ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខណៈ​​ប្រទេស​អាល្លឺម៉ង់​សន្យា​ពន្លឿន​ការ​ធ្វើ​សមាហរណកម្ម ​ជនភៀស​ខ្លួន​​​ថា​ពួកគេ​មិន​បារម្ភ​នឹង​ការ​កើន​ឡើង​នៃ​ចលនា​ស្តាំនិយមជ្រុល​ឡើយ

  • Henry Ridgwell

ប្រជាជន​កាន់ទង់ជាតិ​អំឡុង​ពេលបាតុកម្ម​ដែល​ផ្តួចផ្តើម​ដោយគណបក្ស​ជាតិនិយម​របស់អាល្លឺម៉ង់​ AfD (ជម្រើស​មួយទៀត​សម្រាប់​ប្រទេស​អាល្លឺម៉ង់) ក្នុងថ្ងៃ​ទិវាពលកម្ម ​ក្នុងទីក្រុង​ Erfurt ភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់​ (រូបថត​ថ្ងៃទី១ ខែឧសភា​ ឆ្នាំ​២០១៧)។

ចរន្ត​នៃ​ការ​ហូរ​ចូល​ជនភៀស​ខ្លួន​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជាង​១​លាន​នាក់​ចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១៥​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កត្តា​នាំ​ឲ្យ​កើន​ឡើង​នៃ​ការ​គាំទ្រ​ គណបក្ស​ជម្រើស​មួយទៀតសម្រាប់​ប្រទេស​អាល្លឺម៉ង់ ដែល​គេ​ស្គាល់​ថា​ជា​គណបក្ស​ AfD​ (Alternative for Germany/AfD Party)​ ដែល​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​ ហើយ​ដែល​បាន​ទទួល​សំឡេង​ឆ្នោត​១៣​ភាគរយ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ចុង​ខែ​កញ្ញា​នេះ។ រដ្ឋាភិបាល​អាល្លឺម៉ង់​សង្ឃឹម​ថា ​ខ្លួន​នឹង​អាច​បញ្ឈប់​ការ​កើន​ឡើង​នេះ​តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ Dilshad អាយុ​២៤​ឆ្នាំ​ គឺ​ជា​ជន​ភៀស​ខ្លួន​ម្នាក់​ ក្នុង​ចំណោម​ក្រុម​ជនភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​បាន​ចូល​មក​ទឹកដី​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១៥។ លោក​បាន​ចាកចោល​ស្រុក​កំណើត​របស់​លោក​ នៅ​តំបន់​ Sinjar ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ក្នុង​ពេល​ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​វាយ​ដណ្តើម​យក​តំបន់​នេះ។ បន្ទាប់​ពី​លោក​បាន​ព្យាយាម​ដោយ​លំបាក​ក្នុង​ការ​ស្វះស្វែង​រក​ទី​ជម្រក​អចិន្រ្តៃយ៍​ បច្ចុប្បន្ន​លោក​កំពុង​ស្នាក់​នៅ​កន្លែង​មួយ​សម្រាប់​មនុស្ស​គ្មាន​ទីជម្រក។

លោក​និយាយ​ថា​ ការ​កើន​ឡើង​នៃ​ចលនា​ស្តាំ​និយមជ្រុល​ មិនបាន​រំខាន​ដល់​រូប​លោក​ឡើយ។

លោក​បាន​ប្រាប់​ VOA ក្នុង​បទ​សម្ភាសន៍​មួយ​ថា៖ «បន្ទាប់​ពី​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ ដែល​ជា​ទី​គួរ​ឲ្យ​ភ័យខ្លាច​ ប្រទេស​អាល្លឺម៉ង់​ក្លាយ​ជា​ទឹកដី​ដែល​មិន​មាន​អ្វី​គួរ​ឲ្យ​ភ័យខ្លាច​ឡើយ។ ប្រទេស​នេះ​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ក្នុង​នាមរូប​ខ្ញុំ​ផ្ទាល់​ និង​ជនភៀសខ្លួន​ទាំងអស់​ ខ្ញុំ​សូម​អរគុណ​ចំពោះ​ "អ្នកម្តាយ” Merkel‍»។

