ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមសិទ្ធិ​មនុស្សនៅអាមេរិក​ដង្ហែក្បួន​សិទ្ធិ​មនុស្ស


រូបភាព​បង្ហាញ​ពី​ការ​ដង្ហែ​ក្បួន​ឆ្លង​កាត់​ស្ពាន​ Edmund Pettus Bridge កាល​ពី​ថ្ងៃទី​០៨ ខែមិនា ឆ្នាំ​២០១៥ នៅ​ក្រុង​ Selma រដ្ឋ​Alabama។

ក្នុង​ការឆ្លុះ​បញ្ចាំង​អំពី​អ្វីដែល​ក្រុមសិទ្ធិ​មនុស្ស​អះអាង​ថា ​ជាការវាយ​ប្រហារ​ថ្មីៗ​លើ​សិទ្ធិ​សេរីភាព​ស្មើគ្នា​នោះ ​ក្រុម​គាំពារសិទ្ធិ​ជន​ស៊ីវិល​ស.រ.អា​កំពុង​ដើរដង្ហែ​ក្បួន​ចម្ងាយ ​១.៣៨៥គ.ម.​ពីទីក្រុងសែលម៉ា​ (Selma) ​រដ្ឋ Alabama​ មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

បន្ទាប់​ពី​បាន​ចាប់ផ្តើម​ក្បួន​ដង្ហែនៅ​ស្ពាន​ Edmund Pettus Bridge​ ដែល​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ខាង​សិទ្ធិ​មនុស្ស​ ក្បួន​ដង្ហែ​ដែល​គ្រោង​ធ្វើ​រយៈពេល​៤០ថ្ងៃ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា។ ក្នុងសុន្ទរកថា​ អបអរ​ការ​ចាប់​ផ្តើម​ក្បួនដង្ហែ​ដែល​មានឈ្មោះ​ថា ការ​ធ្វើ​ដំណើរ​ដើម្បី​យុត្តិធម៌​នៅ​អាមេរិក (​America's Journey for Justice) ​នេះ ​ អ្នកស្រី ​Theresa Dear​ បាន​ប្រាប់​កាសែត​ Montgomery Advertiser ថា ពួកគេ​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​សមភាព​ខាង​សាសនា។

មាន​អ្នក​គាំទ្រ​ជាង​២០០នាក់​បាន​ចូល​រួមក្នុង​ការ​ដើរ​បង្ហែក្បួន​ដំណាក់​កាល​ដំបូង​ ដែល​មាន​ចម្ងាយ​ប្រហែល​១.៤០០​គម ​គឺ​ស្មើ​នឹង​១៦ដង​នៃ​ចម្ងាយផ្លូវ​ដែល​សកម្មជនទាមទារ​សិទ្ធិ​បោះ​ឆ្នោត​បានដើរ​កាល​ពី​ឆ្នាំ​១៩៦៥​នោះ។​

ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​រៀបចំ​ដោយ​ សមាគម​ជាតិ​កម្ពស់សមភាព​ពូជ​សាសន៍​ពណ៌សម្បុរ​ប្រជាពលរដ្ឋ​ ( National Association for the Advancement of Colored People)​ ហើយ​វា​គឺ​ជា ខួបលើក​ទី៥០​ឆ្នាំ​អបអរសាទរ​ច្បាប់​ស្តីពី​សិទ្ធិ​បោះឆ្នោត ​ដែល​អ្នក​ធ្វើ​យុទ្ធនាការ​និយាយ​ថា​ កំពុង​រងការ​គំរាមកំហែង៕

XS
SM
MD
LG