កញ្ញា យស់ សុធានី អង្គុយកាន់ដើមរាសីមួយដើមនៅចំណតរថយន្តក្រុងមួយ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។ កម្មការិនីរោងចក្រកាត់ដេរ វ័យ២០ឆ្នាំរូបនោះ កំពុងអង្គុយរង់ចាំមិត្តរួមការងាររបស់កញ្ញាម្នាក់ទៀត។ នៅឆ្នាំនេះកញ្ញាមិនបានទៅស្រុកកំណើតក្នុងខេត្តកំពង់ចាមដូចឆ្នាំមុនទេ ក្រោយពីរដ្ឋាភិបាលបានលុបចោលការឈប់សម្រាកចូលឆ្នាំខ្មែរ។
កញ្ញាបានថ្លែងប្រាប់ VOA ថា៖ «ខុសគ្នាត្រង់ថាអត់ឈប់។ អត់បានទៅលេងស្រុកត្រង់ថា មួយឆ្នាំបានទៅម្តងរួចបែរជាអត់ទៅវិញ»។
នៅលើកំណាត់ផ្លូវវេងស្រេងកាលពីថ្ងៃអាទិត្យ ការធ្វើដំណើរដោយរថយន្តនិងម៉ូតូ មិនសូវមមាញឹកហើយកម្មករមួយចំនួនបានចេញមកទិញផ្លែឈើយកទៅទុកសែនចូលឆ្នាំខ្មែរ ឬក៏ទុកសម្រាប់ទទួលទានប្រចាំថ្ងៃ។ ភាពមិនសូវមមាញឹកនៃចរាចរណ៍កើតឡើង នៅចំពេលរដ្ឋាភិបាលកំហិតការធ្វើដំណើររវាងទីក្រុងភ្នំពេញ និងបណ្តាខេត្តនានាលើកលែងតែខេត្តកណ្តាល ដែលត្រូវចាត់ទុកថាជាតំបន់ភូមិសាស្ត្រជាមួយទីក្រុងភ្នំពេញ។
កម្មកររោងចក្រនៅតំបន់ផ្លូវវេងស្រេងមួយចំនួន ដែលផ្តល់បទសម្ភាសន៍ដល់ VOA មិនបានជំទាស់នឹងបម្រាមលើការធ្វើដំណើរនេះទេ។ កម្មករមួយចំនួនលើកឡើងដោយប្រយ័ត្នប្រយែងថា ពួកគេគ្រាន់តែខកបំណងមិនបានទៅលេងស្រុកកំណើតរបស់ពួកគេ ហើយបទបញ្ជារបស់រដ្ឋាភិបាលចេញមកលឿននិងមិនបានរំពឹងទុកជាមុន។
កញ្ញា យស់ សុធានី យួរថង់បា្លស្ទិកមួយដែលមានទឹកផ្លែឈើពីរបីកំប៉ុងសម្រាប់ជាដង្វាយដល់ទេវព្តាឆ្នាំថ្មី។ កម្មការិនីដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាក់បម្រាមមិនឲ្យកម្មករធ្វើដំណើរទៅស្រុក ជាវិធានការត្រឹមត្រូវតែរបៀបចាត់ការនេះលឿនពេក ដែលកម្មករត្រៀមខ្លួនមិនទាន់។
«វាលឿនពេក!នៅតែបីថ្ងៃទៀតគេ ខាងរោងចក្រគេចេញច្បាប់ឲ្យហើយបែរជាគាត់អត់ឲ្យនេះវិញ»។
កងកម្លាំងនគរបាលជាតិកម្ពុជាបានចាប់ផ្តើមរឹតបន្តឹងចរាចរណ៍ ដោយបានបិទការធ្វើដំណើរចេញចូលរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត កាលពីម៉ោង១២យប់ថ្ងៃព្រហស្បតិ៍។
ការបិទផ្លូវនេះនឹងផុតសុពលភាពនៅម៉ោង១២យប់ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលត្រូវបានរដ្ឋាភិបាលមិនឲ្យប្រារព្ធជាសាធារណៈ។
អ្នកស្រី ផន សុភា អាយុ៣៦ឆ្នាំ កម្មការិនីម្នាក់មកពីខេត្តព្រៃវែង បាននិយាយថា អ្នកស្រីខកខានមិនបានទៅជួបកូនប្រុសម្នាក់របស់គាត់នៅឯស្រុកកំណើតដូចរាល់ឆ្នាំទេ។ អ្នកស្រីយល់ថា ការសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាលអំពីការហាមឃាត់លើការធ្វើដំណើរគឺមានភាពប្រញាប់ប្រញាល់។ យ៉ាងណាក្តី អ្នកស្រីថា ទោះមិនបានទៅស្រុកពេលចូលឆ្នាំនៅឆ្នាំនេះ ក៏អ្នកស្រីអាចជួបមុខកូនតាមការខលហ្វេសប៊ុកដែរ។
«រៀបចំថាទៅផ្ទះហើយតែដល់ពេលនេះ គាត់ចេញច្បាប់មកអីចឹងវាគេមានអន់ចិត្តដែរហ្នឹងក្នុងរោងចក្រ គ្រាន់តែថាគាត់គិតអ៊ីចឹងគាត់ត្រូវហើយក៏ល្អម្យ៉ាងដែរ... មិនឲ្យទៅក៏ល្អដែរ»។
កម្មការិនីដែលបម្រើការក្នុងឧស្សាហកម្មកាត់ដេរប្រមាណ៨ឆ្នាំមកនេះនិយាយថា ទោះបីទៅស្រុកក៏ចិត្តមិនសប្បាយដូចឆ្នាំមុនដែរ។
«ឆ្នាំមុនថាសប្បាយ ឆ្នាំនេះ... ដល់ឆ្នាំហ្នឹងសោះកក្រោះហ្នឹងវាពិបាក»។
អង្គុយនៅលើម៉ូតូរង់ចំាប្រពន្ធដែលកំពុងទិញផ្លែឈើនៅរឺម៉កលក់ចល័តមួយលើកំណាត់ផ្លូវវេងស្រេងលោក ផុន សុខណាល់ ជាកម្មករម្នាក់ទៀតមិនប្រឆាំងនឹងការដាក់កំហិតធ្វើដំណើររបស់រដ្ឋាភិបាលទេដោយលោកយល់ថា ការដាក់កំហិតនេះជាវិធានការសមស្របដើម្បីទប់ស្កាត់ការរីកសាយភាយនៃការឆ្លងមេរោគកូរ៉ូណា។
កម្មករវ័យ២៣ឆ្នាំរូបនោះលើកឡើងថា បើទៅស្រុកកំណើតរបស់លោក ដែលនៅឯខេត្តត្បូងឃ្មុំនោះក៏មិនរីករាយដែរ ដោយហេតុតែគ្មានការរៀបចំពិធីបុណ្យចូលឆ្នាំជាសាធារណៈ។
«បាទយើងអត់ទៅស្រុកអត់អីទេ។ វាកុំឲ្យឆ្លងគេឆ្លងឯង។យើងការពារខ្លួនយើងណាមួយ វាអត់សប្បាយព្រោះអត់មានចូលឆ្នាំផង»។
ឧស្សាហកម្មកាត់ដេរបានផ្តល់ការងារដល់ពលរដ្ឋខ្មែរជាង ៧៥០.០០០នាក់។ ភាគច្រើនគឺជាស្ត្រីវ័យក្មេងដែលមកពីជនបទ។ កម្មករជាស្ត្រីដែលមកពីជនបទ ហើយបម្រើការក្នុងរោងចក្រកាត់ដេរបានជួលបន្ទប់សម្រាប់រស់នៅក្នុងទីប្រជុំជន ឬក៏តំបន់ដែលជាប់នឹងរោងចក្រតែម្តង ហើយពួកគេកម្របានទៅស្រុកកំណើតលើកលែង តែមានពិធីបុណ្យផ្លូវការធំៗ ដូចជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់ VOA ថា កម្មករដែលត្រូវបានព្យួរការងារចំនួនប្រមាណ បួនម៉ឺនទៅប្រាំម៉ឺននាក់ បានត្រឡប់ទៅផ្ទះរៀងៗខ្លួន នៅមុនការចេញបទបញ្ជារបស់រដ្ឋាភិបាល ដែលដាក់កំហិតលើការធ្វើដំណើរឆ្លងកាត់រាជធានី និងខេត្ត។
មេដឹកនាំសហជីពរូបនេះបន្តថាកម្មករដទៃទៀត ដែលនៅមានការងារធ្វើនៅឡើយក៏បានត្រៀមទៅផ្ទះ ហើយពួកគេចាប់ផ្តើមជ្រួលច្របល់ពេលទទួលបានដំណឹងនៃបទបញ្ជានេះ។ ទោះយ៉ាងណា លោកថាកម្មករគ្មានជម្រើសតែត្រូវអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល។
កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោកឲ្យប្រជាពលរដ្ឋទូទាំងប្រទសរៀបចំទទួលទេព្តាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។
