រដ្ឋាភិបាលអាល្លឺម៉ង់ថា ប្រទេសនៅភាគកណ្តាលទ្វីបអឺរ៉ុបនេះគ្រោងនឹងបើកច្រកព្រំដែនខ្លួនឡើងវិញជាមួយប្រទេសជិតខាងត្រឹមពាក់កណ្តាលខែមិថុនា។
រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង Horst Seehofer បានបញ្ជាក់ប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា នៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ អាល្លឺមង់គ្រោងនឹងបើកច្រកព្រំដែនបណ្តើរៗជាមួយ ប្រទេសបារាំង ឡុចសំបួរ ស្វីស និងអូទ្រីស។
រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់រូបនេះបញ្ជាក់ថា គម្រោងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរឆ្លងព្រំដែននេះអាស្រ័យដោយអត្រាឆ្លងជំងឺកូវីដ១៩នៅទីនោះមានការថយចុះ ហើយដោយសារអាល្លឺម៉ង់បានសម្រេចកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង។
ប៉ុន្តែលោកថា ការរឹតត្បិតការធ្វើដំណើរពីប្រទេសមិនស្ថិតក្នុងសហភាពអឺរ៉ុបដូចជាសហរដ្ឋអាមរិកនិងរុស្ស៊ីនឹងមិនមានការបន្ធូរបន្ថយទេដល់យ៉ាងហោចណាស់ថ្ងៃទី១៥ ខែមិថុនា។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថ្លែងនៅសភាកាលពីថ្ងៃពុធ ដោយព្រមានថាអាល្លឺម៉ង់មិនត្រូវព្រងើយកន្តើយនឹងជំងឺឆ្លងនេះទេ ហើយត្រូវមានការប្រុងប្រយ័ត្នកុំឲ្យមានការផ្ទុះរាលដាលជាថ្មីដែលបាននាំឲ្យអាជ្ញាធរត្រូវចាត់វិធានការតឹងរឹងដូចពេលកន្លងមក៕