ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ប្រកាន់​​ជំហរ​ធ្វើ​មហា​បាតុកម្ម​ទោះបក្ស​កាន់​អំណាច​មិន​ចរចា និង​បន្ត​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ


រូបឯកសារ៖ នៅ​ក្នុង​ពិធីប្រារព្ធ​ខួប​បួន​ឆ្នាំ​នៃការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ប្តេជ្ញា​ធ្វើការ​ផ្សះផ្សាជាតិ​ឲ្យ​បាន​ មុន​ការ​បោះ​ឆ្នោត នា​​ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃច័ន្ទ​ ទី១៨​ ខែកក្កដា​ ឆ្នាំ២០១៦។ (ហ៊ុល រស្មី​/VOA)​
រូបឯកសារ៖ នៅ​ក្នុង​ពិធីប្រារព្ធ​ខួប​បួន​ឆ្នាំ​នៃការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ប្តេជ្ញា​ធ្វើការ​ផ្សះផ្សាជាតិ​ឲ្យ​បាន​ មុន​ការ​បោះ​ឆ្នោត នា​​ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃច័ន្ទ​ ទី១៨​ ខែកក្កដា​ ឆ្នាំ២០១៦។ (ហ៊ុល រស្មី​/VOA)​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រឆាំង​​ចេញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា នេះ​បញ្ជាក់​ថា គណ​បក្ស​សង្គ្រោះជាតិ​​ថ្កោល​ទោស ចំពោះ​សកម្មភាព​​​នៃ​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​រថ​យន្ត និង​កាណូត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ ខាង​​មុខ និង​តាម​ដង​ទន្លេ​ខាង​ក្រោយ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​ប្រឆាំង​បាន​ប្រកាសជំហរ​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​មានដំណោះ​ស្រាយ​នយោ​បាយ បើទោះ​បីជា​បក្ស​កាន់​អំណាច​បដិសេធ​ការ​ចរចា និង​បន្ត​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធដើម្បី​គំរាមការ​ធ្វើ​បាតុកម្ម​នោះ​។

គណបក្ស​សង្គ្រោះជាតិ​ប្តេជ្ញា​បន្ត​គម្រោង​ធ្វើ​មហាបាតុកម្ម​ បើ​ទោះ​មាន​ការចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ថ្មី​ទៀត​នៅខាង​មុខ និង​ក្រោយ​ស្នាក់​ការ​បក្ស​របស់​ខ្លួន ហើយថា​សកម្មភាព​នៃ​ការ​ចល័ត​កង​កម្លាំងទាំងនេះ​គឺជាការ​គំរាម​កំហែង និង​បង្កភាព​ភ័យ​ខ្លាច​ដល់ប្រជាពលរដ្ឋ​ទូទៅ ពិសេសប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ។

កងកម្លាំង​ប្រដាប់​អាវុធ​ចល័ត​តាម​រថយន្ត​ទៅ​វិញ​ទៅ​មក​នៅ​មុខ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​រថយន្ត​មាន​ប្រហែល​ជិត​៣០​គ្រឿង។ (ឡេង ឡែន/VOA)
កងកម្លាំង​ប្រដាប់​អាវុធ​ចល័ត​តាម​រថយន្ត​ទៅ​វិញ​ទៅ​មក​នៅ​មុខ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​រថយន្ត​មាន​ប្រហែល​ជិត​៣០​គ្រឿង។ (ឡេង ឡែន/VOA)

​កាលពីយប់​ថ្ងៃទី​១២ ខែ​កញ្ញា គេ​ឃើញ​កង​កម្លាំងប្រដាប់​អាវុធ​ជាច្រើន​ត្រូវបានដឹក​ជញ្ជូន​ឲ្យ​ចល័ត​ចុះ​ឡើង​ចាប់ពី​មុន​ពាក់​កណ្តាល​យប់​ ដល់​ម៉ោង​៤​ទៀប​ភ្លឺ។ ការ​ចល័ត​ទ័ព​នេះកើតឡើង​តែ​ប៉ុន្មាន​ម៉ោងក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ព្រមាន​បង្ក្រាប​ការប៉ុន​ប៉ង​ធ្វើ​បាតុកម្ម​របស់​មេដឹកនាំគណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី ​និង លោក ​កឹម សុខា​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​បរិយា​កាស​នយោបាយ​ប្រក្រតី​ឡើង​វិញ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិ​ធម៌ និង​ស្មើភាព។

​លោក​ ហ៊ុន សែន​ កាលពី​ល្ងាច​ម្សិលមិញ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពី​ការប្រ​កាសបិទផ្លូវ​ចរចា​ដោយទុក​ឲ្យ​តុលាការ​ចាត់ការ​តាមនិតិវិធី​ និង​ព្រមាន​កំ​ចាត់សកម្ម​ភាព​ដែល​បង្ក​អស្ថិរ​ភាព​ដល់​ពលរដ្ឋ ​និង​ប្រទេស។

លោក​បញ្ជាក់ថា៖ «ពីរថ្ងៃ​ជាប់គ្នា​រួច​មក​ហើយ​ ដែល​មេដឹកនាំ​បក្សប្រឆាំង​បានគំរាម​ដល់​ស្ថិរភាព​ជាតិ តាមរយៈ​ការរៀបចំ​ធ្វើ​មហា​បាតុកម្ម ​ដើម្បី​ទាមទារ​របស់​ដែល​ហៅថា​ដំណោះ​ស្រាយ​នយោបាយ។​ ខ្ញុំសុំ​ប្រាប់​ទៅ​វិញ​ថាទេ! ​មិនមាន​ដំណោះ​ស្រាយ​នយោបាយ​ណា​ដែល​អាច​រក​ឃើញ​តាមរយៈ​បក្ស​នយោបាយ​នោះ​ឡើយ ​ព្រោះវា​ជា​សមត្ថកិច្ច​របស់​តុលាការ។​ បុគ្គល​ដែល​ធ្វើខុស​ កុំយក​ប្រទេស​ជាតិ​ធ្វើជា​ចំណាប់​ខ្មាំង​ កុំ​យក​បក្ស​នយោបាយធ្វើជា​ជម្រក​បិទ​បាំង​នូវកំហុស​របស់​ខ្លួន‍»។

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រឆាំងចេញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា នេះ​បញ្ជាក់​ថា គណ​បក្ស​សង្គ្រោះជាតិថ្កោល​ទោស ចំពោះ​សកម្មភាព​នៃ​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​រថ​យន្ត និង​កាណូត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ ខាងមុខ និង​តាម​ដង​ទន្លេ​ខាង​ក្រោយ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា​សកម្មភាព​នោះ​គឺ​ជាការគំរាម​កំហែង​ និង​បំភិត​បំភ័យ​ដល់​ថ្នាក់​ដឹកនាំ សមាជិក និង​សកម្មជនគណបក្ស​សង្គ្រោះជាតិ។ សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​អំពាវ​នាវដល់​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់នូវ​សកម្មភាព​គំរាម​កំហែង ដោយ​បែរ​មក​សហ​ការ​គ្នា​រក​ដំណោះ​ស្រាយ​រួម ដើម្បី​ធានា​ស្ថិរភាព សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​ និង​ធានា​បរិយាកាស​ល្អ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត​ខាង​មុខ។

នៅ​ព្រឹក​នេះ ក្រុម​មេដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ និង​កង​អង្គរក្ស​លោក​ ហ៊ុន សែន បាន​ប្រកាស​តាម​អង្គភាព​ព័ត៌មាន​មួយដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​ថា ពួកគេ​ត្រៀម​ខ្លួន​ក្នុងការអនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន ឲ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បីទប់​ស្កាត់​សកម្មភាព​ទាំងឡាយ​ណាដែល​បង្ក​អសន្តិ​សុខ​ដល់​ប្រទេស​ជាតិ ស្រប​ពេល​គណ​បក្ស​ប្រឆាំងប្រកាសពី​គម្រោង​ធ្វើ​បាតុកម្ម​។ ​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញ​ថា កង​យោធពល​ខេមរភូមិន្ទ​ប្ដេជ្ញា​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ លោក ជាម ចាន់នី​ លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​បង្ហាញ​ពី​ ​ការ​បារម្ភដោយសារ​ឃើញ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រឆាំង​ច្រើន។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិនៅ​តែ​បន្ត​គម្រោង​ធ្វើ​បាតុកម្ម​អហិង្សារបស់​ខ្លួន ​ដោយ​មិនខ្វល់ពី​ការចល័ត​ទ័ព​របស់​បក្ស​កាន់អំណាច។

លោក​បញ្ជាក់​ថា៖ «មក​ទល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ជា​មិន​ទាន់​មាន​អី​ប្រែប្រួល​ទេ ហើយខ្ញុំ​គិត​ថា​គេ​មិន​គួរ​ខ្លាចអី​ដល់​ប៉ុណ្ណឹង​ទេ ម្នាក់ៗ​ខ្ញុំ​ឃើញ​ហើយ​ក្នុ​ងបណ្តាញ​សង្គម ខ្ញុំ​ឃើញ​បញ្ចេញយោបល់ ជា​ការ​គំរាម​កំហែង​ទៅចុះ​ ខ្ញុំ​មើល​ក្នុង​នោះ​ណា​ ហើយ​ខ្ញុំ​គិត​ថា​គណ​បក្ស​សង្គ្រោះ​ជាតិគ្មាន​អី​ផង​ហ្នឹង គេ​មិន​គួរ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​អី​អញ្ចឹងពេកទេ គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​អី​ទេ​ មាន​តែឆន្ទៈ​ប្រជាពលរដ្ឋ មាន​តែ​ធម៌​អហិង្សា​ហ្នឹង​ឯង»។

លោកបន្ថែម​ថា ​សកម្មភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធដែល​បានគំរាម​កំហែង​គណ​បក្ស​ប្រឆាំង និង​គំរាម​កំហែងអ្នក​ទាមទារ​សិទ្ធិ​មនុស្ស​កន្លង​មក ​គឺជា​បញ្ជា​របស់​អ្នក​នយោ​បាយនៃ​បក្ស​កាន់​អំណាច មិន​មែន​ជា​កំហុស​កង​កម្លាំង​ទាំង​នោះ​ទេ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​គឺជាការ​គំរាម​កំហែង​ដល់​គណបក្ស​កាន់​អំណាច ដូច្នេះ​រដ្ឋា​ភិ​បាលត្រូវ​បញ្ចេញ​សកម្ម​ភាពដើម្បីឆ្លើយ​តប។

លោក​បន្ថែម​ថា៖ «ជាការ​ឆ្លើយ​តបអាហ្នឹង​ត្រូវ​តែប្រមុខ​រដ្ឋាភិបាល​ដែល​លោកមាន​តួនាទី និង​ភារកិច្ច​ទទួល​ខុស​ត្រូវចំពោះ​សន្តិភាព ​ស្ថិរភាព​នយោបាយ ក៏​ដូចជា​សណ្តាប់​ធ្នាប់​សាធារណៈ​សង្គម លោក​ត្រូវ​ឆ្លើយ​តប​ទៅ​វិញ​ហើយ អាហ្នឹង​ជៀស​មិនរួចទេ គាត់​ក៏​អាច​មាន​មតិ​ដើម្បី​គំរាម​រដ្ឋាភិបាល រាជ​រដ្ឋា​ភិបាល​ក៏​អាច​មាន​មតិ​ទប់​ស្កាត់​គាត់​ដែរ អាហ្នឹង​មិនមែន​ជាការ​គំរាមទេ គ្រាន់​តែថាបើ​គាត់​គំរាម​រដ្ឋា​ភិបាល​ដោយ​មហា​បាតុកម្ម អាហ្នឹង​រដ្ឋាភិ​បាល​ក៏​បង្រ្កាប​បាតុកម្ម​ដើម្បីគំរាម​គាត់​វិញ​ដែរ»។