លោកបានពន្យល់បន្ថែមពីបម្រាមលើការធ្វើដំណើរថា៖ «ដោយសារជំងឺកូវីដ១៩នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃសម្រាកចូលឆ្នាំខ្មែរ ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាកប្រាំ(៥)ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ១៩»។
នៅថ្ងៃច័ន្ទនេះលោក ហ៊ុន សែន ក៏បានចេញសារដាច់ដោយឡែកមួយទៀតសុំការយោគយល់ពីកម្មករផងដែរ។
ទោះជាយ៉ាងណាសហជីព និងកម្មករកាត់ដេរបានឲ្យដឹងកាលពីពេលកន្លងមកថា ពួកគេមានក្តីបារម្ភខ្លាចឆ្លងវីរុសកូរ៉ូណាពេលបន្តធ្វើការនៅក្នុងរោងចក្រ។
ក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងក្នុងទីក្រុងភ្នំពេញនៅថ្ងៃច័ន្ទនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលបារម្ភអំពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណាក្នុងចំណោមកម្មករ ទើបឈានដល់ការរាំងខ្ទប់កម្មករមិនឲ្យធ្វើដំណើរទៅស្រុកកំណើតនិងស្នើឲ្យពួកគេបន្តការងារជាធម្មតា។
«ដូច្នេះបានរាជរដ្ឋាភិបាលហាមឃាត់ឲ្យនៅកន្លែង ធ្វើការងារនេះ។ ចូលឆ្នាំនេះធ្វើការបានលុយទៀតហើយសុវត្ថិភាពទៀតពីព្រោះមនុស្សដដែលៗធ្វើការជាមួយគ្នាស្ថានភាពសុខភាពនៃកម្មកររបស់យើងបាននឹងនរអស់ហើយ។ ដូច្នេះ កុំទៅភូមិទៅឃុំដើម្បីយកមេរោគមកឲ្យចូលនៅក្នុងខ្លួនយើងហើយចម្លងទៅមិត្តភក្តិរបស់យើងជាកម្មករដូចគ្នា ហើយទៅក្នុងរោងចក្រសហគ្រាសរបស់យើងដែលបង្កហានិភ័យខ្ពស់»។
លោកបានបន្ថែមថា កម្មករណាដែលរំលោភនឹងបទបញ្ជារបស់រដ្ឋាភិបាល នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហើយត្រូវនៅឲ្យដាច់ដោយឡែកពីគេឯងចំនួន ១៤ថ្ងៃ ពេលដែលត្រឡប់ចូលមកធ្វើការវិញ។
ត្រឡប់ទៅកញ្ញា យស់ សុធានី ដែលកំពុងទិញផ្លែឈើចម្រុះជាមួយមិត្តរួមការងារ គឺអ្នកស្រី ផឹម សុផា អាយុ៤១ឆ្នាំ ដែលជាកម្មកររោងចក្រដូចគ្នាសម្រាប់ទទួលទេព្តាឆ្នាំថ្មី នៅពេលពួកគេខកខានមិនបានទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដែលស្ថិតនៅភាគខាងកើតទន្លេមេគង្គ។
ដ្បិតថាឆ្នាំនេះមិនបានជួបជុំបងប្អូនជាច្រើននាក់នៅខេត្តកំពង់ចាម កញ្ញា យស់ សុធានី មិនអន់ចិត្តនោះទេហើយបានត្រៀមរៀបចំសែនដង្វាយទទួលទេព្តាជាមួយអ្នកស្រី ផឹម សុផា ដែលជួលបន្ទប់ជាប់គ្នា។
អ្នកស្រី ផឹម សុផា និយាយថា៖ «ទិញទៅដាក់ក្នុងបន្ទប់អ៊ីចឹងគោរពចូលឆ្នាំហ្នឹងគេទៅ!ទៅធ្វើការអ៊ីចឹងទៅ»៕