ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាល្លឺម៉ង់​ជួប​ជាមួយ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ជជែក​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា


ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier ដើរចេញ​ពី​វិមាន​ឯករាជ្យ​ក្រោយ​ពី​ពិធី​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier ដើរចេញ​ពី​វិមាន​ឯករាជ្យ​ក្រោយ​ពី​ពិធី​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ប្រធានាធិបតី​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ និង​មេដឹក​នាំ​គណបក្ស​ប្រឆាំង ​លោក ​កឹម សុខា​ ដើម្បី​ពិភាក្សា ​និង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ ​នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ​និង​សារ​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង។​

បើ​តាម​ស្ថានទូត​អាល្លឺម៉ង់ ​លោក​ប្រធានាធិបតី​ក៏​បាន​លើក​ឡើង​និង​ពិភាក្សា​ពី​បញ្ហា​នៃ​ការ​បិទ​សារ​ព័ត៌មាន​វីអូឌី​ជា​មួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​ និង​ថា​ សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី ​និង​យុត្តិធម៌។​

ជំនួប​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្រៅ​ពី​រដ្ឋាភិបាល ​កើត​ឡើង​ក្នុង​ដំណើរ​ទស្សន​កិច្ចរបស់​លោក​ Frank-Walter Steinmeier ​ប្រធានាធិបតី​អាល្លឺម៉ង់​មក​កាន់​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៣​ ដល់​១៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​មុន​ពេល​ប្រធានាធិបតី​អាល្លឺម៉ង់​រូប​នោះ​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ​នា​ថ្ងៃ​ទី​១៦ ​ខែ​កុម្ភៈ​នេះ។​

ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​រូប​នេះ​ត្រូវ​បាន​អ្នកតាម​ដាន​ស្ថាន​ការណ៍​នយោបាយ​អន្តរជាតិ​មើល​ឃើញ​ថា​ជា​ការ​ពង្រឹង​ទំនាក់​ទំនង​ក៏​ដូចជា​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​វា​ដើរ​ស្រប​នឹង​យុទ្ធ​សាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​អាល្លឺម៉ង​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០២០។​

លោក​ កឹម សុខា ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក ​ដោយបាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុង​ការ​ផ្តល់​តម្លៃ​ដល់​រូប​លោក​«ក្នុង​ការ​តស៊ូ​ដោយ​អហិង្សា​ និង​មាន​ការ​អត់ធ្មត់​ដើម្បីបុព្វហេតុ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន ​ប្រាប់វីអូអេ​ថា​ ជំនួប​ដាច់ក្រៅ​ពី​រដ្ឋាភិបាល​ជា​រឿង​ធម្មតា​ ដោយ​សារតែ​អាល្លឺម៉ង់​ក៏​មាន​ចំណែក​នៅ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ។​

ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier ​ជួប​ជាមួយ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​ កឹម សុខា​។
ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier ​ជួប​ជាមួយ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​ កឹម សុខា​។

ពាក់ព័ន្ធ​ជា​មួយ​រឿង​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា លោក​ថា​ នេះ​គឺ​ជា​រឿង​របស់​តុលាការ។​

លោក​បញ្ជាក់​ថា៖​ «ការ​ជួប​នេះ​ជា​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាមួយ​នឹង​ឯក​ឧត្តម​ហ្នឹង​គឺ​ជា​រឿង​ធម្មតា​ទេ​ហ្នឹង»។​

អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​លោក វណ្ណ ប៊ុនណា កត់​សម្គាល់​ថា​ អាល្លឺម៉ង់​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ និង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ ដែល​តែង​តែ​ឱ្យ​តម្លៃ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​ហេតុ​នេះ​លោក​ថា ​ការ​ជួប​ជា​មួយ​បណ្តា​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ និង​អង្គការ​មិនមែន​រដ្ឋាភិបាលជារឿង​ធម្មតា។​

បើ​តាម​លោក វណ្ណ ប៊ុនណា​ ជំនួប​នេះ​នឹង​មិន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ណា​មួយ​ជា​វិជ្ជមាន​ដល់​ប្រទេស​កម្ពុជា​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «ប៉ុន្តែ​យើង​ឃើញ​ថា​ បញ្ហា​ប្រជា​ធិបតេយ្យ ​ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​មាន​ មិន​មាន​ឃើញ​ការ​វិវឌ្ឍ​ណា​ថ្មី​ទេ។ ​អ៊ីចឹង​ទេ​ តាម​រយៈ​ជំនួប​ប្រធានាធិបតី​អាល្លឺម៉ង់​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល ​ជាមួយ​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ ខ្ញុំមិន​គិត​ថា​ វា​អាច​នាំ​ឱ្យ​មាន​សញ្ញា​ផ្លាស់​ប្តូរ​ធំដុំ​ទេ​នៅ​កម្ពុជា ពាក់ព័ន្ធ​ជា​មួយ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

ក្នុង​រូបថត​ចែកចាយ​និង​ចេញផ្សាយ​ដោយ​ខុទ្ទកាល័យ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន (ស្តាំ) ចាប់​រលាក់ដៃ​ជាមួយ​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier (ឆ្វេង) ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។
ក្នុង​រូបថត​ចែកចាយ​និង​ចេញផ្សាយ​ដោយ​ខុទ្ទកាល័យ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន (ស្តាំ) ចាប់​រលាក់ដៃ​ជាមួយ​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier (ឆ្វេង) ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​ប្រធានាធិបតី​អាល្លឺម៉ង់​មាន​ការ​ពិភាក្សា​គ្នា​ពាក់​ព័ន្ធ​ជាមួយ​បញ្ហាកិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី ​និង​បញ្ហា​ពហុ​ភាគី​ ព្រម​ទាំង​បញ្ហា​សំខាន់​ផ្សេង​ទៀត​ដែល​ជាក្តីកង្វល់​រួម​ និង​ប្រយោជន៍​រួម។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា៖ ​«ដំណើរ​ទស្សន​កិច្ច​នេះ​ជា​ការ​បើក​ទំព័រ​មាស​ក្នុង​ប្រវតិ្ត​សាស្រ្ត​នៃ​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​ល្អ​ប្រសើរ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​អាល្លឺម៉ង់។ ​ទស្សន​កិច្ច​នេះ​បាន​ប្រារព្ធ​ឡើង​ប្រកប​ដោយ​ផ្លែផ្កា ​និង​ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ការ​វាយ​តម្លៃ​ខ្ពស់ ​និង​ការ​គោរព​ដែល​បង្កើត​បាន​ជា​ឆ្អឹង​ខ្នង​សម្រាប់​ទំនាក់​ទំនង​មិត្ត​ភា​ព​ជិត​ស្និទ្ធ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ​នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា ​លោក​នាយក​រដ្ឋមន្រ្តី​បាន​កត់​សម្គាល់​ថា ​ក្នុង​ចំណោម​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​២៧ ​ អាល្លឺម៉ង់​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដ៏ធំ​បំផុត​របស់​កម្ពុជា។ ​លោក ​ហ៊ុន សែន ​ក៏​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការគាំទ្រ​របស់រដ្ឋាភិបាល​អាល្លឺម៉ង់​សម្រាប់​សកម្មភាព​ដោះ​មីន​នៅ​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ​១៩៩៤​មក។ ​ខណៈ​កម្ពុជា​បាន​ដាក់​គោល​ដៅក្លាយ​ជា​ប្រទេស​គ្មាន​គ្រាប់មីន​ត្រឹមឆ្នាំ​២០២៥​ ប្រធានាធិបតី​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​ប្រតិបត្តិកា​រដោះ​មីន​នៅ​កម្ពុជា។​

នៅ​ក្នុង​ឆ្នាំ​២០២២​ ​កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ ចំនួន​ប្រមាណ​១០៨៣​លាន​ដុល្លារ​អាមេរិក។ ​តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​២៣% ​បើ​ធៀប​នឹង​ឆ្នាំ​២០២១។​ នេះ​បើ​តាម​សារ​ព័ត៌មាន​រដ្ឋ​ AKP ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣។​

បើ​តាម​សារ​ព័ត៌មាន​ដដែល​ ការ​នាំ​ចូល​របស់​អាល្លឺម៉ង់​មក​កម្ពុជា​មាន​ការ​កើន​ឡើង​៣% ​ដែល​មាន​ចំនួន​ប្រមាណ​១៦៣​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២២។ ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ភាគ​ច្រើន​រួម​មាន​សម្លៀក​បំពាក់ ​ស្បែក​ជើង ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​ផលិតផល​កសិកម្ម ​គ្រឿង​បន្លាស់​អគ្គិសនី ​និង​កង់ ខណៈ​ការ​នាំ​ចូល​សំខាន់​មាន​ដូច​ជា​យាន​យន្ត ​សម្ភារៈ​សំណង់ ​និង​គ្រឿង​សង្ហារឹម​ជា​ដើម៕

XS
SM
MD
LG