សមាជិកគណបក្សប្រជាធិបតេយ្យសង្គមនិយម (SPD) នៃប្រទេសអាល្លឺម៉ង់បានបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដ៏ធំមួយជាមួយនឹងគណបក្សប្រជាធិបតេយ្យសាសនាគ្រិស្ត (CDU) របស់លោកស្រីអធិការបតី Angela Merkel កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ភាពមិនប្រាកដប្រជានយោបាយដែលអូសបន្លាយអស់រយៈពេលរាប់ខែមកហើយនៅក្នុងប្រទេសនេះ។
ពីរភាគបីនៃសមាជិកគណបក្ស SPD បានបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដើម្បីបន្តរដ្ឋាភិបាលដែលបានដឹកនាំសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបចាប់តាំងពីឆ្នាំ២០១៣មក។ ជ័យជម្នះនេះមានន័យថា លោកស្រី Angela Merkel ដែលបានកាន់តំណែងជាអធិការបតីស្តីទីនៃប្រទេសអាល្លឺម៉ង់ចាប់តាំងពីមានការបោះឆ្នោតដែលមិនអាចសម្រេចបានកាលពីខែ កញ្ញា មក អាចស្បថចូលកាន់តំណែងក្នុងអាណត្តិទីបួនរបស់លោកស្រីចាប់ពីពាក់កណ្តាលខែនេះតទៅ។
ដោយប្រើប្រាស់គណនីបណ្តាញសង្គម Twitter របស់គណបក្សលោកស្រី កាលពីថ្ងៃអាទិត្យ លោកស្រី Merkel បានមានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំការធ្វើការជាមួយនឹងគណបក្ស SPD ម្តងទៀត ដើម្បីធ្វើឲ្យប្រទេសយើងវិវឌ្ឍទៅមុខ»។
ការប្រកាសរបស់លោក Olaf Scholz ដែលជាមេដឹកនាំស្តីទីគណបក្ស SPD អំពីលទ្ធផលនៃការបោះឆ្នោត ត្រូវបានគេនាំគ្នាទះដៃសាទរនៅក្នុងទីក្រុងប៊ែរឡាំង កាលពីព្រឹកថ្ងៃអាទិត្យ។
លោក Scholz បាននិយាយថា «ឥឡូវនេះយើងមានភាពប្រាកដប្រជាហើយ គណបក្ស SPD នឹងចូលរួមជាមួយនឹងរដ្ឋាភិបាលអាល្លឺម៉ង់បន្ទាប់នេះ»។
ការបោះឆ្នោតនេះត្រូវបានស្វាគមន៍នៅក្នុងប្រទេស បារាំង ដែលទន្ទឹងរង់ចាំដៃគូមួយសម្រាប់អនុវត្តផែនការកំណែទម្រង់សហភាពអឺរ៉ុបដ៏មានមហិច្ឆតារបស់ខ្លួនផងដែរ៕