដីធ្លីដល់ប្រជាពលរដ្ឋ។
«វាហាក់ដូចជាសារព្រមានទៅដល់អង្គការសង្គមស៊ីវិលអ៊ីចឹង...អាទម្រង់បែបហ្នឹងគឺយើងសង្កេតឃើញអាជ្ញាធរមូលដ្ឋានហ្នឹងតែងតែប្រើប្រាស់អាទម្រង់អ៊ីចឹង។ ហើយមិនមែនតែអង្គការសង្គមស៊ីវិលសហព័ន្ធសហជីពតែប៉ុណ្ណឹងទេ យើងឃើញមានអង្គការដែលគាត់ធ្វើការងារផ្នែកវិស័យដីធ្លីអីជាដើមហ្នឹង គឺគាត់ត្រូវទទួលការគំរាមកំហែង ទទួលការឃ្លាំមើលតាមដានទៅនឹងរាល់សកម្មភាពទាំងឡាយ ទាក់ទងទៅនឹងការងាររបស់គាត់ធ្វើជាមួយនឹងសហគមន៍ ដែលមានវិបត្តិដីធ្លី មានជម្លោះវិវាទដីធ្លីអីជាដើមហ្នឹង»។
ក្នុងញត្តិសុំអន្តរាគមន៍ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ឈប់ការប៉ុនប៉ងរបស់នគរបាលមូលដ្ឋានក្នុងការស្រង់ស្ថិតិនេះ ក្រុមមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលចំនួន ៦ បានលើកឡើងថា វាជាប្រតិបត្តិការផ្ទុយពីគោលការណ៍នៃច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
ញត្តិដដែលបានសរសេរតាមអត្ថន័យដើមថា៖ «ការស្នើសុំផ្ទុយនឹងគោលការណ៍ច្បាប់ ធ្វើឲ្យយើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការរំខានយាយីរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ មកលើសហជីពសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលទទួលបាននូវនីតិសម្បទា តាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការការពារនូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
ក្រុមអង្គការសមាគមបានអធិប្បាយបន្ថែមក្នុងញត្តិដដែលថា៖ «ជាមួយគ្នានេះផងដែរ យើងខ្ញុំសង្កេតឃើញថា បេសកកម្មធ្វើបច្ចុប្បន្នភាពខាងលើនេះ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ គឺគ្រោងធ្វើឡើងតែទៅលើសហជីព អង្គការ និងសមាគម ដែលខ្លួនជ្រើសរើសតែប៉ុណ្ណោះ ជាពិសេសសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលមានបេសកកម្មលើវិស័យសិទ្ធិមនុស្ស»។
លោក ឃុន ថារ៉ូ មន្រ្តីអង្គការសង់ត្រាល់បានបញ្ជាក់ថា នគរបាលក្នុងខណ្ឌមានជ័យបានជូនដំណឹងអំពីគម្រោងការចុះស្រង់ស្ថិតិបុគ្គលិកនេះ កាលពីដើមខែកញ្ញា ទៅដល់អង្គការសមាគមសរុបចំនួន ៨ ដែលក្នុងនោះ ក៏មានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង្កើតឡើង ដោយលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។ ប៉ុន្តែលោកថា គម្រោងនោះបានផ្អាកទៅវិញ បន្ទាប់ពីមានប្រតិកម្មពីក្រុមអង្គការសមាគមជាបន្តបន្ទាប់ ហើយខាងភាគីនគរបាលក៏បានបញ្ជាក់ត្រឡប់មកវិញផងដែរថា ពួកគេជាប់រវល់មិនអាចមកស្រង់ស្ថិតិតាមការគ្រោងទុក។
មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសង់ត្រាល់រូបនេះបន្ថែមថា ញតិ្តរបស់អង្គការសមាគមត្រូវបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ។
«យើងចង់ឲ្យក្រសួងមហាផ្ទៃហ្នឹង ត្រូវមានវិធានការជាក់លាក់សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋានហ្នឹង ជាពិសេសនៅតាមខណ្ឌ នៅតាមអីហ្នឹងហើយ ជាពិសេសវាជារឿងមួយ ដែលយើងកត់សម្គាល់ត្រង់ថា ម៉េចបានតែមានតែសហព័ន្ធសហជីព អង្គការសមាគមប៉ុន្មាន ដូចជាប្រាំពីរ ប្រាំបីហ្នឹង បានទទួលលិខិតហ្នឹង?»
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេថា សមាគមលោកស្រីបានទទួលការស្រង់ស្ថិតិបុគ្គលិករួចហើយ ពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងខណ្ឌមានជ័យ កាលពីដើមខែកញ្ញា។ ទោះយ៉ាងណា លោកស្រីយល់ថា ការស្រង់ស្ថិតិនេះធ្វើឡើងផ្ទុយពីច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល និងមានចរិតបំបាក់ស្មារតីក្រុមអង្គការសមាគមណាមួយ ដែលហ៊ានចេញមុខតវ៉ាប្រឆាំងអំពើអយុត្តិធម៌សង្គមនានា។
«គោលដៅរបស់គេ គឺផ្តោតសំខាន់បំផុតគឺដូចជាមើលទៅអ្នកណាដែលមាននិន្នាការអ្នកណា ដែលមើលទៅថា ពូកែស្រែកតវ៉ាទាមទារ ហើយបើអ្នកណាគ្រាន់តែ blablabla [និយាយអត់បានការ] អាហ្នឹងដូចជាអត់អីទេអត់រងគ្រោះទេ»។
វីអូអេ មិនអាចសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ។ វីអូអេ ក៏មិនទាន់អាចសុំការអធិប្បាយពីអធិការរងខណ្ឌមានជ័យមួយរូប តាមលេខទូរស័ព្ទដែលមាននៅលើលិខិតផ្ញើជូនអង្គការសមាគមខាងលើបានដែរ។
ចំណែកលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកមិនមានព័ត៌មានអំពីគម្រោងចុះស្រង់ស្ថិតិបុគ្គលិកអង្គការសង្គមស៊ីវិលនោះទេ។
បើតាមការបញ្ជាក់របស់លោក ឃុន ថារ៉ូ នារសៀលថ្ងៃអង្គារនេះ ក្រសួងមហាផ្ទៃបានបដិសេធមិនទទួលយកលិខិតរបស់អង្គការនោះទេ ដោយតម្រូវឲ្យភ្ជាប់ជាមួយបញ្ជិការបស់ស្ថាប័ននីមួយៗ៕