នៅ​តាម​ដងផ្លូវ​ខាង​ក្រៅ​ទីស្នាក់​អាស្រ័យរបស់​លោក​នៅ​ប៉ែក​ខាង​កើត​ជាយ​រដ្ឋធានី​ប៊ែរឡាំង​ បដា​ឃោសនា​របស់​គណបក្ស​ជម្រើសមួយ​ទៀត​សម្រាប់​ប្រទេស​អាល្លឺម៉ង់​ AfD ​នៅ​ចងព្យួរ​តាម​បង្គោល​ភ្លើង​នានា​នៅ​ឡើយ។ ក្នុង​នោះ​មាន​បដា​មួយ​ដែល​មាន​រូបភាព​ស្ត្រី​ស្បែក​ស​ពពោះ​ម្នាក់​ ដែល​មាន​សរសេរ​អក្សរ​ថា​ «ចង់បាន​ប្រជាជន​អាល្លឺម៉ង់​ថ្មីច្រើន​ឬ? ពួក​យើង​នឹងបង្កើត​កូន​ចៅ​អាល្លឺម៉ង់ថ្មីដោយជនជាតិអាល្លឺម៉ង់​ខ្លួន​ឯង​ផ្ទាល់»។

នាង​ Gesa Massur ជា​អ្នក​ជួយ​ចាត់ចែង​កន្លែង​ស្នាក់អាស្រ័យសម្រាប់​ជន​គ្មាន​ទីជម្រក។ នាង​បាន​និយាយ​ថា​ លោក​ Dilshad មាន​សំណាង​ ពីព្រោះ​មាន​ជនភៀសខ្លួន​ក្មេងៗ​ដទៃ​ទៀត​មិន​ទទួល​បាន​ការ​គិតគូរ​ពី​រដ្ឋាភិបាល​ឡើយ។

នាង​បានថ្លែង​ប្រាប់ VOA ​ថា៖ «ខ្ញុំ​គិត​ថា​ ធ្វើ​បែប​នេះ​វា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ពីព្រោះ​បុរស​វ័យ​ក្មេងមួយ​ចំនួន​ នៅ​ពេល​ដែល​ពួក​គេ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​អ្វី​ នោះ​គេ​អាច​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាមួយ​ជា​ដើម‍»។

ក្រុម​ជន​អន្តោប្រវេសន៍​ថ្មីៗ​ កំពុង​តែ​ព្យាយាម​ជួយ​អ្នក​ភៀសខ្លួន​ផ្សេងៗ​ទៀត​ឲ្យ​រស់​នៅ​តាម​គន្លង​ផ្លូវ​ត្រឹម​ត្រូវ។ នៅ​តាម​សារមន្ទីរ​នានា​ក្នុង​រដ្ឋធានី​ប៊ែរឡាំង គម្រោង​របស់​រដ្ឋាភិបាល​ ដែល​មាន​ឈ្មោះ​ថា​ "multaka” ជា​ភាសា​អារ៉ាប់​ ដែល​ប្រែ​ថា​ «កន្លែង​ជុំគ្នា‍» កំពុងតែ​បណ្តុះបណ្តាល​ក្រុម​ជនភៀសខ្លួន​ជនជាតិ​ស៊ីរី​ និង​អ៊ីរ៉ាក់​ឲ្យ​ក្លាយ​ជា​មគ្គុទេសក៍​ទេសចរណ៍។ ក្រុម​មគ្គុទេសក៍​ទាំង​នោះ​ ណែនាំ​ក្រុម​ជនភៀសខ្លួន​រួម​ក្រុម​របស់​គេ​អំពី​ប្រទេស​អាល្លឺម៉ង់​ និង​របៀប​របប​កសាង​ជីវិត​ថ្មី។

លោក​ Tony Al-Arkan ជា​ស្ថាបត្យករ​ដ៏​ចំណាន​ មក​ពី​រដ្ឋធានី​ដាម៉ាស​ប្រទេស​ស៊ីរី​ និង​ក៏​ធ្លាប់​ជា​និស្សិត​មួយ​រូប​មក​សិក្សា​ក្នុង​ប្រទេស​អាល្លឺម៉ង់​ បាន​និយាយ​ថា៖ «គម្រោងនាំ​ភ្ញៀវ​នេះ​មិនមែន​គ្រាន់​តែ​អំពី​អ្វី​ដែល​មានក្នុង​សារមន្ទីរនេះ​ទេ។ វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពីអ្នក​ដែល​កំពុង​ដើរ​ទស្សនា​សារមន្ទីរ​នេះ​ តាម​រយៈ​ថា​ តើ​ពួក​គាត់​មាន​ប្រតិកម្ម​បែប​ណា​ដែរ​ ហើយ​ថា តើ​ពួកគាត់​មាន​ប្រតិកម្មបែប​ណា​ពេល​គាត់​ជួប​ប្រាស្រ័យ​ជាមួយ​នឹង​មនុស្ស​ដទៃ។ ក្នុង​សារមន្ទីរ​នេះ​យើង​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​យើង​បាន​រៀន​សូត្រ​ក្នុង​នាម​ជា​អ្នក​ចំណូល​ថ្មី‍»។

នាង​ Salma Jreigeដែល​ជា​ជនជាតិ​ស៊ីរីដែរ​នោះ​ កំពុង​ដើរ​ទស្សនា​ជុំវិញ​សារមន្ទីរ​មួយ​ដែល​មាន​ឈ្មោះ​ថា​ សារមន្ទីរ​នៃ​ប្រវត្តិសាស្រ្ត​ប្រទេស​អាល្លឺម៉ង់។ នាង​បាន​និយាយ​ថា៖ «ប្រទេស​អាល្លឺម៉ង់​ ក្រោយ​សង្គ្រាម​លោកលើកទី២​ ត្រូវ​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ទាំងស្រុង។ វិធីសាស្ត្រ​ដែល​ជនជាតិ​អាល្លឺម៉ង់​កសាង​ប្រទេស​របស់​ពួកគេ​ គឺជា​មេរៀន​ដ៏​សំខាន់​បំផុត​សម្រាប់​យើង​យក​ទៅ​រៀន​សូត្រ។ នៅ​ឯ​ជ្រុង​មួយ​ក្នុង​សារមន្ទីរ​នេះ​ មាន​តាំង​វត្ថុ​ដែល​យក​មក​ពី​រដ្ឋធានី​ដាម៉ាស។ នៅ​ពេល​ដែល​មនុស្ស​បាន​ឃើញ​វប្បធម៌​របស់​ពួក​គេ​យក​មក​ដាក់​បង្ហាញ​ក្នុង​សារមន្ទីរ​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា វប្បធម៌​របស់​ពួក​គេ​ត្រូវ​បាន​គេ​គោរព​សរសើរ។ ប្រសិន​បើ​មិន​ដូច្នេះ​ទេ សមាហរណកម្ម​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ‍»។

រដ្ឋាភិបាល​អាល្លឺម៉ង់​ មាន​បំណង​ចង់​ធ្វើ​សមាហរណកម្ម​ជនភៀសខ្លួន​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​គម្រោង​នានា​ដូច​ជា​គម្រោង​នៅ​តាម​សារមន្ទីរ​ក្នុង​រដ្ឋធានី​ប៊ែរឡាំង​នេះ​ជា​ដើម។

ទំហំ​នៃ​ការងារ​នេះ​មើល​ទៅ​ដូច​ជា​ធំ​សម្បើម​ណាស់។ សម្រាប់​អ្នកចំណូលថ្មី​ដូចជា​ Tony និង​ Salma ដំណោះស្រាយ​អាចកើតមាន​ មិនមែន​ត្រឹមតែ​ការគាំទ្រពី​រដ្ឋាភិបាល​ទេ​ គឺថែម​ទាំងក្រុមជនភៀស​ខ្លួនឯង​ផ្ទាល់​ចេះជួយគ្នា​ឯង​ផងដែរ៕

ប្រែ​សម្រូល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG