ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តម្លាភាព​នៅ​ហ្គាណា​ទទួល​បាន​ការ​ជំរុញ​ពី​ច្បាប់​អាមេរិក


​ច្បាប់​ថ្មី​របស់​​សហរដ្ឋ​អាមេរិក​នឹង​ជួយ​ពលរដ្ឋ​ សភា​និង​អ្នកយកព័ត៌មាន​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អ្វី​ដែល​ក្រុមហ៊ុន​និយាយ​ថា​គេ​បង់ គឺអ្វី​ដែលរដ្ឋាភិបាល​ប្រាកដ​នឹង​បាន​ទទួល និង​ប្រើ​ប្រាស់។
Joana Mantey
ប្រែសម្រួល​ដោយ ជឹង ប៉ូជីន
អាក្រា, ហ្គាណា៖ ច្បាប់​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​បំណងលើក​ទឹក​ចិត្ត​ឲ្យ​មាន​តម្លាភាព និង​ការ​ទទួល​ខុសត្រូវ​ប្រាក់​ចំណូលក្នុង​ប្រទេស​សម្បូរ​ធនធានដូចជា​ប្រទេស​ហ្គាណា នឹង​ចូល​ជាធរមាន​នៅ​ឆ្នាំ​២០១៤។ ច្បាប់​ Dodd-Frank Wall Street Reform Act តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ប្រេង​ ឧស្ម័ន និងរ៉ែ ដែល​ចុះ​បញ្ជី​ជាមួយ​ផ្សារ​ភាគ​ហ៊ុន​សហរដ្ឋ​អាមេរិក បង្ហាញ​ព័ត៌មាន​ទាំងស្រុង​ពី​ការបង់​ប្រាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​ធ្វើ​ពាណិជ្ជកម្ម។ ច្បាប់​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​ហ្គាណា ជាពិសេស​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​បរិស្ថាន​ដោយសារ​ឧស្សាហកម្ម​ទាំង​នោះ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​របស់​ខ្លួន។
ច្បាប់​នោះ រួមបញ្ចូល​ក្រុមហ៊ុន​អន្តរជាតិជាង​១.០០០​ដែល​រួមមាន​ក្រុម​ហ៊ុន​Anadarko, Hess, Kosmos ​និងTullow Oil ផង​ដែរដែល​ក្រុមហ៊ុន​ទាំង​អស់​នេះ​ មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ហ្គាណា។
ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​តម្លាភាព​ជា​ការ​ចាំ​បាច់​បំផុត​នៅ​ក្នុង​ប្រទេស​ហ្គាណា។ លោក បូកាយ ដានក្វា បូឌី (Boakye Dankwa Boadi) ជា​នាយក​គមនាគមន៍នៅ​អង្គការ​WACAM ​ដែល​ជា​អង្គការ​មិន​យក​កម្រៃ​មួយ​ដែល​បាន​ចូល​រួម​ក្នុង​វិស័យ​បរិស្ថាន សិទ្ធិ​មនុស្ស និង​និស្សារណកម្ម។ លោក​និយាយ​ថា ​កសិដ្ឋាន​កា​កាវ​ខ្លះ បាន​ត្រូវ​បំផ្លាញ​នៅ​កេនីយ៉ាស(Kenyase) ក្នុង​តំបន់​ ប្រុងអាហាហ្វូ (Brong Ahafo) នៃ​ប្រទេស​ហ្គាណា​ដើម្បី​បើក​ផ្លូវ​ដល់​សកម្មភាព​យករ៉ែ ប៉ុន្តែជន​រងផល​ប៉ះពាល់​មិនទាន់​ទទួល​បាន​សំណង​ពេញ​លេញ​នៅ​ឡើយ។
«នៅ​ពេល​ដែល​គេ​ចង់​បង់​ប្រាក់​សំណង​ឲ្យ​កសិដ្ឋាន​កាកាវ​ គេ​បង់​មិន​ដល់​១០​ដុល្លារ​ផង​សម្រាប់​កាកាវ​មួយ​ដើម។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ កាកាវ​មួយ​ដើម ​នា​ពេល​នេះ​អាច​ឲ្យ​ផលប្រហែល​៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ ពួកគេ​បង់​ប្រាក់​តែ​១០​ដុល្លារ​សម្រាប់​ដើម​កាកាវ​មួយ​ដើម​ដែល​ដើម​កាកាវ​នឹង​មាន​ជីវិត​រហូត​ជាង​៤០​ឆ្នាំ។ ដូច្នេះ ក្នុង​ន័យ​នេះ​ពួកគេ​ធ្វើ​ការ​ផ្លាស់​ប្តូរ​កសិករ​ក្នុង​រយៈពេល​ខ្លី»។
ពួក​អ្នកគាំទ្រ​តម្លាភាព​និយាយ​ថា ច្បាប់​ Dodd-Frank ​នឹង​អនុញ្ញាត​ឲ្យ​សហគមន៍​ទទួល​ផល​កាន់​តែ​ច្រើនពី​និស្សរណកម្ម​ប្រេង និង​រ៉ែ ពីព្រោះ​តែ​ការ​បង់​ប្រាក់​ទាំង​អស់​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​បរទេស​ទៅ​ឲ្យ​រដ្ឋាភិបាល​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ។
លោក អ៊ាន ហ្គារី (Ian Gary) ជា​នាយក​ជាន់​ខ្ពស់​ខាង​នយោបាយរបស់​អង្គការ​ អុកស្វាម​អាមេរិក។
«ពេល​ដែល​ក្រុមហ៊ុន​ចុះ​ហត្ថលេខាលើ​កិច្ចសន្យា​ដើម្បី​ធ្វើ​ការ​រុករក ជា​រឿយៗ គេ​បាន​បង់​ប្រាក់​មុន​ ដែល​គេហៅ​ថា​ប្រាក់​អំណោយ​សម្រាប់​ចុះ​ហត្ថលេខា។ មាន​ការ​បង់​ប្រាក់​ប្រភេទ​ផ្សេងៗ​ទៀត​ដូចជា​ពន្ធ​សាជីវកម្ម កម្រៃ​សគុណដែល​ពួកគេ​បង់ឲ្យ​ថ្លៃ​គម្រោង ពន្ធគយ គេ​ក៏​ត្រូវ​តែ​បង្ហាញ​ព័ត៌មាន​ថា​តើ​ពួកគេ​បាន​បង់​ប្រាក់​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែរ​ឬទេ។ ឧទាហរណ៍ ប្រសិន​បើ​ក្រុមហ៊ុន​រ៉ែ​កសាង​ផ្លូវ ថ្លៃ​ធ្វើ​ផ្លូវ​នោះ​ក៏​ត្រូវ​តែ​បង្ហាញ​ឲ្យ​គេ​ដឹង​តាម​ផ្លូវ​ច្បាប់​ដែរ»។
ប្រទេស​ហ្គាណា​មាន​កម្រិត​តម្លាភាព​ល្មម​ជុំ​វិញ​ប្រាក់​ចំណូល​អាជីវកម្មរ៉ែ និង​ប្រេង។​ ប្រទេសនេះ​បានអនុម័តច្បាប់​គ្រប់គ្រង​ប្រាក់​ចំណូលកាល​ពី​ឆ្នាំ​ទៅ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ពី​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រាក់​ចំណូល​ដែល​រដ្ឋាភិបាល​បាន​ទទួល​ពី​ផ្នែក​ប្រេង និង​ឧស្ម័ន។ ប៉ុន្តែ លោក ហ្គារី​និយាយ​ថា ​ច្បាប់​ថ្មី​របស់សហរដ្ឋ​អាមេរិក​នឹង​ជួយ​ពលរដ្ឋ​ សភា​និង​អ្នកយកព័ត៌មាន​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អ្វី​ដែល​ក្រុមហ៊ុន​និយាយ​ថា​គេ​បង់ គឺអ្វី​ដែលរដ្ឋាភិបាល​ប្រាកដ​នឹង​បាន​ទទួល និង​ប្រើ​ប្រាស់។
«វាជា​ការធានា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា មិនមែន​តែ​ចំនួន​ដែល​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែ​ចំនួន​ទាំងនោះ​ត្រូវ​តែ​ត្រឹម​ត្រូវ​និង​ពិតប្រាកដ​ទៀត។ ចំពោះ​ប្រទេស​ហ្គាណា មាន​កម្រិត​តម្លាភាព​ខ្លះនៅ​កម្រិត​ជាតិ ប៉ុន្តែ​នៅ​មូលដ្ឋាន​និង​សភា​ស្រុក មាន​ព័ត៌មាន​តិច​បំផុត​អំពី​ប្រាក់​ដែល​សភា​ស្រុក​ទាំង​នេះ​បាន​ទទួល​ និង​ការ​ប្រើ​ប្រាស់​បា្រក់​ទាំង​នោះ»។
លោក ហ្គារី បន្ត​ទៀតថា​វា​មានសារៈ​សំខាន់​សម្រាប់​ពលរដ្ឋ ក្នុង​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ និង​ប្រើ​ប្រាស់​ព័ត៌មានដែល​ច្បាប់​ថ្មី​កំណត់។ លោក ហ្គារី និយាយ​ថា​មាន​ការ​ចាំ​បាច់​សម្រាប់​ប្រទេសប្រើ​ប្រាស់​ប្រេងក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​ការ​អនុម័តច្បាប់​ស្រដៀង​គ្នា​ដើម្បីធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព​ក្នុង​ប្រទេស​សម្បូរ​ធនធាន។ បច្ចុប្បន្ន​នេះ ​ប្រទេស​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​បង្ហាញការ​គាំទ្រ​ខ្លះ​ដល់​បទបញ្ញត្តិរបស់​គណៈកម្មការអឺរ៉ុប​ឲ្យ​ស្រប​គ្នា​ជាមួយ​ច្បាប់​ថ្មី​របស់​សហរដ្ឋ​អាមេរិក៕
XS
SM
MD
LG