អ្នកវិភាគ​ការអភិវឌ្ឍ​សង្គម​លោក មាស នី យល់​ថា ​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ការ​ប្រកាសពី​ការ​បង្ក្រាប​គម្រោង​មហាបាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ ដែល​មិនទាន់​មាន​រូបរាងនេះ​ ហាក់បង្ហាញពីការ​គំរាម​កំហែង និង​ចរិត​របស់​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ដែល​តែង​ប្រើកម្លាំងទ័ព​ក្នុង​ការដោះ​ស្រាយ​បញ្ហា។ ទោះបីជា​យ៉ាង​ណា​លោក​ថា ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំងគួរ​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​ដើម្បីរក្សា​សន្តិសុខ​ ជៀស​វាង​ធ្វើ​ឲ្យ​ខាតបង់​ទាំង​អស់គ្នា។

លោក​មាន​ប្រសាសន៍​ថា៖ «សំខាន់​គឺ​ឲ្យ​អ្នក​ទាំង​សង្ខាង​ហ្នឹង​ទទួល​ស្គាល់​រៀង​ខ្លួន​ថា​ច្រក​សម្រាប់​ខ្លួន​ឯង​ទាំង​សង្ខាង​ដើរ​ហ្នឹង​គឺ​លែង​មានច្រើន​ទៀត​ហើយ​ បើ​យើង​មើលពីវិធានការ​របស់​អ្នកទាំងពីរ​ហ្នឹង​ គឺអត់​មាន​អីក្រៅពី​រឿង​នាំ​សង្គម​ជាតិ​ហ្នឹងចូល​ទៅ​រក​ការ​បង្ហូរ​ឈាមទេ​ ហើយ​បើ​សិន​ជា​មាន​ការ​ប្រឈម​មែន ឧបមា​ថា​គណបក្ស​ប្រឆាំង​នឹង​នាំ​មនុស្ស​រាប់​ម៉ឺននាក់​មក​ភ្នំពេញ​មែន ហើយ​គណបក្ស​កាន់​អំណាច​ហ្នឹង​បញ្ចេញ​ទាហាន​រាប់​ពាន់​នាក់​មក ខ្ញុំ​គិត​ថា​នឹង​មានការ​បង្ហូរ​ឈាម​នៅ​តាម​ដង​ផ្លូវ​នៅ​ទី​ក្រុងភ្នំពេញ»។

លោក មាស នី បន្ថែម​ថា៖ «ក្នុង​ហ្នឹង​ក៏​វា​មិន​អាច​ទស្សន៍ទាយ​ថា អ្នក​ដែល​មានកម្លាំង​ប្រដាប់អាវុធ​ហ្នឹង​ វាហ្នឹងឈ្នះគេ​១០០% ជួនកាល​មិន​ដឹង​ថាតើ​មាន​ព្រឹត្តិការណ៍​អីផ្សេងទៀត​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​វា​ជ្រុលទៅ​ ជូនកាល​វាធ្វើ​ឲ្យអ្នក​ដែល​មានកម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​ចាញ់​កម្លាំង​មហាជន​ដូចនៅ​ប្រទេសដទៃ ឥចឹង​បាន​ជា​រដ្ឋាភិបាល​ភ័យ​ដូច​អារឿង​បដិវត្តន៍​ពណ៌អី​ហ្នឹង​ណា»។​

បើទោះ​ជា​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​កំណត់​ពី​ពេល​វេលា​ជាក់លាក់​នៃ​ការ​ធ្វើ​មហា​បាតុកម្ម ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​កំពុង​និរទេស បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ខ្លួន​នៅ​ទីក្រុង​ប៉ារីស​ថា គណបក្ស​សង្គ្រោះ​ជាតិគ្រោង​នឹង​បង្កើត​ព្រឹត្តិ​ការណ៍​មួយ​ចំ​ខួប​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៣ ខែ​តុលា ខាង​មុខ ប៉ុន្តែ​លោក សម រង្ស៊ី មិនបាន​បញ្ជា្កក់​ថា​ព្រឹត្តិការណ៍​នោះ​គឺជាអ្វី​នោះទេ៕​

XS
SM
MD
LG