ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ហ្គាណា​ បើក​បំពង់​បូមប្រេង​នៃតំបន់​ប្រេង​ក្នុង​សមុទ្រ​ទី២


លោក​អតីត​ប្រធានាធិបតី​ប្រទេស​ហ្គាណា John Atta Mills បាន​បើក​ក្បាលវ៉ាល់​បំពង់​បូម​ប្រេង​ឆៅ​បង្ហូរ​ចេញ​ពីតំបន់​ប្រេងក្នុង​សមុទ្រ​ចូលក្នុងធុ​ងBarrel ទី​មួយ នៅថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១០។

កាល​ពីថ្ងៃទី​១៨ ខែ​សីហា លោក​ប្រធានាធិបតី​ប្រទេស​ហ្គាណា​ John Mahama បាន​បើក​ក្បាលវ៉ាល់​បំពង់​បូមប្រេង​ជាផ្លូវការ​ក្នុង​តំបន់ប្រេង​ក្នុងសមុទ្រ​​ទីពីរ​របស់​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​មួយនេះ។ ប៉ុន្តែ​ការណ៍​នេះ បានធ្វើ​ឲ្យមាន​ការកត់​សម្គាល់​តិចតួច​ប៉ុណ្ណោះ​បើធៀប​នឹងពេល​ដែល​ប្រទេស​ហ្គាណា​បាន​បោះជំហាន​ចូល​ក្នុង​ពាណិជ្ជកម្ម​ផលិតកម្ម​ប្រេង​កាលពី​ឆ្នាំ២០១០។

ការបោះជំហាន​របស់​ប្រទេស​ហ្គាណា​ចូល​ក្នុង​ផលិតកម្ម​ប្រេង​កាលពី​ឆ្នាំ២០១០​ ត្រូវបាន​គេមើល​ឃើញថា​ ជាសេចក្តី​សង្ឃឹម​មួយ​ដ៏ធំ។ ប្រទេស​ហ្គាណា​ គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿនជាង​គេក្នុង​ពិភពលោក។

ប៉ុន្តែ​ទ្រព្យសម្បតិ្ត​របស់ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​មួយនេះ​ បាន​កំពុងតែ​រួម​តូច​បន្តិច​ម្តង​ៗ។ អតិផរណា​មានកម្រិត​ខ្ពស់។ បំណុល​សាធារណៈ​បានឡើង​យ៉ាងឆាប់រហ័ស។ កង្វះខាតថាមពល បាន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដុនដាប​អស់រយៈ​ពេលជាង​៤ឆ្នាំកន្លង​មកនេះ។

បើទោះជា​ប្រាក់ចំណូល​ពីការបូម​ប្រេង​បានកើន​ឡើង​លើស​ ​គោលដៅ​ ២ពាន់លាន​ដុល្លារក៏ដោយ​ ប្រទេស​ហ្គាណា​បានចំណាយ​ប្រាក់​លើ​ប្រេង​នាំចូល​ ច្រើនជាងប្រេងឆៅ​នាំចេញ​ នេះ​បើយោងតាម​ស្ថិតិ​ខែ ធ្នូ ឆ្នាំ​២០១៥។

​ក្នុង​តំបន់ផលិត​ប្រេង​នៅ​បស្ចិមលោក​ ប្រជាជន​និយាយ​ថា ពួកគេ​មិនបាន​សង្កេត​ឃើញ​ផល​ចំណេញ​ច្រើន​នោះ​ទេ។

អ្នកលក់​សម្ភារ​រក្សា​សុវត្ថិភាព​ និង​គ្រឿង​ម៉ាស៊ីន​ម្នាក់ ឈ្មោះ​ Gideon Jimah ក្នុង​ទីក្រុង​ Takoradi ដែល​ជាទីក្រុង​ពាណិជ្ជកម្ម​នៅប៉ែកខាងលិច​ប្រទេស​ហ្គាណា​ បាន​និយាយថា​៖ «មិនមែន​មានន័យ​ថា ប្រជាជន​គ្រប់រូប​បានទទួល​ផលប្រយោជន៍​ពីការ​បូមប្រេង​នេះទេ​ ពីព្រោះ​ឧស្សហកម្ម​មួយនេះ​ គឺត្រូវ​ការ​តែ​ពលករ​ជំនាញ​ … កម្មករ​ភាគច្រើន​ជាអ្នក​មកពី​ក្រៅស្រុក​ ហើយអ្វី​ដែលយើង​មើលឃើញ​ជាក់ស្តែង​នៃ​ការប្រែប្រួល​បន្តិច​បន្តួច​នេះ​ ដូចជា​មាន​ផ្លូវ ថ្នល់​ថ្មីៗ​ ជុំវិញ​តំបន់​ផ្សារ​តែប៉ុណ្ណោះ​»។

