ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​​ថា​៖ ក្មេង​ស្រី​​ជនបទ​មាន​វិសមភាព​យេនឌ័រ​ និង​ខ្វះ​ឱកាស​អភិវឌ្ឍ​ខ្លួន​ឯង

  • ហ៊ាន សុជាតា

រូបឯកសារ៖ សិស្ស​ស្រី​នៅ​វិទ្យាល័យ​ហ៊ុន សែន​ប្រាសាទ​បាគង ដែល​លោកស្រី Michelle Obama បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥ ក្នុង​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

លោក​ យី​ គីមថាន​ ឲ្យ​ដឹង​ទៀត​ថា​ ការ​បោះបង់​ឱកាស​ទទួលបាន​ការអប់រំ​ និង​អភិវឌ្ឍ​​របស់​ក្មេង​ស្រី​ នេះ​ បាន​ធ្វើ​ឲ្យក្មេង​ស្រី​ មិន​មាន​សមត្ថភាព​ធ្វើការ​ជំនាញ​ដែល​ទទួល​បាន​កម្រៃ​ខ្ពស់​ និង​មិន​អាច​ចូលរួម​សម្រេច​ចិត្ត​លើ​បញ្ហា​សំខាន់​ៗ​ក្នុង​សហគមន៍​ ជា​ពិសេស​គឺ​បញ្ហា​របស់​ក្មេង​ស្រី​ខ្លួន​ឯង​នោះ​​។

ការ​រៀបការ​វ័យ​ក្មេង​ ការ​កំណត់​ឲ្យ​ក្មេង​ស្រី​បោះ​បង់​ចោល​ការ​សិក្សាដើម្បី​ជួយ​សម្រួល​ការងារ​ក្នុង​គ្រួសារ​ ផ្នត់​គំនិត​ដែល​នៅ​តែ​ឲ្យ​តម្លៃ​ក្មេង​ប្រុស​ជាង​ក្មេង​ស្រី​ និង​ការ​មិន​យល់ដឹង​ពី​សិទ្ធិ​របស់​ខ្លួន គឺ​ជា​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ក្មេង​ស្រី​ក្នុង​សហគមន៍​ជនបទ​កម្ពុជា​មិនមាន​ឱកាសទទួល​បាន​ការ​អប់រំ​ខ្ពស់​ និង​បង្អាក់​ពួកគេពី​ការ​អភិវឌ្ឍ​ន៍​ខ្លួន​ឯង​។​ នេះ​ បើ​យោង​តាមអ្នក​ជំនាញ​ធ្វើការ​ខាង​ផ្នែក​លើ​កម្ពស់​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា​។​

លោក​ យី​ គីមថាន​ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ថ្នាក់​ជាតិ​ នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា លើក​ឡើង​ថា​ បើទោះ​ជាក្មេង​ប្រុស​ និង​ក្មេង​ស្រី​មាន​ភាព​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ និង​សន្ធិសញ្ញា​អន្តរជាតិ​ក៏ដោយ​ ក៏ប៉ុន្តែសហគមន៍​ជនបទ​នៅកម្ពុជា​ នៅ​តែ​ផ្តល់​អាទិភាព​ដល់​ក្មេង​ប្រុស​ជាង​ក្មេង​ស្រី​។​

«​ទាក់ទង​នឹង​យើង​និយាយ​ពី​សិទ្ធិ។​ ក្មេង​ប្រុស​ និង​ក្មេង​ស្រី​គួរ​ទទួល​បាន​សិទ្ធិ​ស្មើគ្នា​ នៅក្នុង​សង្គម​ មិន​អាច​ថា​ក្មេង​ស្រី​ គាត់​ត្រូវ​តែ​ឈប់រៀន​មុន​ក្មេង​ប្រុស​ ឬ​ក៏​ក្មេង​ស្រី​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​ក្មេង​ប្រុស​។​ យើង​ឃើញ​ថា​ នៅ​តាម​ជនបទ​ តាម​តំបន់​ដែល​យើង​ធ្វើការ​ យើង​ឃើញ​ថា​ ក្មេង​ស្រី​ទទួល​បាន​សិទ្ធិ​តិច​ជាង​ក្មេង​ប្រុស​ ហេតុ​នេះ​ ទើប​យើង​យកចិត្ត​ទុក​ដាក់​លើក​កម្ពស់​»។

លោក​ យី​ គីមថាន​ ឲ្យ​ដឹង​ទៀត​ថា​ ការ​បោះបង់​ឱកាស​ទទួលបាន​ការអប់រំ​ និង​អភិវឌ្ឍរបស់​ក្មេង​ស្រី​ នេះ​ បាន​ធ្វើ​ឲ្យក្មេង​ស្រី​ មិន​មាន​សមត្ថភាព​ធ្វើការ​ជំនាញ​ដែល​ទទួល​បាន​កម្រៃ​ខ្ពស់​ និង​មិន​អាច​ចូលរួម​សម្រេច​ចិត្ត​លើ​បញ្ហា​សំខាន់​ៗ​ក្នុង​សហគមន៍​ ជា​ពិសេស​គឺ​បញ្ហា​របស់​ក្មេង​ស្រី​ខ្លួន​ឯង​នោះ។

«ហើយ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​សហគមន៍​ មាន​តែ​ក្មេង​ស្រី​គាត់​ខ្លួ​នគាត់ទេ​ ដែល​គាត់​ដឹង​ពី​បញ្ហា​ដែល​គាត់ជួប​ប្រទះ។ ​អញ្ចឹង​បើ​សិន​យើង​ឲ្យ​បុរស​ ឬ​ក្មេង​ប្រុស​ធ្វើការ​សម្រេច​ចិត្ត​ជំនួស​ក្មេង​ស្រី​អញ្ចឹង​ពេល​ខ្លះ​ដំណោះ​ស្រាយ​ដែល​យើង​ធ្វើ ​គឺ​មិន​បាន​ចំ​ចំណុច​ដែលក្មេង​ស្រី​ប៉ះពាល់ទេ។ ​ហេតុ​នេះ​ជា​កត្តាសំខាន់​ដែល​យើងត្រូវ​ធ្វើ​ឲ្យ​គាត់ចូលរួម​សម្រេច​ចិត្ត​ខ្លួន​គាត់​ ហៅថា​សិទ្ធិ​អំណាច​ខ្លួន​គាត់ទាំង​សេដ្ឋកិច្ច​ សង្គម​ ដើម្បីឲ្យ​គេ​ទទួល​ស្គាល់​នូវ​តម្រូវ​ការ​របស់គាត់​ និង​អាច​ឆ្លើយ​តប​បាន​សមរម្យ​»។

កញ្ញា​ សេង រាសី​ អ្នក​សម្រប​សម្រួល​គណៈ​កម្មការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា​ មើល​ឃើញ​ថា​ ការ​យល់​ដឹង​ សិទ្ធិ​ក្មេង​ស្រី​ និង​សមភាព​យេនឌ័ររបស់​អាណា​ព្យាបាលកុមារ​នៅ​តាម​ជន​បទ​នៅ​មាន​កម្រិត​ទាបនៅឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យការ​បញ្ជូន​ព័ត៌មាន​បន្ត​ និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​បន្ត​ទៅក្មេង​ស្រី​សាមី​កាន់​តែ​មាន​ភាព​តិច​តួច​។​

កញ្ញា​ បញ្ជាក់​ប្រាប់​ VOA ​ថា​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​ អាច​ជួយ​ឲ្យ​ក្មេង​ស្រី​មាន​ភាព​ក្លាហាន​ ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ និង​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដែល​កើតឡើង​ចំពោះ​ពួកគេ​។​

«វា​មាន​គុណ​វិបត្តិ​ធ្ងន់ធ្ងរ​មែន​ទែន​ នៅ​ពេល​យើង​មិន​បាន​ដឹង​ពីសិទ្ធិ​ខ្លួន​ឯង​ យើង​នឹង​ភ័យ​ខ្លាច ​មិន​ដឹង​ថា​ការ​អនុវត្តន៍​របស់​យើង​ហ្នឹង​វា​ខុសច្បាប់​ ​ស្របច្បាប់​ ឬ​បាន​កម្រិត​ប៉ុណ្ណា​។​ ឧទាហរណ៍​ថា​ក្មេង​ស្រី​ ត្រូវ​គេ​រំលោភ​ ឬ​បៀតបៀន​កេរ្តិ៍ខ្មាស​ ឬ​ប្រើ​ហិង្សា​មកលើ​គាត់។​ គាត់​អត់​បាន​ដឹង​ទេ​ ថា​គាត់​មាន​សិទ្ធិ​ប៉ុណ្ណា​ ក្នុង​ការ​ប្តឹង​បកទៅ​លើ​បុគ្គល​នោះ​ ដើម្បី​ឲ្យ​បុគ្គល​នោះ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់។​ គាត់លាក់​រឿង​ហ្នឹង​ទុក ​គាត់​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ទេ​។ ​ប៉ុន្តែ​បើ​គាត់​យល់​ដឹង​ពីសិទ្ធិ​ គាត់​នឹង​មាន​ភាព​ក្លាហាន​ទាមទារ​សិទ្ធិ​ និង​អនុវត្ត​សិទ្ធិ​បាន​ពេញ​លេញ​»។

កញ្ញា​ សេង រាសី​ ​លើកឡើង​ថា​ ​ដើម្បី​ធានា​ថាក្មេង​ស្រីទទួល​បាន​សិទ្ធិ​ពេញ​លេញ​ ​និង​ការលើក​កម្ពស់​យេនឌ័រ​នោះ​ វា​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការចូលរួម​ភាគី​ពាក់ព័ន្ធ​ ទាំង​កុមារី​ខ្លួន​ឯង​ ឱពុក​ម្តាយ​ អាណា​ព្យាបាល​ សហគមន៍​ និង​មន្ត្រី​មូលដ្ឋាន​ផងដែរ​។

កាល​ពី​សប្តាហ៍​មុន​ ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ឆ្នាំ​២០១៦~២០២១​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ និងសុខមាលភាព​របស់​កុមារ​កម្ពុជា។​ ​ផែន​ការ​យុទ្ធសាស្ត្រ​នេះ​ ​បង្ហាញ​ថា​ទោះ​បី​ជា​ស្ថាន​ភាព​កុមារ​ក្នុង​ពិភព​លោកមាន​ភាព​ប្រសើរ​ឡើង។ ក៏​ប៉ុន្តែ​កុមារ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​ទទួល​បាន​សិទ្ធិ​កុមារ​ពេញលេញ​ និង​បញ្ហា​សមភាព​យេនឌ័រ​ ជា​ពិសេស​ក្មេង​ស្រី​នៅ​តំបន់​ដាច់​ស្រយាល​ និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​។ ​ហើយការ​អនុវត្ត​គោល​នយោបាយ​ និង​ច្បាប់​នានា​ពាក់ព័ន្ធ​សិទ្ធិ​កុមារ​ និង​យេនឌ័រ​របស់​កម្ពុជា​ នៅ​មាន​ភាព​យឺត​យ៉ាវ​ និង​ទន់ខ្សោយ។​

សកម្មភាពសំខាន់ៗ​មួយ​ចំនួន​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ​មានដូចជា ការ​ធ្វើការ​ដោយ​ផ្ទាល់ជាមួយ​សហគមន៍​ និង​កុមារ​តូច​ ការ​បណ្តុះ​បណ្តាល​សមត្ថភាពគ្រូ​មតេ្តយ្យ​ ការ​បណ្តុះ​បណ្តាល​ឪពុកម្តាយ​ ឬ​អាណាព្យា​បាល​ដើម្បី​ឲ្យ​ពួកគេ​ចេះ​អប់រំ​កូន​បន្ត​ ការ​សហការ​ជាមួយ​ក្រុម​ប្រឹក្សាឃុំ​ដើម្បី​ផ្សព្វផ្សាយ​បន្ត​អំពី​សិទ្ធិ​កុមារ​នោះ ​និង​ការ​ផ្តល់​វគ្គបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ក្មេង​ស្រី​ដែល​បោះបង់​ការសិក្សា​ជាដើម​។​ ផែនការ​យុទ្ធសាស្ត្រនេះ​ ធ្វើឡើង​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន​៤នៃ​ភូមិភាគ​ឥសាន​ គឺ​ខេត្ត​សៀម​រាប​ ស្ទឹងត្រែង​ រតនគិរី​ និង​ត្បូង​ឃ្មុំ​ ដែល​ជា​តំបន់ក្រីក្រ​ ​ដាច់​ស្រយាល​ និង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ទាប​ចំពោះ​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ​ និង​លើក​កម្ពស់​យេនឌ័រ​។​

ថ្លែង​នៅក្នុង​ពិធី​អនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែន​កាល​ពី​សប្តាហ៍​មុន​ លោក Jan Jaap ​Kleinrensink​ នាយក​ប្រចាំ​ប្រទេស​ លើក​ឡើង​ថាអង្គការ​សហ​ប្រជាជាតិ​ បាន​អនុម័ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ដើម្បី​សម្រេច​ឲ្យ​បាន​សមភាព​យេនឌ័រ​នា​ឆ្នាំ​២០៣០។​ ក៏​ប៉ុន្តែ​លោកថា ក្មេងស្រី ​និងស្រ្តី​រាប់​លាន​នាក់​ រួមទាំង​ ក្មេងស្រី ​និង​ស្រ្តី​នៅ​កម្ពុជា​ នឹង​នៅ​តែមិន​បាន​ទទួល​ការ​យកចិត្ត​ទុក​ដាក់​ និង​នៅ​តែមិនចូលរួម​ឲ្យ​ពេញ​លេញត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ។​នេះ​ប្រសិន​បើគ្មាន​យន្តការ​ជាក់លាក់​ ​ដែលផ្តោតលើ​យេនឌ័រ​ឲ្យបានច្រើន​ ដើម្បី​ជួយឲ្យ​ស្ត្រី​ចេះសម្រេច​ចិត្ត និងបើគ្មានការ​វិនិយោគ​ដែល​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​បាន​នោះ​។

VOA ​មិន​អាច​ទាក់​ទង លោក ​ហង់ ​ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​និង​កីឡា ​និង ​លោក រស់ សាលីន ​អ្នកនាំ​ពាក្យរដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ទេ​ត្រឹម​ថ្ងៃ​អង្គារ​នេះ​នោះ​ទេ​។

​នៅក្នុង​ពិធី​អនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត កាល​ពី​សប្តាហ៍​មុន​ដែរ​ លោក​ ហង់​ ជួន​ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ យល់ថា​ ផែន​ការ​យុទ្ធសាស្រ្ត​នេះ មិន​ត្រឹមតែ​ជួយ​អប់រំ​កុមារ​តូច​ទេ​ ​ប៉ុន្តែក៏អប់រំ​ឳពុកម្តាយ​ ឲ្យ​ចេះ​អក្សរ​ ​និង​ឲ្យ​ចេះ​បង្រៀន​ក្មេងតូច​ផងដែរ។​ ការណ៍​នេះ​ លោក ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យល់ថា​ អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរជា​វិជ្ជមាន​ ​នៅក្នុង​សហគមន៍​ និង​រួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​។​ ​

«ជា​ការពិត​ ការ​វិនិយោគទៅលើ​ការ​គាំពារ​ និង​ការ​អភិវឌ្ឍ​ន៍​កុមារ​តូច​ គឺ​ជា​ការ​វិនិយោគ​មួយ​ដែល​ផ្តល់នូវ​ភាគ​លាភ​ អាច​ផ្តល់ជា​លទ្ធផល​ល្អ​ ដែលជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ឲ្យ​ យុវជន​បន្តការ​សិក្សា​ ផ្តល់​ឲ្យ​កុមារ​នូវ​ការអប់រំ​ ទាំង​បំនិន​ផ្សេងៗ​សម្រាប់​ ការអភិវឌ្ឍន៍​ ហើយ​ប្រែ​ក្លាយ​កុមារ​ទាំង​អស់​នោះ​ ឲ្យ​ក្លាយ​ជា​ធនធាន​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស។ ​ក៏​ជួយ​លើកស្ទួយ​ដល់​សុខ​មាល​ភាព​របស់​កុមារ​ របស់ស្ត្រី​នៅកម្ពុជា»។​

ការ​ចូលរួម​របស់​ស្រ្តី​កម្ពុជាក្នុង​ការ​សម្រេច​ចិត្ត​សាធារណៈ​ នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​ ​មាន​ចំនួន​ស្ត្រី​ត្រឹមតែ​ប្រមាណ​១​ ភាគ​៣​ប៉ុណ្ណោះ ជា​តំណាង​ក្នុង​សង្គម​ស៊ីវិល​ ហើយ​ស្ត្រី​ក៏នៅ​មានតិចតួច​ក្នុង​វិស័យនយោបាយ។ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ កម្ពុជា​មិន​បាន​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ដែល​ធានា​ឲ្យ​មាន​ការ​កើន​ឡើង​តំណាង​ស្ត្រី​ក្នុង​សភា​ជាតិ​ឱ្យ​បាន​ដល់​៣០​ភាគរយ​ (ឬ​៣៦​រូប​)នោះ​ទេ​៕​

XS
SM
MD
LG