ស្ថានបេសកកម្មការទូតអាល្លឺម៉ង់ក្នុងប្រទេសតួកគី ក៏ដូចជាសាលារៀនត្រូវបិទ ទ្វារនៅថ្ងៃអាទិត្យនេះដោយសារហេតុផលសន្តិសុខ។ នេះជាការអះអាងរបស់ អគ្គកុងស៊ុលអាល្លឺម៉ង់ក្នុងក្រុង Istanbul។
ស្ថានកុងស៊ុល បាននិយាយទៀតថា ការបិទទ្វារនេះគឺរួមទាំងស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុង អង់ការ៉ា (Ankara) និងសាលារៀនក្នុងក្រុង Istanbul។
ការប្រកាសដូច្នេះកើតឡើងមិនដល់មួយសប្តាហ៍បន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់បែកក្នុងរថយន្ត ដែលបានសម្លាប់មនុស្ស៣៧នាក់ក្នុងក្រុង អង់ការ៉ា។ ក្រុមសកម្មជនប្រយុទ្ធ Kurd បានប្រកាសពីការទទួលខុសត្រួវចំពោះ ការវាយប្រហារ កាលពីថ្ងៃអាទិត្យនោះ។
ស្ថានកុងស៊ុល អាល្លឺម៉ង់បានជំរុញដល់ពលរដ្ឋខ្លួនក្នុងប្រទេសតួកគីមិនឲ្យចូលទៅកាន់អគារស្ថានទូត ដែលក្រុមមន្ត្រីបានបញ្ជាក់ថា ពួកគេទទួលបានការគំរាមអំពីការវាយប្រហារភេរវកម្ម។ តែព័ត៌មានពីការគំរាមនេះមិនត្រូវគេបញ្ជាក់ថាពិត យ៉ាងណាទេ។ តែក្រុមមន្ត្រីទូតបានអះអាងថាការបិទស្ថានទូតនេះគឺជាការប្រុងប្រយ័ត្ន៕