ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនួញ​ជនជាតិ​ហ្គាណា​ផ្សព្វផ្សាយ​លើក​កម្ពស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​រក្សា​ព្រៃឈើ


រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​កាលពី​ទី២៤ ខែសីហា ឆ្នាំ២០០៨ នេះ បង្ហាញ​អំពី​ព្រៃ​នៅ​ឧទ្យាន​ជាតិ Kakum នៃ​ប្រទេស​ហ្គាណា។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​កាលពី​ទី២៤ ខែសីហា ឆ្នាំ២០០៨ នេះ បង្ហាញ​អំពី​ព្រៃ​នៅ​ឧទ្យាន​ជាតិ Kakum នៃ​ប្រទេស​ហ្គាណា។

របាយការណ៍​មួយ​របស់​ធនាគារ​ពិភពលោក​បង្ហាញ​ថា ប្រទេស​ហ្គាណា​បាត់បង់​ព្រៃឈើ​យ៉ាង​ហោច​ណាស់ ៣១៥ ពាន់​ហិចតា​ជា​រៀងរាល់​ឆ្នាំ។ ដើម្បី​កែប្រែ​បញ្ហា​នេះ គម្រោង​របស់​ជនជាតិ​ហ្គាណា​មួយ​រូប​ បាន​ចូលរួម​លើក​កម្ពស់​ការ​រក្សា​ព្រៃឈើ​ប្រកប​ដោយ​ចីរភាព និង​អបរំ​ពលរដ្ឋ​ទូទៅ​អំពី​អត្ថ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​ការ​រក្សា​ព្រៃឈើ និង​ប្រព័ន្ធ​រុក្ខជាតិ​ជុំវិញ។

លោក Wellington Baiden បាន​ហៅ​តំបន់​ព្រៃឈើ​ទំហំ ៨៥ ហិចតា​របស់​លោក​ថា ​ជា «ផ្សារ​ទំនើប​ពណ៌​បៃតង» មួយ។ តំបន់​ព្រៃ​ឈើ​នេះ​ បាន​ផ្តល់​នូវ​ធនធាន​ត្រី ធនធាន​ឈើ គ្រាប់​ពូជ ផ្លែឈើ និង​ប្រេង​រុក្ខជាតិ​សំខាន់ៗ។ តំបន់​ព្រៃឈើ​នេះ​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ និង​ប្រមាណ ២៤០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​អាក្រា​របស់​ប្រទេស​ហ្គាណា។

លោក Baiden បាន​ដាំ​ដើមឈើ​ជា​ច្រើន​ប្រភេទ ដោយ​ដើមឈើ​ខ្លះ​ជា​ប្រភេទ​ដើមឈើ​ដែល​លូតលាស់​លឿន ហើយ​ដើម​ឈើ​មួយ​ចំនួន​ទៀត​ជា​ប្រភេទ​ដើមឈើ​ពូជ​ដើម និង​ពូជ​ដែល​ជិត​ផុត​ពូជ ក៏ដូចជា​ប្រភេទ​រុក្ខជាតិ​ផ្ដល់​ក្លិន​ក្រអូប​ដែល​អាច​ផលិត​ជា​ប្រេង​ធម្មជាតិ​សម្រាប់​ប្រើ​នៅ​ក្នុង​ទឹកអប់​ផងដែរ។

ខណៈ​ការ​រក្សា​ព្រៃឈើ​ជា​ទូទៅ​គឺ​ជា​គម្រោង​រយៈពេល​វែង​មួយ ដែល​ទទួល​បាន​ប្រាក់​ចំណូល​មក​ពី​ការ​ប្រមូល​ផល អង្គការ Portal Forest Estates របស់​លោក Baiden បាន​រក​ចំណូល​បាន​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង។

លោក Baiden បាន​ចាប់ផ្តើម​ប្រមូល​ផល​ពី​ដើមឈើ​ដែល​លោក​បាន​ដាំ​កាល​ពី ២០ ឆ្នាំ​មុន។ ស្រប​ពេល​នោះ​ដែរ លោក​បាន​ដាំ​ដើមឈើ​ថ្មី​ជំនួស​ដើមឈើ​ដែល​លោក​បាន​ដាំ​កាល​ពី ២០ ឆ្នាំ​មុន និង​បង្កើត​អាជីវកម្ម​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ព្រៃ​ឈើ​នោះ ដើម្បី​ធានា​អនាគត និង​អត្ថ​ប្រយោជន៍​សម្រាប់​សហគមន៍​ជុំវិញ ដែល​លោក​ពណ៌នា​ថា​ជា​គន្លឹះ​សម្រាប់​ការ​រក្សា​ចីរភាព។

លោក Baiden នាយក​ប្រតិបត្តិ​នៃ​អង្គការ Portal Forest Estates បាន​និយាយ​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា ការ​មាន​ព្រៃឈើ​ដែល​ផ្តល់​ផល ​គឺ​ជា​គន្លឹះ​សំខាន់​នៅ​ក្នុង​ការ​រក្សា​ស្រទាប់​ព្រៃឈើ ពីព្រោះ​ទី​មួយ​វា​ផ្តល់​ការងារ​ដល់​សហគមន៍ ហើយ​ការ​បំពាន​ព្រៃ​តែងតែ​កើត​មាន ដោយសារ​តែ​មនុស្ស​ត្រូវ​រក​អ្វី​មក​ចិញ្ចឹម​ជីវិត»។

ផលិតផល​មួយ​របស់​លោក Baiden គឺ​ប្រេង​ធម្មជាតិ​ពី​រុក្ខជាតិ។ លោក Baiden កំពុង​សហការ​ជាមួយ​កសិករ​ក្នុង​ស្រុក​ដើម្បី​ដាំ​រុក្ខជាតិ​មួយ​ចំនួន​ដូចជា រុក្ខជាតិ​ប្រភេទ Ylang-ylang និង Cintronella ជាដើម ដែល​លោក​អាច​លក់​ប្រេង​ពី​ប្រភេទ​រុក្ខជាតិ​ទាំង​នេះ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន។

លោក Justice Crentsil ដែល​ជា​គីមីវិទូ​មួយ​រូប បាន​ចំណាយ​ពេល​ចម្បង​ផ្តោតលើ​ការ​ចម្រាញ់​ប្រេង​ពី​រុក្ខជាតិ​ខាង​លើ​នេះ។ លោក​បាន​និយាយ​ថា លោក​គឺ​ជា​និស្សិត​ផ្នែក​គីមីវិទ្យា​ដែល​បញ្ចប់​ការ​សិក្សា​តែ​ម្នាក់​គត់​ដែល​ធ្វើការ​នៅ​ក្នុង​ផ្នែក​ការងារ​នេះ។ លោក​មាន​ជំនឿ​ថា ការងារ​នេះ​នឹង​ជួយ​ដល់​អនាគត​ប្រទេស​ហ្គាណា។

លោក Justice Crentsil បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ពិត​ដែល​ថា យើង​មិន​បាន​បំផ្លាញ​ព្រៃឈើ មិន​បាន​កាប់​ព្រៃឈើ និង​មិន​ប្រើ​ជី​ណា​មួយ​នៅ​ក្នុង​ព្រៃ ហើយ​អ្វីៗ​ទាំងអស់​សុទ្ធតែ​បាន​មក​ពី​ធម្មជាតិ​នោះ គឺ​ជា​រឿង​មួយ​ដែល​អស្ចារ្យ»។

លោក Justice Crentsil សង្ឃឹម​ថា គម្រោង​នេះ​នឹង​ក្លាយ​ជា​គំរូ​មួយ​ដើម្បី​ធានា​ថា តំបន់​ព្រៃឈើ​ដទៃ​ទៀត​ត្រូវ​បាន​រក្សា​ទុក និង​ការពារ​ពី​ការ​កាប់​បំផ្លាញ នៅ​ពេល​ដែល​មនុស្ស​ទូទៅ​ឃើញ​នូវ​អត្ថ​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​ដែល​បាន​មក​ពី​ការ​រក្សា​ទុក​ព្រៃឈើ។

នៅ​ចម្ងាយ​ប្រមាណ ១៤៥ គីឡូម៉ែត្រ​ពី​តំបន់​ព្រៃឈើ​នោះ អង្គការ​គាំពារ​ព្រៃឈើ​នានា​កំពុង​ព្យាយាម​ការពារ​តំបន់​ព្រៃឈើ​ផ្សេង​ទៀត​ពី​គម្រោង​ទាញ​យក​រ៉ែ​របស់​រដ្ឋាភិបាល។

លោក Daryl Bosu នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ការពារ​បរិស្ថាន​ឈ្មោះ​ថា A Rocha Ghana បាន​និយាយ​ថា គំនិត​នៃ​ការ​រក្សា​ព្រៃឈើ​ឲ្យ​ផ្តល់​ផល​តាម​ធម្មជាតិ គឺ​ជា​គន្លឹះ​នៅ​ក្នុង​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ហ្គាណា តាម​រយៈ​ការ​អប់រំ​ប្រជាពលរដ្ឋ​អំពី​អត្ថ​ប្រយោជន៍​រយៈពេល​ខ្លី មធ្យម និង​វែង ដែល​បាន​មក​ពី​ការ​រក្សា​ស្រទាប់​ព្រៃឈើ។

លោក Bosu បាន​លើកឡើង​ថា គំរូ​អាជីវកម្ម​នានា​ដូចជា គំរូ​អាជីវកម្ម​របស់​លោក Baiden ជាដើម គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចីរភាព ហើយ​គំរូ​អាជីវកម្ម​នេះ​ក៏​អាច​ជំរុញ​ឲ្យ​មាន​ការ​អភិរក្ស និង​ការ​ស្តារ​ឡើង​វិញ​ផងដែរ។

លោក​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​គំនិត​ដ៏​ល្អ​មួយ​សម្រាប់​សហគ្រិន និង​អ្នក​ជំនួញ​ជា​ទូទៅ។ ដូច្នេះ​ឥឡូវ​នេះ ការ​គ្រប់គ្រង​ព្រៃឈើ​មិន​ត្រឹមតែ​ជា​ការងារ​សម្រាប់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ជា​ការងារ​សម្រាប់​បុគ្គល​ទូទៅ​ផងដែរ ដោយសារ​តែ​ឱកាស​ទទួល​បាន​ផល​ប្រយោជន៍​ពី​ព្រៃឈើ​គឺ​ធំធេង​ណាស់»។

លោក Baiden ក៏​គ្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​រុក្ខជាតិ​ធំ​ជាង​មុន រមណីយដ្ឋាន​អេកូ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នៅ​ក្នុង​តំបន់​ព្រៃឈើ​របស់​លោក​ផងដែរ។ លោក​និយាយ​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នឹង​បង្រៀន​កសិករ និង​អប់រំ​អ្នក​មក​ទស្សនា​អំពី​គម្រោង​រក្សា​ព្រៃឈើ។

លោក​ចង់​បំផុស​គំនិត​ឲ្យ​មនុស្ស​ទូទៅ​យល់​ឃើញ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​រក្សា​ព្រៃឈើ​ប្រកប​ដោយ​ចីរភាព ដោយ​បង្កើត​នូវ​អ្វី​ដែល​លោក​ហៅ​ថា «ទ្រព្យ​សម្បត្តិ​ជា​និរន្ត»៕

ប្រែសម្រួល​ដោយលោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG