ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចូលរួម​កិច្ចសន្យា​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​របស់​អូបាម៉ា


ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​និយាយ​នៅ​ក្នុង​បន្ទប់ Roosevelt Room នៃ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។

ក្រុមហ៊ុន​ពិភពលោក​ធំ​ៗ​ដូច​ជា ​Coca-Cola និង Nike​ កំពុង​ប្តេជ្ញា​​ចាត់​វិធានការ​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​ និង​បង្កើន​ការ​ប្រើ​ប្រាស់​ថាមពល​ស្អាត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

ក្រុមហ៊ុន​លំដាប់​ពិភពលោក​ធំ​ៗ​ជាច្រើន​ទៀត ​ដូច​ជា ក្រុមហ៊ុន ​Coca-Cola និង Nike​ កំពុង​សន្យា​ចាត់​វិធានការកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​ និង​បង្កើន​ការ​ប្រើ​ប្រាស់​ថាមពល​ស្អាត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

រដ្ឋាភិបាល​អាមេរិកបាន​ប្រកាសកាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ក្រុម​ហ៊ុន​ចំនួន​ ៦៨​ បន្ថែម​ទៀត បាន​ចុះ​ហត្ថលេខាព្រមព្រៀង​អនុវត្ត​ច្បាប់​ធុរកិច្ច​អាមេរិកកាំង​ស្តីពី​កិច្ចសន្យា​ទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ​ ដែល​មកទល់​នឹង​ពេលនេះ​ មាន​ក្រុមហ៊ុន​ចំនួន​៨១​ហើយ​បានចូលរួម​ ចាប់តាំង​ពី​កិច្ចសន្យា​នេះ​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​កាល​ពី​ខែ​កក្កដាកន្លង​មក។

ក្រុមហ៊ុន ​ Nike​ បាន​សន្យា​ថា ​នឹង​សម្រេច​ឲ្យ​បាន​ ១០០ភាគរយ ​នូវ​ការប្រើ​ថាមពល​កើត​ឡើងវិញ នៅ​ក្នុងរោងចក្រផលិត​ឬ​ប្រតិបត្តិការ​របស់ខ្លួន​ ត្រឹម​ឆ្នាំ ២០២៥។ ​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត ​ដូច​ជា ​ក្រុមហ៊ុន​ Sony​ បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន​នេះ​នឹង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពលប្រចាំ​ឆ្នាំ​នៃ​ផលិតផល​របស់​ខ្លួន​។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​អាកាស​ធាតុ​របស់លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា គឺ​លោក​ Brian Deese បាន​និយាយ​ថា ​ក្រុមហ៊ុន​នានាបាន​ពង្រឹង​ការ​បេ្តជ្ញា​របស់​ខ្លួន​ ខណៈ​ពេល​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ ក្នុង​អំឡុង​ពេល​នៃ​សន្និសីទអង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីសកាលពី​ខែ​ធ្នូ​។

លោក ​Deese​ បាន​និយាយ​ថា «ការ​ប្តេជ្ញា​នេះ​បង្ហាញ​ពី​សកម្មភាព​ជា​អន្តរជាតិ​មួយ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ភព​ផែនដី​របស់​យើងប៉ុណ្ណោះ​ទេ​ តែ​ជា​ការ​ល្អ​មួយ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​» ។

លោក​បាន​បន្ថែម​ថា «វា​ថែម​ទាំង​បង្ហាញ​ថា​ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដឹកនាំ​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ដទៃ​ទៀត​ចូលរួម​អនុវត្ត​និង​ធ្វើ​ឲ្យ​មានដំណើរការ​វិវឌ្ឍ​ទៅមុខ​ប៉ុណ្ណោះទេ តែ​យើង​ក៏​ឃើញ​មាន​ក្រុមហ៊ុន​ឯកជន​ និង​ភាគីពាក់ព័ន្ធ​ផ្សេងៗ​ទៀត ​បាន​រួម​គ្នា​ជា​សកល​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នេះ​ផងដែរ​»។

សេតវិមាន​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ទាំង ៨១ នោះ ​មាន​បុគ្គលិក​ជាង​៩លាន​នាក់ ​និង​បង្កើតប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ជាង ៣​លាន-លាន​ដុល្លារ​អាមេរិក។

ក្នុង​អំឡុង​ពេល​សន្និសីទកាសែត​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ នាយក​ផ្នែកបរិស្ថាន​ពិភពលោក​របស់​ក្រុមហ៊ុន Intel Corporation លោក Todd Brady ​បាន​ហៅ​ ការប្រែប្រួល​អាកាសធាតុ​ ថា​ជា​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​ផ្នែកបរិស្ថាន​ និង​សេដ្ឋកិច្ច​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយតបយ៉ាង​យកចិត្តទុកដាក់​ដូច​គ្នា។

