ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​រក​ឃើញ​ជីវិត​​ប្លែកៗ​នៅ​មហាសមុទ្រ​ដ៏​សែន​ជ្រៅ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ខួង​រ៉ែ


ប្រភេទ​សត្វ​សមុទ្រ​​ដែល​មាន​ព្រុយ​ប្រវែង ​២.៥​ម៉ែត្រ​ តភ្ជាប់​ទៅ​ពី​ជើង​របស់​វា ​នៅ​ក្នុង​ជម្រៅ​មហា​សមុទ្រ​​ឈ្មោះ​ថា​តំបន់​ Clarion-Clipperton។

មហា​សមុទ្រ​គឺ​ជា​ស្រទាប់​ព្រំដែន​ចុង​ក្រោយ​នៅ​លើ​ភព​ផែន​ដី។ ប៉ុន្តែ​តម្រូវ​ការ​ធនធាន​រ៉ែ​ និង​លោហៈ​ឥត​ឈប់​ឈរ​របស់​ពិភពលោក​កំពុង​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​ដោយ​ឥត​រួញរា​ទៅ​កាន់​កន្លែង​មួយ​ដែល​មនុស្ស​មិន​ធ្លាប់​បាន​ទៅ​ដល់​កាល​ពី​មុន ហើយ​ពួក​គេ​រក​ឃើញ​ជីវិត​នៅ​ក្នុង​ដំណើរ​ការ​រុករក​ធនធាន​ទាំង​នោះ។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Hawaii at Manoa បាន​សិក្សា​ទៅ​លើ​តំបន់​មួយ​មាន​ផ្ទៃ​ទំហំ​៩០០​គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​ជម្រៅ​មហា​សមុទ្រឈ្មោះ​ថា​តំបន់​ Clarion-Clipperton ហៅ​កាត់ថា​តំបន់ CCZ​ ស្ថិត​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ បេសកកម្ម​របស់​ពួកគេ​គឺ ស្វែង​រក​ជីវិត​ថ្មី​ និង​ហ្វូង​ប្រភេទត្រីថ្មី​នៅ​ក្នុង​បាត​សមុទ្រ។ ពួកគេ​បាន​បោះ​ពុម្ព​លទ្ធផល​នៃ​ដំណើរ​ស្រាវជ្រាវ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ចុះ​ផ្សាយលេខ​មុន​នៃ​ទស្សនាវដ្ដី Nature (Nature Scientific Reports)​ ដែល​អាច​អាន​បាន​លើ​លើ​តំណ​ភ្ជាប់​មួយ​នេះ៖ http://www.nature.com/articles/srep30492។

ក្នុង​ជម្រៅ​បាត​សមុទ្រ

តំបន់​ CCZ គឺ​ជា​តំបន់​វាល​រាប​សន្ធឹង​លើ​លំហ​សមុទ្រ​ដែល​មាន​ទំហំ​ជិត​ប៉ុន​នឹង​ផ្ទៃ​ដី​របស់​សហរដ្ឋ​អាមេរិក ដែល​ត​ភ្ជាប់​រវាង​តំបន់​ភ្នំ​ Clarion ទៅ​នឹង​តំបន់​ក្នុង​បាត​សមុទ្រ​ឈ្មោះ​ថា​ Clipperton Fracture ដែល​ស្ថិត​នៅ​ចន្លោះ​អាមេរិក​កណ្តាល​ និង​កោះ​ហាវ៉ៃ។ តំបន់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ ដូច​ជា​ទង់ដែង​ នីកែល​ និង​កូប័ល​ ដែល​ធនធាន​ទាំង​នេះ​មាន​ទំហំ​ដូច​ជា​ដុំ​មូលៗ​ដែល​មាន​ទំហំ​ប៉ុន​មើម​ដំឡូង​បារាំង​ គឺ​ចន្លោះ​ពី​ ៥​ទៅ​១០​សង់ទីម៉ែត្រ។ ដុំ​ពក​លោហធាតុ​ទាំង​នេះ​ មាន​នៅ​រាយប៉ាយ​ពាស​ពេញ​ផ្ទៃ​សមុទ្រ​ គឺ​នៅ​ចន្លោះ​ពី​៣ពាន់​ទៅ​៦ពាន់​ម៉ែត្រ​នៅ​ខាង​ក្រោម​ផ្ទៃ​ទឹក​នៃ​មហា​សមុទ្រ។ អាជ្ញាធរ​សមុទ្រ​អន្តរជាតិ​ ISA បាន​ផ្តល់​អាជ្ញាប័ណ្ណ​ចំពោះ​តំបន់​ជាក់​លាក់​មួយ​នៅ​តំបន់ ​CCZ​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ UK Seabed Resources Ltd​ ដើម្បី​ទទួល​បានសិទ្ធិ​រុក​រក​រ៉ែ​នៅ​តំបន់​នោះ។ ប៉ុន្តែ​មុន​ពេល​ក្រុមហ៊ុន​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​រុក​រក​រ៉ែរ​បាន​ អាជ្ញាធរ​សមុទ្រ​អន្តរ​ជាតិ​បាន​ដាក់​កំណត់​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​សិក្សា​លើ​ជីវៈ​នៅ​តំបន់​នោះ​ឲ្យ​បាន​ពេញ​លេញ​ជាមុន​សិន។

ការ​សិក្សា​នោះ​ជា​ពេល​ដែល​អ្នកស្រី​ Diva Amon ដែល​ជា​អ្នក​ស្រាវជ្រាវ​កម្រិត​ក្រោយ​បណ្ឌិត​បាន​ចូល​រួម។​ ក្រុម​ហ៊ុន​ UK Seabed Resources បាន​ជួល​គម្រោង​ ABYSSLINE ​ដើម្បី​កំណត់​ថា​ តើ​មាន​ជីវិត​អ្វី​ខ្លះ​ដែល​មាន​ក្នុង​សមុទ្រ​ដែល​ពួក​គេ​បាន​ចុះ​កុងត្រា​នោះ​ និង​ថា​តើ​សរីរាង្គ​ទាំង​នោះ​ ពឹង​ផ្អែក​លើ​ស្រទាប់​ធនធាន​រ៉ែ​ទាំង​នោះ​ដោយ​របៀប​ណា។

អ្នក​ស្រី​ Amon ​នាយក​រង​គម្រោង​ ABYSSLINE បាន​ប្រាប់​ VOA ថា៖ «ជា​ផ្នត់​គំនិត​ អ្នក​ជីវសាស្ត្រ​ផ្នែក​ជម្រៅ​សមុទ្រ​តែង​គិត​ថា​ មិន​មាន​វត្ថុ​មាន​ជីវិត​រស់​នៅ​ក្នុង​បាត​សមុទ្រ​ទេ ប៉ុន្តែ​យើង​បាន​រក​ឃើញ​ថា​ តាម​ពិត​មាន​វត្ថុ​មាន​ជីវិត​ច្រើន​ណាស់​នៅ​ទី​នោះ។ ជាង​ពាក់​កណ្តាល​នៃ​សត្វ​ដែល​យើង​បាន​ប្រមូល​មក​ គឺ​ជា​សត្វ​ដែល​ទើប​រក​ឃើញ​ថ្មី​សម្រាប់​ការ​ពិសោធន៍​បែប​វិទ្យាសាស្ត្រ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ថា ​យើង​ត្រូវ​ការ​ធ្វើ​ការ​នៅ​ទី​នោះ​បន្ថែម​ទៀត​ ព្រោះ​ថា​យើង​ដឹង​តិច​តួច​ណាស់​អំពី​តំបន់​នោះ»។

ក្រុម​របស់​អ្នក​ស្រី​បាន​រក​ឃើញ​ប្រភេទ​សត្វ​ថ្មី​មួយ​នៃ​អំបូរ​ផ្កាយ​សមុទ្រ​ (anemone) និង​សត្វ​សមុទ្រ​ប្រភេទដូច​អេប៉ុងហ្ស៍​ ប៉ុន្តែ​ទាំង​នេះ​ មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​ទេ។

សត្វ​គំរូ​ទាំង​៣​ដែល​អ្នក​ស្រី ​Amon ​បាន​ប្រមូល​មក​នោះ​គឺ​មិន​ត្រឹម​តែ​ជា​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថ្មី​ប៉ុណ្ណោះ​ទេ ក្រុម​អ្នក​ស្រាវជ្រាវ​ត្រូវ​បង្កើត​ចំណាត់​ថ្នាក់​ថ្មី​កម្រិត​ខ្ពស់​ដោយ​ផ្នែក​លើ​ប្រភេទ​របស់​ពួក​វា។ សត្វ​ពីរ​ប្រភេទ​ក្នុង​ចំណោម​សត្វ​ទាំង​នេះ​ ស្ថិត​ក្នុង​អំបូរ​គ្រួសារ​ផ្កា​ថ្ម ​ហើយ​ប្រភេទ​ទី​បី​ គឺ​ជា​សត្វ​ក្នុង​ប្រភេទ​និង​អំបូរ​ថ្មី។ លោក Paul Snelgrove​ អ្នក​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ក្នុង​សមុទ្រដែល​ចូល​ក្នុង​ការ​ស្រង់​ចំនួន​សត្វ​មាន​ជីវិត​ក្នុង​សមុទ្រ​សាកល​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​មក​ហើយ​នោះ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​រក​ឃើញ​ប្រភេទ​សត្វ​ថ្មីៗ​នៅ​ក្នុង​ជម្រៅ​មហា​សមុទ្រ​គឺ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ។ ប៉ុន្តែ​សាស្ត្រា​ចារ្យ​នៅ​សាកលវិទ្យាល័យ​ Memorial University of Newfoundland​ រូប​នេះ​និយាយ​ថា​ តម្រូវ​ការ​សម្រាប់​សត្វ​ប្រភេទ​ថ្មី​ដែល​រក​ឃើញ​ «ពិត​ជា​ចាំ​បាច់​យ៉ាង​ខ្លាំង»

ជីវៈ​ដែល​មាន​សណ្ឋាន​ដូច​ដុំ​ពក​តូចៗ

​ការងារ​របស់​អ្នក​ស្រី​ Amon ក៏​ផ្តោត​ទៅ​លើ​អ្វី​ដែល​គេ​ហៅ​ថា​ «ដំឡូង​ដែក​» ផង​ដែរ។ អ្នក​ស្រី​បាន​រក​ឃើញ​ថា​ ជាង​ពាក់​កណ្តាល​នៃ​សត្វ​ទាំង​អស់​ដែល​ត្រូវ​បាន​ប្រមូល​យក​មក ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​ដុំ​ពក​ជា​ច្រើន។ ផ្ទៃ​លាត​សន្ធឹង​នៃ​តំបន់​ CCZ​ គឺ​ជា​ផ្ទៃ​សមុទ្រ​ដ៏​ស្រទន់​ និង​រាប​ស្មើ​ និង​មាន​ដុំ​ពក​ជា​ច្រើន​ដែល​បង្កើត​បាន​ជា​ផ្ទៃ​រឹង​ដែល​ជា​កន្លែង​សត្វ​ទាំង​នេះ​អាច​តភ្ជាប់​គ្នា។ អ្នក​ស្រី Amon និយាយ​ថា៖ «បើ​សិន​ជា​ការ​រុក​រក​រ៉ែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូ​ទាំង​តំបន់​នោះ​ ប្រព័ន្ធ​អេកូឡូស៊ី​នឹង​ត្រូវ​បាន​សម្លាប់​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

លោក Snelgrove ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គម្រោង​ ABYSSLINE ​និយាយ​ថា​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​សិក្សា​អំពី​ពួក​សត្វ​ទាំង​នោះ​មាន​សារៈ​សំខាន់។

លោក​និយាយ​ថា៖ «យើង​ទំនង​ជា​នឹង​បង្កើត​បាន​ យ៉ាង​ហោច​ណាស់ ទិដ្ឋភាព​មួយ​ចំនួន​នៃ​បរិស្ថាន​ក្នុង​មហាសមុទ្រ​ដ៏​ជ្រៅ​ទាំង​នេះ ហើយ​យើង​គួរ​តែ​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​ចំណេះ​ដឹង​ដែល​យើង​មាន​ស្រាប់ ​ហើយ​ធ្វើ​វា​ក្នុង​របៀប​មួយ​ដែល​មាន​ផល​ប៉ះពាល់​តិច​តួច​បំផុត»។

អ្នក​ស្រី​ Amon និយាយ​ថា៖ «នេះ​គឺ​ជា​ការ​ជំរុញ​បែប​វិទ្យាសាស្ត្រ​ដើម្បី​បន្ថយ​ល្បឿន​គម្រោង​យក​រ៉ែ​បន្តិច​ សម្រាប់​ឲ្យ​ការ​សិក្សា​វិទ្យាសាស្ត្រ​សិន ដូច្នេះ​ការ​រុករក​រ៉ែ​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​និរន្តភាព​តាម​តែ​អាច​ធ្វើ​បាន»។

សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ឆ្នាំ​២០១៣ នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន Lockheed Martin​ បាន​ប្រកាស​ពី​ការ​ផ្តល់​កុងត្រា​ឲ្យ​ក្រុម​ហ៊ុន​ UK Seabed Resources ដែល​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ អាជ្ញាធរ​សមុទ្រ​អន្តរជាតិ ​ISA បាន​ថ្លែង​ថា​ ក្រុមហ៊ុន​ចំណុះ​របស់​ក្រុមហ៊ុន​នេះ​ «កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ទីរ​របស់​រដ្ឋាភិបាល​អង់គ្លេស ​និង​ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងៗ​អំពី​ធាតុ​ផ្សំ​ផ្សេងៗ​ផ្នែក​ឧស្សាហកម្ម​ និង​បរិស្ថាន​របស់​គម្រោង​នេះ»។ VOA បាន​ព្យាយាម​ទាក់ទង​ក្រុម​ហ៊ុន​ UK Seabed Resources ដើម្បី​សុំ​ការ​ពន្យល់​ ប៉ុន្តែ​មន្ត្រី​របស់​ក្រុមហ៊ុន​នេះ​មិន​បាន​ឆ្លើយតប​ទាន់​ពេល​នៃ​ការ​ចេញ​ផ្សាយ​ព័ត៌មាន​នេះ​ទេ។

ការ​ធ្វើ​ដំណើរ​បន្ថែម​ទៅ​ក្នុង​ជម្រៅ​សមុទ្រ

គម្រោង​ ABYSSLINE មាន​បេសកកម្ម​រយៈ​ពេល​៥​ឆ្នាំ ហើយ​អ្នក​ស្រី​ Amon រំពឹង​ថា​ ពពួក​សត្វ​ថ្មីៗ​ជា​ច្រើន​ទៀត​ ក៏​ដូចជា​ប្រភេទ​សត្វ​ដទៃ​ទៀត​នឹង​ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ក្នុង​ដំណើរ​ទៅ​ក្នុង​ជម្រៅ​សមុទ្រ​នាពេល​អនាគត។ អ្នក​ស្រី​និយាយ​ថា៖ «ខ្ញុំ​បាន​ពិនិត្យ​មើល​ទិន្នន័យ​នៅ​ក្នុង​ឆ្នាំ​ទី​២ ហើយ​ខ្ញុំ​បាន​ឃើញមាន​ប្រភេទ​ថ្មីៗ​រួច​ទៅ​ហើយ»។

«សមុទ្រ​ជ្រៅ​ជា​កន្លែង​គួរ​ឲ្យ​ចង់​ទស្សនា​ជា​កន្លែង​ដែល​មាន​របស់​ជា​ច្រើន​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​ ហើយ​របស់​ទាំង​នោះ​មើល​ទៅ​គួរ​ឲ្យ​ចម្លែក និង​អស្ចារ្យ​ទៀត​ផង។ នេះ​ជា​តំបន់​ចុង​ក្រោយ​ដែល​មិន​ទាន់​ទទួល​រង​នូវ​ឥទ្ធិពល​របស់​មនុស្ស​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ឡើយ។ ដូច្នេះ​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​ធ្វើ​ការ​សិក្សា​ដូច​ដែល​យើង​កំពុង​ធ្វើ​នេះ​ យើង​អាច​ផ្តល់​ទិន្នន័យ​ដែល​អាច​ប្រើ​ប្រាស់​ដើម្បី​រៀបចំ​តំបន់​នេះ​ឲ្យ​បាន​ល្អ​បំផុត​តាម​តែអាច​ធ្វើ​បាន»។

វា​ហាក់​ដូច​ជា​នៅ​មាន​ពិភព​ថ្មីៗ​ចម្លែកៗ​ជា​ច្រើន​ទៀត​នៅ​លើ​ផែន​ដី​ ដែល​ត្រូវ​មាន​ការ​ស្រាវ​ជ្រាវ​បន្ត៕

ប្រែសម្រួល​ដោយ​នៀម ឆេង

XS
SM
MD
LG