ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​នឹង​​ជជែក​ដេញ​ដោល​អំពី​ការ​ផ្តល់​ប្រាក់​ដល់​អង្គការ Planned Parenthood ​ហើយ​អាច​នាំឲ្យ​មាន​​ការ​បិទ​រដ្ឋាភិបាល

  • Cindy​ Saine​

សភា​នឹង​​ជជែក​ដេញ​ដោល​អំពី​ការ​ផ្តល់​ប្រាក់​ដល់​អង្គការ Planned Parenthood នៅ​វិមាន​ Capitol Hill នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន។

ការ​ប្រយុទ្ធ​គ្នា​ខាង​ថវិកា​ថ្មី​បំផុត​រវាង​ពួក​សាធារណរដ្ឋ​ និង​ពួក​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​ស.រ.អ.​បាន​នាំ​ឱ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​ហើយ​ការ​ប្រយុទ្ធ​នេះ​មាន​ធ្វើឡើង​អំពី​ច្បាប់​កែទម្រង់​ខាង​ការ​ថែរក្សា​សុខភាព​របស់​លោក​ប្រធានាធិបតី ​បារ៉ាក់អូបាម៉ា--ដែល​មាន​ការ​ជំទាស់​យ៉ាង​ជូរចត់​ពីពួក​សាធារណរដ្ឋ។ ការ​បិទ​រដ្ឋាភិបាល​ភាគ​ខ្លះ​មាន​រយៈពេល​១៦​ថ្ងៃ។​

នៅ​ពេល​នេះ បញ្ហា​ដែល​នាំ​ឱ្យ​ពួក​សមាជិក​សភា​ជា​ច្រើន​នាក់​ខាង​គណបក្ស​សាធារណរដ្ឋនិង​ពួក​អ្នក​បោះឆ្នោត​ខឹង​សំបារគឺ​ការ​ផ្សព្វផ្សាយ​វីដេអូ​ដែល​គេ​លួចថត​មួយ​ចំនួន​បង្ហាញឱ្យ​ឃើញ​បុគ្គលិក​ខ្លះ​នៃ​អង្គការ​ Planned Parenthood និយាយ​គ្នា​អំពី​ការ​ផ្តល់​ជាលិកា​ទារក​ត្រូវ​ពន្លូត​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ។

អ្នកធ្វើវិភាគ​ខាង​ថវិកា Stan Collender និយាយ​ថារឿង​ចម្រូង​ចម្រាស់នេះ​មាន​ភ្ជាប់ជាមួយ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ២០១៦។​

«នេះ​ជា​បញ្ហា​ពិសេស​មួយ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​នៅ​ទី​នោះ​លោកអ្នក​មាន​សមាជិក​បួន​នាក់នៃ​គណ​បក្ស​សាធារណរដ្ឋ​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី។ពួក​សមាជិក​ទាំង​នេះ​នៃ​គណបក្ស​សាធារណរដ្ឋ​នឹង​បោះឆ្នោត​ប្រឆាំង​នឹង​ Planned Parenthood នៅ​ក្នុងការ​បោះឆ្នោត​ដំបូងនៃ​គណបក្សនេះ។​សមាជិក​ទាំង​នេះ​នៃ​គណបក្ស​សាធារណរដ្ឋ​សុទ្ធ​តែ​បាន​និយាយ​ថា​ពួក​គេនឹង​មិន​បោះឆ្នោត​គាំទ្រ​វិធាន​ការ​ចំណា​យ​ណាមួយ​ដែល​មាន​រួម​បញ្ចូល​ការ​ផ្តល់​ប្រាក់​កាស​ឱ្យ​អង្គការ Plannned Parenthood ទេ‍»។

បេក្ខជន​ម្នាក់​ក្នុងបណ្តា​ពួក​បេក្ខជន​ទាំង​នេះ​គឺលោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អាខាង​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​និយាយ​តាម​បណ្តាញ​One America Network៖

«យើងមាន​សមាជិ​ក​ភាគច្រើន​ខាង​គណបក្សសាធារណរដ្ឋ​នៅ​ក្នុង​សភា​ទាំង​ពីរ​។ខ្ញុំ​យល់​ថា យើង​គួរ​ចាត់​វិធានការ​ដូចនេះ​គឺយើង​គួររួបរួម​គ្នា​ហើយ​និយាយ​ថា​យើង​នឹង​ផ្តល់​ប្រាក់ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​ទាំង​មូល​ក៏​ប៉ុន្តែ​យើង​នឹង​មិន​ផ្តល់​ប្រាក់​កាស​ដល់​ការ​សម្លាប់​ដែល​កំពុង​មាន​ធ្វើ​និង​ដល់​ការ​លក់ផ្នែក​រាងកាយ​នៃ​ពួក​កុមារមិន​ទាន់កើត​ទេ‍»។

អង្គការ​ Planned Parenthood ​បាន​បដិសេធ​ខ្លាំង​ថា​ពួក​គេ​មិន​បាន​យក​ចំណេញ ពី​ការលក់​ជាលិកា​ទារក​មិន​ទាន់កើត​ដែល​បាន​ត្រូវផ្តល់​ឱ្យ​នោះទេ។

លោក​ Mitch McConnel ​មេដឹកនាំ​ក្រុម​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​និយាយថា​តាម​ពាក្យ​សម្តី​ផ្ទាល់​របស់​លោកថាពួក​សាធារណរដ្ឋ​បាន"ឋិត​នៅ​លើ​មាគារ​នេះ​ពី​ពេល​មុន ​ហើយ​គេ​បាន​បន្ទោស​ពួក​សាធារណរដ្ឋ​អំពី​បញ្ហា​គ្រប់យ៉ាង។​លោក​បាន​ធ្វើការ​សន្យា។

«យើងមិន​បាន​បិទ​រដ្ឋាភិបាល​ទេ​ហើយ​យើង​ក៏​មិន​គំរាម​កំហែង​ធ្វើឱ្យ​រដ្ឋាភិបាល បង់ប្រាក់សំណង​មិនទាន់ពេល​វេលា​ក៏ទេដែរ‍»។

លោកប្រធានាធិបតី​អូបាម៉ា​បានអំពាវ​នាវ​ដល់​សភា​រួច​ស្រេចហើយ។

«នៅ​ពេល​ពួក​សមាជិក​សភា​ត្រឡប់​មកធ្វើការ​វិញ ពួក​គេ​គួរ​បញ្ចៀ​ស​កុំឱ្យមាន​ការ​បិទ​រដ្ឋាភិបាល​ គួរ​អនុម័ត​ថវិកា​មាន​ការ​ទទួល​ខុសត្រូវ​មួយនិង​គួរ​បង្ហាញ​ថា​នេះជា​ប្រទេស​មួយដែល​ក្រឡេក​មើល​ទៅខាង​មុខ‍»។

ក៏​ប៉ុន្តែ​លោក​ Stan Collender មានការ​សង្ស័យ​អំពី​ការប្រកាន់​អាកប្បកិរិយា​ត្រជាក់​នឹង​មាន​ជោគជ័យ។​

«លោក​អ្នក​ត្រូវតែ​ចង​ចាំថា​នៅ​ក្នុង​វិស័យ​នយោបាយ​អាមេរិកាំងនៅ​ពេលនេះ​ការ​សម្របសម្រួល​អំពី​បញ្ហា​នានា​ដូចជា​អំពី​អង្គការ Planned​ Parenthood ជាដើម​មានន័យ​ស្មើគ្នា​និង​ត្រូវចាត់ទុក​ថា​ជា​ការឃុបឃិត​ជាមួយ​ពួកសត្រូវ‍»។

លោក Collender និយាយថា​អំពី​បញ្ហា​មានការរំភើបចិត្ត​មួយ​ដូចជា​អង្គការ​ Planned Parenthood និង​ការពន្លូត​កូន​ជា​ដើម​ គេត្រូវការ​ឱ្យ​មាន​ភាព​ជា​មេដឹកនាំនៃសភាតំណាង​រាស្ត្រ​អាមេរិកាំងនិង​ព្រឹទ្ធសភា​ដើម្បី​បញ្ចៀសកុំឱ្យ​មាន​ការ​បិទ​រដ្ឋាភិបាលទៀត។

ប្រែសម្រួល​ដោយ ​លោក​ ឈឹម​ សុមេធ

XS
SM
MD
LG