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិក​មួយ​នេះ​បាន​សន្យា​ថា ​នឹង​បន្តប្រើ​ប្រាស់​ថាមពល​កើត​ឡើង​វិញ​ ១០០​ភាគរយ ​ក្នុង​ដំណើរ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​បង្កើន​ការ​ប្រើ​ថាមពល​កើត​ឡើង​វិញ​នៅ​ក្នុង​ប្រតិបត្តិការ​អន្តរជាតិ។ ក្រុមហ៊ុន ​Intel​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ខ្លួន​នឹង​បង្កើន​ការ​ដំឡើង និង​ការ​ប្រើ​ប្រាស់​ថាមពលកើត​ឡើង​វិញ​នៅ​នឹង​កន្លែង​ ដើម្បី​បង្កើន​ថាមពល​នា​ពេល​បច្ចុប្បន្ន​ឲ្យ​បាន​បី​ដង។

លោក ​Brady ​នៃ​ក្រុមហ៊ុន​ Intel ​បាន​កោត​សរសើរ ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ លើ​ការដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ។ លោក​បាន​ថ្លែង​ថា ​កិច្ចសន្យា​នេះ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នានា​នូវ​ទំនុកចិត្ត​ និង​ភាព​ច្បាស់​លាស់​ ដើម្បី​ឆ្ពោះ​ទៅ​អនុវត្ត​ផែនការវិនិយោគទុន​និង​ផែនការ​កំណើន​ចំណូល ​ស្រប​ពេលថ្លឹងថ្លែង​ផែនការ​របស់​ខ្លួនទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ។

លោក Brady បាន​និយាយ​ថា​ «យើងកាន់​តែ​ក្លាយ​ជា​សេដ្ឋកិច្ច​សកល​មួយ​ ដូច្នេះ​ក្នុង​ការធានា​ឲ្យ​មាន​កា​រចូលរួម​ជា​លក្ខណៈ​អន្តរជាតិ​ ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាស​ធាតុគឺ​ជា​រឿង​សំខាន់​មួយ ហើយ​ក៏​ជា​លទ្ធផល​ដ៏​សំខាន់នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​ណា​មួយ​ផងដែរ»។

សេចក្តីប្រកាស​របស់​សេតវិមាន​អំពី​ការប្តេជ្ញា​ថ្មី​របស់​ក្រុមហ៊ុន​ឯកជន​ កើត​មាន​ឡើង ​នៅ​ពេល​ដែល​ម​ដឹកនាំ​ពិភពលោក​រៀបចំ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ទី​ក្រុង​ប៉ារីស។

កាល​ពី​ដើម​ឆ្នាំ​នេះ ​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​បង្ហាញ​ពី​ផែនការ​ថាមពល​ស្អាត​របស់​លោក ​ក្នុង​គោលបំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ពីវិស័យ​ថាមពល​ឲ្យ​បាន​ជាង​មួយភាគបី​ត្រឹម​ឆ្នាំ​ ២០៣០​។

លោក ​Deese​ ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​អូបាម៉ា​ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​សកម្មភាព​របស់​អាមេរិក​គួប​ផ្សំ​ជាមួយ​នឹង​ការសន្យា​ពី​សហគមន៍​ធុរកិច្ចសាកលលោក ​បាន​ជំរុញ​ឲ្យ​ប្រទេស​ផ្សេង​ទៀតប្រកាស​អំពី​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល។

លោក ​Deese​ បាន​ថ្លែង​ថា៖ «​ឥឡូវ​នេះ​យើង​មាន​បណ្តា​ប្រទេស​ចំនួន ​១៥០​ ដែល​បាន​បញ្ចេញ​ឧស្ម័ន​ជាង ​៨៥​ ភាគរយ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​នៅ​ទូទាំង​ពិភពលោក ​ដែល​ពេលនេះ​បាន​ដាក់គម្រោង​ផែនការ​ជាតិ​របស់​ខ្លួន​រួចរាល់​ហើយ។ នេះ​ជា​ការ​បង្ហាញ​មួយ​មិនធ្លាប់​មាន​ពីមុន​មក​នៅ​ទូទាំង​សហគមន៍​របស់​ពិភពលោក​។ ការណ៍​នេះ​ បាន​ជួយ​ជំរុញ​សន្ទុះ​នៃ​ដំណើរទៅ​មុខ​ ខណៈពេល​ដែល​យើង​ឈាន​ចូល​ទៅ​ដំណាក់​កាល​ចុង​ក្រោយបង្អស់​»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG