ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​ចោទរុស្ស៊ីពី​«សង្រ្គាម​ព័ត៌មាន»​បន្ទាប់ពីមានការ​ថតសំឡេងទូរសព្ទ​មន្ត្រី​យោធា


រដ្ឋមន្រ្តី​ការពារជាតិ​អាល្លឺម៉ង់​លោក Boris Pistorius ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃទី​០៥ មីនា ឆ្នាំ២០២៤ ទាក់ទិន​នឹង​សំឡេង​ទូរសព្ទរបស់​មន្ត្រី​យោធា​
រដ្ឋមន្រ្តី​ការពារជាតិ​អាល្លឺម៉ង់​លោក Boris Pistorius ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃទី​០៥ មីនា ឆ្នាំ២០២៤ ទាក់ទិន​នឹង​សំឡេង​ទូរសព្ទរបស់​មន្ត្រី​យោធា​

រដ្ឋមន្រ្តី​ការពារជាតិ​អាល្លឺម៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា​ថា រុស្ស៊ី​កំពុង​ធ្វើ «សង្រ្គាម​ព័ត៌មាន» ក្នុង​បំណងបង្ក​ឱ្យ​មាន​ការ​បែកបាក់ក្នុង​សង្គមអាល្លឺម៉ង់​ ដែល​នេះ​ជា​ប្រតិកម្មលើក​ដំបូង​របស់រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ ទៅ​នឹង​ការផ្សព្វផ្សាយ​សារសំឡេង​ស្តី​ពីកិច្ច​ប្រជុំ​មន្រ្តី​យោធា​ជាន់ខ្ពស់​អាល្លឺម៉ង់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។ ​

បណ្តាញព័ត៌មានរុស្ស៊ី​បាន​ចេញ​ផ្សាយ​សារសំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ចំនូន​៣៨​នាទី​កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា​កន្លង​ទៅនេះ ដែលក្នុង​នោះ​មន្រ្តី​អាល្លឺម៉ង់​បានពិភាក្សា​ពីការ​ផ្តល់​គ្រឿង​សព្វាវុធដល់​អ៊ុយក្រែន​ និង​លទ្ធភាព​នៃ​ការ​វាយប្រហារ​លើ​ស្ពាន​មួយ​នៅ​តំបន់​ Crimea ​ដោយ​រដ្ឋាភិបាល​ក្រុង​កៀវ​ ដែល​ការ​នេះ​បាន​ធ្វើឱ្យ​មន្រ្តី​រុស្ស៊ី​ទាមទារ​ឱ្យ​មាន​ការ​បកស្រាយ​មួយ។

​កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា​ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ហៅ​ការផ្សព្វផ្សាយ​សារ​សំឡេង​នោះ​ថា ​ជា​ទង្វើ​លួច​ស្តាប់​ និង​បាន​លើកឡើង​ថា ​ខ្លួន​កំពុង​ធ្វើការ​ស៊ើបអង្កេត​។

រដ្ឋមន្រ្តី​ការពារជាតិ​អាល្លឺម៉ង់​លោក Boris Pistorius បាន​និយាយ​កាល​ពី​ថ្ងៃ​ទី៣​ខែ​មីនាថា៖ «ហេតុការណ៍​នេះ ​គឺ​មាន​លើស​ពី​ការ​ត្រឹមតែ​ការ​លួច​ស្តាប់​ថត​ និង​ការ​ផ្សព្វផ្សាយ​ការ​សន្ទនា​គ្នា​មួយ​។ វា​ជា​ផ្នែក​មួយ​នៃ​សង្រ្គាម​ព័ត៌មាន​ ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ កំពុង​ធ្វើ​ឡើង»។

លោក​បាន​បន្ត​ថា៖ «នេះ​ជា​ការ​វាយប្រហារ​ដោយព័ត៌មានបំភ្លៃបែប​ចម្រុះ។ ​គេ​ចង់​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​គ្នា​ ​និង​ចង់បំផ្លាញសាមគ្គីភាព​របស់​យើង»។

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​ច្រានចោលជា​ច្រើន​លើក​ច្រើន​សារ​នូវ​ការ​ចោទ​ប្រកាន់​ ដែល​ថា​ខ្លួន​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ឬព័ត៌មាន​ដែលធ្វើ​ឱ្យមាន​ការ​យល់​ច្រឡំ​ នៅ​ពេល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​ប្រទេស​ដទៃ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​លើកឡើងនៅ​លើបណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១ខែ​មីនា​ថា​ «យើង​ទាមទារឱ្យ​មាន​ការបកស្រាយ​មួយ​ពីប្រទេសអាល្លឺម៉ង់» ដោយ​មិនបាន​បញ្ជាក់​លម្អិត​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ឡើយ។

ស្ថានទូត​រុស្ស៊ីក្នុង​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់​ មិ​ន​បាន​ឆ្លើយតបទៅ​នឹង​សំណើ​សុំ​អធិប្បាយ​នោះ​ទេ។

ក្រុម​មន្រ្តី​ចូលរួម​នៅ​ក្នុង​ការសន្ទនា​តាមប្រព័ន្ធ​ទូរស័ព្ទ​នោះ​ បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​បញ្ជូន​គ្រាប់​មីស៊ីល​ប្រភេទ Taurus ទៅ​កាន់ក្រុង​កៀវ ដែល​អធិការ​បតី​អាល្លឺម៉ង់​លោក Olaf Scholz ​ធ្លាប់​បានបដិសេធ​យ៉ាង​មុតមាំ​ជា​សាធារណៈ​រហូត​មក​ដល់​ពេល​នេះ។ ក្រុម​មន្រ្តី​ទាំង​នោះ​ក៏​បាន​ពិភាក្សា​អំពីការ​ផ្តល់​ការ​ហ្វឹកហាត់​ដល់ទាហាន​អ៊ុយក្រែន​ និង​លទ្ធភាព​គោលដៅ​យោធា​ផងដែរ។

អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev ដែល​ឥឡូវ​នេះ​ជាអនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី បាន​និយាយ​កាល​ពី​ថ្ងៃ​ទី៣​ខែ​មីនាថា​ សារ​សំឡេង​នោះ​បង្ហាញ​ថា​ រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​កំពុង​ត្រៀមប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ៕


ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG