ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈ​កម្មាធិការ​បោះ​ឆ្នោត​ហ្គាណា​ កំណត់​តម្លៃ​សម្រាប់​ការ​ឧទ្ទេសនាម​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត


(រូបភាព​ឯកសារ)​ បុរស​ម្នាក់​ជិះកង់​ កាត់​បង្គោល​​បិទ​ប័ណ្ណឃោសនា​បេក្ខជន​ឈ្មោះជា​ប្រធានាធិបតី​នៃ​សម្ព័ន្ធ​គណបក្ស​សន្និបាត​ប្រជាធិបតេយ្យ​ជាតិដែល​កំពុងកាន់​អំណាច​របស់​លោក​ប្រធានាធិបតី​ John Mahamaនិង​គូប្រជែង​ លោក​ Nana Akufo-Addo នៃ​គណបក្ស​អ្នកសេ្នហា​ជាតិថ្មី​ដែល​ជា​គណបក្ស​ប្រឆាំង​ នៅតាម​បណ្តោយ​ផ្លូវពី​តំបន់ Teshie ទៅ​តំបន់​ Nunga ក្នុងរដ្ឋធានី​អាក្រា នៅថ្ងៃ​ទី២៣ ខែតុលា​ ឆ្នាំ​២០១២។

គណៈ​កម្មាធិការ​បោះ​ឆ្នោត​ហ្គាណា​ បាន​បដិសេដ​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​តម្លៃ​ឧទ្ទេសនាម​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​ប្រធានា​ធីបតី និង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​រដ្ឋ​សភា​ដែល​ថា​ការ​កំណត់​តម្លៃ​នោះ​ខ្ពស់​ហួស​ហេតុ​ និង​មាន​បំណង​រា​រាំង​គណបក្ស​នយោបាយ​តូចៗ។

ច្បាប់​បោះ​ឆ្នោត​ហ្គាណា​ អនុញ្ញាត​ឲ្យ​គណៈ​កម្មាធិការ​បោះ​ឆ្នោត​កំណត់​តម្លៃ​នៃ​ឧទ្ទេសនាម​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានា​ធិបតី និង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​រដ្ឋ​សភា​មុន​ការ​បោះ​ឆ្នោត។

យោង​តាម​គណៈ​កម្មាធិការ​បោះ​ឆ្នោត​ បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​ប្រធានា​ធិបតី​តំណាង​ឲ្យ​គណ​បក្ស​នយោបាយ​របស់​ខ្លួន​ តម្រូវ​ឲ្យ​បង់​ប្រាក់​ ១២.៥០៥​ដុល្លារ​អាមេរិក​ រីឯ​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​រដ្ឋសភា​ តម្រូវ​ឲ្យ​បង់​ប្រាក់​ ២.៥០១​ដុល្លារ​អាមេរិក​ ទាំង​នេះ​គឺ​ជា​តម្លៃ​ឧទ្ទេសនាម​បេក្ខ​ជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី តំណាង​រាស្រ្ត និង​ថ្នាក់​ដឹក​នាំមូល​ដ្ឋាន​ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​បោះ​ឆ្នោត​ លោក​ Eric Dzakpasu បាន​និយាយ​ថា​ គណៈ​កម្មាធិការ​ចេញ​សេចក្តី​ប្រកាស​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ភាគី​ពាក់​ព័ន្ធ​ជាមួយនឹង​គណៈ​កម្មការ​ប្រឹក្សា​អន្តរ​គណបក្ស​នយោបាយ ហៅ​កាត់​ថា​ (IPAC) ក្នុង​រដ្ឋធានី​ អាក្រា​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា។

លោក​ Dzakpasu បាន​បញ្ជាក់​ថា៖ «​នេះ​ការ​សម្រេច​ចិត្ត​ដោយ​ថ្នាក់​ដឹក​នាំ​កម្រិត​កំពូល​នៃគណៈ​កម្មាធិការ​ ខ្ញុំ​អាច​និយាយ​បាន​ថា​ ការ​ធ្វើ​បែប​នេះ​មិន​មែន​យោង​លើ​មូលហេតុ​នៃ​ «ការ​លុប​ បំបាត់​គណបក្ស​នយោបាយ​ដោយ​ប្រើ​កល​ល្បិច​តឹងតែង​ណាមួយ​ឡើយ» គឺ​ធ្វើ​ឡើង​តាម​ការ​កំណត់​របស់​ថ្នាក់​ដឹកនាំ​ទៅ​វិញ​ទេ។ តម្លៃ​ដែល​បាន​កំណត់​នេះ​ ធ្វើ​ឡើង​ដោយ​មាន​ការ​ប្រមូល​ព័ត៌មាន​ និង​ការ​គិត​ពិចារណា​ច្រើន​ណាស់។ ច្បាប់​ក៏​បាន​ទុក​ឱកាស​មួយ​ដែរ​ថា​ គណៈ​កម្មា​ធិការ​មិន​អាច​ទុក​ប្រាក់​ទាំង​នេះ​ទេ ពីព្រោះ​ប្រាក់​ទាំង​នេះ​អាច​ដក​វិញ​បាន»។

