ការជំនុំជម្រះទីមួយនៅប្រទេសអាល្លឺម៉ង់ (Germany) ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍នៅប្រទេសរ៉្វាន់ដា (Rwanda) កំពុងតែប្រព្រឹត្ដធ្វើហើយ ដោយអតីតអភិបាលក្រុងនៃប្រទេសរ៉្វាន់ដាជាប់ចោទក្នុងបទបញ្ជាការកាប់សម្លាប់ជនជាតិ ទូតស៊ី (Tutsi) ចំនួនបីលើក។ មានជនជាតិរ៉្វាន់ដារាប់សិបនាក់ ដែលកំពុងតែរស់នៅក្នុងប្រទេសអឺរ៉ុប (Europe) បានជាប់ចោទក្នុងបទចូលរួមចំណែកក្នុងការប្រល័យពូជសាសន៍នេះ។
លោក អូនេសហ្វូរេ រូវ៉ាប៊ូកុំបេ (Onesphore Rwabukombe) កំពុងតែត្រូវ ជំនុំជម្រះកាត់សេចក្ដីនៅទីក្រុង ហ្វ្រង់ហ្វឺរត៍(Frankfurt) ក្នុងបទចោទប្រកាន់អំពីការកាប់សម្លាប់ ការប្រល័យពូជសាសន៍ ហើយនិងការញុះញង់ក្នុងបទចោទប្រកាន់ទាំងពីរករណីនេះ។
រដ្ឋអាជ្ញាលោកគ្រិសឆិន រីតឆឺរ (Christian Ritscher) ចោទលោករូវ៉ាប៊ូកុំបេថា បានបញ្ជាការកាប់សម្លាប់មនុស្សជាង៣ពាន់នាក់ក្នុងពេលមានអំពើប្រល័យពូជសាសន៍នៅប្រទេសរ៉្វាន់ដា។ លោករីតឆឺរនិយាយថា ជនជាតិទូតស៊ីដែលត្រូវបានសម្លាប់នោះ ពេលនោះកំពុងជ្រកកោននៅក្នុងព្រះវិហារគ្រឹស្តសាសនាមួយ។
នេះជាការជំនុំជម្រះទីមួយហើយនៅប្រទេសអាល្លឺម៉ង់ ដែលពាក់ព័ន្ធទៅនឹងការប្រល័យពូជសាសន៍នៅប្រទេសរ៉្វាន់ដា។
លោកចឺរហ្កិន សឺរ (Jurgen Schurr) ទីប្រឹក្សាច្បាប់នៃអង្គការសិទ្ធិមនុស្សរីដ្រេស(Redress)មានទីស្នាក់ការនៅទីក្រុងឡុង (London)និយាយថា វាសំខាន់ណាស់ដែលតុលាការអឺរ៉ុបជំនុំជម្រះជនជាប់សង្ស័យក្នុងបទប្រល័យពូជសាសន៍។
«ពិតណាស់ហើយ ការជំនុំជម្រះទាំងនេះបញ្ជូនសារសំខាន់មួយថា ប្រទេសទាំងនេះមិនផ្ដល់ទីជម្រកសុខសាន្ដឲ្យជនជាប់សង្ស័យក្នុងឧក្រិដ្ឋកម្មបែបនេះទេ»។
លោកសឺរនិយាយថា អង្គការប៉ូលិសអន្ដរជាតិអ៊ិនតឺប៉ូល (Interpol) បានចេញសេចក្ដីប្រកាសតាមរកចាប់ខ្លួនជនជាតិរ៉្វាន់ដាជិត១០០នាក់ដែលកំពុងតែរស់នៅក្នុងប្រទេសអឺរ៉ុប ដែលអាចជាប់ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍នៅប្រទេសរ៉្វាន់ដា។
«ជាញឹកញាប់ណាស់ ពួកគេជាច្រើននាក់កំពុងតែរស់នៅមានអាស័យដ្ឋានត្រឹមត្រូវដែលគេស្គាល់ នៅក្នុងប្រទេសអឺរ៉ុប ដូចជា នៅប្រទេសបារាំង និងប្រទេសប៊ែលហ្ស៊ិក (Belgique) ជាពិសេស ហើយនិងនៅក្នុងប្រទេសអង់គ្លេស (United Kingdom) ហូឡង់ (Netherlands) ព្រមទាំងអ៊ីតាលី (Italy) អាល្លឺម៉ង់ ដាណឺម៉ារក៍ (Denmark) ណ័រវេ (Norway) ហ្វាំងឡង់ (Finland) ហើយនិងស៊ុយអែត (Sweden)។ ហេតុដូច្នេះហើយយើងឃើញថា ឥឡូវនេះពួកគេកំពុងតែរស់នៅគ្រប់កន្លែងក្នុងប្រទេសអឺរ៉ុប»។
ប្រទេសប៊ែលហ្ស៊ិក ហើយនិងប្រទេសណ័រវេបានធ្វើការជំនុំជម្រះករណីពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍។ ក៏ប៉ុន្ដែលោកសឺរនិយាយថា ប្រទេសអឺរ៉ុបជាច្រើនខកខានមិនបានស៊ើបអង្កេតអំពីរឿងនេះទេ។
លោកនិយាយថា តុលាការអឺរ៉ុបចាំបាច់ពុះពារយកឈ្នះលើបញ្ហាភូមិសាស្ដ្រ និងភស្ដុភារ ដើម្បីធ្វើឲ្យមានយុត្ដិធ៌មនៅក្នុងប្រទេសរបស់ពួកគេ យ៉ាងហោចណាស់ រហូតទៅដល់ពេលអនាគត នៅពេលដែលពួកជាប់សង្ស័យអាចត្រូវបានធ្វើបត្យាប័ន បញ្ជូនទៅជំនុំជម្រះនៅប្រទេសរ៉្វាន់ដា។
«បើយកល្អ ករណីទាំងនេះ គួរជំនុំជម្រះនៅក្នុងប្រទេសដែលឧក្រិដ្ឋកម្មបានកើតមានឡើង ដោយហេតុថា គឺនៅទីនោះហើយដែលមានភស្ដុតាងភាគច្រើន ហើយគឺនៅទីនោះហើយដែលការជំនុំជម្រះនឹងមានឥទ្ធិពលច្រើនជាងគេទៅលើសង្គម ដែលមានផលប៉ះពាល់ច្រើនជាងគេ។ ហើយបើប្រទេសរ៉្វាន់ដាអាចមានលទ្ធភាពធានាឲ្យមានការជំនុំជម្រះជនជាប់សង្ស័យទាំងនោះដោយយុត្ដិធ៌ម ពួកនេះគួរត្រូវបញ្ជូនទៅកាត់ទោសនៅប្រទេសរ៉្វាន់ដាវិញ»។
លោកអូនេសហ្វូរេ រូវ៉ាប៊ូកុំបេ ជាអតីតអភិបាលក្រុងមួយនៅប្រទេសរ៉្វាន់ដាភាគឦសាន្ដ។ លោកទៅរស់នៅក្នុងប្រទេសអាល្លឺម៉ង់ជាងមួយទសវត្សរ៍មកហើយ។
លោកម៉ារទិន នហ្គោហ្កា (Martin Ngoga) អគ្គរដ្ឋអាជ្ញានៃប្រទេសរ៉្វាន់ដា និយាយថា លោកគាំទ្រការជំនុំជម្រះនេះ៕
ប្រែសម្រួលដោយ កង ស៊ីវន