រដ្ឋអាជ្ញាអាល្លឺម៉ង់បានស្នើសុំការអនុញ្ញាតពីតុលាការតំបន់ដើម្បីធ្វើបត្យាប័នលោក Carles Puigdemont អតីតមេដឹកនាំបំបែករដ្ឋនៅ Catalinia ដែលប្រឈមនឹងការចោទប្រកាន់ពីការបះបោរនៅប្រទេសអេស្ប៉ាញ ទាក់ទងការរៀបចំធ្វើប្រជាមតិឯករាជ្យមួយ។
ពីដំបូង លោក Puigdemont បានភៀសខ្លួនពីប្រទេសអេស្ប៉ាញទៅ ប៊ែលហ្ស៊ិកបន្ទាប់ពីការបោះឆ្នោត ប៉ុន្តែត្រូវបានគេឃុំខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់់ចាប់តាំងពីត្រូវបានចាប់ខ្លួននៅទីនោះនៅថ្ងៃទី២៥ ខែមីនា។ ក្នុងបទសម្ភាសន៍ជាមួយគេហទំព័រព័ត៌មានអាល្លឺម៉ង់ លោកបាននិយាយថា អ្នកដែលចង់បានឯករាជ្យភាពសម្រាប់តំបន់ភាគខាងជើងអេស្ប៉ាញមិនមែនជាឧក្រិដ្ឋជនទេ។ លោកនិយាយថា «យើងចង់សម្រេចអំពីអនាគតរបស់យើង។ តើនេះជាបទឧក្រិដ្ឋឬ? យើងត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ។ តើនេះជាបញ្ហាសម្រាប់អាជ្ញាធរអេស្ប៉ាញឬ? ហេតុអ្វីបានជាពួកគេមិនចាប់ផ្តើមធ្វើគោលនយោបាយដើម្បីដោះស្រាយបញ្ហានយោបាយ?»
លោក Puigdemont សួរដូច្នេះក្នុងបទសម្ភាសន៍ក្នុងបន្ទប់ឃុំឃាំង។
ភ្នាក់ងារព័ត៌មានបារាំងបានរាយការណ៍ថា មេធាវីរបស់លោក Puigdemont បានប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់តុលាការកំពូលអេស្ប៉ាញដែលកាត់ទោសលោកតាមការចោទប្រកាន់ពីបទបះបោរ។ មេធាវីបានអះអាងថា ការចោទប្រកាន់នេះមានន័យថា Puigdemont បានគាំទ្រការបះបោរដោយអំពើហិង្សា។ លោកបាននិយាយថាអំពើហិង្សាដែលកើតមានបន្ទាប់ពីការធ្វើប្រជាមតិនៅខែតុលានោះជារឿងដោយឡែក មិនអាចបញ្ចូលក្នុងចោទប្រកាន់នេះទេ។ មេដឹកនាំបំបែករដ្ឋនៅតំបន់ Catalan ចំនួន២៤នាក់ផ្សេងទៀតក៏ប្រឈមនឹងការចោទប្រកាន់ពីការបះបោរដែរ៕