លោក​បាន​បន្តថា​៖ «តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​បុគ្គល​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានាធិបតី​ ហើយ​ទទួល​សន្លឹក​ឆ្នោត​បាន​ ២៩​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​សរុប​នៅ​ពេល​ចប់​ការ​បោះ​ឆ្នោត ​បុគ្គល​នោះ​នឹង​បាន​ប្រាក់​នេះ​មក​វិញ។ ប្រសិន​បើ​បុគ្គល​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​រដ្ឋ​សភា​ ហើយ​ទទួល​បាន​សន្លឹក​ឆ្នោត​១២,៥​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​សរុប​ក្នុង​មណ្ឌល​ដែល​បុគ្គល​នោះ​ឈរ​ឈ្មោះ​ បុគ្គល​នោះ​នឹង​បាន​ប្រាក់​នោះ​មក​វិញ»។

គណៈ​កម្មាធិការ​បោះ​ឆ្នោត​ ក៏​បាន​កំណត់​ថ្ងៃ​ទី​២៩ និង​ទី៣០ ខែ​កញ្ញា​ ឲ្យ​បេក្ខ​ជន​ឈរ​ឈ្មោះ​ទាំង​អស់​បង្ហាញ​លិខិត​ឧទ្ទេសនាម​ជា​បេក្ខជន​របស់​ពួក​គេ​ជា​ផ្លូវការ​ផង​ដែរ។ ក្រុម​មន្រ្តី​និយាយ​ថា ការណ៍​នេះ គឺ​ធ្វើ​ឲ្យ​បេក្ខ​ជន​ឈរ​ឈ្មោះ​មាន​គុណវុឌ្ឍិ​ពេញ​លេញ​នឹង​មាន​ឈ្មោះ​ក្នុង​សន្លឹក​ឆ្នោត​ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​បោះ​ឆ្នោត។

បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​ប្រធានា​ធិបតី គឺ​តម្រូវ​ឲ្យ​មាន​ហត្ថលេខា​ចំនួន​ពីរ​ ពី​មន្រ្តី​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ នីមួយៗ​ទូទាំង​ប្រទេស​ឲ្យ​បាន​លើស​ពី​២៥០​ស្រុក/​ខណ្ឌ។ ចំណែក​ឯ​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​រដ្ឋ​សភា​ គឺ​តម្រូវ​ឲ្យ​មាន​ហត្ថលេខា​ចំនួន​២០​ ក្នុង​មណ្ឌល​បោះ​ឆ្នោត​ដែល​ពួក​គេ​ឈរ​ឈ្មោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ការ​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ប្រើ​ប្រាស់​កាត​គម្រោង​ធានា​រ៉ាប់រង​សុខាភិបាល​ជាតិ​ ហៅ​កាត់​ថា​ (NHIS) ជា​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​រយៈ​ពេល​នៃ​ការ​ប្រមូល​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​នេះ។

ថ្មីៗ​នេះ​ ចៅក្រម​តុលាការ​កំពូល​ បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ​គណៈ​កម្មាធិការ​បោះ​ឆ្នោត​ លុប​ចោល​រាល់​ទម្រង់​នៃ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​ប្រើ​ប្រាស់​កាត​សម្គាល់​អត្ត​សញ្ញាណ​ NHIS។ គណៈ​កម្មាធិការ​បាន​លុប​ចោល​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង​អស់​នោះ​ និង​បាន​ចុះ​ឈ្មោះប្រជាជន​ប្រហែល​២៩.០០០​នាក់​ សា​ជា​ថ្មី។

ប្រជាជន​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សា​ជា​ថ្មី​ តម្រូវ​ឲ្យ​ពិនិត្យ​មើល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក្នុង​ពេល​នៃ​ដំណើរ​ការ​បញ្ចូល​ព័ត៌មាន។ គណៈ​កម្មាធិការ​បោះ​ឆ្នោត​និយាយ​ថា ការ​ធ្វើ​បែប​នេះ​ គឺ​ជា​ផ្នែក​នៃ​ការ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រមូល​ចង​ក្រង​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​ជឿ​ទុក​ចិត្ត​សម្រាប់​ការ​បោះ​ឆ្នោត​សាកល​នៅ​ខែ​ធ្នូ។

លោក​ Dzakpasu បាន​និយាយ​ថា៖ «យើង​ក៏​បាន​ចុះ​ឈ្មោះ​ទណ្ឌិត​ផង​ដែរ​ ដូច្នេះ​ ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​ ការ​ធ្វើ​បែប​នេះ​ នឹង​ក្លាយ​ជា​ច្រក​មួយ​សម្រាប់​បង្ហាញ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ សម្រាប់​ប្រជាជន​ដែល​កាន់​កាត​សម្គាល់​អត្ត​សញ្ញាណ​ NHIS ត្រូវ​ចុះ​ឈ្មោះ​សា​ជា​ថ្មី​ សម្រាប់​ប្រជាជន​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចុះ​ឈ្មោះ​ដែល​កំពុងតែ​ធ្វើ និង​សម្រាប់​ទណ្ឌិត​ដែល​បាន​ចុះ​ឈ្មោះ​រួច»៕

ប្រែ​សម្រួលដោយ​ កោះ សុគន្ធី

XS
SM
MD
LG