ស្របពេល​ដែលប្រទេស​មួយនេះ​ បានពង្រីក​ផលិតកម្ម​ប្រេង​បន្ថែម​ក្នុងទីក្រុង​ Takoradi គេនៅ​មាន​ចម្ងល់​ជាច្រើន​អំពី​អនាគត​នៃផលិតកម្ម​ប្រេង​នេះ។ គម្រោង​ថ្មីនេះ​ នឹង​អនុវត្ត​ក្នុងតំបន់​ដែលមាន​ឈ្មោះ​ហៅ​កាត់​ថា​ TEN ចេញ​ពីការផ្សំ​ឈ្មោះ​តំបន់​ Tweneboa, Enyenra និង Ntomme ចូល​គ្នា។ ផលិតកម្ម​ប្រេង​ក្នុងតំបន់​នេះ ត្រូវបាន​គេរំពឹង​ថា អាចនឹង​ទទួលបាន​ប្រេង​ប្រហែល​ ២៣.០០០​ បារ៉ែល (ស្មើនឹង​៣.៦៥៦.៧០៨​លីត្រ) ក្នុងមួយ​ថ្ងៃសម្រាប់​ឆ្នាំនេះ។

រដ្ឋមន្រ្តី​ក្រសួង​ប្រេងឥន្ធនៈលោក Emmanuel Buah បាន​ប្រាប់​ VOA ថា ​ការណ៍នេះ​នឹង​បង្កើតការងារ​ជាច្រើន។ លោក​បាននិយាយ​ថា៖ «ប្រសិនបើ​អ្នកសង្កេត​មើលលើ​តំបន់​ TEN តែមួយ​ និង​និយាយ​អំពី​ចំនួន​ប្រជាជន​ដែលអាច​ទៅធ្វើការ​នៅទីនោះ​ ខ្ញុំ​គិតថា​អាចសរុបបានចំនួន​១២០នាក់។ ខ្ញុំ​គិតថា​ អ្នក​ធ្វើការ​ទាំង១២០​រូបនោះ​ នឹង​ធ្វើការ​តាមកាល​វេលា​ជាក់លាក់​ណាមួយ​ និង​តាមវេន​ផ្សេងៗ​គ្នា។ ដូច្នេះ​ អ្នកអាច​រកមើល និង​ជ្រើសរើស​បុគ្គលិក​ផ្សេងៗ​បន្ថែមតាមរយៈ​ក្រុមហ៊ុនផ្តល់​សេវាជ្រើសរើស​បុគ្គលិក​នានា​ ហើយ​ការណ៍នេះ​នឹងបង្កើន​ចំនួន​អ្នកធ្វើ​ការ។ គណៈ​កម្មការ​ប្រេង​ឥន្ធនៈ​ បាន​ប៉ាន់​ប្រមាណរួចហើយ​ថា បច្ចុប្បន្ន​នេះ​ យើងមាន​បុគ្គលិក​ជាង ៧.០០០​នាក់ ដែល​ក្នុងនោះ​ជាង៥.៥០០ នាក់​ជា​ជនជាតិ​ហ្គាណា​សម្រាប់​វិស័យ​ផលិតកម្ម​ប្រេង​មួយ​នេះ»។

តម្លៃប្រេង​ទូទាំង​ពិភពលោក​ បានធ្លាក់​ចុះយ៉ាង​ខ្លាំងចាប់​តាំងពី​ឆ្នាំ២០១៤។

ឆ្នាំមុន​ ក្រុមហ៊ុន​ Tullow Ghana ដែលជា​ក្រុមហ៊ុន​មួយក្នុង​ចំណោម​ក្រុមហ៊ុន​ប្រេងធំជាង​គេក្នុង​ប្រទេស​ហ្គាណា​ បាន​និយាយថា​ ក្រុមហ៊ុនខ្លួន​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​កម្មករ។ សហជីព​កម្មករ​ក្នុងវិស័យ​ដឹកជញ្ជូន​ ប្រេង​ឥន្ធនៈ​ និងគីមី​របស់​ប្រទេស​ហ្គាណា​ បាន​និយាយថា​ កម្មករ​ក្នុងស្រុក​ប្រហែល​ ៣០០ នាក់​ត្រូវបាន​គេបញ្ឈប់​ការងារ។

ក្តីបារម្ភ​មួយនៃ​គម្រោងថ្មី​នេះ គឺការ​ប្រើប្រាស់​សម្ភារ​ FPSO​ តួយ៉ាង​សម្ភារ​អណ្តែត​ទឹក​ ឃ្លាំងស្តុក​ប្រេង និង​ការផ្ទេរ​ប្រេង​ចេញ។ វា​ជា​កប៉ាល់មួយ​ដែល​ត្រូវ​ប្រើ​នៅ​កន្លែង​បូម​ប្រេងក្នុង​សមុទ្រ។ បញ្ហានានា​ដែលធ្លាប់​កើតមាន​នៅលើ​កប៉ាល់​បូមប្រេង​ឈ្មោះ​ Kwame Nkrumah FPSO ក្នុង​តំបន់​បូមប្រេង​ Jubilee បាន​បង្អាក់​ផលិតកម្ម​អស់រយៈ​ពេលជិត២​ខែក្នុង​ឆ្នាំនេះ។

រដ្ឋាភិបាល​បាន​និយាយ​ថា​ បញ្ហា​ទាំងអស់​នោះ​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​ និង​បាននិយាយ​ថា៖ «ពេលនេះ​យើងអាច​និយាយ​បាន​ថា ​កប៉ាល់​បូមប្រេង FPSO Jubilee កំពុងតែ​ផលិត​បាន​ពេញ​សមត្ថភាព​របស់វា​តែម្តង។ ខ្ញុំ​គិតថា ​ពួកយើង​បានធ្វើ​កិច្ចការ​ច្រើនណាស់​ ដើម្បី​ធានាថា​ កប៉ាល់​បូមប្រេង​ឈ្មោះ​ FPSO Atta Mills នឹង​មិនជួប​ប្រទះ​បញ្ហា​ប្រឈម​នានា​ដូច​នៅ​តំបន់​បូមប្រេង Jubilee»។

លោក​ Kofi Bentil នាយករង​នៃក្រុមអ្នកប្រឹក្សា​គោលនយោបាយ​ IMANI Ghana របស់​ប្រទេស​ហ្គាណា​ បាន​និយាយ​ថា​ ពួក​លោក​រង់​ចាំមើល​សិន​ថា​តើរដ្ឋាភិបាល​រៀនសូត្រ​ពីកំហុស​របស់​ខ្លួន​ដែរឬទេ។

លោក​បាន​និយាយថា​៖ «ក្នុងឯកសារ​គោលនយោបាយ​ដែលក្រុម​ខ្ញុំបាន​សរសេរ​ក្នុងឆ្នាំ ​២០០៩ ក្រុមយើង​ខ្ញុំបានដាក់​នូវសំណូមពរ​មួយចំនួន​ដែរ។ ក្នុងនោះ​ មាន​សំណូមពរ​មួយ គឺយើង​គួរព្យាយាម​ និង​បែងចែក​ប្រាក់ចំណូល​ពីការបូមប្រេង​ឲ្យដាច់ពីគេ​ គឺដាក់​ប្រាក់ចំណូល​ហ្នឹង​ក្នុងខ្ទង់​មួយដាច់​ដោយ​ឡែក។ យើងក៏​បានផ្តល់​អនុសាសន៍​ផងដែរ​ ថាដើម្បី​អាចបង្ហាញ​ពីភាព​ខុសគ្នា​នៃការ​ទទួល​បាន​ប្រាក់ចំណូល​នោះឲ្យ​បានច្បាស់​ យើងត្រូវ​ប្តេជ្ញា​ប្រើប្រាស់​ប្រាក់​ចំណូល​ពីការ​បូមប្រេង​ទៅ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដូច្នេះ​យើងអាច​ចង្អុល​បញ្ជាក់​ប្រាប់គេថា​ ផ្លូវថ្នល់​នេះ​ បានមក​ពីការ​បូម​ប្រេង»។

លោក​បាន​និយាយថា​ អំពើ​ពុករលួយ​ និង​ការគ្រប់គ្រង​មិនបានល្អ​ បានធ្វើ​ឲ្យបាត់បង់​ប្រាក់ចំណូល​ពីការ​បូមប្រេង​របស់​រដ្ឋាភិបាល​ និង​បានផ្តល់​ផលវិជ្ជមាន​តិចតួច​ដល់​សង្គម​ និង​ប្រជាជន​ហ្គាណា​តាមរយៈ​ប្រាក់​ចំណូល​ពីការ​បូមប្រេង៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG